មានរឿងតុក្កតា និងសៀវភៅកុមារជាច្រើនបានចូលមកកំដរជីវភាព កុមារកម្ពុជាយើងរវាងចន្លោះឆ្នាំ ១៩៩០ ទៅ ២០០០។ ខ្ញុំក៏មានរឿងរ៉ាវជីវិត ដូចជាពួកគេដែរ ប៉ុន្តែសម្រាប់ខ្ញុំ ខ្ញុំចូលចិត្តមើលខ្សែភាពយន្តតុក្កតាណាស់ មិនថា ពេលនេះ ខ្ញុំឈានចូលវ័យជំទង់ហើយក៏ដោយ ព្រោះ ភាពយន្តតុក្កតា ឬសៀវភៅណាដែលនិយាយពីការផ្សងព្រេង ប្លែកៗ តែងតែនាំខ្ញុំ ឲ្យស្រមើលស្រមៃ ក្នុងពិភពមួយខុសប្លែកពីពិភពដែលយើង រស់នៅសព្វថ្ងៃ ហើយប្រហែលមូលហេតុនេះហើយ ដែលធ្វើឲ្យខ្ញុំជាមានគំនិតស្រមើលស្រមៃច្រើន នៅពេលធំឡើង។
ដួលត្រូវតែរៀនងើបហើយដើរបន្ត
«ដួលត្រូវតែរៀនងើបហើយដើរទៅមុខទៀត»
និយាយតាមត្រង់ចុះ ខ្ញុំជឿលើទេវតា តែខ្ញុំមិនដែលឃើញទេវតាមានរូបរាងបែបណាឲ្យប្រាកដទេ តែខ្ញុំធ្លាប់ឃើញមនុស្សដែលដួលហើយប្រឹងងើប រួចងើបរហូតដល់គោលដៅរបស់ខ្លួន។ នៅមានដំណើរវែងឆ្ងាយទៀត ដែលត្រូវឆ្លងកាត់ មិនថា ត្រូវចំណាយពេល ឬធនធានច្រើនយ៉ាងណាទេ ឲ្យតែកុំបោះបង់ នោះជំនឿចិត្តនឹងចេះតែមាន ទោះបីជាម្ដងម្កាលមិនអាចទ្រាំទ្របានក៏ដោយ។
គេល្បីអស់ហើយ
ជីវិតជួនកាលជារឿងកំប្លែងដែលរកនឹកថាគួរតែសើចមិនចេញ។ មានអ្នកដែលគេបានធ្វើការងារសិល្បៈដំណាលខ្ញុំ បានខ្ពស់មុខខ្ពស់មាត់អស់ហើយ។ ខ្ញុំនិយាយនេះ មិនមែនច្រណែនគេ នោះទេ តែគ្រាន់តែ គិតថា ខ្ញុំនៅមានចំណុចខ្វះខាតជាច្រើនទៀត ដែលត្រូវការកែលម្អ។ មែនហើយ បើយើងធ្វើការងារនោះ ព្រោះតែចង់ល្បី គឺគ្រាន់តែបានល្បីមួយឆាវ ប៉ុណ្ណោះ ប៉ុន្តែបើយើង ធ្វើការងារនោះអស់ពីចិត្តស្រឡាញ់ ហើយស្រឡាញ់ការងារដែលយើងធ្វើអស់ពីចិត្ត នោះរឿងល្អនឹងកើតមាន ទោះជាមិនមែនជារឿងល្បី តែយ៉ាងហោចណាស់ ក៏ជាលទ្ធផលដែលយើងពេញចិត្តដែរ។
ល្បី! ល្បីបានប្រយោជន៍អ្វីទៅ?! សម្រាប់ខ្ញុំ វាគ្រាន់តែជាការប្រកួតប្រជែងប៉ុណ្ណោះ ប៉ុន្តែក៏ល្អដែរ ព្រោះឃើញអ្នកខ្លះ យកភាពល្បីរបស់គេ ទៅជួយអ្នកដទៃ ដោយប្រើប្រាស់អំណាចនៃប្រជាប្រិយភាពរបស់គេជួយ យ៉ាងមានប្រសិទ្ធិភាពបំផុ ហើយក៏មិនល្អទាំងអស់ទេ អ្នកខ្លះ ព្រោះតែចង់ល្បីពេក ក៏ប្រើប្រាស់ភាពល្បីរបស់អ្នកដទៃ ឬធ្វើអ្វីឲ្យប្លែកៗ ដើម្បីចង់ល្បី។
ហ្ហើយ! រស់មើលគេល្បីទៅចុះ បើវាសនាចារមកបែបនេះ! សំខាន់ ខ្ញុំអាចរីករាយនឹងអ្វីដែលខ្ញុំបានធ្វើ ហើយវាមានប្រយោជន៍សម្រាប់សង្គម។ រឿងខ្លះ បើគិតឲ្យជ្រៅទៅ គ្មានមួយណាត្រូវ មួយណាខុសឲ្យដាច់ស្រឡះទេ វាសុទ្ធតែជាម្ជុលមុខពីរ។
០៩ ០៦ ២០១៤
ខ្ញុំមិនអាចកែប្រែពិភពលោកបាន តែខ្ញុំអាចជួយក្មេងៗបាន!
ថ្ងៃអាទិត្យ ទី០៨ ខែមិថុនា ឆ្នាំ២០១៤
ខានចូលទីនេះយូរហើយ! ខានរហូតភ្លេច របៀបចូលទៅទៀត ព្រោះ នៅតែគិតថា ចង់សរសេរព្រឹត្តិការណ៍តាមលំដាប់លំដោយ ដែលមិនបានសរសេរប៉ុន្មានរយៈមកនេះ ប៉ុន្តែថ្ងៃនេះសម្រេចចិត្តសរសេរឡើងវិញហើយ ព្រោះមានរឿងល្អៗនិងប្លែកៗច្រើនណាស់ ក្នុងជីវិតខ្ញុំ។ ណាមួយ ខ្ញុំចង់ចាប់ផ្ដើមសរសេររឿងខ្លី និងកុនថ្មី ដូច្នេះត្រូវពង្រឹងស្នាដៃសរសេរឲ្យបានច្រើន ដើម្បីឈានទៅដល់ការសរសេរអត្ថបទវែងៗ។
អូភ្លេច! ថ្ងៃនេះ ខ្ញុំបានធ្វើរឿងសប្បាយចិត្តបីរឿង គឺទីមួយ ជូនលោកប៉ា ជាទីគោរព ឡើងយន្តហោះទៅប្រទេសម៉ាឡេ បន្ទាប់ពីគាត់ទើបតែត្រឡប់ ពីNew Zeland បានពីរសប្ដាហ៍ ហើយទីពីរនោះ គឺជូនបងប្រុសម្នាក់ ទៅមើលសាលារៀនមួយនៅឯអរិយក្សត្រ និងទីបី នាំមិត្តភក្តិដើរលេងកន្លែងដែល ទទួលអារម្មណ៍ភ័យខ្លាច នៅDreamland។
លើលោកនេះ បើគិតឲ្យសមញ្ញទៅ គឺមានវេលាត្រូវរីករាយច្រើនណាស់ បើយើងចេះស្វែងរក តែក៏វាមានរយៈពេលខ្លីណាស់ដែរ គឺខ្លីរហូតតម្រូវឲ្យយើង ចេះគ្រប់គ្រងការសប្បាយនោះឲ្យបានល្អ។ លោកប៉ា ដែលគាត់ទើបតែយកសាច់គោដ៏ល្បីពេញពិភពលោកពីNew Zelandមក ពេលនេះគាត់ត្រូវឡើងយន្តហោះ ទៅស្វែងរករឿងថ្មីៗទៀត នៅឯម៉ាឡេម្ដង។
ថ្ងៃបន្តិច ខ្ញុំបានបំពេញសន្យាជាមួយបងប្រុសPhillipនិងអ្នកគ្រូម្នាក់ថានឹង ព្យាយាមស្វែងរកជំនួយជួយដល់ក្មេងៗ នៅសាលាពេជ្រម្កុដ តំបន់អរិយក្សត្រ។ តាមពិត នេះជាសន្យាចោលមួយប៉ុណ្ណោះ ព្រោះខ្ញុំមិនគិតថា ខ្ញុំនឹងមានលទ្ធភាពត្រឡប់មកទីនេះម្ដងទៀតឆាប់បែបនេះ នោះទេ តែអាចមកពីសំណាងដែរ ដែលខ្ញុំបានឃើញការជួយកុមាររបស់បងប្រុសPhillipចៃដន្យក្នុងបណ្ដាញសង្គមFacebook។ ខ្ញុំបានផ្ញើរូបថតមួយចំនួន ពីថ្ងៃមុន និងទាក់ទងទៅអ្នកគ្រូ រួចបងPhillipក៏ចាប់អារម្មណ៍ចង់ទៅជួបផ្ទាល់។ យើងទាំងពីរ ពុំបានជិះឡាននោះទេ ហើយយើងបានឆ្លងដមួយ និងឆ្លងកាត់ផ្លូវលំ ប្រមាណជិត១គីឡូ ពីសាឡាងចម្លងមក។
នៅទីនោះ ខ្ញុំ បងPhillip លោកគ្រូ និងសិស្សប៉ុន្មាននាក់ បានចំណាយពេល ពិនិត្យមើល នូវអ្វីដែលអាចជួយបាន។ ចុងក្រោយ បងPhillipអាចជួយ ការតភ្ជាប់ប្រព័ន្ធទឹកស្អាត និងព្យាយាមទាក់ទាញអ្នកស្ម័គ្រចិត្តជនជាតិសាំងហ្កាពួរ ដែលចង់លាបថ្នាំសាលានៅកម្ពុជា ដើម្បីជួយសាលានេះ។ តាមពិតសាលានេះ បើស្ដាប់ស្រាលទៅ គឺនៅក្នុងដីក្រុងនោះទេ ប៉ុន្តែទីនេះ ហាក់ដូចជាតំបន់ដាច់ស្រយាលអ៊ីចឹង ដោយគ្មានជំនួយ ជាក់លាក់ណាមួយនៅឡើយត្រូវបានស្ដើរសុំបានសម្រេចពីក្រសួងនោះទេ។ ខ្ញុំនិងបងPhillip បានស្ដាប់ការរៀបរាប់ ជួនកាលចង់យំបន្តិច ពីលោកគ្រូ ដ៏មានឆន្ទៈម្នាក់។ លោកគ្រូ និងអ្នកគ្រូពីរនាក់ទៀតបានស្ម័គ្រចិត្តបង្រៀនក្មេងៗប្រមាណ១៥០នាក់ ដោយចែកជា២វេន និងពីថ្នាក់ទី ១ដល់ទី៦។
លោកគ្រូបានប្រាប់ខ្ញុំនិងបងPhillipថា គាត់ធ្លាប់ធ្វើខុសម្ដង ដោយព្រលែងដៃឲ្យសិស្សឡើងថ្នាក់បន្តបន្ទាប់មិនគិត ពីការចាប់បានរបស់សិស្ស ហើយធ្វើឲ្យសិស្សនោះចុងក្រោយ បែរជាត្រូវបោះបង់ចោលសិក្សាព្រោះ តាមគេមិនទាន់ ហើយក្លាយជាកម្មករសំណង់សព្វថ្ងៃ។ គាត់ថា គាត់នឹងមិនទៅណាចោលសិស្សទាំងនោះទេ ហើយក៏ព្យាយាមអំពាវនាវអ្នកជួយ កុំរត់ចោលគាត់ ព្រោះក្មេងៗត្រូវការអ្នកផ្ដល់ជំនួយទាំងនេះ។
នៅតំបន់នេះ គឺមានសាលាតែមួយខ្នងនេះទេ ហើយមានតែ៣បន្ទប់ទៀត រីឯទឹកវិញ មានគេជួយដែរ តែគេបានតែធ្វើហើយក៏លែងរវីរវល់អស់ទៅ ដោយទុកឲ្យទីនោះ មានបង្គន់និងអាងស្តុកទឹកភ្លៀង រស់ពឹងមេឃ គ្មានអ្នកមើលថែឈ្នះ ព្រោះអ្នកភូមិឬអ្នកដំណើរតែងប្រើវា ទប់មិនឈ្នះ។ ក្បែរសាលាក៏មានអណ្ដូងទឹកដែរ តែអណ្ដូងទឹកនោះ មានជាអាសេនិច ដែលអាចបង្កជាជម្ងឹដល់ក្មេងៗ។
ដូច្នេះអ្វីដែលយើងអាចជួយបាន ក្នុងជំហានដំបូង គឺធ្វើប្រព័ន្ធទឹកស្អាត ធ្វើរបងការពារ និងលាបថ្នាំអាគារសារឡើងវិញ។ រឿងនេះ បងPhillipបានរ៉ាប់រងជាច្រើន ចំណែកខ្ញុំ ខ្ញុំក៏កំពុងតែរកនឹកវិធីអ្វីអាចជួយបាន។
ខ្ញុំនិងបងPhillip បានចាកចេញពីទីនោះ និងពាំនាំរូបថតជាភស្តុតាងមួយចំនួន ដើម្បីបង្ហោះស្វែងរកជំនួយបន្ថែម ដោយឆ្លងកាត់ដីហុយ ទម្រាំដល់ចំណតសាឡាង ក្រោយមួយម៉ោងនោះ គឺនៅម៉ោង៤កន្លះល្ងាច ហើយក៏ជូនបងPhillipដាក់ កន្លែងហាត់ប្រាណ រួចរកមិត្តភក្តិកម្សាន្តបន្តិចបន្តួចចុងសប្ដាហ៍។
ខ្ញុំក៏ទៅជួបអាត្តម និងពន្លឺ អ្នកធ្វើការជាមួយវា។ ពេលនោះ យើងក៏ទៅញុំាអីបន្តិចបន្តួច ហើយពន្លឺក៏បបួលខ្ញុំនិងអាត្តម ទៅលេងDreamland ព្រោះគ្នាធ្វើការយូរហើយ មិនសូវបានដើរ។ យើងដើរលេងស្ទើរពេញDreamlandតែពុំឃើញមានកន្លែងគួរឲ្យចាប់អារម្មណ៍សោះ ប៉ុន្តែ ស្រាប់តែទៅចាប់អារម្មណ៍ផ្ទះខ្មោច ក្បែរច្រកចូលទៅវិញ។
មានអី ម្យ៉ាងដែរ ខ្ញុំបានផ្លាស់ប្ដូរអារម្មណ៍នឹងភាពភ័យខ្លាច និងរន្ធត់ជាមួយគំនិតរំភើបថ្មីៗ តែពន្លឺ គឺខ្លាចជាងគេ ព្រោះពន្លឺឧស្សាហ៍ជួបរឿងមិនល្អ ពីរឿងខ្មោចនេះ ហាហ ហាហ។ ខ្ញុំចេញពីទីនោះភ្លាម ក៏មានគំនិតជាច្រើន ចង់ធ្វើគម្រោងតំបន់ខ្មោចលង ប្លែកៗក្នុងក្ដីស្រមៃ និងចង់សរសេររឿងខ្មោចមួយ អំពីការចូលសួនកម្សាន្តទៀតផង។ យូរៗ ដោះដូរអារម្មណ៍ថ្មីម្ដង ក៏មានគំនិតប្លែកៗច្រើន គួរជាទីកត់សម្គាល់។ គិតថា គួរតែដើរលេង ប្រឡូកឲ្យបានច្រើន ខ្ញុំនឹងមានគំនិតប្លែកៗច្រើនថែមទៀត។
ហើយ ចេញពីនោះទៅ ថា ទៅជិះទងវិលយឺតៗ មើលទេសភាព តែចៃដន្យក៏ឃើញផ្ទះវង្វេងមួយទៀត។ ម្ដងនេះ គ្មានខ្មោចទេ តែត្រូវដើររកផ្លូវចេញ ដូចមនុស្សខ្វះអ៊ីចឹង។ ងងឹតស្លុប កាន់តែស្មារគ្នាបីនាក់ ដើររាវពេញទាំងអាគារ។ យើងដើរបណ្ដើរ និយាយគ្នាបន្លប់បណ្ដើរ។ ភ្នែកយើងមើលមិនឃើញអ្វីទាំងអស់ តែអាចរាវបាន។ ហ្ហើយ! ដល់អ៊ីចឹងទៅ ក៏នឹកគិតថា ចុះបើយើងងងឹតភ្នែកទៅ គឺបែបនេះ ហ្ន៎! តើជីវិតអ្នកងងឹតពិបាកប៉ុណ្ណាទៅ?! ឮសំឡេង ប៉ះបាន តែមិនដឹងជាទៅណាខ្លះ! 😦
ទម្រាំតែរកផ្លូវបាន ខ្ញុំចាំថា ប្រហែលជិតកន្លះម៉ោង! វាជាបទពិសោធន៍ថ្មីមួយទៀតដែលខ្ញុំជួប។ យើងចេញមកវិញ ក៏ទៅជិះទងវិលយឺតៗ មើលទេសភាចំនិតក្រុងភ្នំពេញ ដែលហ៊ុំព័ទ្ធទៅដោយ ផ្លូវថ្នល់ ពន្លឺភ្លើងឡានម៉ូតូ ខ្វាត់ខ្វែង និងអគារនៃការអភិវឌ្ឍ ដ៏រញ៉េរញ៉ៃនៃទីក្រុង ដ៏ចំណាស់នេះ។ ខ្យល់ត្រជាក់មែន ហើយយើងក៏អាចសម្លឹង និងជជែកគ្នាពីនេះពីនោះ និងពីគម្រោងចង់ដើរ ទេសចរណ៍ផ្សងព្រេងលេង តាមខែត្រដែរ ប៉ុន្តែ វាមិនបានយូរនោះទេ អ្វីៗសុទ្ធតែមានកំណត់ មិនបានកន្លះម៉ោងផង ទងក៏វិលធ្លាក់មកកន្លែងដើម ហើយខ្យល់ក៏ហប់ៗ វិញ។
យើងចេញពីទីនោះ រួចក៏បែកផ្លូវពីពន្លឺទៅ។ ខ្ញុំនិងអាត្ដម មិនទាន់ទៅផ្ទះភ្លាមទេ នៅជជែកគ្នាលេងបន្តិច ព្រោះមិនសូវបានជួបគ្នា។ ខ្ញុំនៅតែនឹកដល់គំនិតនោះ គឺថា៖
តាមពិតនៅលើលោកនេះ មានរឿងរ៉ាវគួរឲ្យខ្លាចជាច្រើន។ បើសិនជាថ្ងៃមួយ គេឲ្យអ្នកធ្វើជាវិស្វករសាងសង់តំបន់ខ្មោចមួយ ដែលមានទំហំដី ប្រហែល៤ទៅ៥ហិចតា តើមានប្រភេទអ្វីខ្លះដែលធ្វើឲ្យអ្នកទស្សនាខ្លាច តែខ្លាចប្រកបដោយចំណេះដឹង?
ខ្ញុំចង់ប្រឌិតកន្លែងផ្សងព្រេងមួយ ដែលទាមទារឲ្យមនុស្សប្រើខួរក្បាល គិត ហើយទីនោះមានរឿងគួរឲ្យខ្លាចជាច្រើន ដែលណែនាំដោយអ្នកនាំផ្លូវម្នាក់ ដោយនៅពាក់កណ្ដាលផ្លូវ អ្នកនាំផ្លូវនោះត្រូវធ្លាក់រណ្ដៅស្លាប់ ដោយទីធ្លាមួយ ដែលមានបន្ទប់៨ឲ្យជ្រើសរើស ហើយនឹងមានបន្ទប់មួយ អ្នកដំណើរនឹងត្រូវជួបនឹងខ្មោចអ្នកនាំផ្លូវ និងមានមួយបន្ទប់ទៀត អាចធ្លាក់ចូលតំបន់ខ្មោចតៃហោងមួយ នៅកណ្ដាលក្រុងចំណាស់មួយ ក្នុងឆ្នាំ១៩៧៦ ហើយមានតែបន្ទប់មួយប៉ុណ្ណោះដែលអ្នកដំណើរអាចរកកន្លែង ចាកចេញបាន។
រាល់ដំណាក់កាលទាំងអស់ អ្នកដំណើរត្រូវដោះស្រាយ ប្រស្នាជាច្រើន ដែលអ្នកសម្ដែងក្នុងតំបន់នោះ សម្ដែងជាឆាកល្ខោនពិសេសៗ ក្នុងឈុតឆាកខ្មោចដ៏ល្បីៗ ក្នុងខ្សែភាពយន្ត។
បើអាច តើគ្រប់គ្នាចង់ចូលលេងទេ?! lolz
ដើរលេង ជួនកាល ក៏ផ្ដល់ជាគំនិតល្អៗ ដល់យើងដែលជាអ្នកចូលចិត្តបង្កើតដែរ ហើយក៏បង្កើតរឿងនិទានល្អៗ ពីជីវិត ដើម្បីកត់ចូល ទៅក្នុងកំណត់ហេតុប្រចាំថ្ងៃរបស់យើងដែរ! 🙂
៥ម៉ោងនៃថ្ងៃឈប់សម្រាក
ពេលដែលមិនរវល់ ដេកខ្ចិល ហើយធាត់ដូចជ្រូកអ៊ីចឹង តែពេលដែលចាប់ផ្ដើមរវល់វិញ ថ្ងៃអាទិត្យមានតែប៉ុន្មានម៉ោងប៉ុណ្ណោះ។ ទោះជាយ៉ាងណា ខ្ញុំចូលចិត្តការរវល់ច្រើនជាង ការដែលទំនេរចោល ព្រោះការរវល់ធ្វើឲ្យខ្ញុំ សប្បាយចិត្ត និងមិនធ្វើឲ្យខ្ញុំខ្ចិល ឬដោះក្បាលពោះ។
សម្រាប់អាទិត្យនេះ ខ្ញុំបានចាប់ផ្ដើមរវល់ជាថ្មី បន្ទាប់ពីធ្វើការនៅកន្លែងទី៤របស់ខ្ញុំ នៃក្រុមហ៊ុនសប្បាយ។ មានតួនាទីជា អ្នកគ្រប់គ្រងប្លង់កាម៉េរ៉ា និងជាអ្នកថតបន្ថែមប្លង់ ក្នុងកម្មវិធីNYCប្រចាំឆ្នាំ២០១៣របស់ក្រុមហ៊ុន ខ្ញុំបានចំណាយពេលវេលារបស់ខ្ញុំតាំងពីថ្ងៃសោរី៍ព្រឹកឡើងរហូតដល់ថ្ងៃអាទិត្យយប់ឡើងដើម្បីការងាររបស់ខ្ញុំ។ ប៉ុន្តែយ៉ាងហោចណាស់ ក៏ខ្ញុំត្រូវតែរកពេលសម្រាកសម្រាប់ខ្លួនឯងឲ្យបានផងដែរ ជៀសវៀងកុំឲ្យការងារ ប្រែជាគ្មានគុណភាពដោយសារតែ Stress ដោយខ្ញុំបានចំណាយពេលវេលាសម្រាកនោះជា ការធ្វើអំពើល្អសម្រាប់ខ្លួនឯងនឹងអ្នកដទៃ។ តើការថ្ងៃសោរិ៍ អាទិត្យ ទី២៧ និង២៨ ខែមេសា ឆ្នាំ២០១៣នេះ ខ្ញុំបានធ្វើអ្វីខ្លះ?
ដូចជារាល់ដង ថ្ងៃសៅរិ៍ព្រឹកឡើង ជាពេលដែលខ្ញុំធ្វើការនៅឡើយ ប៉ុន្តែសប្ដាហ៍នេះ ខ្ញុំត្រូវមានតួនាទីពិនិត្យប្លង់កាម៉េរ៉ានៃព្រឹត្តិការណ៍ដ៏ធំមួយប្រចាំឆ្នាំ២០១៣ របស់ក្រុមហ៊ុនខ្ញុំ។ មិនសូវជារវល់ដូចក្រុមការងារដទៃ ប៉ុន្តែខ្ញុំត្រូវទៅចាំជួយការងារគេ នៅឯរោងមហោស្រពវិមានចរណៃ (ចេនឡា) ដោយត្រូវធ្វើការងារខ្លះៗ និងរៀបចំជាស្រេចសម្រាប់ ព្រឹត្តិការណ៍ថ្ងៃអាទិត្យស្អែក។
ក្នុងថ្ងៃសៅរិ៍ព្រឹកឡើងបានបញ្ចប់ ខ្ញុំក៏ឆ្លៀតពេល ជូនអ្នកម៉ាក់ទៅពេទ្យ ប៉ុន្តែមិនបានទៅពេទ្យនោះទេ ព្រោះអាល័យតែនាំគាត់ដើរទៅធ្វើនេះធ្វើនោះ ប៉ុន្តែការងារទាំងនោះជាការងារសប្បុរសធម៌មួយ គឺដំបូងគេខ្ញុំសូមទៅទិញខោរជាមុនសិន ដើម្បីឲ្យត្រូវតាម ផែនការថ្មីរបស់ខ្ញុំប្រចាំឆ្នាំនេះ។ បន្ទាប់មក ខ្ញុំក៏ធ្វើដំណើរទៅលេង លោកយាយ ម៉ាប់ ដែលជាជីដូនធម៌របស់ខ្ញុំ មើលថែខ្ញុំតាំងពីខ្ញុំកើតមក។ ខ្ញុំបានបែកគាត់ជិត១៥ឆ្នាំទៅហើយ ពេលនេះឮដំណឹងថាគាត់ឈឺ រហូតដល់ចូលពេទ្យ ទើបអ្នកម៉ាក់ខ្ញុំ នាំខ្ញុំទៅលេងគាត់ម្ដងទៀត ប៉ុន្តែទម្រាំតែរកឃើញផ្ទះគាត់ អ្នកម៉ាក់ត្រូវទូរស័ព្ទខ្វាត់ខ្វែង ពីបងប្អូនមួយទៅបងប្អូនមួយ រហូតទាល់តែស្ទើរតែល្ងាចទើបបានទៅលេង។
មុននឹងទៅទីនោះ អ្នកម៉ាក់ខ្ញុំបានបបួលខ្ញុំទៅញុំាអីក្បែរនោះសិន។ នៅទីនោះ ខ្ញុំបានប្រទះឃើញក្មេងសុំទានពីរនាក់ ហាក់ដូចជាគួរឲ្យអាណិតមែនទែន។ ខ្ញុំក៏យកសាច់គោ២ចង្កាក់ឲ្យពួកគេញាំ។ ធ្វើបែបនេះ មិនមែនមកពីខ្ញុំជាអ្នកមានលុយនោះទេ ប៉ុន្តែមកពីខ្ញុំធ្លាប់អត់ ធ្លាប់រស់នៅពឹងពាក់លុយកាក់គេ កាលពីនៅរៀន ព្រោះតែឃ្លាន (មិនដែលឲ្យម៉ាក់ប៉ាដឹងទេ)។ ខ្ញុំស្គាល់អារម្មណ៍ពិបាកនេះច្បាស់ណាស់។
ចេញពីទីនោះទៅ ខ្ញុំក៏ទៅលេងផ្ទះលោកយាយធម៌របស់ខ្ញុំ។ អ្នកម៉ាក់និងខ្ញុំបានជូនលុយ និងទឹកដោះគោឆៅគាត់ ហើយបានជជែកគ្នាដោយក្ដីរលឹក នឹកគ្នា យ៉ាងខ្លាំង និងស្ទើរតែយំផងដែរ ពេលដែលអ្នកម៉ាក់ខ្ញុំនឹកឃើញ កន្លែងលក់ដូរ និងរបរលក់ដូរគាត់ពីមុន ដែលចុងបញ្ចប់ត្រូវចោរប្លន់ប្រមូលអស់។ ជីវិតហាក់ដូចជាផ្លាស់ប្ដូរច្រើនណាស់ ពេលរំលឹករឿងចាស់ ហើយបើនិយាយទៅ គឺពិតជាមានមនុស្សច្រើនណាស់ ដែលបានលាចាកលោកនេះ ជាមួយអនុស្សាវរីយ៍តភ្ជាប់ជាមួយជីវិតខ្ញុំ ដូចជា អ្នកមីងជាច្រើនរបស់ខ្ញុំ និង លោកយាយ។ ខ្ញុំរលឹកពួកគាត់ណាស់។ បើមានវេទមន្តមែន សូមឲ្យពួកគាត់ជួយថែរក្សាខ្ញុំនិងមនុស្សជុំវិញខ្លួនខ្ញុំផងចុះ។
មេឃចាប់ផ្ដើមងងឹត ហើយធ្លាក់ភ្លៀងជាច្រើនមេ ខ្ញុំក៏ចេញពីទីនេះទៅ រួចក៏ឆ្លៀតឈាងយកប្រាក់បន្តិចបន្តួច នៃប្រាក់ខែរបស់ខ្ញុំ ជូនលោកពូបូរ៉ា ដើម្បីជួយលោកអ៊ុំម្នាក់ទាំងភ្លៀងផងដែរ។ នេះជាការលើកទឹកចិត្តមួយ ពីបេះដូងជាអ្នកសិល្បៈខ្មែរដូចគ្នា របស់ខ្ញុំ។ មិនបានគ្រប់គ្នា ឬមិនជាច្រើននោះទេ តែនេះជាទឹកចិត្ត។ បន្ទាប់មក ខ្ញុំនិងអ្នកម៉ាក់ខ្ញុំជិះទាំងភ្លៀងត្រឡប់មកផ្ទះវិញ រួចក៏ចេញទៅជួបមិត្តភក្តិខ្ញុំ ដើម្បីញុំាអាហារពេលល្ងាចជុំគ្នា និងឈាងចូលមើលកន្លែងការងារបន្តិចឲ្យអស់ចិត្ត។
ថ្ងៃអាទិត្យចូលមកដល់ ខ្ញុំក៏ចាប់ផ្ដើមការងារNYC ២០១៣របស់ខ្ញុំ។ ម្ដងនេះ ខ្ញុំលែងខ្មាស់អ្នកណាទៀតហើយ ព្រោះខ្ញុំបានដាក់ចិត្តធ្វើការងារបែបនេះទាំងស្រុងហើយ។ រៀនពីការងារតូចៗ ដើម្បីចាប់យកការងារធំៗ ឲ្យរឹងមាំ។ អស់ពីដៃពីជើង ទម្រាំបានសម្រាកខ្ញុំនិងក្រុមការងារ បានចំណាយពេល ស្ទើរតែ២៤ម៉ោង ចំពោះការងារនេះ។ ហត់តែសប្បាយ សប្បាយហើយជោគជ័យទៀត។ នេះជាការងារល្អថ្មី សម្រាប់ខ្ញុំ ដែលធ្វើឲ្យ ខ្ញុំកាន់តែពង្រឹងភាពខ្លាំង សម្រាប់ខ្លួនឯងបន្ថែម។ ទម្រាំតែចប់សព្វគ្រប់ម៉ោងជិត៨យប់ល្មម។ បើគិតទៅ ស្អែកជាថ្ងៃធ្វើការវិញហើយ ដូច្នេះ ថ្ងៃសម្រាប់របស់ខ្ញុំមានតែ៥ម៉ោងប៉ុណ្ណោះ។ ថា៥ម៉ោងនេះ ចង់ឲ្យុសប្បាយចិត្ត តែបែរជាមានអារម្មណ៍តប់ប្រមល់ មានបញ្ហាជាមួយម៉ាក់និងប្អូនស្រីទៅវិញ យ៉ាងណាក៏ដោយ ក៏ចុងម៉ោងនេះ ខ្ញុំក៏រីករាយឡើងវិញដែរ។ 🙂 ហើយនេះជាការងារមួយដែលសប្បាយម្យ៉ាងសម្រាប់ជីវិតខ្ញុំ។
៣០/០៤/២០១៣
អាណាចក្រចង្រិត
ថ្ងៃនេះជាថ្ងៃខួបកំណើតរបស់ខ្ញុំ។ ដើម្បីជាសុភមង្គលប្រចាំឆ្នាំដោយខ្លួនឯង ក្នុងអាយុ២១ឆ្នាំនេះ ខ្ញុំសូមនាំនូវកម្រងរឿងដ៏ខ្លីមួយ ដែលខ្ញុំបានប្រឌិតឡើងទុកជាចំណងដៃប្រចាំអាយុ២១ឆ្នាំនេះ៖
នាយប់មួយ!
[…] ពេលកំពុងដើរ ខ្ញុំបានឃើញទីកន្លែងមួយ ដែលគេសរសេរថា«តំបន់គ្រោះថ្នាក់»ហើយនៅទីនោះទៀតសោត ក៏មានបិតផ្លាកមួយ ដែរថា«រដូវវស្សា» ដែលនៅក្រោយនោះ មានទឹកសន្សើមធំៗ និងងងឹតចាក់ភ្នែកមិនធ្លុះនោះទេ។
[…] ខ្ញុំក៏ទុករនាតចង្រឹតនោះមួយឡែកសិន រួចងើបឡើងពន្យល់ពួកគេថា៖
«តើអ្នកទាំងអស់គ្នាដឹងទេថា ដើម្បីឲ្យយើងអាចរស់នៅមានន័យ តើយើងត្រូវធ្វើអ្វីខ្លះ?» ខ្ញុំស្រែកខ្លាំងៗ!
«ត្រូវច្រៀងនិងរាំឲ្យបានច្រើន ព្រោះពេលកើតទុក្ខរបស់យើងមានច្រើនណាស់!» ចង្រឹតមួយបានស្រែកឡើង។
«ខ្ញុំថា ត្រូវតែស៊ីស្មៅឲ្យបានច្រើន ទើបជាការប្រសើរ។» ចង្រឹតមួយទៀត ស្រែកឡើង។
[…] ទ្វារត្រឡប់ទៅកាន់ឋានរបស់ខ្ញុំក៏បើកឡើងវិញ។ មេឃភ្លឺហើយ ប៉ុន្តែផ្ទៃមេឃហាក់ដូចជាមិនភ្លឺសោះ ពេលនោះតំណក់ទឹក មួយតំណក់ធំបានធ្លាក់មកចំទ្វាររបស់ខ្ញុំ បណ្ដាលឲ្យទ្វារនោះអណ្ដែតទៅបាត់ ហើយចង្រឹតទាំងឡាយក៏ធ្លាក់ចុះមកវិញ ជាបន្តបន្ទាប់។
សូមចុចលើរូបភាពនេះដើម្បីដោនឡូតទុក៖
គម្រោងប្រចាំឆ្នាំ២០១៣
សល់តែប្រមាណជិត៣សប្ដាហ៍ទៀតប៉ុណ្ណោះ ថ្ងៃ២០ ខែមេសា ឆ្នាំ២០១៣ខាងមុខនេះនឹងចូលមកដល់ ហើយខ្ញុំក៏នឹងកើនអាយុមួយឆ្នាំទៀតដែរ ដែលទម្រាំដល់អាយុនេះ ខ្ញុំបានឆ្លងកាត់រឿងជោគជ័យ និងបរាជ័យជាច្រើនសមគួរ បើធៀបនឹងអ្នកដែលមិនបានធ្វើអីសោះ តែខ្ញុំមិនដែលបោះបង់ក្ដីសុបិននេះចោលនោះទេ ទោះបីជាខ្ញុំដើរទៅយ៉ាងយឺតក៏ដោយ។ សុបិននៅតែបន្ត ជាមួយនឹងជំហានដ៏សែនលំបាកទាំងដើររួចមកហើយ និងគម្រោងសម្រាប់ដើរទៅមុខ។ ម្ដងម្កាល គឺមិនមែនច្រណែននោះទេ ពេលដែលឃើញកូនខ្មែរ គេចេះនិពន្ធចម្រៀង ចេះផលិតវីដេអូដោយខ្លួនឯងថ្មី និងមានអ្នកគាំទ្ររាប់ម៉ឺនអ្នក តែខ្ញុំសរសើរអ្នកដែលជោគជ័យទាំងនោះណាស់ ហើយក៏សង្ឃឹមថា ខ្ញុំក៏អាចជាមនុស្សម្នាក់ក្នុងចំណោមនោះ ផងដែរ គឺជួយសង្គមរបស់ខ្ញុំ ឲ្យពិភពលោកមាន រឿងថ្មីទៀត។ 🙂
ត្រូវហើយ ខ្ញុំមិនភ្លេចទេ! គឺនៅក្នុងឆ្នាំចាស់នេះ ខ្ញុំបានជួបរឿងបរាជ័យជាច្រើន ដែលធ្វើឲ្យខ្ញុំម្ដងជាបាក់ទឹកចិត្ត ម្ដងជាអស់កម្លាំងចិត្ត តែខ្ញុំនៅតែបន្តធ្វើវា ដោយមានការជួយស្វះស្វែងលើកទឹកចិត្ត ពីមនុស្សនៅជុំវិញខ្លួនខ្ញុំ ដែលខ្ញុំបានសូមជំនួយពីពួកគាត់។ បរាជ័យក្នុងសុបិន ខ្សែភាពយន្តរបស់ខ្ញុំ មានច្រើនណាស់ គឺខ្ញុំត្រូវបានមើលរំលង និងធ្វើឲ្យអស់ជំនឿចិត្តពីកន្លែងការងារមួយចំនួនធំ ដ្បិតមុនចូលដល់ គេបានផ្ដល់សុបិនដ៏ធំឲ្យខ្ញុំ ហើយគេបែរជាធ្វើព្រងើយចំពោះការខិតខំរបស់ខ្ញុំទៅវិញ តែខ្ញុំមិនខឹងពួកគេទេ ព្រោះវិស័យនេះនៅស្រុកយើងពុំទាន់ផ្ដល់ផលប្រយោជន៍ឲ្យពួកគាត់ដែរ។ បើជាខ្ញុំវិញ ក៏ខ្ញុំប្រហែលជាធ្វើបែបណឹងដែរ ប្រសិនបើឆ្នាំងបាយខ្ញុំ មិនទាន់មានទាំងមានបាយសម្រាប់ហូបខ្លួនឯងស្រួលបួលផង បែរជាទៅរកBurgerដែល មិនមានលក់ក្នុងស្រុកមួយនោះទៀត ធ្វើម៉េចនឹងសាកសមសមត្ថភាពដែលយើងមានទៅ? នេះហើយជាបញ្ហាដែលធ្វើឲ្យខ្ញុំ ចល័តចុះចល័តឡើងអស់បី ឬបួនក្រុមហ៊ុនទៅហើយនោះ។
ចំនែកឯ ជំហាននៃការផលិតភាពយន្តរបស់ខ្ញុំវិញ ក្នុងឆ្នាំចាស់នេះ ខ្ញុំបានបរាជ័យចំពោះរឿង២ និងស្ពតពាណិជ្ជកម្មមួយចំនួន ដែលបានគ្រោងជាមួយខ្ញុំនិងខ្ញុំគ្រោងជាមួយគេហើយ បែរជាមិនបានធ្វើទៅវិញ។ តាមការសង្កេត ភាគច្រើន គឺបណ្ដាលមកពីបញ្ហា ការមិនយកចិត្តទុកដាក់ និងបញ្ហាសេដ្ឋកិច្ចរបស់ខ្ញុំ។ ប៉ុន្តែ! ទោះជាយ៉ាងណា ភាពជោគជ័យ ក៏នៅតែដើរទន្ទឹមគ្នានឹងបរាជ័យជានិច្ចដែរ គឺមានន័យថា ក្នុងពេលដែលខ្ញុំកំពុងតែបរាជ័យក្នុងផ្នែកទាំងនោះ ក៏មានមនុស្សជាច្រើនបានជួយលើកទឹកចិត្ត និងបង្រៀនខ្ញុំបន្ថែមពីកិច្ចការដែលខ្ញុំបរាជ័យទាំងនេះ ហើយខ្ញុំក៏បានជួបមនុស្សជោគជ័យ និងអ្នកជំនាញជាច្រើនក្នុងពេលជាមួយគ្នានោះដែរ។ ចុងក្រោយ យ៉ាងហោចណាស់ ក៏ខ្ញុំអាចមានប្រាក់ខែឡើងវិញ និងបានបំពេញកាតព្វកិច្ចក្នុងកិច្ចការបញ្ចប់មហាវិទ្យាល័យខ្ញុំ នៅក្រុមហ៊ុនមួយដែលខ្ញុំកំពុងចុះកម្មសិក្សានេះផងដែរ ហើយយ៉ាងហោចណាស់ ក៏ខ្ញុំបានរាប់អានមិត្តភក្តិជាច្រើនដែលជាបងៗខ្ញុំនៅក្រុមហ៊ុនថ្មីនេះផងដែរ។ មួយវិញទៀត ខ្ញុំក៏អាចចាប់ផ្ដើមនូវជំហានមួយថ្មី ជាមួយការងារដ៏មមាញឹកល្មម នឹងមានពេលបណ្ដុះបង្ហាត់ជំនាញការងារខ្លួនឯងបន្ថែមផងដែរ។ ទោះជាខ្ញុំនិយាយហើយ មិនបានធ្វើនៅពេលនេះ ក៏មានថ្ងៃណាមួយខ្ញុំនឹងធ្វើវាឲ្យបានដែរ។
ខ្ញុំនៅតែបន្តគម្រោងរបស់ខ្ញុំទៅមុខជានិច្ច ដោយបត់បែនគ្រប់កាលៈទេសៈទាំងអស់ មិនថាស្រួលឬពិបាកនោះទេ ខ្ញុំនៅតែតស៊ូ គឺតស៊ូយ៉ាងយឺត ដើរលើជំហានយ៉ាងឆ្ងាយ។ ខ្ញុំមិនអស់សង្ឃឹមទេ ទោះជាខ្ញុំប្រាប់គេថាអស់សង្ឃឹម។ ខ្ញុំបានកែប្រែជីវិត និងទឹកចិត្តរបស់ខ្ញុំ ជាមនុស្សពេញវ័យច្រើន បើតាមការសង្កេតចំពោះខ្លួនឯង ក្នុងដំណើរទៅដើរទៅមុខរបស់ខ្ញុំជាបន្តបន្ទាប់។
ក្នុងឆ្នាំថ្មីនេះដើម្បីជម្រុញជំនាញសិល្បៈរបស់ខ្ញុំឲ្យកាន់តែរីកចម្រើន ខ្ញុំបានមើលឃើញថា ខ្ញុំគួរគប្បីហ្វឹកហាត់ជំនាញដែលខ្ញុំចេះឲ្យកាន់តែស្ទាត់ និងត្រូវតែមានចំណេះដឹងពាក់ព័ន្ធ ព្រមទាំងចំណេះដឹងទូទៅឲ្យបានច្រើនជាងជំនាញដែលបានរៀន ហើយពិសេសជាងនោះទៅទៀត គឺអ្វីដែលពិបាកខ្វះបានមែនទែន គឺត្រូវចេះបង្កើតសេដ្ឋកិច្ចផ្ទាល់ខ្លួន។ នេះជាបញ្ហាចំបងបំផុត សម្រាប់ជីវិតមួយនោះ។ លុយមិនសំខាន់ទេ តែលុយជាកត្តាសំខាន់អាចឲ្យខ្ញុំធ្វើអ្វីដែលខ្ញុំគិត បានជោគជ័យ។ ខ្ញុំបានមើលឃើញនូវមនុស្សមានទេព្យកោសល្យជាច្រើន ដែលពុំមានឱកាស តែស្ដាយដែរ ដែលអ្វីដែលខ្ញុំខ្វះនៅពេលនេះ គឺសេដ្ឋកិច្ច ដ៏សំខាន់។ ដូច្នេះ គម្រោងក្នុងឆ្នាំថ្មីនេះតទៅ គឺខ្ញុំនឹងចាប់ផ្ដើមពង្រឹងសេដ្ឋិកិច្ច ជាមួយនឹងកិច្ចសហប្រតិបត្តិការរវាងអ្នកជំនួញ និងអ្នកចេះដឹងបន្ថែមទៀតឲ្យបានច្រើន និងរឹងមុំា។
សង្ឃឹមថាឆ្នាំថ្មីនេះ អ្វីៗនឹងកាន់តែប្រសើរឡើងៗក្នុងជីវិតខ្ញុំ! សូមអរគុណគ្រប់គ្នា សូមអរគូណខ្លួនឯង!
ក្រុមហ៊ុនសប្បាយ, ភ្នំពេញ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៣ ម៉ោង១៣:៥២នាទី។
កុនថៃ«ហោមរោង»
សូមវិភាគបន្តិចសិន!
មើលទៅ! ប្រហែលមកពីខ្ញុំមិនដែលរៀនទេដឹង ទើបមិនដឹងថានេះជាមេរៀនប្លង់ ដែលទាក់ទងគ្នា។តែពេលប្រកួតភ្លេងក្នុងរឿង «ហោមរោង» របស់ថៃ ក្នុងគំនិតរបស់ខ្ញុំ ខ្ញុំមានសុទិដ្ឋិនិយមមួយយល់ឃើញថា រឿងនេះ មានប្លង់មួយចំនួនធំ ត្រូវបានច្នៃចេញពីរឿង “Secret”របស់ Jay Chou ឬ រឿង “The legend 1900” ដោយ Giuseppe Tornatore ដែលខ្ញុំធ្លាប់មើល។ តាមរយៈហេតុផលនេះ ខ្ញុំក៏មានជំនឿអាចផលិតកុនតាមវិធីប្រៀបធៀបនេះបានដែរ តែអ្វីដែលពិបាក គឺបច្ចេកទេសដ៏ល្អិតនៃការផលិតខាងក្នុង ដែលខ្ញុំត្រូវរៀន។ នេះហើយសិស្សអត់សាលា។
ហេតុផលនៅតែមាន ដំណើរជីវិតនៅតែបន្តក្នុងភាពរអាក់រអួលម្ដងម្កាល។ ទោះជាខ្ញុំមិនអាចមានសាលារៀនយ៉ាងណាក៏ដោយ ក៏ពេលកំពុងមើលរឿងនេះ ខ្ញុំចេះអន់ចិត្តនឹងខ្លួនឯងដែរ ដែលមិនបានរៀនសូត្រអំពីកុន ធំមិនទាន់គេ ឲ្យគេថាខ្ញុំគឺជាគេអស់។ ហោមរោង ជាពាក្យខ្មែរទេ ដែលគ្រប់ជំនាន់មកហើយ ខ្មែរយើងតែងមាន ជំនឿ និងជាដំណើររឿងមួយដ៏ល្អបំផុត អំពីតន្ត្រីខ្មែរ អ្វីដែលជានិស្សិ័យនិងចំណូលចិត្តរបស់ខ្ញុំតាំងពីក្មេងមក។ «ទោះជាអ្នកមានអតីតកាលដ៏រុងរឿងយ៉ាងណាក៏ដោយ បើអ្នកមិនចេះរក្សាវា ថ្ងៃមុខសូម្បីតែខ្លួនឯងក៏គេមិនជឿថាជារបស់ខ្លួនឯងដែរ»។ សង្ឃឹមថា ខ្ញុំ នឹងអាចឃើញភាពច្នៃប្រឌិតរបស់អ្នក មានលាយអត្តសញ្ញាណជាតិចូលរួមផង។
ខ្ញុំស្រណោះខ្លួនណាស់ ពេលមើលរឿង«ហោមរោង»នេះ ព្រោះរឿងនេះបានធ្វើឲ្យខ្ញុំនឹកឃើញនូវពាក្យពេចន៍ដ៏មានន័យ ឬមនុស្សដ៏ជោគជ័យជាច្រើនក្នុងជីវិត។
«Harmonies មានសារៈសំខាន់ណាស់ក្នុងការសរសេរបទភ្លេង។» នេះជាពាក្យមួយឃ្លា ដែលខ្ញុំបានចាំពី បងប្រុស Srornos So នៅពេលលើកទីមួយ និងចុងក្រោយដែលខ្ញុំជួបគាត់ដល់ពេលនេះ។ ខ្ញុំសប្បាយចិត្តណាស់ដែលជួបតន្ត្រីករខ្មែរដ៏ចំណានដូចជារូបលោក។
ធម្មជាតិ បានប្រគល់ដៃជើងមួយគូរ ត្រចៀកមួយគូ កែវភ្នែកមួយគូរ ច្រមុះមួយ មាត់មួយ បំពង់កមួយ និងខួរក្បាលសម្រាប់ហ្វឹកហ្វឺន ប៉ុន្តែស្ថានភាព មិនបានផ្ដល់ឲ្យខ្ញុំនូវការហ្វឹកហាត់ដ៏សមគួរមួយនោះទេ។ ខ្ញុំមិនបន្ទោសស្ថានភាពនោះទេ តែខ្ញុំគ្រាន់តែស្ដាយនូវធម្មជាតិទាំងនេះ ហើយក៏អរគុណញ្ញាណទាំងឡាយ ដែលផ្ដល់ចំណេះដឹងដល់ខួរក្បាលខ្ញុំដែរ។ ទោះជាម្ដងម្កាល ខ្ញុំស្រណោះខ្លួន ចង់បោះបង់អ្វីដែលមាន តែខ្ញុំក៏សប្បាយចិត្តគ្រប់ពេលដែរ ព្រោះខ្ញុំគិតថា អ្នកផ្សេងខ្លះ គេក៏ពុំមានដូចជាខ្ញុំដែរ។ ហេតុខ្ញុំមានប៉ុណ្ណេះ ខ្ញុំបែរជាបោះបង់វាចោរ។
«សុទិដ្ឋិនិយម គឺជាកត្តាសំខាន់សម្រាប់ភាពជោគជ័យ និងអភិវឌ្ឍន៍» សូមអរគុណបងប្រុស Chy Sila សម្រាប់ពាក្យនេះ និងអរគុណក្រុមហ៊ុនសប្បាយ ដែលបង្រៀនខ្ញុំជាច្រើនទៀត។ ពាក្យនេះ ជាកត្តាសំខាន់ណាស់សម្រាប់ខ្ញុំដើរទៅមុខ។
«កុំនិយាយច្រើន តែធ្វើឲ្យបានច្រើន» របស់លោកប៉ា។
ញ្ញាណទាំងឡាយបានផ្ដល់ឲ្យខ្ញុំច្រើនណាស់ បានជាខ្ញុំចង់ចែករំលែកដល់គ្រប់គ្នា ពេលខ្លះក៏ទទួលអារម្មណ៍ថាខ្លួនឯងជាមនុស្សអួតអាង តែក៏នៅតែមានៈធ្វើវា ព្រោះអួត គ្រាន់តែជាពាក្យទុតិដ្ឋិនិយមនៃពាក្យចែករំលែកប៉ុណ្ណោះ។ តាមរយៈការLikeក៏ដឹងថា មានមនុស្សតិចណាស់ដែលស្ដាប់ការចែករំលែកនេះ តែខ្ញុំមិនដែលអាក់អន់ចិត្តទេ ព្រោះគិតថា តាមពិតនេះជាគន្លឹះល្អៗ ដែលគួរតែរៀនទាំងអស់គ្នា បើសិនខ្ញុំជាអ្នកដែលមើលឃើញការសរសេរបែបនេះ ខ្ញុំនឹងចងចាំទុក។ ជប៉ុនក្រោយសង្គ្រាម គេអាចមានវិញ ដោយសារតែម្នាក់បង្រៀន៥ ហើយក្នុង៥ ម្នាក់ៗបង្រៀង៥ យូរទៅៗ ប្រទេសគេអភិវឌ្ឍន៍ ជឿនលឿន ខ្ញុំក៏សង្ឃឹមស្រុកខ្មែរ ក៏អាចដូចគេដែរ។ បើខ្ញុំជាម្នាក់ក្នុង៥របស់គេ នៅស្រុកយើង។
ខ្ញុំសរសើរ គោរព និងស្រឡាញ់ គ្រូបង្រៀនណាស់ តែខ្ញុំមិនហ៊ានធ្វើគ្រូបង្រៀនទេព្រោះខ្ញុំជាសិស្សអន់ណាស់កាលនៅរៀន ប៉ុន្តែជាសិស្សដែលគោរពគ្រូណាស់។ខ្ញុំចង់និយាយប្រាប់គ្រប់គ្នាណាស់ តែតាមឋានៈ អាយុ របស់ខ្ញុំ ប្រហែលជាគ្រប់គ្នាមិនស្ដាប់ទេ តែខ្ញុំគិតថាមានតែវិធីសរសេរទេ ដែលអាចឲ្យខ្ញុំនិយាយពីអារម្មណ៍ខ្ញុំបាន។
ថ្ងៃនេះ ខ្ញុំចង់រំលែកចំណេះដឹង និងសូមអរគុណប៉ុណ្ណេះ សង្ឃឹមថា គ្រប់គ្នាយល់ពីខ្ញុំ ហើយក៏សូមអរគុណសម្រាប់ការអាន។
ភ្នំពេញ, ថ្ងៃច័ន្ទ
២៥/០២/២០១៣
បរាជ័យនៅតែជាមេរៀនល្អសម្រាប់ជីវិត
មួយរយៈនេះ ខ្ញុំទទួលរឿងបរាជ័យជាច្រើន ហើយក៏បានកត់វាជាមេរៀនជីវិតថ្មីៗជាច្រើនទៀតដែរ។ ដោយសារតែ ឆន្ទៈភ្លើងចំបើង បានធ្វើឲ្យភាពបាក់ទឹកចិត្តកាន់តែរីកដុះដាលធំធេងក្នុងក្ដីស្រម៉ៃរបស់ខ្ញុំច្រើនឡើងៗ។ នេះគ្រាន់តែជាបញ្ហាមួយក្នុង បញ្ហាទាំងអស់ប៉ុណ្ណោះ។
ព្រោះតែក្ដីស្រម៉ៃដែលកំពុងតែឋិតនៅលើផ្លូវ ខ្ញុំបែរជាធ្លាក់ខ្លួនជាមនុស្សដែលដេកចាំព្រេងសំណាង។ អ្នកណាទៅដឹង ព្រេងសំណាងទាំងនោះ គ្រាន់តែជាខ្យល់បក់ប៉ះធូលីមួយប្រាវប៉ុណ្ណោះ។ ចុងឆ្នាំ២០១២ បានចូលមកដល់ បេសកកម្មកន្លែងធ្វើការចាស់របស់ខ្ញុំ ក៏ត្រូវបានបញ្ចប់ ដូចដែលបានជជែកគ្នាជាមួយនឹងប្រធានរបស់ខ្ញុំ។ ខ្ញុំក៏ក្លាយជាមនុស្សដើលហេលហាល រំពឹងទិសដៅ ចាំមើលតែព្រេងសំណាង ប៉ុន្តែ ខ្ញុំមិនបានទុកពេលវេលានេះឲ្យដូចអ្វីដែលកំពុងជួបទេ ខ្ញុំក៏ចាប់សរសេររឿងខ្លីមួយដើម្បីថត។ ស្របពេលដែលខ្ញុំបានឃើញ Video Clipជាច្រើន ដែលក្មេងៗ និងអ្នកកុននិយមជាច្រើនបានបង្ហោះពីកុនប្រយុទ្ធ ដូច្នេះ ខ្ញុំក៏ចាប់ផ្ដើមសរសេរភ្ជាប់នឹងសាច់រឿងរបស់ខ្ញុំ។
ដើមឆ្នាំខែមករាបានចូលមកដល់ ខ្ញុំសម្រេចចិត្តមិនសុំទៅវៀតណាមជាមួយនឹងក្រុមគ្រួសារខ្ញុំទេ ព្រោះខ្ញុំចង់ធ្វើកុនខ្នាតខ្លីមួយនោះ ដោយពេលនោះខ្ញុំចាប់ផ្ដើមចំណាយពេលច្រើនឡើងៗ លើរឿងមួយនោះ។ វាដូចជាដង្ហើមអ៊ីចឹង ដកចេញដកចូលមួយភ្លែតសោះ ពេលវេលាថតថ្ងៃទី០៧ ដែលខ្ញុំកំណត់សម្របតាមក្រុមការងារ បានចូលមកដល់។ អ្នកណាទៅដឹង អ្នកឧបត្ថម្ភទាំងឡាយ មិនអាចធ្វើតាមពេលវេលា ដែលយើងកំណត់នោះទេ ព្រោះវាជាគោលដៅភ្លើងចំបើង ខ្ញុំក៏ដឹងដែរ។ សម្រាប់អ្នកឧបត្ថម្ភធំមួយរបស់ខ្ញុំ គេចង់ឲ្យខ្ញុំកែសាច់រឿងខ្លះ ដើម្បីសម្របតាមក្រុមហ៊ុនគេ និងដើម្បីឲ្យសាច់រឿងកាន់តែល្អ ប៉ុន្តែខ្ញុំមានះដើម្បីសម្រេចវា ដ្បិតទី១ ខ្ញុំមិនបានធ្វើកុននោះដើម្បីក្រុមហ៊ុននោះទេ ទី២ក្រុមការងារខ្ញុំមានពេលវេលាតិចតួចណាស់សម្រាប់ការងារនេះ ទី៣ខ្ញុំចង់ប្រាប់ថាទោះជាយ៉ាងណា នេះជាឆន្ទៈរបស់ខ្ញុំ។ ផ្ទុយលើការរំពឹងទុកទាំងស្រុង អ្នកឧបត្ថម្ភទាំង៤ មិនបានជួយអ្វីតាមការគិតរបស់ខ្ញុំនោះទេ មានតែអ្នកឧបត្ថម្ភម្នាក់ប៉ុណ្ណោះ ដែលគាត់បានផ្ដល់នូវសម្ភារៈ សម្រាប់ការថតនេះ។ ខ្ញុំសូមមិនបញ្ចេញឈ្មោះ ព្រោះនេះជាការឲ្យតម្លៃខ្ញុំទៅកាន់អ្នកឧបត្ថម្ភដ្បិតខ្ញុំមិនបានសម្រេចវា។ ដូច្នេះ ការថតនេះ ត្រូវដំណើរការទាំងរដាប់រដួល ដោយមុនថតនោះ ខ្ញុំក៏យកខ្លួនខ្ញុំនិងពេលវេលាទៅដូរជាមួយនឹងក្រុមហ៊ុនកុនបរទេសមួយ ដើម្បីដោះដូរយកសម្ភាៈខ្លះ ទីកន្លែង បាយថ្ងៃត្រង់ និងឡានសម្រាប់ជូនទៅជូនមក។ គេមិនមានថវិការតាមអ្វីដែលខ្ញុំគិតទេ តែអ្វីដែលគេជួយក៏ជាចំណែកធំដែរ។ រហូតដល់ថ្ងៃថតថ្ងៃទី១ ការរំពឹងទុកត្រូវបានប្រែប្រួល ដោយក្នុងនោះ ខ្ញុំសូមអរគុណបងប្រុសម្នាក់នៅ Smallworldដែលបានជួយលើកទឹកចិត្តភ្លាមៗនូវថវិការដែលខ្ញុំត្រូវការ។ ខ្ញុំរីករាយយ៉ាងខ្លាំង តែវាដូចជាហួសពេលទៅហើយ ព្រោះដោយសារតែភ្លាមៗនោះ ក្រុមខ្ញុំត្រូវទិញភ្លើង ហើយបានធ្វើឲ្យកាលវិភាគដើរទៅកន្លងអស់។ តួកិត្តិយសទាំងឡាយក៏រវល់។ ការថតក៏កាន់តែមិនយល់គ្នា។ អ្នកធ្វើការក៏ចាប់ផ្ដើមអស់កម្លាំងនិងបាក់ទឹកចិត្ត។ ខ្ញុំក៏សម្រេចចិត្តផ្អាកការថតតែម្ដងដោយក្នុងចិត្តគ្មានរំពឹងថានឹងបាន ធ្វើវាទៀតទេ តែការនិយាយលើកទឹកចិត្តខ្ញុំ គឺនៅតែមានសម្រាប់ពួកគេ។
ខ្ញុំពិតជាសូមអរគុណណាស់ចំពោះរត្ន័ទាំងពីរ បុត្រ សេងហ៊ន និងមិត្តភក្តិ Rick បងវិរៈ បងឌីយ៉ា សម្ភស្ស បងថាវរី បងរិទ្ធី Lida និងមនុស្សមួយចំនួនទៀត សម្រាប់ការដែលចំណាយពេលធ្វើអ្វីដែលខ្ញុំបានគ្រោង ពិសេសគឺបំពេញញក្ដីសុបិនជុំគ្នា ហើយពិសេសជាងនេះ ក៏សូមអរគុណអ្នកឧបត្ថម្ពដែលជួយខ្ញុំក្នុងពេលដែលខ្វះខាត ខ្ញុំនឹងចងចាំទឹកចិត្តនេះជារៀងរហូត។
ភាពបាក់ទឹកចិត្តបានកើតមានយ៉ាងដំណំក្នុងជីវិតខ្ញុំ។ ខ្ញុំចាប់ផ្ដើមគេងយប់ជ្រៅ និងងើបយឺតម្ដងទៀត ហើយពេលនោះហើយដែលធ្វើឲ្យក្ដីស្រម៉ៃខ្ញុំ ត្រូវស្រពេចស្រពិលដោយសារតែហេតុផលបរាជ័យ និងការសុំជំនួយផ្លូវចិត្តពីលោកប៉ាខ្ញុំ ដូចរាល់ដង។ ម្ដងនេះ លោកប៉ាក៏លើកយករឿងនេះមក និយាយហើយ ពន្យល់ខ្ញុំឲ្យបោះបង់សុបិននោះចោល គឺសុបិនជាអ្នកផលិតខ្សែភាពយន្ត ហើយគាត់ចង់ឲ្យខ្ញុំបន្តជំនាញរបស់ខ្ញុំ។ ខ្ញុំរិតតែរារែកទៅរារែកទៅ ព្រោះតែរឿងទាំងនេះ។ ម្ដងបន្តិចៗ ពេលវេលានិងសុខភាពខ្ញុំបានវិលមកដូចដើមវិញ ខ្ញុំបានមើលឃើញនូវការផលិត ប៉ុន្មានដែលខ្ញុំបានធ្វើ ហើយវាបានធ្វើឲ្យខ្ញុំនៅតែចង់ធ្វើការងារនោះយ៉ាងខ្លាំង។
ប៉ុន្មានថ្ងៃក្រោយមក ខ្ញុំក៏សម្រេចចិត្តទៅជួបក្រុមហ៊ុនដែលបាននិយាយលើកមុនវិញ ហើយគេក៏ផ្ដល់ការងារមួយឲ្យខ្ញុំ ដែលចំពេលដែលខ្ញុំ គួរតែគិតគូរឿងបញ្ចប់បរិញ្ញាបត្រខ្ញុំភ្លាម។ ដូច្នេះ ខ្ញុំក៏សម្រេចចិត្តចូលធ្វើការ ដោយត្រៀមជាស្រេចសម្រាប់ការងារថ្មី ជាមួយនឹងក្នុងចិត្តរារែក ក្នុងការសម្រេចចិត្តថាតើ គួរតែបោះបង់ក្ដីសុបិន ឬបន្តវា។ ម្យ៉ាងទៀត ខ្ញុំបារម្ភណាស់សម្រាប់ការងារថ្មី ខ្លាចក្រែង ខ្ញុំធ្វើមិនបានល្អដូចការងារចាស់ទៀត។ ព្រឹកថ្ងៃទី១០ ខែមករា ខ្ញុំក៏បានសម្រេចក្នុងការបើកសៀវភៅInternshipរបស់ខ្ញុំ ជាមួយនឹងការខុសជំនាញ តែត្រូវសុបិន។ ខ្ញុំបានសូមយោបល់ពីបងរិទ្ធីជាច្រើន ដែលយោបល់ទាំងនេះហើយ បានធ្វើឲ្យខ្ញុំឃើញពន្លឺឡើងវិញ ក្នុងភាពងងឹតនៃក្ដីសុបិនរបស់ខ្ញុំ។ ខ្ញុំនឹងឈប់និយាយ ហើយខ្ញុំនឹងចាប់ផ្ដើមធ្វើ ដោយសំដៅទៅមុខជានិច្ច។ អរគុណបងរិទ្ធី អរគុណគ្រប់គ្នាសម្រាប់ឱកាស និងក្ដីស្រឡាញ់សម្រាប់ខ្ញុំ។
ទឹកថ្លា, ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៣
10012013
ចូលទាំងស្ងប់ស្ងាត់ ចេញវិញក៏ស្ងប់ស្ងាត់
ទឹកថ្លា, ថ្ងៃទី២៧ ខែ១២ ឆ្នាំ២០១២
វាជារឿងជីវិតមួយរបស់ខ្ញុំថ្មីមួយទៀត ដែលខ្ញុំកំពុងដើរ និងឆ្លងកាត់។ បន្ទាប់ពី ភាពស្ងប់ស្ងាត់របស់ផលិតកម្មធំមួយដែលមកទាក់ទងខ្ញុំរួចមក។ ខ្ញុំបានបាក់ទឹកចិត្តយ៉ាងខ្លាំង ឯក្រុមតន្ត្រីខ្ញុំក៏មានអ្នកខ្លះគេអន់ចិត្តនឹងខ្ញុំដែរ ដោយសារតែដំណឹងចូលផលិតកម្មធំនោះ។ ខ្ញុំកើតទុក្ខមិនតិចថ្ងៃទេ ទម្រាំសម្រេចចិត្តទទួលស្គាល់រឿងទាំងនោះ ហើយត្រៀមចូលផលិតកម្មធំនោះ ប៉ុន្តែពេលដែលខ្ញុំសម្រេចចិត្តរួចរាល់ហើយ គេបែរជាធ្វើព្រងើយនឹងខ្ញុំទៅវិញ។ នេះជាការសោកស្ដាយបំផុត ដែលគេធ្វើបែបនេះមកកាន់ខ្ញុំ។ ខ្ញុំក៏អស់សង្ឃឹមមួយរយៈពេលធំ រហូតដល់ថ្ងៃដែលខ្ញុំបានស្គាល់ទីនោះប្រមាណ១០% ខ្ញុំគិតថា ខ្ញុំមិនចង់បន្តដំណើរក្នុងផលិតកម្មមួយនោះទេ។ មិនមែនគេអាក្រក់ទេ តែខ្ញុំគិតថា ខ្ញុំចង់បានកន្លែងដែលផ្ដល់សេរីភាពក្នុងការបញ្ចេញនូវអ្វីដែលថ្មីច្រើនជាង។ ខ្ញុំក៏សម្រេចចិត្តឈប់រវីរវល់នឹងការទាក់ទងនោះទៀត ។ ណាមួយ បញ្ហាដែលខ្ញុំកំពុងកើតមាន គឺខ្ញុំចប់មហាវិទ្យាល័យហើយ គេតម្រូវឲ្យខ្ញុំមានការងារដើម្បីយកបរិញ្ញាបត្រ។ ខ្ញុំសង្ឃឹមលើផលិតកម្មធំនោះណាស់ ប៉ុន្តែចុងក្រោយ ខ្ញុំត្រូវចំណាយពេលចោល ហើយមិនបានសម្រេចទៀត ដូច្នេះ ខ្ញុំក៏សម្រេចចិត្តចាកចេញយ៉ាងដាច់ចិត្ត ហើយខាងគេក៏មិនបានទាក់ទងទៀត ប្រហែលជាគេគិតថាខ្ញុំជាមនុស្សមិនបានការអីនោះទេ ព្រោះប្រហែលជាក្រៅតែពីបទពីដើម ខ្ញុំច្រៀងមិនពិរោះនោះទេ។ ខ្ញុំក៏សម្រេចចិត្តរកការងារមួយទាក់ទងជំនាញ តែចៃដន្យអី ខ្ញុំត្រូវបានផលិតកម្មខ្មែរកូនកាត់មួយ មកទាក់ទងបន្ត។
ខ្ញុំបានទៅសាកសំឡេង។ មិនទាន់បាននិយាយគ្នាស្រួលបួលផង គេក៏រៀបចំកុងត្រាជាមួយខ្ញុំ ដែលមានលក្ខខណ្ឌល្អៗអាចទទួលយកបាន ដោយក្នុងនោះ មានដូចជាប្រាក់ខែ ការថតចម្រៀង ការរៀបចំសំលៀកបំពាក់ មានគ្រូបង្វឹករយៈពេលបីខែ តែអ្វីដែលខ្ញុំមិនពេញចិត្ត ខ្ញុំនឹងត្រូវច្រៀងនៅភោជនីយដ្ឋាន បរទេសមួយក្បែរវត្តភ្នំ ៤ថ្ងៃ ក្នុងមួយសប្ដាហ៍។ ខ្ញុំព្យាយាមនិយាយពីរឿងនោះដែរ តែគាត់ថា ចាំជជែកគ្នាទៀត។ ខ្ញុំក៏សម្រេចទៅតាមនោះ ជាមួយសិល្បករមួយក្រុមដែរ ព្រោះយល់ឃើញថា វាដូចជាអ្វីដែលខ្ញុំធ្លាប់គិតទុក មានគ្រូបង្វឹក មានអ្នករៀបចំ និងការចេញចម្រៀងAlbum១ឆ្នាំ ១វ៉ុល។
ជិត៤ខែ ខ្ញុំក៏យល់ឃើញថា អ្វីៗដែលមានក្នុងកុងត្រា វាហាក់ដូចជាមិនដូចគ្នាសោះ។ បញ្ចប់ខែទី៣ ចូលទី៤នេះ ខ្ញុំក៏សុំគាត់ឈប់ទាំងអស់សង្ឃឹមសារជាថ្មី។ នរណាទៅដឹង ថាក្រុមហ៊ុនគាត់រវល់ការងារលើសពីកុងត្រាយ៉ាងនេះ។ ខ្ញុំអស់សង្ឃឹមម្ដងទៀតហើយ រីឯក្រុមវិញ គេចោទខ្ញុំថាខ្ញុំចង់បានពានរង្វាន់ និងកេរ្តិ៍ឈ្មោះម្នាក់ឯង។ ខ្ញុំក៏សម្រេចចិត្តចាកចេញពីក្រុម។
ការពិតបរាជ័យមានច្រើនណាស់ក្នុងជីវិតខ្ញុំ តែខ្ញុំមិនបានរុញរាទេ បន្ទាប់ពីសូមឈប់មុនមួយខែ ខ្ញុំបានទាក់ទងក្រុមមួយនៅស្មលវើល ដែលមានបងរិទ្ធី ចាំជួយគាំទ្រខ្ញុំជានិច្ច ដើម្បីបង្កើតនូវអាជីវកម្មចម្រៀងមួយខ្លួនឯងតែម្ដង ឈ្លាតពីនោះ ខ្ញុំក៏ដាក់ពាក្យសាកទៅក្រុមហ៊ុនតុក្កតាមួយ ដែលណែនាំដោយមិត្តភក្តិខ្ញុំ។ មួយថ្ងៃបន្ទាប់ក្រោយការដាក់ពាក្យខ្ញុំបានជាប់ ប៉ុន្តែចៃដន្យអី នៅពេលដែលកំពុងតែសុំឈប់ ក៏មានក្រុមហ៊ុនថ្មី បានមកទាក់ទងខ្ញុំតាមរយៈផលិតកម្មខ្មែរកូនកាត់នោះ។ ខ្ញុំក៏សម្រេចចិត្តជាថ្មី ដោយសូមឈប់តែម្ដងពីភោជនីយដ្ឋានបរទេស ដ្បិតគ្រួសារខ្ញុំ ក៏មានភោជនីយដ្ឋានមានភ្លេងដូចគ្នាដែរ។ តើកូនទៅច្រៀងឲ្យគេ ទាំងភោជនីយដ្ឋានខ្លួនឯងជួលគេ ល្អមើលទេ? ទោះជាជួយម្ដងម្កាល ក៏ល្អជាង ធ្វើការផ្ដាច់មុខនៅទីនោះដែរ?
ក្រុមហ៊ុនថ្មីនោះ បានរៀបចំការចរចារមួយនៅ២អាទិត្យទៀតជាលក្ខណៈត្រីភាគី រវាងខ្ញុំនឹងពួកគាត់ មិនដឹងជាយ៉ាងណាទេ ប៉ុន្តែខ្ញុំដូចជាលែងមានសង្ឃឹមទៅហើយ ព្រោះបរាជ័យច្រើនពេកហើយ។ ដូច្នេះហើយ ខ្ញុំក៏សូមទោសកន្លែងក្រុមហ៊ុនតុក្កតានោះវិញ។ ទោះជាយ៉ាងណា ខ្ញុំបានរៀបចំជម្រើសសម្រាប់ខ្លួនឯងរួចស្រេចហើយ មិនឲ្យវាសនាខ្ញុំអស់សង្ឃឹមទេ គឺខ្ញុំនឹងបន្តគម្រោងខ្លួនឯង និងធ្វើតាមគម្រោងប៉ា ត្រូវទៅរៀននៅបរទេស។ ប៉ុន្តែ បើគម្រោងមិនផ្លាស់ប្ដូរ ឆ្នាំក្រោយ ខ្ញុំនឹងបន្តអនុបណ្ឌិតផ្នែក ជំនួញក្នុងស្រុក។
27122012