ចេមនិងផ្លែបេ៉សយក្ស

មានរឿងតុក្កតា និងសៀវភៅកុមារជាច្រើនបានចូលមកកំដរជីវភាព កុមារកម្ពុជាយើងរវាងចន្លោះឆ្នាំ ១៩៩០ ទៅ ២០០០។ ខ្ញុំក៏មានរឿងរ៉ាវជីវិត ដូចជាពួកគេដែរ ប៉ុន្តែសម្រាប់ខ្ញុំ ខ្ញុំចូលចិត្តមើលខ្សែភាពយន្តតុក្កតាណាស់ មិនថា ពេលនេះ ខ្ញុំឈានចូលវ័យជំទង់ហើយក៏ដោយ ព្រោះ ភាពយន្តតុក្កតា ឬសៀវភៅណាដែលនិយាយពីការផ្សងព្រេង ប្លែកៗ តែងតែនាំខ្ញុំ ឲ្យស្រមើលស្រមៃ ក្នុងពិភពមួយខុសប្លែកពីពិភពដែលយើង រស់នៅសព្វថ្ងៃ ហើយប្រហែលមូលហេតុនេះហើយ ដែលធ្វើឲ្យខ្ញុំជាមានគំនិតស្រមើលស្រមៃច្រើន នៅពេលធំឡើង។

កាលពីថ្មីៗនេះ ខ្ញុំបានទិញសៀវភៅមួយចំនួនយកមកអាន ហើយក្នុងនោះស្រាប់តែមានសៀវភៅរឿងមួយ​ ធ្លាប់បានចេញជាខ្សែភាពយន្ត រួចមកហើយតាំងពីឆ្នាំ១៩៩៦ ដោយក្នុងនោះ រឿងនេះក៏ជារឿងដែលខ្ញុំធ្លាប់បានទស្សនា២ ទៅ៣ដងរួចមកហើយ។ ខ្ញុំបានទិញសៀវភៅនោះ ទុក ទោះជាវាមានតម្លៃ២.២៥$ក៏ដោយ តែវាជាអនុស្សាវរីយ៍កុមារភាពរបស់ខ្ញុំ ហើយលើសពីនេះទៅទៀត ខ្ញុំចង់ដឹងថា តើមុននឹងក្លាយជា កុនមួយរឿង អ្នកដឹកនាំ បានយកភាគណាខ្លះ ពីប្រលោម យកមកកែច្នៃ?

រូបភាព

ចេមនិងផ្លែប៉េសយក្ស

រឿង «ចេមនិងផ្លែបេសយក្ស» ឬ «James and the Giant Peach»ចង់និយាយពីដំណើរផ្សងព្រេងដ៏អស្ចារ្យទៅកាន់New York ទីដែលកុមារអាយុ៤ឆ្នាំម្នាក់ឈ្មោះ James Henry Trotter ចង់ទៅដល់ក្នុងក្ដីបំណងរបស់គេ។ James Henry Tortter បានចាប់កំណើតមក ក្នុងគ្រួសារដ៏កក់ក្ដៅ និងរីករាយមួយ នាទីក្រុងក្បែរមាត់សមុទ្ទ ប៉ុន្តែភាពរីករាយនោះ ត្រូវបានរលាយអស់បន្ទាប់ពីប៉ាម៉ាក់របស់គេត្រូវបានស្លាប់។ ពីពេលនោះតទៅ ជីវភាពរបស់គេ ត្រូវបានប្រែប្រួលជាក្មេងកម្សត់ម្នាក់រស់នៅជាមួយមីងដ៏ឃោរឃៅពីរនាក់ ដែលតាមធ្វើបាបនិងប្រើJamesយ៉ាងគ្មានអាណិតអាសូរ ប៉ុន្តែក្រោយមក Jamesបានធ្វើការផ្សងព្រេង ចាកចេញពីលំនៅឋានរបស់អ្នកមីងចិត្តអាក្រក់ទាំងពីរ បន្ទាប់ពីបុរសចំណាស់ម្នាក់ ជូនគេនូវរបស់វេទមន្តមួយថង់។ គេបានធ្វើដំណើរ ដោយភាពក្លាហាន ដែលបានបាក់ស្បាតជាយូរមកហើយ  ជាមួយនឹងសត្វដ៏អស្ចារ្យប៉ុន្មានរូប បូករួមនឹងផ្លែប៉ែសយក្សដ៏ធំមួយ។ Jamesបានទទួលនូវភាពកក់ក្ដៅយ៉ាងខ្លាំងជាមួយនឹងគ្រួសារថ្មី ក្នុងផ្លែប៉េសយក្សរបស់ខ្លួន។ គេបានរៀនសូត្រ និងកសាងទឹកចិត្ត ជាកុមារដ៏ក្លាហានម្នាក់ និងមានគោលដៅច្បាស់លាស់ ហើយរឹងមាំ។ ចុងក្រោយ គេក៏អាចសម្រេច គោលបំណងទៅកាន់តទីក្រុងNew Yorkនោះ ទាល់តែបាន ហើយមានកុមារនិងសារព័ត៌មានជាច្រើនបានចុះផ្សាយពីគេ និងគ្រួសារក្នុងផ្លែបេ៉សយក្សនោះ។

រឿងនេះ និពន្ធដោយលោក Roald Dahl ហើយយកមកផលិតជាភាពយន្តមនុស្សលាយជាមួយគំនូរជីវចល ដោយក្រុមហ៊ុនDisney។ «ចេមនិងផ្លែប៉ែសយក្ស» បានបង្រៀនកុមារទូទាំងពិភពលោក ឲ្យមានភាពក្លាហាន និងហ៊ានតតាំងនឹងអ្វីដែល ខ្លួនពិតជាមានជំនឿចិត្តចង់បាន។ លើសពីនេះទៅទៀត វាក៏បង្រៀនពីការដៅគោលបំណង និងសម្រេចវាឲ្យបាន ដោយភាពអំណត់ តស៊ូ ពិសេសគឺបង្រៀនមនុស្សចេះស្រឡាញ់គ្នា និងជួយគ្នាទៅវិញទៅមក។

រឿងនេះមានគំនិតវិជ្ជមានជាច្រើន ដែលប្រទេសយើងគួរតែយកមករៀនសូត្រតាម ពិសេស វាជាគំនិតដែលអាចសាបព្រួសពីលើ គំនិតអវិជ្ជមានរបស់ប្រជាជនខ្មែរយើង ដោយផ្ដល់មកវិញនូវទស្សនៈវិជ្ជមាន។ ខ្ញុំសង្ឃឹមថា ថ្ងៃណាមួយ ខ្ញុំអាចសរសេររឿងល្អ និងផលិតរឿងល្អបែបនេះ សម្រាប់កុមារខ្មែរឬប្រជាជនខ្មែរយើង និងលើពិភពលោកដូចជាគាត់។

ហាហ ហាហ តែខ្ញុំគិតថាវាជាការស្រមើលស្រមៃទាំងថ្ងៃទៀតហើយ! 😀

ចេមនិងផ្លែប៉េសយក្ស

ចេមនិងផ្លែប៉េសយក្ស

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s