អំពីខ្ញុំ

សួស្ដីអ្នកទាំងអស់គ្នា!!!!

សូមស្វាគមន៍មកកាន់ប្លក់របស់ខ្ញុំ ស្វែងយល់ពីខ្ញុំ។ សូមអរគុណទុកជាមុន សម្រាប់ការស្វែងយល់ពីខ្ញុំ។

ប្រវត្តិឈ្មោះ៖

ខ្ញុំបាទមានឈ្មោះពិតថា ម៉ា ច័ន្ទបញ្ញា។ ច័ន្ទ គឺខ្ញុំកើតថ្ងៃច័ន្ទ ក៏មានន័យសំដៅទៅលើ ព្រះចន្ទ្រ ដែលមនុស្សផងទាំងពួងគ្រប់គ្នាអាចសម្លឹងមើលបាន ដោយរីករាយ។ បញ្ញា គឺមកពីខ្ញុំត្រូវបានអ្នកម៉ាក់លោកប៉ារបស់ខ្ញុំ យកខ្ញុំទៅពិនិត្យនៅ សម្ភពបញ្ញា ឬក៏មានន័យថា ចំណេះដឹងទូទៅ ដូចចំណង់ចំណូលចិត្តរបស់ខ្ញុំដូចគ្នាដែរ។

សួរថា ឈ្មោះខ្ញុំមានន័យយ៉ាងនេះ តែហេតុអ្វីខ្ញុំដាក់ ឈ្មោះថ្មីខ្លួនឯងថា យ៉ូជីណម៉ាទៅវិញ?តាមពិត ក្នុងប្រវត្តិគ្រួសារខ្ញុំ គឺពុំមានអ្នកណាមានអាជីពនិង មិនសូវចូលចិត្តសិល្ប:នោះទេ ប៉ុន្តែមិនដឹងថានិស្ស័យខ្ញុំ យ៉ាងណានោះទេ បានជាទេព្ដាបានចារថាខ្ញុំ មាននិស្ស័យខាងសិល្បៈ នោះខុសគេទៅវិញ។ ដោយហេតុថា មិនចង់ឲ្យឈ្មោះកំណើតដ៏ល្អខ្ញុំមានពាក់ព័ន្ធនឹងគ្រួសារ ព្រោះពួកគាត់មិនចូលចិត្ត ខ្ញុំក៏សម្រេចស្វែងរកឈ្មោះ ជាភាសាអង់គ្លេសសម្រាប់វិថីជីវិតសិល្បៈ។ ចៃដន្យ ខ្ញុំបានស្គាល់នារីម្នាក់ នៅFB។ យូរៗទៅ ពួកយើងក៏ស្គាល់គ្នាជិតដិតគួរសម រហូតថ្ងៃមួយ ខ្ញុំបានធ្វើឲ្យនាងខឹងខ្ញុំ មិនដឹងធ្វើយ៉ាងណា តែចៃដន្យមុនខឹង នាងថា នាងចូលចិត្តឈ្មោះ Eugene (តួឯកប្រុស ឈ្មោះការពិត Flynn Rider) ហើយនាងតែងហៅឈ្មោះខ្លួនឯងលេងៗថា Rapunzel (តួឯកស្រី)  ក្នុងរឿងតុក្កតាបរទេសមួយ ឈ្មោះ “Tangle”ឬ «ព្រះនាងសក់វែង»។ ដោយខ្ញុំកំពុងស្វែងរកឈ្មោះបរទេសស្រាប់ផង ខ្ញុំក៏ដូរឈ្មោះខ្ញុំពីពេលនោះ ទុកជាការលួងនាងដែរ។ ប៉ុន្តែ ជីវិតមិត្តភាពយើង ដូចរឿងនិទាន អ៊ីចឹង ក្រោយមក ពួកយើងក៏លែងនិយាយរកគ្នា ហើយក៏និយាយរកគ្នាជាមិត្តភក្តិធម្មតាវិញ :)។

Eugene ពិបាកអានណាស់ សូម្បីតែខ្ញុំ ក៏ដំបូងពិបាកអានដែរ តែក្រោយមក ទើបចេះអាន គឺ Ugene។ ដូចនេះ ខ្ញុំក៏កែសម្រួលឲ្យស្រួលអានជាងមុន គឺ Ugene។ Eu មានន័យថា ល្អ។ Gene មានន័យជាភាសាខ្មែរយើងថា ពន្ធុ ដែលមានន័យថា ការស្រាវជ្រាវរកពូជពង្សវង្សត្រកូល ឬមានន័យជាបរទេសថា កំណើត។ Eugene មានន័យថា កំណើតដ៏ល្អ ឬ Well born។

ការសង្កេតពីខ្លួនឯង៖

មែនហើយ ខ្ញុំជាមនុស្សសមញ្ញម្នាក់ដែលរស់នៅលើផែនដីដ៏សែនបត់បែន តែប្រកបដោយមិត្តភាពមួយ។ ខ្ញុំចូលចិត្តរាប់អានមិត្តភក្តិណាស់។ ជួនកាលខ្ញុំចូលចិត្តសើច ហើយជួនកាលក៏ខ្ញុំចូលចិត្តស្ងប់ស្ងាត់ ទៅតាមស្ថានភាព។ ខ្ញុំមិនសង្ហា ឬមិនចេះអីទេ តែខ្ញុំគ្រាន់តែប្រើប្រាស់ អ្វីដែលធម្មជាតិបានផ្ដល់ឲ្យខ្ញុំប៉ុណ្ណោះ។ ក្នុងជីវិតសិក្សា ខ្ញុំចូលចិត្តឆ្ងល់ និងពិសោធន៍ច្រើន រហូតដល់គេដៀលខ្ញុំថាជា មនុស្សល្ងង់ ឬមនុស្សនិយាយច្រើន។ មិនខឹងទេ តែចងចាំជាមេរៀនសម្រាប់ជីវិត។ លួចយំក៏គ្មានគេដឹង ដឹងត្រឹមថា ត្រូវតែងើបឡើងធ្វើការងារថ្ងៃស្អែកទៀត។

ពេលទំនេរ ខ្ញុំចូលចិត្តអានសៀវភៅ មើលទូរទស្សន៍ ស្រាវជ្រាវ លេងហ្គេម ដើរលេង ហាត់កីឡា លេងតន្ត្រី និពន្ធចម្រៀង បង្កើតរបស់ថ្មីៗផ្សេង និងធ្វើការងារជាក្រុម ដូចគេដូចឯងអ៊ីចឹង។

ខ្ញុំមិនដឹងថាខ្ញុំស្រឡាញ់ម៉ាក់ប៉ា បងប្អូន គ្រួសារ ឬមិត្តភក្តិខ្ញុំប៉ុណ្ណាទេ តែខ្ញុំគ្រាន់តែដឹងថា ខ្ញុំស្រឡាញ់ពួកគេទាំងអស់គ្នា។ ខ្ញុំមានប្អូនស្រីបង្កើតតែម្នាក់ប៉ុណ្ណោះ។ ពីថ្នាក់ទី១ ដល់ទី១២ ខ្ញុំជាសិស្ស សាលាសន្ធរម៉ុកម្នាក់ និងរស់នៅផ្ទះលោកយាយខ្ញុំក្បែរនោះ។ ចប់វិទ្យាល័យ ខ្ញុំបានចូលរៀនជំនាញផ្នែកឌីហ្សាញ នៅវិទ្យាស្ថានស៊ីតិក នៅក្បែរផ្ទះយាយខ្ញុំដែរ តែខ្ញុំបានផ្លាស់ប្ដូងទីលំនៅទៅ ម្ដុំពេទ្យលោកសង្ឃ ក្រោយមក ក៏រសាត់អណ្ដែងទៅម្ដុំអូរបែកក្អម ក្បែរពោធិ៍ចិនតុង។ ជីវិតឯកជនខ្ញុំមិនសូវកម្សត់ទេបើធៀបនឹងអ្នកមិនសូវមានខ្លះ តែខ្ញុំតែងរស់នៅ ដោយ ប្រើជីវិតឯកជនជាអ្នកមិនសូវពាក់ព័ន្ធនឹងគ្រួសារទេ ដូចជាក្រោយពេលបញ្ចប់ថ្នាក់ទី១២ ខ្ញុំបានចូលធ្វើការ នៅទូរទស្សន៍បាយ័នជាអ្នកកាត់ត ក្នុងកម្មវិធី«នេះមិនមែនជាសុបិន» ដោយមិនបានប្រាប់ម៉ាក់ប៉ាខ្ញុំមុនទេ។ នោះជាការងារទី១ក្នុងជីវិតខ្ញុំ។ ក្រោយមក ខ្ញុំបានរៀបចំក្រុមតន្ត្រីស្នាមញញឹម ហើយដាក់ប្រឡង ក៏មិនបានប្រាប់ពួកគាត់មុនដែរ លុះត្រាតែ ចេញផ្សាយផ្លូវការណ៍ទើបគាត់ដឹង។ និយាយរួម ខ្ញុំចូលចិត្តជីវិត ឯកជន និងសេរីភាពច្រើន តែក៏មិនចង់រស់នៅក្រៅពីរង្វង់គ្រួសារ ឬមិត្តភក្តិឡើយ។

បំណងប្រាថ្នា៖

ក្នុងអនាគតដ៏ងងឹត ខ្ញុំមានសុបិនធំៗពីរ មិនដឹងថាធ្វើបានឬអត់ទេ តែកំពុងព្យាយាមធ្វើ នោះគឺ ជាផលិតករខ្សែភាពយន្តខ្មែរសម្រាប់ពិភពលោក និងជា ម្ចាស់ក្រុមហ៊ុនឌីហ្សាញរបស់ខ្មែរ។ មែនហើយ វាធំ វាមានឧបសគ្គច្រើន ខ្ញុំដឹង ហើយក៏ខ្ញុំធ្លាប់បរាជ័យច្រើនណាស់ដែរ និងក៏កំពុងត្រៀមទទួល រឿងបរាជ័យជាច្រើនក្នុងជំហានខាងមុខ។ ជួនកាលក៏យំ ជួនកាលក៏សើច ជីវិតគឺធម្មតាតែប៉ុណ្ណឹង តែសំខាន់ ខ្ញុំអាចញញឹមបាន និងមានជីវិតមើលវា។

ប៉ុន្តែ សព្វថ្ងៃបើសួរខ្ញុំថា តើខ្ញុំធ្វើការអ្វីនោះ? ខ្ញុំគួរតែប្រាប់គេថា ខ្ញុំជាសិល្បករម្នាក់។ នេះអាចហៅ ខ្ញុំថាជាមនុស្សសាវ៉ា តែទោះជាយ៉ាងណា សម្រាប់សិល្បៈ ជាជំនាញដែល ខ្ញុំចូលចិត្តសព្វគ្រប់បែបយ៉ាង សូម្បីតែក្បាច់គុន ឬធ្វើម្ហូប ទោះជាចេះឬមិនចេះស្ទាត់ជំនាញក៏ដោយ។ មនុស្សមានពេលតិចណាស់ សម្រាប់រស់នៅលើផែនដីនេះ។ 😉

ទស្សនៈធំៗក្នុងជីវិតខ្ញុំគឺ៖

បង្កើតក្ដីសុបិន សម្រេចជាការពិត រក្សាវា រំលែកវា។ រៀន រៀនកុំឈប់ គឺរៀន គ្រប់យ៉ាងដោយញញឹមដើម្បីថ្ងៃស្អែក! យកអ្វីដែលអ្នកអាចធ្វើបាន ធ្វើថ្ងៃនេះ ហើយអ្វីដែលអ្នកធ្វើមិនបាន ទុកជាអតីតកាល រួចព្យាយាមធ្វើថ្ងៃស្អែកទៀត។ បើអ្នកធ្វើ អ្នកនៅតែជោគជ័យ។ បើអ្នកមិនធ្វើ អ្នកនៅតែមិនដឹង។  បើស្អែកអ្នកនៅតែរស់នៅ អ្នកគួរតែជឿជាក់ថា អ្នកជាមនុស្សក្នុងកណ្ដាប់ដៃរបស់អ្នកនៅឡើយ។ គុកអាចដាក់មនុស្សបាន តែមិនអាចដាក់ចិត្តមនុស្សបានទេ។ 🙂 បើខ្ញុំឆ្ងល់ ខ្ញុំនឹងសួរអ្នក ហើយបើអ្នកឆ្ងល់ អ្នកក៏អាចសួរខ្ញុំដែរ បើខ្ញុំចេះ ខ្ញុំនឹងប្រាប់ ព្រោះអ្នកណាក៏ជាគ្រូរបស់ខ្ញុំដែរ។

ទោះបីជាខ្ញុំជាសិល្បករក៏ដោយ ក៏ខ្ញុំមានបេះដូងចេះ ឈឺចាប់ រីករាយ ស្រឡាញ់ យំ សើច ខឹង ម៉ឺងម៉ាត់ ខ្មាស់អៀន ច្រណែន ប្រចណ្ឌ ល្ងង់ ឆ្លាត ដូចមនុស្សដទៃ នៅលើលោកដ៏ស្រស់ស្អាតនេះដែរ។ បើរាប់អានខ្ញុំ សូមចាត់ទុកខ្ញុំជាមិត្តល្អម្នាក់ផង។ សម្រាប់ខ្ញុំ ទោះគួរមិនគួរ ចូលចិត្តមិនចូលចិត្ត ក៏ខ្ញុំចាត់ទុក អ្នកជាមិត្តដែរ។

មូលហេតុនៃការបង្កើតប្លក់នេះ៖

ខ្ញុំបង្កើតប្លក់នេះឡើង គ្រាន់តែសម្រាប់កត់ត្រា និងចែករំលែក នូវព្រឹត្តិការណ៍ជីវិត ចំណេះដឹង បទពិសោធន៍ ដែលខ្ញុំបានជួបប្រទះក្នុងជីវិតខ្ញុំប៉ុណ្ណោះ។

អវសានសំនេរនេះ

ខ្ញុំគ្មានអ្វីក្រៅពីអរគុណអ្នកទាំងអស់គ្នា ដែលចង់ស្វែងយល់ពីខ្ញុំ និងរាប់អានខ្ញុំនោះទេ។ បើខ្ញុំខុស ប្រាប់ខ្ញុំផង កុំទុកឲ្យខ្ញុំនៅឯកាម្នាក់ឯង។ ខ្ញុំជឿជាក់ថា នេះជានិស្ស័យដែលអ្នកនិងខ្ញុំបានជួបគ្នា ហើយក៏ជឿជាក់ថា ខ្ញុំនិងអ្នកក៏ចង់រក្សានិស្ស័យនេះដែរ។ សូមរីករាយទាំងអស់គ្នាណា។ អរគុណ!

32 comments on “អំពីខ្ញុំ

  1. សរសេរ​រៀបរាប់​បាន​ក្បោះក្បាយ​ល្អ…។ សូមជូនពរលោក អោយ​សំរេច​បាន​នូវ​បំណង​ប្រាថ្នា​​របស់​លោក​នេះ…។

  2. how cool u are! i really like ur personality! i just found sth here! is ur freedom and positive concept ! i don’t know that u remember me or not! at BYTV!

  3. ល្អ ចេះរៀបចំដំណើរជិវិតរបស់ខ្លួន ដោយខ្លួនឯង ការប៉ុនប៉ង រមែងតែងបានសម្រេច បើមានគោលដៅច្បាស់លាស់ ហើយការតស៊ូជា បញ្ហាចម្បង ក្នុងជិវិត ! មិនថាអញ្ចឹង ?

    • បាទ! ពិតជាត្រឹមត្រូវប្រាកដមែនហើយ លោកពូ។ សូមហៅថាលោកពូហើយ បើតាមពិនិត្យរូបថតទៅ។ សូមអរគុណលោកពូណាស់ សម្រាប់ចូលមកទស្សនាកំណត់ហេតុនេះ។ រីករាយដែលបានស្គាល់លោកពូ! ដោយក្ដីគោរព!

  4. រីករាយដែលបានស្គាល់ពូ lovepeehs05 ! ក្នុងកំឡុងចូលឆ្នាំថ្មីនេះ តើក្មួយមានគំរោងទៅដើរលេង ទីណាដែរ ?

    • បាទ លោកពូ! ប្រហែលជា មានគម្រោង ទៅម្ខាង បាត់ដំបងម្ដងឆ្នាំនេះ។ ចុះចំណែកឯខាងលោកពូវិញ?

  5. មានបងប្អូននៅខាងបាត់ដំបង មែនទេ ? លោកពូ មិនមានគម្រោងទៅណាទេ ! បើទៅប្រហែលជា ចង់ទៅខាងសៀមរាបម្តង ។

    • អូ! បាទ មិនមានទេ គ្រាន់តែចង់ទៅលេងតែប៉ុណ្ណោះ ព្រោះទៅគ្រប់ខែត្រអស់ហើយ នៅម្ដុំប៉ៃលិន មិនទាន់ទៅ។ ល្អណាស់ បងទៅលេងសៀមរាបម្យ៉ាងដែរតើ។

  6. បើតាមស្តាប់មើលទៅ ក្មួយមានឪពុកម្តាយនៅសៀមរាប មែនទេ ? សៀមរាបជាចំណាប់អារម្មណ៍ របស់ខ្ញុំច្រើនជាងគេ ជាពិសេសប្រាង្គប្រាសាទបុរាណខ្មែរតែម្តង ពីព្រោះខ្ញុំមានកិច្ចការទាក់ទងនឹង ប្រាសាទអង្គរវត្ត គឺពាក់ព័ន្ធទៅនឹងប្រព័ន្ធនយោបាយ ដែលខ្ញុំកំពុងសរសេរ ។

    រឿងតំបន់ប៉ៃលិន ជាតំបន់អតីតខ្មែរក្រហម ហើយក៏ជាតំបន់ត្បូងពេជ្រដ៏ល្បី កាលពីសង្គមចាស់ ខ្ញុំមានអានុស្សាវរីយ៍ជាច្រើននៅតំបន់នោះ ពីព្រោះខ្ញុំជាអតីតកងការពារព្រំដែន ខ្មែរ-ថៃ នាជំនាន់ មហាលោតផ្លោះមហាអស្ចារ្យ តំបន់ខ្ញុំការពារចាប់ពីប៉ៃលិន ទៅភ្នំម៉ាលៃ មានរឿងជាអានុស្សាវរីយ៍ ច្រើនណាស់ បើនិយាយមួយអាទិត្យ ប្រហែលជាមិនអស់ទេ ។

    បើបានទៅ សូមក្មួយសើបសួររក មេខ្ញុំម្នាក់ផង ឈ្មោះតាបៃ គាត់ជាអតីតមេកងពល និងសព្វថ្ងៃឮសូរថា ជាប្រធានគណកម្មការស្រុកភ្នំព្រឹក បើជួបសូមផ្តាំសួរសុខទុក្ខផង ថាខ្ញុំLovepeehs05 សុខសប្បាយទេ បែកគ្នាតាំងពីថ្ងៃ ១៥ មករា ១៩៧៩ ម្លេះ មេខ្ញុំហ្នឹងប្រហែលជា មហាសេដ្ឋីខាងដំណាំចំការផ្លែឈើផង បើតាមធ្លាប់បានជួបទូរស័ព្ទម្តង កាលពីចុងឆ្នាំទៅមិញនោះ ហើយខ្ញុំសង្ឃឹមថានឹងបានជួបគាត់មិនខាននាពេលខាងមុខ…៚ សូមអរគុណទុកជាមុន !

    • បាទ! លោកពូ! តាមពិត ម៉ាក់ខ្ញុំ ជាអ្នកស្រុកកំពង់ស្ពឺ ឯលោកប៉ាខ្ញុំ គឺជាអ្នកភ្នំពេញ។ នៅសៀមរាប ខ្ញុំមានលោកយាយខាងម៉ាក់ ប៉ុណ្ណោះដែលរស់នៅទីនោះ។ ស្ដាប់ទៅ លោកពូ ក៏ជាអ្នកនិពន្ធសៀវភៅមួយរូបដែរ។ ខ្ញុំរីករាយណាស់ ដែលបានស្គាល់លោកពូ! 🙂

      • ចំជាសំណាងមែន បានមានជីដូនដែលបានរស់នៅ លើទឹកដីប្រាសាទអង្គរដ៏ល្អវិចិត្ត ហើយឪពុកម្តាយ ដែលជាអ្នកធូរធារ រហូតដល់អាច ទិញសំបុត្រយន្តហោះ ដល់កូនទៀតផង កូននេះប្រហែលជាសំណពចិត្ត របស់គាត់ហើយមើលទៅ ! មិនថាអញ្ចឹង ?

        សូមសិរីសួស្តីឆ្នាំថ្មី ចូរចម្រើនដល់ក្មួយយ៉ូជីណម៉ា កុំបីឃ្លៀងឃ្លាតឡើយ !

      • សរសើរពេកហើយលោកពូ! តាមពិត ម៉ាក់ប៉ាខ្ញុំធូរធារ តែគាត់ទេ ឯខ្ញុំវិញគឺ ខ្ញុំតែងចង់រស់ដាច់ដោយឡែក ពីគាត់ គឺមានន័យថា ចង់រៀនរស់ឆ្ងាយពីគាត់ មិនពឹងពួកគាត់ រកលុយដោយខ្លួនឯង។ ចំពោះសំបុត្រយន្តហោះ មកពីនោះជាការងារប៉ុណ្ណោះ តាមពិត បើតាមខ្ញុំ ខ្ញុំមិនមានលុយឯណាទិញសំបុត្រនោះទេ លោកពូ។ ខ្ញុំមិនមែនជាកូនសំណព្វចិត្តលោកអីនោះទេ តែជាកូនម្នាក់ដែលស្រឡាញ់ពួកគាត់ គោរពពួកគាត់។ ខ្ញុំស្រឡាញ់សេរីភាពណាស់! តែក៏អាចថា សំណាងដែរ ដែលខ្ញុំមានពួកគាត់ និងស្គាល់មនុស្សល្អៗ ដូចជាលោកពូ។

        សូមជូនលោកពូនិងក្រុមគ្រួសារឲ្យជួបប្រទះតែសិរីសួស្ដីឆ្នាំថ្មី សុខចម្រើនដូចគ្នា! សូមអរគុណលោកពូ! ដោយក្ដីគោរព! 🙂

  7. ខ្ញុំជឿថាល្អ កូនដែលមានកតញ្ញូតា ចំពោះឪពុកម្តាយ ហើយកូនដែល ឯករាជ្យ អាចរស់នៅដោយ ខ្លួនឯងបាន មិនពឹងពាក់ធំដុំ ដើម្បីឱ្យឪពុកម្តាយរវល់ ខ្វល់ខ្វាយច្រើននោះ ។ ខ្ញុំជឿថាមនុស្សដែល រស់នៅដោយខ្លួនឯង តែងមានបទពិសោធន៍ល្អៗច្រើន ហើយតម្រិះវិជ្ជាក៏ច្រើន ព្រមទាំងបញ្ញាក៏ ច្រើនខុសប្លែកពីកូន ដែលរស់នៅជាមួយឪពុកម្តាយច្រើនណាស់ ។

    ការស្រឡាញ់សេរីភាព ឬ ចង់បានសេរីភាព គឺពិតជាល្អ ហើយមានឪពុកម្តាយ ដែលបានផ្តល់ កិត្តិយសឱ្យកូន ដើម្បីរស់នៅយ៉ាងមានសិទ្ធិសេរីភាព និងប្រកបកិច្ចការរបស់ខ្លួន ដែលចង់បាន នោះ គឺពិតជាល្អមែន ! ផ្ទុយពីឪពុកម្តាយមួយចំនួន មិនផ្តល់ឱ្យកូនមានសេរីភាព ឬ កិត្តិយស អញ្ចឹងទេ ! តែនេះមកពីឪពុកម្តាយគាត់របស់ក្មួយ មានការសិក្សាអបរំខ្ពស់ហើយ ទើបដឹងទុក្ខធុរៈ របស់កូនរបែបនេះ ។

    ចំណែកខ្ញុំក៏សប្បាយចិត្តណាស់ ដែលបានជួបមនុស្សដូចក្មួយនេះ ដោយមិនចេះប្រកាន់ខ្លួន ដឹងការសុខទុក្ខ ដឹងខុសដឹងត្រូវ ចេះប្រមាណ និងព្រមទាំងចេះរាប់អានញាតិមិត្ត ជិតខាងយ៉ាង កក់ក្តៅផងនោះ ។ បើតាមខ្ញុំធ្លាប់ដើរ ជជែកវែកញែក និងជួបមនុស្សជាច្រើន ដូចជាមិនទាន់បាន ជួបប្រទះទេមនុស្សដូចក្មួយដែរទេ ចឹងល្អហើយ ! ចង់បានន័យថា នៅពេលខាងមុខ ប្រហែលជា អាចធ្វើការជាមួយគ្នាបាន ។

    ថ្ងៃនេះជាថ្ងៃដ៏ល្អប្រពៃ របស់យើងទាំងអស់គ្នាជាខ្មែរ គឺជាថ្ងៃចូលឆ្នាំថ្មី ឆ្នាំរោង ចត្វាស័ក ពុទ្ធសករាជ ២៥៥៦ ត្រូវនឹង គ្រឹសសករាជ ២០១២ ។ សូមសិរីសួស្តីឆ្នាំថ្មី និង ទេវតាឆ្នាំថ្មី តាមជួយបីបាច់ចែរក្សាក្មួយ ឱ្យបានជួបប្រទះតែ សេចក្តីសុខសប្បាយ និងមានសុភមង្គល គ្រប់ពេលវេលា ដើម្បីប្រកបកិច្ចការរបស់ក្មួយ ឱ្យបានសម្រេចតាមសេចក្តីប្រាថ្នា កុំបីឃ្លៀងឃ្លាតឡើយ !

    • បាទលោកពូ! ខ្ញុំក៏ជឿដូច្នោះដែរ។ សូមអរគុណចំពោះការយកចិត្តទុកដាក់របស់លោកពូ! ខ្ញុំរីករាយណាស់ ពេលដែលបានជួបលោកពូ!

  8. You have a strong commitment!!!
    Try your best!!!
    I will be always watching over you till your dream come true!!!!
    Good Luck!!!

  9. កូនគេសំបូរគំនិតរៀបរាប់មែន បើប្រៀបខ្ញុំនឹងសាម៉ាឌី គឺខ្ញុំមិនបានមួយចំនិតសាម៉ាឌីផង ​ហើយបើប្រៀបខ្ញុំនឹងបញ្ញាឯង ​ខ្ញុំឯណេះ ក៏ប្រហែលជាស្មើនឹងចំនួនសូន្យ តែខ្ញុំមិនអស់សង្ឃឹមទេ លេខសូន្យក៏ជាលេខមួយដែរ ​បើខ្វះលេខសូន្យនោះ ក៏គ្មានចំនួនគត់ និងខ្ទង់រាយរយពាន់ដែរ។
    ជូនពរសំណាងល្អឲ្យសំរេចជោគជ័យ 🙂

  10. ការតាំងចិត្តបានល្អណាស់!​ សូមជូនពរអោយកាន់តែរីកចំរើននឹងជោគជ័យថែមទៀតណា។​ហ៊ីយពេលណាខ្ញុំមានឧកាសដូចជាYOU ទៅ???បើពេលនេះខ្ញុំហាក់ដូចជាកំពុងតែបោះបង់ម្តងបន្តិចៗហើយខ្ញុំមានអារម្មណ៏បាក់ទឹកចិត្តណាស់ព្រោះតែងតែបរាជ័យ។

    • មិនហ៊ានទទួលទេ។ តាមពិត ខ្ញុំមិនមែនជាអ្នកជោគជ័យអីនៅឡើយទេ ប៉ុន្តែសំខាន់ យើងគ្រប់គ្នា កុំឲ្យអារម្មណ៍បាក់ទឹកចិត្ត គ្របដណ្ដប់លើឆន្ទៈយើង។ ដូច្នេះហើយ យើងគួរតែបង្កើតឱកាសខ្លួនឯង ទើបជាការល្អ។

Leave a reply to Kasey Cancel reply