ដួលត្រូវតែរៀនងើបហើយដើរបន្ត

«ដួលត្រូវតែរៀនងើបហើយដើរទៅមុខទៀត»

និយាយតាមត្រង់ចុះ ខ្ញុំជឿលើទេវតា តែខ្ញុំមិនដែលឃើញទេវតាមានរូបរាងបែបណាឲ្យប្រាកដទេ តែខ្ញុំធ្លាប់ឃើញមនុស្សដែលដួលហើយប្រឹងងើប រួចងើបរហូតដល់គោលដៅរបស់ខ្លួន។ នៅមានដំណើរវែងឆ្ងាយទៀត ដែលត្រូវឆ្លងកាត់ មិនថា ត្រូវចំណាយពេល ឬធនធានច្រើនយ៉ាងណាទេ ឲ្យតែកុំបោះបង់ នោះជំនឿចិត្តនឹងចេះតែមាន ទោះបីជាម្ដងម្កាលមិនអាចទ្រាំទ្របានក៏ដោយ។

Continue reading

ខ្ញុំមិនអាចកែប្រែពិភពលោកបាន តែខ្ញុំអាចជួយក្មេងៗបាន!

ថ្ងៃអាទិត្យ ទី០៨ ខែមិថុនា ឆ្នាំ២០១៤

ខានចូលទីនេះយូរហើយ! ខានរហូតភ្លេច របៀបចូលទៅទៀត ព្រោះ នៅតែគិតថា ចង់សរសេរព្រឹត្តិការណ៍តាមលំដាប់លំដោយ ដែលមិនបានសរសេរប៉ុន្មានរយៈមកនេះ ប៉ុន្តែថ្ងៃនេះសម្រេចចិត្តសរសេរឡើងវិញហើយ ព្រោះមានរឿងល្អៗនិងប្លែកៗច្រើនណាស់ ក្នុងជីវិតខ្ញុំ។ ណាមួយ ខ្ញុំចង់ចាប់ផ្ដើមសរសេររឿងខ្លី និងកុនថ្មី ដូច្នេះត្រូវពង្រឹងស្នាដៃសរសេរឲ្យបានច្រើន ដើម្បីឈានទៅដល់ការសរសេរអត្ថបទវែងៗ។

អូភ្លេច! ថ្ងៃនេះ ខ្ញុំបានធ្វើរឿងសប្បាយចិត្តបីរឿង គឺទីមួយ ជូនលោកប៉ា ជាទីគោរព ឡើងយន្តហោះទៅប្រទេសម៉ាឡេ បន្ទាប់ពីគាត់ទើបតែត្រឡប់ ពីNew Zeland បានពីរសប្ដាហ៍ ហើយទីពីរនោះ គឺជូនបងប្រុសម្នាក់ ទៅមើលសាលារៀនមួយនៅឯអរិយក្សត្រ និងទីបី នាំមិត្តភក្តិដើរលេងកន្លែងដែល ទទួលអារម្មណ៍ភ័យខ្លាច នៅDreamland។

លើលោកនេះ បើគិតឲ្យសមញ្ញទៅ គឺមានវេលាត្រូវរីករាយច្រើនណាស់ បើយើងចេះស្វែងរក តែក៏វាមានរយៈពេលខ្លីណាស់ដែរ គឺខ្លីរហូតតម្រូវឲ្យយើង ចេះគ្រប់គ្រងការសប្បាយនោះឲ្យបានល្អ។ លោកប៉ា ដែលគាត់ទើបតែយកសាច់គោដ៏ល្បីពេញពិភពលោកពីNew Zelandមក ពេលនេះគាត់ត្រូវឡើងយន្តហោះ ទៅស្វែងរករឿងថ្មីៗទៀត នៅឯម៉ាឡេម្ដង។

ថ្ងៃបន្តិច ខ្ញុំបានបំពេញសន្យាជាមួយបងប្រុសPhillipនិងអ្នកគ្រូម្នាក់ថានឹង ព្យាយាមស្វែងរកជំនួយជួយដល់ក្មេងៗ នៅសាលាពេជ្រម្កុដ តំបន់អរិយក្សត្រ។ តាមពិត នេះជាសន្យាចោលមួយប៉ុណ្ណោះ ព្រោះខ្ញុំមិនគិតថា ខ្ញុំនឹងមានលទ្ធភាពត្រឡប់មកទីនេះម្ដងទៀតឆាប់បែបនេះ​ នោះទេ តែអាចមកពីសំណាងដែរ ដែលខ្ញុំបានឃើញការជួយកុមាររបស់បងប្រុសPhillipចៃដន្យក្នុងបណ្ដាញសង្គមFacebook។ ខ្ញុំបានផ្ញើរូបថតមួយចំនួន ពីថ្ងៃមុន និងទាក់ទងទៅអ្នកគ្រូ រួចបងPhillipក៏ចាប់អារម្មណ៍ចង់ទៅជួបផ្ទាល់។ យើងទាំងពីរ ពុំបានជិះឡាននោះទេ ហើយយើងបានឆ្លងដមួយ និងឆ្លងកាត់ផ្លូវលំ ប្រមាណជិត១គីឡូ ពីសាឡាងចម្លងមក។

នៅទីនោះ ខ្ញុំ បងPhillip លោកគ្រូ និងសិស្សប៉ុន្មាននាក់ បានចំណាយពេល ពិនិត្យមើល នូវអ្វីដែលអាចជួយបាន។ ចុងក្រោយ បងPhillipអាចជួយ ការតភ្ជាប់ប្រព័ន្ធទឹកស្អាត និងព្យាយាមទាក់ទាញអ្នកស្ម័គ្រចិត្តជនជាតិសាំងហ្កាពួរ ដែលចង់លាបថ្នាំសាលានៅកម្ពុជា ដើម្បីជួយសាលានេះ។ តាមពិតសាលានេះ បើស្ដាប់ស្រាលទៅ គឺនៅក្នុងដីក្រុងនោះទេ ប៉ុន្តែទីនេះ ហាក់ដូចជាតំបន់ដាច់ស្រយាលអ៊ីចឹង ដោយគ្មានជំនួយ ជាក់លាក់ណាមួយនៅឡើយត្រូវបានស្ដើរសុំបានសម្រេចពីក្រសួងនោះទេ។ ខ្ញុំនិងបងPhillip បានស្ដាប់ការរៀបរាប់ ជួនកាលចង់យំបន្តិច ពីលោកគ្រូ ដ៏មានឆន្ទៈម្នាក់។ លោកគ្រូ និងអ្នកគ្រូពីរនាក់ទៀតបានស្ម័គ្រចិត្តបង្រៀនក្មេងៗប្រមាណ១៥០នាក់ ដោយចែកជា២វេន និងពីថ្នាក់ទី ១ដល់ទី៦។

លោកគ្រូបានប្រាប់ខ្ញុំនិងបងPhillipថា គាត់ធ្លាប់ធ្វើខុសម្ដង ដោយព្រលែងដៃឲ្យសិស្សឡើងថ្នាក់បន្តបន្ទាប់មិនគិត ពីការចាប់បានរបស់សិស្ស ហើយធ្វើឲ្យសិស្សនោះចុងក្រោយ បែរជាត្រូវបោះបង់ចោលសិក្សាព្រោះ តាមគេមិនទាន់ ហើយក្លាយជាកម្មករសំណង់សព្វថ្ងៃ។ គាត់ថា គាត់នឹងមិនទៅណាចោលសិស្សទាំងនោះទេ ហើយក៏ព្យាយាមអំពាវនាវអ្នកជួយ កុំរត់ចោលគាត់ ព្រោះក្មេងៗត្រូវការអ្នកផ្ដល់ជំនួយទាំងនេះ។

នៅតំបន់នេះ គឺមានសាលាតែមួយខ្នងនេះទេ ហើយមានតែ៣បន្ទប់ទៀត រីឯទឹកវិញ មានគេជួយដែរ តែគេបានតែធ្វើហើយក៏លែងរវីរវល់អស់ទៅ ដោយទុកឲ្យទីនោះ មានបង្គន់និងអាងស្តុកទឹកភ្លៀង រស់ពឹងមេឃ គ្មានអ្នកមើលថែឈ្នះ ព្រោះអ្នកភូមិឬអ្នកដំណើរតែងប្រើវា ទប់មិនឈ្នះ។ ក្បែរសាលាក៏មានអណ្ដូងទឹកដែរ តែអណ្ដូងទឹកនោះ មានជាអាសេនិច ដែលអាចបង្កជាជម្ងឹដល់ក្មេងៗ។

ដូច្នេះអ្វីដែលយើងអាចជួយបាន ក្នុងជំហានដំបូង គឺធ្វើប្រព័ន្ធទឹកស្អាត ធ្វើរបងការពារ និងលាបថ្នាំអាគារសារឡើងវិញ។ រឿងនេះ បងPhillipបានរ៉ាប់រងជាច្រើន ចំណែកខ្ញុំ ខ្ញុំក៏កំពុងតែរកនឹកវិធីអ្វីអាចជួយបាន។

សាលាពេជ្រម្កុដ រូបភាពពីបង Phillip

សាលាពេជ្រម្កុដ រូបភាពពីបង Phillip

ខ្ញុំ ក្មេង និងបងPhillip រូបភាពពីបងPhillip

ខ្ញុំ ក្មេង និងបងPhillip រូបភាពពីបងPhillip

ខ្ញុំនិងបងPhillip បានចាកចេញពីទីនោះ និងពាំនាំរូបថតជាភស្តុតាងមួយចំនួន ដើម្បីបង្ហោះស្វែងរកជំនួយបន្ថែម ដោយឆ្លងកាត់ដីហុយ ទម្រាំដល់ចំណតសាឡាង ក្រោយមួយម៉ោងនោះ គឺនៅម៉ោង៤កន្លះល្ងាច ហើយក៏ជូនបងPhillipដាក់ កន្លែងហាត់ប្រាណ រួចរកមិត្តភក្តិកម្សាន្តបន្តិចបន្តួចចុងសប្ដាហ៍។

ខ្ញុំក៏ទៅជួបអាត្តម និងពន្លឺ អ្នកធ្វើការជាមួយវា។ ពេលនោះ យើងក៏ទៅញុំាអីបន្តិចបន្តួច ហើយពន្លឺក៏បបួលខ្ញុំនិងអាត្តម ទៅលេងDreamland ព្រោះគ្នាធ្វើការយូរហើយ មិនសូវបានដើរ។ យើងដើរលេងស្ទើរពេញDreamlandតែពុំឃើញមានកន្លែងគួរឲ្យចាប់អារម្មណ៍សោះ ប៉ុន្តែ ស្រាប់តែទៅចាប់អារម្មណ៍ផ្ទះខ្មោច ក្បែរច្រកចូលទៅវិញ។

មានអី ម្យ៉ាងដែរ ខ្ញុំបានផ្លាស់ប្ដូរអារម្មណ៍នឹងភាពភ័យខ្លាច និងរន្ធត់ជាមួយគំនិតរំភើបថ្មីៗ តែពន្លឺ គឺខ្លាចជាងគេ ព្រោះពន្លឺឧស្សាហ៍ជួបរឿងមិនល្អ ពីរឿងខ្មោចនេះ ហាហ ហាហ។ ខ្ញុំចេញពីទីនោះភ្លាម ក៏មានគំនិតជាច្រើន ចង់ធ្វើគម្រោងតំបន់ខ្មោចលង ប្លែកៗក្នុងក្ដីស្រមៃ និងចង់សរសេររឿងខ្មោចមួយ អំពីការចូលសួនកម្សាន្តទៀតផង។ យូរៗ ដោះដូរអារម្មណ៍ថ្មីម្ដង ក៏មានគំនិតប្លែកៗច្រើន គួរជាទីកត់សម្គាល់។ គិតថា គួរតែដើរលេង ប្រឡូកឲ្យបានច្រើន ខ្ញុំនឹងមានគំនិតប្លែកៗច្រើនថែមទៀត។

ហើយ ចេញពីនោះទៅ ថា ទៅជិះទងវិលយឺតៗ មើលទេសភាព តែចៃដន្យក៏ឃើញផ្ទះវង្វេងមួយទៀត។ ម្ដងនេះ គ្មានខ្មោចទេ តែត្រូវដើររកផ្លូវចេញ ដូចមនុស្សខ្វះអ៊ីចឹង។ ងងឹតស្លុប កាន់តែស្មារគ្នាបីនាក់ ដើររាវពេញទាំងអាគារ។ យើងដើរបណ្ដើរ និយាយគ្នាបន្លប់បណ្ដើរ។ ភ្នែកយើងមើលមិនឃើញអ្វីទាំងអស់ តែអាចរាវបាន។ ហ្ហើយ! ដល់អ៊ីចឹងទៅ ក៏នឹកគិតថា ចុះបើយើងងងឹតភ្នែកទៅ គឺបែបនេះ ហ្ន៎! តើជីវិតអ្នកងងឹតពិបាកប៉ុណ្ណាទៅ?! ឮសំឡេង ប៉ះបាន តែមិនដឹងជាទៅណាខ្លះ! 😦

ទម្រាំតែរកផ្លូវបាន ខ្ញុំចាំថា ប្រហែលជិតកន្លះម៉ោង! វាជាបទពិសោធន៍ថ្មីមួយទៀតដែលខ្ញុំជួប។ យើងចេញមកវិញ ក៏ទៅជិះទងវិលយឺតៗ មើលទេសភាចំនិតក្រុងភ្នំពេញ ដែលហ៊ុំព័ទ្ធទៅដោយ ផ្លូវថ្នល់ ពន្លឺភ្លើងឡានម៉ូតូ ខ្វាត់ខ្វែង និងអគារនៃការអភិវឌ្ឍ ដ៏រញ៉េរញ៉ៃនៃទីក្រុង ដ៏ចំណាស់នេះ។ ខ្យល់ត្រជាក់មែន ហើយយើងក៏អាចសម្លឹង និងជជែកគ្នាពីនេះពីនោះ និងពីគម្រោងចង់ដើរ ទេសចរណ៍ផ្សងព្រេងលេង តាមខែត្រដែរ ប៉ុន្តែ វាមិនបានយូរនោះទេ អ្វីៗសុទ្ធតែមានកំណត់ មិនបានកន្លះម៉ោងផង ទងក៏វិលធ្លាក់មកកន្លែងដើម ហើយខ្យល់ក៏ហប់ៗ វិញ។

យើងចេញពីទីនោះ រួចក៏បែកផ្លូវពីពន្លឺទៅ។ ខ្ញុំនិងអាត្ដម មិនទាន់ទៅផ្ទះភ្លាមទេ នៅជជែកគ្នាលេងបន្តិច ព្រោះមិនសូវបានជួបគ្នា។ ខ្ញុំនៅតែនឹកដល់គំនិតនោះ គឺថា៖

តាមពិតនៅលើលោកនេះ មានរឿងរ៉ាវគួរឲ្យខ្លាចជាច្រើន។ បើសិនជាថ្ងៃមួយ គេឲ្យអ្នកធ្វើជាវិស្វករសាងសង់តំបន់ខ្មោចមួយ ដែលមានទំហំដី ប្រហែល៤ទៅ៥ហិចតា តើមានប្រភេទអ្វីខ្លះដែលធ្វើឲ្យអ្នកទស្សនាខ្លាច តែខ្លាចប្រកបដោយចំណេះដឹង?

ខ្ញុំចង់ប្រឌិតកន្លែងផ្សងព្រេងមួយ ដែលទាមទារឲ្យមនុស្សប្រើខួរក្បាល គិត ហើយទីនោះមានរឿងគួរឲ្យខ្លាចជាច្រើន ដែលណែនាំដោយអ្នកនាំផ្លូវម្នាក់ ដោយនៅពាក់កណ្ដាលផ្លូវ អ្នកនាំផ្លូវនោះត្រូវធ្លាក់រណ្ដៅស្លាប់ ដោយទីធ្លាមួយ ដែលមានបន្ទប់៨ឲ្យជ្រើសរើស ហើយនឹងមានបន្ទប់មួយ អ្នកដំណើរនឹងត្រូវជួបនឹងខ្មោចអ្នកនាំផ្លូវ និងមានមួយបន្ទប់ទៀត អាចធ្លាក់ចូលតំបន់ខ្មោចតៃហោងមួយ នៅកណ្ដាលក្រុងចំណាស់មួយ ក្នុងឆ្នាំ១៩៧៦ ហើយមានតែបន្ទប់មួយប៉ុណ្ណោះដែលអ្នកដំណើរអាចរកកន្លែង ចាកចេញបាន។

រាល់ដំណាក់កាលទាំងអស់ អ្នកដំណើរត្រូវដោះស្រាយ ប្រស្នាជាច្រើន ដែលអ្នកសម្ដែងក្នុងតំបន់នោះ សម្ដែងជាឆាកល្ខោនពិសេសៗ ក្នុងឈុតឆាកខ្មោចដ៏ល្បីៗ ក្នុងខ្សែភាពយន្ត។

បើអាច តើគ្រប់គ្នាចង់ចូលលេងទេ?! lolz

ដើរលេង ជួនកាល ក៏ផ្ដល់ជាគំនិតល្អៗ ដល់យើងដែលជាអ្នកចូលចិត្តបង្កើតដែរ ហើយក៏បង្កើតរឿងនិទានល្អៗ ពីជីវិត ដើម្បីកត់ចូល ទៅក្នុងកំណត់ហេតុប្រចាំថ្ងៃរបស់យើងដែរ! 🙂

គម្រោងប្រចាំឆ្នាំ២០១៣

សល់តែប្រមាណជិត៣សប្ដាហ៍ទៀតប៉ុណ្ណោះ ថ្ងៃ២០ ខែមេសា ឆ្នាំ២០១៣ខាងមុខនេះនឹងចូលមកដល់ ហើយខ្ញុំក៏នឹងកើនអាយុមួយឆ្នាំទៀតដែរ ដែលទម្រាំដល់អាយុនេះ ខ្ញុំបានឆ្លងកាត់រឿងជោគជ័យ និងបរាជ័យជាច្រើនសមគួរ បើធៀបនឹងអ្នកដែលមិនបានធ្វើអីសោះ តែខ្ញុំមិនដែលបោះបង់ក្ដីសុបិននេះចោលនោះទេ ទោះបីជាខ្ញុំដើរទៅយ៉ាងយឺតក៏ដោយ។ សុបិននៅតែបន្ត ជាមួយនឹងជំហានដ៏សែនលំបាកទាំងដើររួចមកហើយ និងគម្រោងសម្រាប់ដើរទៅមុខ។ ម្ដងម្កាល គឺមិនមែនច្រណែននោះទេ ពេលដែលឃើញកូនខ្មែរ គេចេះនិពន្ធចម្រៀង ចេះផលិតវីដេអូដោយខ្លួនឯងថ្មី និងមានអ្នកគាំទ្ររាប់ម៉ឺនអ្នក តែខ្ញុំសរសើរអ្នកដែលជោគជ័យទាំងនោះណាស់ ហើយក៏សង្ឃឹមថា ខ្ញុំក៏អាចជាមនុស្សម្នាក់ក្នុងចំណោមនោះ ផងដែរ គឺជួយសង្គមរបស់ខ្ញុំ ឲ្យពិភពលោកមាន រឿងថ្មីទៀត។ 🙂

ត្រូវហើយ ខ្ញុំមិនភ្លេចទេ! គឺនៅក្នុងឆ្នាំចាស់នេះ ខ្ញុំបានជួបរឿងបរាជ័យជាច្រើន ដែលធ្វើឲ្យខ្ញុំម្ដងជាបាក់ទឹកចិត្ត ម្ដងជាអស់កម្លាំងចិត្ត តែខ្ញុំនៅតែបន្តធ្វើវា ដោយមានការជួយស្វះស្វែងលើកទឹកចិត្ត ពីមនុស្សនៅជុំវិញខ្លួនខ្ញុំ ដែលខ្ញុំបានសូមជំនួយពីពួកគាត់។ បរាជ័យក្នុងសុបិន ខ្សែភាពយន្តរបស់ខ្ញុំ មានច្រើនណាស់ គឺខ្ញុំត្រូវបានមើលរំលង និងធ្វើឲ្យអស់ជំនឿចិត្តពីកន្លែងការងារមួយចំនួនធំ ដ្បិតមុនចូលដល់ គេបានផ្ដល់សុបិនដ៏ធំឲ្យខ្ញុំ ហើយគេបែរជាធ្វើព្រងើយចំពោះការខិតខំរបស់ខ្ញុំទៅវិញ តែខ្ញុំមិនខឹងពួកគេទេ ព្រោះវិស័យនេះនៅស្រុកយើងពុំទាន់ផ្ដល់ផលប្រយោជន៍ឲ្យពួកគាត់ដែរ។ បើជាខ្ញុំវិញ ក៏ខ្ញុំប្រហែលជាធ្វើបែបណឹងដែរ ប្រសិនបើឆ្នាំងបាយខ្ញុំ មិនទាន់មានទាំងមានបាយសម្រាប់ហូបខ្លួនឯងស្រួលបួលផង បែរជាទៅរកBurgerដែល មិនមានលក់ក្នុងស្រុកមួយនោះទៀត ធ្វើម៉េចនឹងសាកសមសមត្ថភាពដែលយើងមានទៅ? នេះហើយជាបញ្ហាដែលធ្វើឲ្យខ្ញុំ ចល័តចុះចល័តឡើងអស់បី ឬបួនក្រុមហ៊ុនទៅហើយនោះ។

ចំនែកឯ ជំហាននៃការផលិតភាពយន្តរបស់ខ្ញុំវិញ ក្នុងឆ្នាំចាស់នេះ ខ្ញុំបានបរាជ័យចំពោះរឿង២ និងស្ពតពាណិជ្ជកម្មមួយចំនួន ដែលបានគ្រោងជាមួយខ្ញុំនិងខ្ញុំគ្រោងជាមួយគេហើយ បែរជាមិនបានធ្វើទៅវិញ។  តាមការសង្កេត ភាគច្រើន គឺបណ្ដាលមកពីបញ្ហា ការមិនយកចិត្តទុកដាក់ និងបញ្ហាសេដ្ឋកិច្ចរបស់ខ្ញុំ។ ប៉ុន្តែ! ទោះជាយ៉ាងណា ភាពជោគជ័យ ក៏នៅតែដើរទន្ទឹមគ្នានឹងបរាជ័យជានិច្ចដែរ គឺមានន័យថា ក្នុងពេលដែលខ្ញុំកំពុងតែបរាជ័យក្នុងផ្នែកទាំងនោះ ក៏មានមនុស្សជាច្រើនបានជួយលើកទឹកចិត្ត និងបង្រៀនខ្ញុំបន្ថែមពីកិច្ចការដែលខ្ញុំបរាជ័យទាំងនេះ ហើយខ្ញុំក៏បានជួបមនុស្សជោគជ័យ និងអ្នកជំនាញជាច្រើនក្នុងពេលជាមួយគ្នានោះដែរ។ ចុងក្រោយ យ៉ាងហោចណាស់ ក៏ខ្ញុំអាចមានប្រាក់ខែឡើងវិញ និងបានបំពេញកាតព្វកិច្ចក្នុងកិច្ចការបញ្ចប់មហាវិទ្យាល័យខ្ញុំ នៅក្រុមហ៊ុនមួយដែលខ្ញុំកំពុងចុះកម្មសិក្សានេះផងដែរ ហើយយ៉ាងហោចណាស់ ក៏ខ្ញុំបានរាប់អានមិត្តភក្តិជាច្រើនដែលជាបងៗខ្ញុំនៅក្រុមហ៊ុនថ្មីនេះផងដែរ។ មួយវិញទៀត ខ្ញុំក៏អាចចាប់ផ្ដើមនូវជំហានមួយថ្មី ជាមួយការងារដ៏មមាញឹកល្មម នឹងមានពេលបណ្ដុះបង្ហាត់ជំនាញការងារខ្លួនឯងបន្ថែមផងដែរ។ ទោះជាខ្ញុំនិយាយហើយ មិនបានធ្វើនៅពេលនេះ ក៏មានថ្ងៃណាមួយខ្ញុំនឹងធ្វើវាឲ្យបានដែរ។

ខ្ញុំនៅតែបន្តគម្រោងរបស់ខ្ញុំទៅមុខជានិច្ច ដោយបត់បែនគ្រប់កាលៈទេសៈទាំងអស់ មិនថាស្រួលឬពិបាកនោះទេ ខ្ញុំនៅតែតស៊ូ​ គឺតស៊ូយ៉ាងយឺត ដើរលើជំហានយ៉ាងឆ្ងាយ។ ខ្ញុំមិនអស់សង្ឃឹមទេ ទោះជាខ្ញុំប្រាប់គេថាអស់សង្ឃឹម។ ខ្ញុំបានកែប្រែជីវិត និងទឹកចិត្តរបស់ខ្ញុំ ជាមនុស្សពេញវ័យច្រើន បើតាមការសង្កេតចំពោះខ្លួនឯង ក្នុងដំណើរទៅដើរទៅមុខរបស់ខ្ញុំជាបន្តបន្ទាប់។

ក្នុងឆ្នាំថ្មីនេះដើម្បីជម្រុញជំនាញសិល្បៈរបស់ខ្ញុំឲ្យកាន់តែរីកចម្រើន ខ្ញុំបានមើលឃើញថា ខ្ញុំគួរគប្បីហ្វឹកហាត់ជំនាញដែលខ្ញុំចេះឲ្យកាន់តែស្ទាត់ និងត្រូវតែមានចំណេះដឹងពាក់ព័ន្ធ ព្រមទាំងចំណេះដឹងទូទៅឲ្យបានច្រើនជាងជំនាញដែលបានរៀន ហើយពិសេសជាងនោះទៅទៀត គឺអ្វីដែលពិបាកខ្វះបានមែនទែន គឺត្រូវចេះបង្កើតសេដ្ឋកិច្ចផ្ទាល់ខ្លួន។ នេះជាបញ្ហាចំបងបំផុត សម្រាប់ជីវិតមួយនោះ។ លុយមិនសំខាន់ទេ តែលុយជាកត្តាសំខាន់អាចឲ្យខ្ញុំធ្វើអ្វីដែលខ្ញុំគិត បានជោគជ័យ។ ខ្ញុំបានមើលឃើញនូវមនុស្ស​មានទេព្យកោសល្យជាច្រើន ដែលពុំមានឱកាស តែស្ដាយដែរ ដែលអ្វីដែលខ្ញុំខ្វះនៅពេលនេះ គឺសេដ្ឋកិច្ច ដ៏សំខាន់។ ដូច្នេះ គម្រោងក្នុងឆ្នាំថ្មីនេះតទៅ គឺខ្ញុំនឹងចាប់ផ្ដើមពង្រឹងសេដ្ឋិកិច្ច ជាមួយនឹងកិច្ចសហប្រតិបត្តិការរវាងអ្នកជំនួញ និងអ្នកចេះដឹងបន្ថែមទៀតឲ្យបានច្រើន និងរឹងមុំា។

សង្ឃឹមថាឆ្នាំថ្មីនេះ អ្វីៗនឹងកាន់តែប្រសើរឡើងៗក្នុងជីវិតខ្ញុំ! សូមអរគុណគ្រប់គ្នា សូមអរគូណខ្លួនឯង!

ក្រុមហ៊ុនសប្បាយ, ភ្នំពេញ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៣ ម៉ោង១៣:៥២នាទី។

កុនថៃ«ហោមរោង»

ហោមរោង

ហោមរោង

សូមវិភាគបន្តិចសិន!

មើលទៅ! ប្រហែលមកពីខ្ញុំមិនដែលរៀនទេដឹង ទើបមិនដឹងថានេះជាមេរៀនប្លង់ ដែលទាក់ទងគ្នា។តែពេលប្រកួតភ្លេងក្នុងរឿង «ហោមរោង» របស់ថៃ ក្នុងគំនិតរបស់ខ្ញុំ ខ្ញុំមានសុទិដ្ឋិនិយមមួយយល់ឃើញថា រឿងនេះ មានប្លង់មួយចំនួនធំ ត្រូវបានច្នៃចេញពីរឿង “Secret”របស់ Jay Chou ឬ រឿង “The legend 1900” ដោយ Giuseppe Tornatore ដែលខ្ញុំធ្លាប់មើល។ តាមរយៈហេតុផលនេះ ខ្ញុំក៏មានជំនឿអាចផលិតកុនតាមវិធីប្រៀបធៀបនេះបានដែរ តែអ្វីដែលពិបាក គឺបច្ចេកទេសដ៏ល្អិតនៃការផលិតខាងក្នុង ដែលខ្ញុំត្រូវរៀន។ នេះហើយសិស្សអត់សាលា។

 

ហេតុផលនៅតែមាន ដំណើរជីវិតនៅតែបន្តក្នុងភាពរអាក់រអួលម្ដងម្កាល។ ទោះជាខ្ញុំមិនអាចមានសាលារៀនយ៉ាងណាក៏ដោយ ក៏ពេលកំពុងមើលរឿងនេះ ខ្ញុំចេះអន់ចិត្តនឹងខ្លួនឯងដែរ ដែលមិនបានរៀនសូត្រអំពីកុន ធំមិនទាន់គេ ឲ្យគេថាខ្ញុំគឺជាគេអស់។ ហោមរោង ជាពាក្យខ្មែរទេ ដែលគ្រប់ជំនាន់មកហើយ ខ្មែរយើងតែងមាន ជំនឿ និងជាដំណើររឿងមួយដ៏ល្អបំផុត អំពីតន្ត្រីខ្មែរ អ្វីដែលជានិស្សិ័យនិងចំណូលចិត្តរបស់ខ្ញុំតាំងពីក្មេងមក។ «ទោះជាអ្នកមានអតីតកាលដ៏រុងរឿងយ៉ាងណាក៏ដោយ បើអ្នកមិនចេះរក្សាវា ថ្ងៃមុខសូម្បីតែខ្លួនឯងក៏គេមិនជឿថាជារបស់ខ្លួនឯងដែរ»។ សង្ឃឹមថា ខ្ញុំ នឹងអាចឃើញភាពច្នៃប្រឌិតរបស់អ្នក មានលាយអត្តសញ្ញាណជាតិចូលរួមផង។

ខ្ញុំស្រណោះខ្លួនណាស់ ពេលមើលរឿង«ហោមរោង»នេះ ព្រោះរឿងនេះបានធ្វើឲ្យខ្ញុំនឹកឃើញនូវពាក្យពេចន៍ដ៏មានន័យ ឬមនុស្សដ៏ជោគជ័យជាច្រើនក្នុងជីវិត។

«Harmonies មានសារៈសំខាន់ណាស់ក្នុងការសរសេរបទភ្លេង។» នេះជាពាក្យមួយឃ្លា ដែលខ្ញុំបានចាំពី បងប្រុស Srornos So នៅពេលលើកទីមួយ និងចុងក្រោយដែលខ្ញុំជួបគាត់ដល់ពេលនេះ។ ខ្ញុំសប្បាយចិត្តណាស់ដែលជួបតន្ត្រីករខ្មែរដ៏ចំណានដូចជារូបលោក។

ធម្មជាតិ បានប្រគល់ដៃជើងមួយគូរ ត្រចៀកមួយគូ កែវភ្នែកមួយគូរ ច្រមុះមួយ មាត់មួយ បំពង់កមួយ និងខួរក្បាលសម្រាប់ហ្វឹកហ្វឺន ប៉ុន្តែស្ថានភាព មិនបានផ្ដល់ឲ្យខ្ញុំនូវការហ្វឹកហាត់ដ៏សមគួរមួយនោះទេ។ ខ្ញុំមិនបន្ទោសស្ថានភាពនោះទេ តែខ្ញុំគ្រាន់តែស្ដាយនូវធម្មជាតិទាំងនេះ ហើយក៏អរគុណញ្ញាណទាំងឡាយ ដែលផ្ដល់ចំណេះដឹងដល់ខួរក្បាលខ្ញុំដែរ។ ទោះជាម្ដងម្កាល ខ្ញុំស្រណោះខ្លួន ចង់បោះបង់អ្វីដែលមាន តែខ្ញុំក៏សប្បាយចិត្តគ្រប់ពេលដែរ ព្រោះខ្ញុំគិតថា អ្នកផ្សេងខ្លះ គេក៏ពុំមានដូចជាខ្ញុំដែរ។ ហេតុខ្ញុំមានប៉ុណ្ណេះ ខ្ញុំបែរជាបោះបង់វាចោរ។

«សុទិដ្ឋិនិយម គឺជាកត្តាសំខាន់សម្រាប់ភាពជោគជ័យ និងអភិវឌ្ឍន៍» សូមអរគុណបងប្រុស Chy Sila សម្រាប់ពាក្យនេះ និងអរគុណក្រុមហ៊ុនសប្បាយ ដែលបង្រៀនខ្ញុំជាច្រើនទៀត។ ពាក្យនេះ ជាកត្តាសំខាន់ណាស់សម្រាប់ខ្ញុំដើរទៅមុខ។
«កុំនិយាយច្រើន តែធ្វើឲ្យបានច្រើន» របស់លោកប៉ា។

ញ្ញាណទាំងឡាយបានផ្ដល់ឲ្យខ្ញុំច្រើនណាស់ បានជាខ្ញុំចង់ចែករំលែកដល់គ្រប់គ្នា ពេលខ្លះក៏ទទួលអារម្មណ៍ថាខ្លួនឯងជាមនុស្សអួតអាង តែក៏នៅតែមានៈធ្វើវា ព្រោះអួត គ្រាន់តែជាពាក្យទុតិដ្ឋិនិយមនៃពាក្យចែករំលែកប៉ុណ្ណោះ។ តាមរយៈការLikeក៏ដឹងថា មានមនុស្សតិចណាស់ដែលស្ដាប់ការចែករំលែកនេះ តែខ្ញុំមិនដែលអាក់អន់ចិត្តទេ ព្រោះគិតថា តាមពិតនេះជាគន្លឹះល្អៗ ដែលគួរតែរៀនទាំងអស់គ្នា បើសិនខ្ញុំជាអ្នកដែលមើលឃើញការសរសេរបែបនេះ ខ្ញុំនឹងចងចាំទុក។ ជប៉ុនក្រោយសង្គ្រាម គេអាចមានវិញ ដោយសារតែម្នាក់បង្រៀន៥ ហើយក្នុង៥ ម្នាក់ៗបង្រៀង៥ យូរទៅៗ ប្រទេសគេអភិវឌ្ឍន៍ ជឿនលឿន ខ្ញុំក៏សង្ឃឹមស្រុកខ្មែរ ក៏អាចដូចគេដែរ។ បើខ្ញុំជាម្នាក់ក្នុង៥របស់គេ នៅស្រុកយើង។

ខ្ញុំសរសើរ គោរព និងស្រឡាញ់ គ្រូបង្រៀនណាស់ តែខ្ញុំមិនហ៊ានធ្វើគ្រូបង្រៀនទេព្រោះខ្ញុំជាសិស្សអន់ណាស់កាលនៅរៀន ប៉ុន្តែជាសិស្សដែលគោរពគ្រូណាស់។ខ្ញុំចង់និយាយប្រាប់គ្រប់គ្នាណាស់ តែតាមឋានៈ អាយុ របស់ខ្ញុំ ប្រហែលជាគ្រប់គ្នាមិនស្ដាប់ទេ តែខ្ញុំគិតថាមានតែវិធីសរសេរទេ ដែលអាចឲ្យខ្ញុំនិយាយពីអារម្មណ៍ខ្ញុំបាន។

ថ្ងៃនេះ ខ្ញុំចង់រំលែកចំណេះដឹង និងសូមអរគុណប៉ុណ្ណេះ សង្ឃឹមថា គ្រប់គ្នាយល់ពីខ្ញុំ ហើយក៏សូមអរគុណសម្រាប់ការអាន។

ភ្នំពេញ, ថ្ងៃច័ន្ទ
២៥/០២/២០១៣

ចូលទាំងស្ងប់ស្ងាត់ ចេញវិញក៏ស្ងប់ស្ងាត់

ទឹកថ្លា, ថ្ងៃទី២៧ ខែ១២ ឆ្នាំ២០១២

វាជារឿងជីវិតមួយរបស់ខ្ញុំថ្មីមួយទៀត ដែលខ្ញុំកំពុងដើរ និងឆ្លងកាត់។ បន្ទាប់ពី ភាពស្ងប់ស្ងាត់របស់ផលិតកម្មធំមួយដែលមកទាក់ទងខ្ញុំរួចមក។ ខ្ញុំបានបាក់ទឹកចិត្តយ៉ាងខ្លាំង ឯក្រុមតន្ត្រីខ្ញុំក៏មានអ្នកខ្លះគេអន់ចិត្តនឹងខ្ញុំដែរ ដោយសារតែដំណឹងចូលផលិតកម្មធំនោះ។ ខ្ញុំកើតទុក្ខមិនតិចថ្ងៃទេ ទម្រាំសម្រេចចិត្តទទួលស្គាល់រឿងទាំងនោះ ហើយត្រៀមចូលផលិតកម្មធំនោះ ប៉ុន្តែពេលដែលខ្ញុំសម្រេចចិត្តរួចរាល់ហើយ គេបែរជាធ្វើព្រងើយនឹងខ្ញុំទៅវិញ។ នេះជាការសោកស្ដាយបំផុត ដែលគេធ្វើបែបនេះមកកាន់ខ្ញុំ។ ខ្ញុំក៏អស់សង្ឃឹមមួយរយៈពេលធំ រហូតដល់ថ្ងៃដែលខ្ញុំបានស្គាល់ទីនោះប្រមាណ១០% ខ្ញុំគិតថា ខ្ញុំមិនចង់បន្តដំណើរក្នុងផលិតកម្មមួយនោះទេ។ មិនមែនគេអាក្រក់ទេ តែខ្ញុំគិតថា ខ្ញុំចង់បានកន្លែងដែលផ្ដល់សេរីភាពក្នុងការបញ្ចេញនូវអ្វីដែលថ្មីច្រើនជាង។ ខ្ញុំក៏សម្រេចចិត្តឈប់រវីរវល់នឹងការទាក់ទងនោះទៀត ។ ណាមួយ បញ្ហាដែលខ្ញុំកំពុងកើតមាន គឺខ្ញុំចប់មហាវិទ្យាល័យហើយ គេតម្រូវឲ្យខ្ញុំមានការងារដើម្បីយកបរិញ្ញាបត្រ។ ខ្ញុំសង្ឃឹមលើផលិតកម្មធំនោះណាស់ ប៉ុន្តែចុងក្រោយ ខ្ញុំត្រូវចំណាយពេលចោល ហើយមិនបានសម្រេចទៀត ដូច្នេះ ខ្ញុំក៏សម្រេចចិត្តចាកចេញយ៉ាងដាច់ចិត្ត ហើយខាងគេក៏មិនបានទាក់ទងទៀត ប្រហែលជាគេគិតថាខ្ញុំជាមនុស្សមិនបានការអីនោះទេ ព្រោះប្រហែលជាក្រៅតែពីបទពីដើម ខ្ញុំច្រៀងមិនពិរោះនោះទេ។ ខ្ញុំក៏សម្រេចចិត្តរកការងារមួយទាក់ទងជំនាញ តែចៃដន្យអី ខ្ញុំត្រូវបានផលិតកម្មខ្មែរកូនកាត់មួយ មកទាក់ទងបន្ត។

ខ្ញុំបានទៅសាកសំឡេង។ មិនទាន់បាននិយាយគ្នាស្រួលបួលផង គេក៏រៀបចំកុងត្រាជាមួយខ្ញុំ ដែលមានលក្ខខណ្ឌល្អៗអាចទទួលយកបាន ដោយក្នុងនោះ មានដូចជាប្រាក់ខែ ការថតចម្រៀង ការរៀបចំសំលៀកបំពាក់ មានគ្រូបង្វឹករយៈពេលបីខែ តែអ្វីដែលខ្ញុំមិនពេញចិត្ត ខ្ញុំនឹងត្រូវច្រៀងនៅភោជនីយដ្ឋាន បរទេសមួយក្បែរវត្តភ្នំ ៤ថ្ងៃ ក្នុងមួយសប្ដាហ៍។ ខ្ញុំព្យាយាមនិយាយពីរឿងនោះដែរ តែគាត់ថា ចាំជជែកគ្នាទៀត។ ខ្ញុំក៏សម្រេចទៅតាមនោះ ជាមួយសិល្បករមួយក្រុមដែរ ព្រោះយល់ឃើញថា វាដូចជាអ្វីដែលខ្ញុំធ្លាប់គិតទុក មានគ្រូបង្វឹក មានអ្នករៀបចំ និងការចេញចម្រៀងAlbum១ឆ្នាំ ១វ៉ុល។

ជិត៤ខែ ខ្ញុំក៏យល់ឃើញថា អ្វីៗដែលមានក្នុងកុងត្រា វាហាក់ដូចជាមិនដូចគ្នាសោះ។ បញ្ចប់ខែទី៣ ចូលទី៤នេះ ខ្ញុំក៏សុំគាត់ឈប់ទាំងអស់សង្ឃឹមសារជាថ្មី។ នរណាទៅដឹង ថាក្រុមហ៊ុនគាត់រវល់ការងារលើសពីកុងត្រាយ៉ាងនេះ។ ខ្ញុំអស់សង្ឃឹមម្ដងទៀតហើយ រីឯក្រុមវិញ គេចោទខ្ញុំថាខ្ញុំចង់បានពានរង្វាន់ និងកេរ្តិ៍ឈ្មោះម្នាក់ឯង។ ខ្ញុំក៏សម្រេចចិត្តចាកចេញពីក្រុម។

ការពិតបរាជ័យមានច្រើនណាស់ក្នុងជីវិតខ្ញុំ តែខ្ញុំមិនបានរុញរាទេ បន្ទាប់ពីសូមឈប់មុនមួយខែ ខ្ញុំបានទាក់ទងក្រុមមួយនៅស្មលវើល ដែលមានបងរិទ្ធី ចាំជួយគាំទ្រខ្ញុំជានិច្ច ដើម្បីបង្កើតនូវអាជីវកម្មចម្រៀងមួយខ្លួនឯងតែម្ដង ឈ្លាតពីនោះ ខ្ញុំក៏ដាក់ពាក្យសាកទៅក្រុមហ៊ុនតុក្កតាមួយ ដែលណែនាំដោយមិត្តភក្តិខ្ញុំ។ មួយថ្ងៃបន្ទាប់ក្រោយការដាក់ពាក្យខ្ញុំបានជាប់ ប៉ុន្តែចៃដន្យអី នៅពេលដែលកំពុងតែសុំឈប់ ក៏មានក្រុមហ៊ុនថ្មី បានមកទាក់ទងខ្ញុំតាមរយៈផលិតកម្មខ្មែរកូនកាត់នោះ។ ខ្ញុំក៏សម្រេចចិត្តជាថ្មី ដោយសូមឈប់តែម្ដងពីភោជនីយដ្ឋានបរទេស ដ្បិតគ្រួសារខ្ញុំ ក៏មានភោជនីយដ្ឋានមានភ្លេងដូចគ្នាដែរ។ តើកូនទៅច្រៀងឲ្យគេ ទាំងភោជនីយដ្ឋានខ្លួនឯងជួលគេ ល្អមើលទេ? ទោះជាជួយម្ដងម្កាល ក៏ល្អជាង ធ្វើការផ្ដាច់មុខនៅទីនោះដែរ?

ក្រុមហ៊ុនថ្មីនោះ បានរៀបចំការចរចារមួយនៅ២អាទិត្យទៀតជាលក្ខណៈត្រីភាគី រវាងខ្ញុំនឹងពួកគាត់ មិនដឹងជាយ៉ាងណាទេ ប៉ុន្តែខ្ញុំដូចជាលែងមានសង្ឃឹមទៅហើយ ព្រោះបរាជ័យច្រើនពេកហើយ។ ដូច្នេះហើយ ខ្ញុំក៏សូមទោសកន្លែងក្រុមហ៊ុនតុក្កតានោះវិញ។ ទោះជាយ៉ាងណា ខ្ញុំបានរៀបចំជម្រើសសម្រាប់ខ្លួនឯងរួចស្រេចហើយ មិនឲ្យវាសនាខ្ញុំអស់សង្ឃឹមទេ គឺខ្ញុំនឹងបន្តគម្រោងខ្លួនឯង និងធ្វើតាមគម្រោងប៉ា ត្រូវទៅរៀននៅបរទេស។ ប៉ុន្តែ បើគម្រោងមិនផ្លាស់ប្ដូរ ឆ្នាំក្រោយ ខ្ញុំនឹងបន្តអនុបណ្ឌិតផ្នែក ជំនួញក្នុងស្រុក។

27122012

ស្រមោលមួយនៅរោងមហោស្រព

ចេនឡា ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១២

គ្រាន់តែបើកFacebook បន្ទាប់ពីមកពីរៀនភ្លាម ខ្ញុំស្រាប់តែឃើញសារ៤ ក្នុងនោះ គឺសាររបស់បងភា ដែលខ្ញុំអាន។ គ្រាន់តែអានសារ ខ្ញុំភ្ញាក់ព្រឺត វិញ្ញាណខ្ញុំក៏រលឹកខ្ញុំថា មែនហើយពីម្សិលមិញខ្ញុំបិទសំឡេងទូរស័ព្ទពេលម៉ោងរៀន ដល់ពេលនេះហើយមិនទាន់…. គិតដល់ត្រឹមណេះ ខ្ញុំក៏ប្រញាប់ប្រញាល់ទាញទូរស័ព្ទពីហោរប៉ៅខោរភ្លាម រំពេចនោះ ខ្ញុំក៏ប្រទះឃើញ ៣១ Missed call និង SMS ១។ ខ្ញុំក៏ចាប់ទូរស័ព្ទទៅតាមលំដាប់។ ក្នុងនោះ ខ្ញុំក៏ទទួលដំណឹងពីរ ទាក់ពីការងារជាបន្ទាន់នាល្ងាចនេះ។ ទី១គឺត្រូវទៅសម្ដែងជាមួយក្រុមក្នុងកម្មវិធី មហោស្រពយុវវ័យឆ្នាំ២០១២ ចំណែកឯទី២ គឺត្រូវសម្ដែងជាបន្ទាន់មួយជាមួយភោជនីដ្ឋានអន្តរជាតិឈ្មោះថា Doors។

ឮដំណឹងទី១ភ្លាម ខ្ញុំក៏ត្រូវប្រញាប់ប្រញាល់រៀបចំខ្លួនទៅធាហេងដើម្បីសមភ្លេង ៤បទ។ ខ្ញុំច្រៀងទាំងអត់បាយថ្ងៃត្រង់។ បន្ទាប់មកទើបទទួលដំណឹងថា កម្មវិធីមហោស្រពយុវវ័យប្រចាំឆ្នាំ ត្រូវការឲ្យពួកខ្ញុំសម្ដែងម៉ោង៨យប់ទៅ។ ដូច្នេះ ក៏ធ្វើឲ្យខ្ញុំសម្រេចចិត្តលុបចោល កម្មវិធីនៅDoors។ មែនហើយ តាមពិតខ្ញុំគ្មានរំពឹងថានឹងចូលរួមទេ ព្រោះតាមរយៈការជជែកវែកញែកគ្នាពីបញ្ហាពានលើកមុន ធ្វើឲ្យខ្ញុំពិបាកនឹងចូលរួមជាមួយក្រុម ដ្បិតខ្ញុំមានចិត្តមួយ មិនសប្បាយចិត្តនឹងពាក្យដែលគេចាត់ទុកខ្ញុំថា «…ជាអ្នកមានតែក្នុងផ្ទះកុំអាងយ៉ាងខាងក្រៅ»។ ពាក្យនេះ ខ្ញុំចាំមួយជីវិត ព្រោះខ្ញុំមិនដែលមានគំនិត បែបនេះសោះ បើមិនចាំបាច់ប្រើអំណាចទាំងនោះ។ ខ្ញុំឈឺចិត្តណាស់ នឹងពាក្យទាំងនោះ ប៉ុន្តែទោះជាយ៉ាងណា ការដែលគេចវេះ ពីបញ្ហា ស្មើនឹងការដែលធ្វើឲ្យបញ្ហាកាន់តែរីកធំ។ ខ្ញុំសុខចិត្តចូលរួម ហើយធ្វើជាមនុស្សមិនដឹងអីទាំងអស់ ជៀសវាងគេត្មិះដៀលទៀត។

ពេលល្ងាចបានចូលមកដល់ ក្ដីរំពឹងរបស់ខ្ញុំ បានហោះហើរ ស្មើនឹងឆាកតន្ត្រីមួយដែលមានអ្នកទស្សនាជាច្រើននាក់។ ខ្ញុំនិងក្រុមតន្ត្រីស្នាមញញឹម ប្រហែលជាត្រូវគេសាទរជាថ្មីលើឆាកតន្ត្រីបែបមហោស្រព ដែលនិយាយពីយុវវ័យ។ ខ្ញុំរីករាយណាស់ ជាមួយការឡើងឆាកជាថ្មី និងយកបទចម្រៀង ដែលខ្ញុំតែងជាមួយក្រុម កាលពីឆ្នាំមុនមកច្រៀងជាថ្មី។ ខ្ញុំសួរខ្លួនឯង តើខ្ញុំគួរតែពាក់ខោរអាវអ្វីសម្រាប់យប់នេះ? តិចក្រែងលោ មិនសមនឹងក្រុម ឬមិនសមនឹងឆាកសិល្បៈរបស់ខ្មែរ ទេឬ? ប៉ុន្តែ ខ្ញុំក៏គិតច្បាស់ថា ធ្វើយ៉ាងណា គឺខ្លួនឯងពេញចិត្ត ព្រោះខ្ញុំទុកចិត្តភ្នែករបស់ខ្ញុំ។ មុននឹងដល់នាទីណាត់ ខ្ញុំក៏ចាប់ផ្ដើមកំដៅសំឡេង និងលោតចុះលោតឡើងបន្តិច រួចបង្ហោះFacebookប្រាប់អ្នកធ្លាប់គាំទ្រ ឲ្យនឹកឃើញចម្រៀងខ្ញុំឡើងវិញ។ មែនហើយ គឺវាបាត់យូរហើយពីត្រចៀកអ្នកស្ដាប់ សូម្បីតែអ្នកចម្រៀងអភ័ព្ទនេះក៏បាត់ពីមាត់ដែរ។ ខ្ញុំប្រឹងទន្ទេញទំនុកច្រៀងឡើងវិញដដែរៗ ពេលតាមផ្លូវទៅមហោស្រព។

ទៅដល់! មនុស្សជាច្រើនកុះករបានត្រៀបត្រា ធ្វើដំណើរឆ្ពោះតាមជណ្ដើរឡើងចូលរោងមហោស្រព។ ខ្ញុំញញឹមជានិច្ច ប៉ុន្តែស្រាប់តែឃើញឆាកតូចមួយនៅខាងក្រៅ។ ស្រមោលមនុស្សលឹមៗ កំពុងរៀបចំឧបករណ៍តន្ត្រី។ ទុកយានជំនិះរួច ខ្ញុំក៏ចាប់ផ្ដើមដើរទាំង ភ្នែកស្រវាំងទៅឆាកនោះ រំពេចនោះក៏ឃើញគ្នីគ្នា។ ខ្ញុំក៏នឹកក្នុងចិត្តថា ឱ!នេះ ខ្ញុំដូចជាកំពុងគិតខុសហើយ។ ខ្ញុំក៏ដោះអាវធំមួយជាន់ចេញ។ ខ្ញុំសើចលេងនឹងស្វាគមន៍ដល់ក្រុម បន្ទាប់មកខ្ញុំក៏ទទួលសំបុត្រដោយឥតគិតថ្លៃមួយ ដើម្បីឲ្យបានចូលមើលទស្សនិយភាពសិល្បៈខាងក្នុង។

ឯណេះទេ គឺការសម្ដែង ខាងក្រៅ គឺជាការសម្ដែងកំដររាត្រីប៉ុណ្ណោះ។ ទោះជាយ៉ាងណា ខ្ញុំនៅតែញញឹម ព្រោះមនុស្សច្រើនកុះករណាស់ នៅខាងក្នុងរោង។ ខ្ញុំអង្គុយមើលស្រមោលព្រាលៗនៃល្ខោនស្បែកធំច្នៃរបស់យុវសិល្បករខ្មែរយ៉ាងជក់ចិត្តជាមួយគ្នីគ្នាពីរបីនាក់ទៀត។ ម្ដងម្កាល ខ្ញុំតែងលួចពន្យល់ទៅគ្នីគ្នាខ្ញុំ ដែលជាគ្រឹស្តបរិសទ ពីការធ្វើហោមរោង បញ្ជាន់អ្នកថែរក្សាឆាក ព្រោះគ្រឹស្តបរិសទទំនងជាមិនដែលដឹងពិធី ប្រពៃណីបូរាណនេះទេ។ ខ្ញុំគិតថា ខ្ញុំក៏ដូចជានិយាយច្រើនដែរ ព្រោះពួកគេប្រហែលជាមិនចូលចិត្តក៏ថាបាន។ ទស្សនិយភាពកាន់តែប្លែក ស្រមោលជាច្រើនបានលេចឡើង លេចបាត់ជាបន្តបន្ទាប់ ដូចជាសាច់រឿងក្នុងកុន។ មែនហើយ តាមពិតទៅ គ្រឹះនៃខ្សែភាពយន្ត គឺកើតចេញពី ល្ខោនស្រមោលស្បែកធំខ្មែរនេះហើយ ព្រោះការប្រើពន្លឺក្នុងប្រភេទល្ខោននេះមានទំនោរទៅរក ការប្រើបច្ចេកទេសកាម៉េរ៉ា នៅក្នុងខ្សែភាពយន្ត។

ខួរក្បាលខ្ញុំមិនដែលទំនេរទេ គេគិតនេះគិតនោះមិនចេះចប់ ម្ដងម្កាល គេស្រម៉ៃនឹកចង់បង្កើតកុនមួយនិយាយពីសិល្បៈទំរង់ប្រភេទនេះ ម្ដងទៅ គេនឹកឃើញចង់បង្កើតភ្លេងប្រភេទនេះ។ សេរីភាពពេក ខ្ញុំក៏ប្រមូលវាចូលគ្នាវិញ រួចក៏បបួលគ្នាចាកចេញពីរោងល្ខោន បន្ទាប់ពីចូលឈុត ចាប៉ីដងវែងដែលប្រគុំតន្ត្រីដោយ លោកតាព្រឹទ្ធាចារ្យគង់ណៃ។ ខ្ញុំចូលចិត្តចាប៉ីដងវែងណាស់ ហើយក៏លួចស្ងើចសរសើរអ្នកច្រៀងចាប៉ីដែរ កោតគេចេះរកពាក្យដ៏ពិរោះៗនិងជួនគ្នាណែនណងទៅរួច ក្នុងពេលដែលខ្លីៗបែបនេះ។

មកដល់ខាងក្រៅ ម៉ោង៨ហើយ ប៉ុន្តែទីដែលខ្ញុំត្រូវសម្ដែងនៅតែស្ងាត់ ស្រមោលមួយក៏គ្មានដែរ។ ខ្ញុំអង្គុយរង់ចាំជាមួយអ្នកតន្ត្រីករ ដោយអមជាមួយការសមតិចៗនៅបទរបស់យើងបណ្ដើរៗ។ ស្រមោលមនុស្សម្នាក់បានដើរមកដល់ក្បែរឆាករួចស្រែកប្រាប់ខ្ញុំថា ម៉ោង៨កន្លះទើបចាប់ផ្ដើម ប៉ុន្តែមិនមែនដូចមាត់គាត់ទេ គឺម៉ោង៩ឯណោះទេ ដែលខ្ញុំចាប់ផ្ដើមឃើញមនុស្សមក។

Rock’n roll រដូវលំហើយ/រូបថតពី YoKi.Coco

យើងរៀបចំបទរួច តែមិនបានធ្វើតាមនោះទេ ដ្បិតយើងសង្កេតឃើញទស្សនិកជន ចូលចិត្តបទញាក់ជាងបទស្លូដែលយើងត្រៀម។ បើកុំតែបាន សុភា ជាអ្នកធ្វើពិធីករ ម្ល៉េះសមមិនញាំងបរិយាកាសល្អម្លឹងទេ បើតាមខ្ញុំគឺចប់ហើយ មិនពូកែវោហារសាស្ត្រសោះ គឺចេះតែនិយាយតទល់ជាមួយមនុស្សម្នាក់ និងធ្វើសកម្មភាពឲ្យគេមើលតែម្ដង។

ជិត១០ហើយ មានទស្សនិកជនតែប្រហែលជាង២០នាក់ប៉ុណ្ណោះ ប៉ុន្តែសប្បាយដែរ ព្រោះពួកគេពូកែរាំណាស់។ យើងច្រៀងយ៉ាងរីករាយ ទោះជាតិច តែក៏រីករាយ ធ្វើម៉េច យើងមានគេដឹងតែប៉ុណ្ណឹង។ ខ្ញុំនៅតែញញឹម ញញឹមរហូតចប់កម្មវិធី គេបិទភ្លើងដេញទៀត… 😀 ខំស្លៀកពាក់ស្អាតបាត តែគិតខុសទាំងអស់។ មកដល់ផ្ទះ ម៉ាក់ប៉ាបិទទ្វាចោល ខ្ញុំក៏ខលហៅប្អូនជួយបើកទ្វា ព្រោះមិនចង់រំខានលោកទាំងពីរដ្បិត លោកទាំងពីរកំពុងទៅយកខោរអាវនៅខាងក្រៅ។ តុំយ៉ាំ រសជាតិបង្កង! នេះជាសំលដែលម៉ាក់ប៉ាទុកឲ្យ… មែនហើយ គឺរសជាតិបង្កង ប៉ុន្តែបង្កងស្ទើរតែគ្មាន។ ខ្ញុំហុតម៉ាល្មមលែងឃ្លាន ហើយក៏ចូលមកគេង។ អស់កម្លាំងណាស់ ដល់ថ្នាក់បើកកុំព្យូទ័រចោលរហូតដល់ភ្លៀងមួយមេធំ ទើបភ្ញាក់ព្រឺត បានដឹងម៉ោង២ភ្លឺហើយ។ ហ្ហឹម!!! ជីវិតតែប៉ុណ្ណឺង! 😀

ក្រមតន្ត្រីស្នាមញញឹម,ចំរើន សុភាព និងខ្ញុំ/រូបថតពី YoKi.Coco

ក្រមតន្ត្រីស្នាមញញឹម,ចំរើន សុភាព និងខ្ញុំ/រូបថតពី YoKi.Coco

11172012

ការវិនិយោគដ៏តូចមួយក្នុងជីវិត

អាចថា ខ្ញុំគិតខុសក៏ថាបាន សម្រាប់កិច្ចការជីវិតមួយក្បែរចុងឆ្នាំនេះ ប៉ុន្តែខ្ញុំគិតថានេះជា «ការវិនិយោគដ៏តូចមួយក្នុងជីវិត» ដែលខ្ញុំបានរៀនសូត្រ ក្នុងឆ្នាំ២០១២មួយនេះ។

ជាសំណាងល្អ បន្ទាប់ពីបញ្ចប់ការងារមហាវិទ្យាល័យអស់ នាចុងឆ្នាំទី៤ ឆមាសទី២ ខ្ញុំត្រូវបានគេជ្រើសជាសិល្បករFreelanceមួយរូប នៅក្រុមហ៊ុនKYH ថាតើការសម្រេចចិត្តនេះជាការសម្រេចចិត្តខុសឬទេ បើមុននឹងចូលទីនេះក៏មានផលិតកម្មមួយបានទាក់ទងខ្ញុំជាសម្ងាត់ដែរ។ សម្រាប់ខ្ញុំ ខ្ញុំយល់ឃើញថា ទម្រាំតែខ្ញុំហ៊ានសម្រេចចិត្ត មិនចាំផលិតកម្មសម្ងាត់នោះ ខ្ញុំបានរង់ចាំគេ និងធ្វើការងារជាច្រើនដើម្បីគេហើយ ប៉ុន្តែធ្វើម្ដេច បើនេះជាភាពចាំបាច់ របស់មហាវិទ្យាល័យខ្ញុំ ដែលតម្រូវឲ្យខ្ញុំចាំបាច់ត្រូវមានការងារ បន្ទាប់ពីចប់ឆ្នាំ នៅឆមាសចុងក្រោយនេះ។ ទាំងស្ទាក់ស្ទើរ ខ្ញុំក៏សម្រេចចិត្តចូល KYH។

ទីនោះមានកូនខ្មែរកាត់បរទេសជាច្រើននាក់ជាសមាជិក។ ខ្ញុំរីករាយគួរសមក្នុងការទទួលយកការងារថ្មីនេះ។ ដោយភាពចាំបាច់ ខ្ញុំក៏សម្រេចចិត្ត សុំការងារមួយទៀតក្រៅពីសិល្បករ សម្រាប់Internship ប៉ុន្តែវាមិនមែនជាការស្រួលនោះទេ ព្រោះខ្ញុំត្រូវធ្វើការជាសិល្បករនៅពេលយប់ មួយរយៈ តាមអ្វីដែលក្រុមហ៊ុនបង្គាប់ឲ្យធ្វើ។ ខ្ញុំអាចត្រឹមធ្វើការតែកន្លះថ្ងៃប៉ុណ្ណោះ ដ្បិតខ្ញុំបានដាក់កាលវិភាគរៀន 3Dmax នៅពេលព្រឹក។

ដោយខ្ញុំត្រូវបង់មហាវិទ្យាល័យជាចាំបាច់ ណាខ្ញុំគិតថាមិនចង់ខ្ចីម៉ាក់ប៉ាទេ ខ្ញុំក៏សម្រេចចិត្តខ្ចីក្រុមហ៊ុន ប៉ុន្តែទោះជាយ៉ាងណា ម៉ាក់ប៉ាខ្ញុំ បានជួយចេញ ម៉ោង3Dmaxវិញ។ មូលហេតុដែលខ្ញុំបំប៉ន3Dmaxនេះ ព្រោះខ្ញុំបានមើលឃើញនូវតម្រូវការទីផ្សារការងារជាច្រើនក្នុងផ្នែកដែលខ្ញុំបានសិក្សា និងកំពុងចង់រៀននេះ។ ដូច្នេះ ខ្ញុំគិតថា ខ្ញុំមិនអាចInternshipនៅKYHរហូតដល់ចប់នោះទេ ព្រោះទីនោះ មិនត្រូវជំនាញដែលខ្ញុំបានរៀនសោះ ទោះបីជាត្រូវជំនាញដែលខ្ញុំស្រឡាញ់ក៏ដោយ ប៉ុន្តែនៅទីនេះ ការងារគឺតម្រូវឲ្យចេះសព្វគ្រប់ ទើបធ្វើឲ្យខ្ញុំពេលខ្លះមិនដឹងត្រូវជយគេយ៉ាងម៉េច។ ដូច្នេះ ការរៀន3Dmaxរបស់ខ្ញុំ មិនមែនមើលឃើញតែជំហានខ្លីទេ ប៉ុន្តែខ្ញុំនឹងមានជំនាញមួយទៀតលើផ្នែក3D digital ដែលខ្ញុំនឹងមានជំនាញមួយ លើសពីបុគ្គលិកធម្មតា។ ក្រុមហ៊ុនមួយត្រូវការអ្នកចេះដឹង ទើបដើរទៅមុខ ដូច្នេះ ការរៀននេះ គឺជាគន្លឹះដ៏សំខាន់ដែរ ដែលក្រុមហ៊ុននឹងអាចរំពឹង លើយើងម្នាក់ ក្នុងចំនោមបុគ្គលិកគេ។ ការសង្ឃឹមយ៉ាងមុតមាំ ក្នុងការរៀន3Dmaxគឺ ខ្ញុំអាចរកការងារមួយល្អដើម្បីទ្រទ្រង់ជីវភាព មិនរំពឹងម៉ាក់ប៉ា ហើយយកការងារជាសិល្បករ ចាត់ទុកជាការកម្សាន្តវិញ។ ធ្វើបែបនេះ ទើបចំគោលដៅរបស់ខ្ញុំ។

ខ្ញុំបានគិតរួចហើយ ខ្ញុំត្រូវចំណាយពេលរៀនជំនាញនេះ ឲ្យចប់មុនខែមករាឆ្នាំក្រោយ ដើម្បីខ្ញុំងាយចាប់ចូលធ្វើការកន្លែងគេ បានស្រួលខ្លួន ប៉ុន្តែទម្រាំដល់ខែនោះ ខ្ញុំនឹងបំប៉នរៀនហ្គីតា និងប្រឡូកតិចតួចបន្ថែមក្នុងវិស័យសិល្បៈ ដើម្បីយកបទពិសោធន៍ មានន័យ ការងារដែលខ្ញុំធ្វើពេលនេះ គឺដើម្បីសន្សំបទពិសោធន៍សម្រាប់ប្រយុទ្ធនឹងជីវភាពផ្ទាល់ខ្លួន នាថ្ងៃខាងមុខ។ ប៉ុន្តែទោះជាយ៉ាងណា ការប្រែប្រួលនៅតែមាន គ្រាន់យើងនៅតែឈរលើគោលដៅធំប៉ុណ្ណោះ។ ទោះជាយ៉ាង ខ្ញុំនៅតែសង្ឃឹមថាអ្វីៗ នឹងដំណើរការបានយ៉ាងរលូន។

 

ទឹកថ្លា, ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០១២

11152012

ទឹកភ្នែកពេលអរុណរះ

មិនដឹងជាត្រូវចាប់សរសេរសាច់រឿងដែលកើតមានក្នុងអាទិត្យនេះយ៉ាងណានោះទេ ព្រោះពេលដែលក្រឡេកថយក្រោយទៅវិញ រឿងរ៉ាវដែលក្លាយត្រឹមតែជាយល់សប្តិទាំងនេះ គឺពេលដែលសង្កេតទៅ គឺជាភាពចៃដន្យហាក់ប្រទាក់ក្រឡាគ្នាជានិច្ច។

1-2-3-4/08/2012

«ដោយការងារនេះជាការងារសម្ងាត់ដែរ ខ្ញុំសូមលាក់ការណ៍សម្ងាត់សិនក្នុងអត្ថបទ។»

ប៉ុន្មានថ្ងៃនេះ ខ្ញុំបានអវត្តមានក្នុងសាលា៣ថ្ងៃ បន្ទាប់ពីទទួលការងារជាជំនួយការដឹកនាំចម្រៀង និងជាអ្នកសម្ដែង(តួរង) ក្នុងកន្លែងធ្វើការមួយ ហើយក៏ទទួលអារម្មណ៍ប្លែកៗមិនចេះចប់ បើទោះជាខ្ញុំធ្លាប់ធ្វើការបែបនេះពីមុនមកក៏ដោយ ប៉ុន្តែមុននឹងដល់ថ្ងៃទី១ ក្នុងថ្ងៃទាំង៣នេះ មានកន្លែងការងារមួយទៀត បានទាក់ទងខ្ញុំឲ្យធ្វើកុងត្រា បន្ទាប់ពីខ្ញុំបានធ្វើតេស្តជាប់តាំងពីប៉ុន្មានថ្ងៃមុន។ ខ្ញុំមិនបានស្ទាក់ស្ទើរទេ ហើយបានដូរថ្ងៃណាត់ ទៅថ្ងៃសុក្រ ដែលជាថ្ងៃចុងក្រោយ នៃកិច្ចការបីថ្ង។

ថ្ងៃទី១បានចូលមកដល់ ខ្ញុំស្រាប់តែទៅយឺតបន្តិច ព្រោះអាល័យតែស្ទះផ្លូវ។ ខ្ញុំមានអារម្មណ៍ថាអៀននឹងខ្លួនឯងមែនទែន ដែលមកយឺត។ អ្នកដទៃ ខ្ញុំមិនខ្វល់ទេ ទោះជាគេថាឲ្យខ្ញុំ ឬស្អប់ខ្ញុំក្រោយខ្នងយ៉ាងណា តែសំខាន់ខ្ញុំមិនបានគិតគូដល់ខ្លួនឯង។ ថាខ្ញុំអត្មានិយមក៏បាន តែខ្ញុំត្រូវតែស្រឡាញ់ខ្លួនឯងមុនសិន មុននឹងស្រឡាញ់អ្នកដទៃ។ ទោះជាយ៉ាងណា គិតនៅតែគិត ខាងក្រៅ ខ្ញុំនៅតែគិតពីអ្នកដទៃ។

យើងជាមនុស្សថ្មី ការងារគេមិនចាំយើងទេ ខ្ញុំទៅដល់ គេក៏បរឡានទៅកន្លែងការងារចោលខ្ញុំ។ ខ្ញុំក៏ជិះម៉ូតូឌុបទៅ។ ការងារដំណើរការទៅជាបន្តបន្ទាប់ រហូតដល់យប់ ខ្ញុំត្រូវជិះម៉ូតូមកម្នាក់ឯង ដោយបិទសំឡេងទូរស័ព្ទខ្លាចរំខានការងារ ម៉ាក់បានទូរស័ព្ទមកខ្ញុំជាង១០ដង ធ្វើឲ្យគាត់ខឹង។ ដោយហត់ពេក ខ្ញុំបានតមាត់នឹងគាត់ ឯប៉ា មិនបាននិយាយអ្វីទេ តែម៉ាក់តែងប្រាប់ថា គាត់ខឹងនឹងខ្ញុំខ្លាំងណាស់។ ខ្ញុំមកដល់ផ្ទះ គេបាយហើយអស់រលីង តែម៉ាក់ទុក ស្ពៃខៀវឲ្យមួយចាន ខ្ញុំក៏ឈុងមីបន្ថែមទៀត។ នេះហើយជាអាហារថ្ងៃទី១របស់ខ្ញុំ។

ថ្ងៃទី២បានចូលវេនមកផ្លាស់ប្ដូរ ខ្ញុំមិនងើបយឺតទៀតទេ ព្រោះក្នុងការងារដែលខ្ញុំដៅ គឺមានច្រើនណាស់។ ខ្ញុំទៅដល់ទាន់ពេល ហើយវាដំណើរការទៅជាបន្តបន្ទាប់ លើកនេះមានប្លង់មួយត្រូវថតពីខ្ញុំ។ ខ្ញុំរៀបចំខ្លួនស្រេច តែប្រហែលជាខុសទំនងហើយ ព្រោះអនិកជន ប្រហែលជាមិនស្លៀកពាក់ដូចខ្ញុំពេកទេ។ ពេលថត គ្រប់គ្នា ចំអន់ខ្ញុំលេង ព្រោះឃើញភ្នែករបស់ខ្ញុំ។

ប៉ុន្មានអាទិត្យមុន ខ្ញុំងើបទទួលប៉ាបើកទ្វារចូលបន្ទប់ ចៃដន្យអី គាត់ចង់អង្អែលក្បាលខ្ញុំ គាត់ក៏លើកដៃមកចំភ្នែក បណ្ដាលឲ្យឈឺស្រឿងៗ ខ្ញុំមិនចាប់អារម្មណ៍ទេ តែបីថ្ងៃក្រោយ ស្រាប់តែវាឡើងធំ គ្រប់គ្នាថាភ្នែកខ្ញុំ គឺពពែឆ្កែ។ ខ្ញុំខ្មាស់គេដែរ តែនៅតែប្រឈមមុខ ដោយ :)។

ថតចប់ យើងក៏បន្តដំណើរទៅផ្ទះវីឡាមួយ នៅត្រើយម្ខាង។ នៅទីនោះ យើងថតច្រើនប្លង់ណាស់។ ខ្ញុំសង្កេតឃើញរូបនារីកណ្ដៀតក្អមមួយ សម្បុរសស្អាត យ៉ាងចម្លែក ហើយមានដើមឈើជាច្រើន។ គាត់រចនាបានស្អាតណាស់។ ពេលនោះ មានប្លង់មួយត្រូវយកសំឡេងនិយាយ ពេលនោះ ខ្ញុំក៏ឡើងទៅថតសំឡេងនៅខាងលើផ្ទះតែពីរនាក់តួ។ ពេលនោះស្រាប់តែ ឮសំឡេងបើកសោរ។ ខ្ញុំក៏ឈប់ ហើយថាថតបន្ត ក៏ឮបើកទៀត ខ្ញុំក៏ឈប់ទៀត ចាំមើល ក្រែងមានអ្នកណាចេញ បាំងផ្លូវ។ ពេលនោះ ស្រាប់តែទ្វារបើកឯង។ ខ្ញុំដឹងរឿង ក៏ធ្វើនិយាយថា​ បើចេញហើយ សូមជួយបិទផង។ ពេលនោះទ្វា ក៏ហាក់ជារកបិទវិញ ហើយខ្ញុំក៏បញ្ចប់ការថតទៅ រួចរុញទ្វាឲ្យបន្ទប់វិញ។ ពេលចប់ការងារក្នុងផ្ទះ ទើបលោកអ៊ុំម្ចាស់ផ្ទះ មានប្រសាសន៍ប្រាប់ពី ការពន្យល់សប្តិរបស់នារីម្នាក់ ឲ្យទិញលេខឆ្នោត ហើយឆ្នោតនោះគឺត្រូវថែមទៀត តែគាត់មិនបានចាក់។ គាត់ក៏ធ្វើរូបសំណាក់នេះឡើង ដោយយកពីវិចិត្រសិល្ប៍មក។ ខ្ញុំបានអុជធូបនៅទីនោះ រហូតដល់ យឺតឡាន ទាំងខ្ញុំមិនបានទាន់រឺតវ៉ាលីផង។ ខ្ញុំក៏ដាក់ចូលគូទឡាន តែម្ដង ហើយទុកស្បែកជើង២គូ ម្ខាងទៀត​។ ខណៈនោះ ក្រុមការងារបន្តដំណើរ ទៅផ្ទះថតរូបមួយក្នុងបូរីនេះដែរ។ ថតចប់ខ្ញុំក៏ចូលមកដល់ក្រុមហ៊ុនវិញ អាល័យតែភ្លឹកនឹកដល់ម៉ាក់ប៉ា ដែលថាឲ្យពីម្សិលខ្ញុំបិះតែភ្លេចវ៉ាលី។ ខ្ញុំបានទៅដល់ផ្ទះ ហើយគឺភ្លេចទាល់តែបាន ខ្ញុំបានភ្លេចស្បែកជើងពីរគូ ក្នុងនោះ មានស្បែកជើងតម្លៃ៥០មួយគូ ខ្ញុំក៏ប្រញាប់ប្រញាល់ទូរស័ព្ទទៅ ហើយក៏ប្រាប់ឲ្យគេទុក។

ស្អែកឡើង ជាថ្ងៃចុងបញ្ចប់នៃការងារ។ ខ្ញុំបានទៅដល់កន្លែងដូចសព្វដង ហើយសួររកស្បែកជើង តែស្បែកជើងបានបាត់មួយគូហើយ។ សំណាងដែរ នៅអាតម្លៃ៥០ កុំអីម៉ាក់ខ្ញុំខឹងខ្ញុំទៀតហើយ។ យើងបានបន្តដំណើរទៅថតរហូតដល់ល្ងាច។ ថ្ងៃណាត់បានចូលដល់ ខ្ញុំក៏សូមផ្អាកការងារមួយនេះ មួយអន្លើសិន ហើយក៏ចូលទៅរៀបចំខ្លួន ដើម្បីចូលនិយាយការងារជាមួយកន្លែងថ្មី។ ការងារគឺដូចអ្វីដែលខ្ញុំប៉ងនិងគិតបេះបិទ។ ខ្ញុំរីករាយជាខ្លាំង តែខ្ញុំត្រូវដោះស្រាយការងារដែលកំពុងតែបន្ត និងពីមុនៗសិន ជាពិសេសគឺការងារបរិញ្ញាប័ត្រខ្ញុំ។ ខ្ញុំត្រូវបញ្ចប់សិន។

ម៉ោងជិត៧​ ខ្ញុំក៏ទៅយកឡាន នឹកគិតថា ចង់ជិះទៅញាំអីនឹងមិត្តភក្តិពេលចេញពីធ្វើការវិញ រួចក៏ជិះទៅកន្លែងធ្វើការសិន។ ប្លង់មួយ ត្រូវគេកាត់ចេញ ព្រោះពេលវេលាមិនអំណោយផល ខ្ញុំក៏ថតតែមួយប្លង់ប៉ុណ្ណោះល្ងាចនោះ។ ថតចប់រួចរាល់ ខ្ញុំមិនបាននៅញាំអីជាមួយក្រុមការងារនោះទេ ខ្ញុំបានត្រឡប់ទៅផ្ទះវិញ ហើយក៏ឆ្លៀតចង់ទៅញាំអីជាមួយបងៗ មិត្តភក្តិខ្ញុំ ដែលគាត់បានហៅដែលមុនធ្វើការ ស្រាប់តែទៅដល់គាត់ហូបអស់រលីង ហើយខ្ញុំក៏នៅជជែកលេងជាមួយពួកគាត់សិន។

ខ្ញុំទៅដល់ផ្ទះ ខ្ញុំក៏បានយករឿងនោះទៅពិភាក្សានឹងគាត់។ គាត់បានទូន្មានខ្ញុំជាច្រើន មើលទៅលោកប៉ាមិនសូវសប្បាយចិត្តប៉ុន្មានទេ គាត់ហាក់ដូចជាអស់សង្ឃឹមណាស់ នឹងការងារសិល្បៈរបស់ខ្ញុំ ព្រោះការងារនោះ មិនមែនជាការងារ របស់មុខជំនាញខ្ញុំនោះទេ។ ខ្ញុំត្រូវសម្រេចចិត្តយ៉ាងទុក្ខព្រួយបំផុត រវាង ការងារដែលខ្ញុំស្រឡាញ់ និងការងារដែលជាយោបល់ដ៏ល្អពីម៉ាក់ប៉ា។ ខ្ញុំមិនខ្លាចធ្វើទេ ប៉ុន្តែ ខ្ញុំពិបាកធ្វើ នៅពេលដែល ការផ្គត់ផ្គង់ពីម៉ាក់ប៉ាឲ្យក្លាយជាមនុស្សដែលមានការងារធ្វើល្អ ឬមុខជំនាញល្អ ត្រូវប្រែក្លាយជាការងារដែលមិនបាន តម្រូវចិត្ត លោកទាំងពីរ។ លោកប៉ាមិនថាអីខ្ញុំទេ តែឲ្យខ្ញុំចេះគិត។ ខ្ញុំនៅតែចាំពាក្យគាត់៖

«…អ្នកខ្លះស្ទាបជើងដំរីថាសរសរ ហើយអ្នកខ្លះស្ទាបស្លឹកត្រចៀកដំរីថាថាស ហើយអ្នកខ្លះស្ទាបប្រមោយថាវល្លិ៍…មិនបានដឹងថាដំរីរាងពិតបែបណានោះទេ ដូច្នេះបើសម្រេចចិត្តថាធ្វើអីមួយ ត្រូវមើលឲ្យគ្រប់ជ្រុងជ្រោយ។» ហើយ«…ធ្វើអ្វីក៏ដោយបើមានពាក្យថា ចាំមើលសិន គឺមានន័យថារៀងរហូតហើយ…», «…មិត្តភក្តិរៀនចប់ដំណាលគ្នា គេសុទ្ធតែរដ្ឋលេខាធិការ ឬម្ចាស់ក្រុមហ៊ុន ហើយយើង…និយាយរួមមក គឺយើងមានអ្វី?…» […] «មានការងារតែអត់បរិញ្ញា យើងមុខជាហេលហាលណាស់។…(ជិតចប់បរិញ្ញា) … វ័យនេះជាវ័យរៀន ពេលមានការងារ ប្រហែលជាសូម្បីតែក្រដាស់ក៏លែងចង់កាន់ដែរ បើមានប្រពន្ធទៀត រិតតែចប់ហើយ… ប៉ាមិនឃាត់ទេ ធ្វើការ តែបើការងារParttime ធ្វើចុះ ហើយយកពេលរៀនតយកបណ្ឌិត ឬអនុបណ្ឌិតទៅ… និយាយរួមគឺរៀនរហូតសង្គមទទួលស្គាល់ថា ធ្វើការបាន… និយាយបែបនេះ ព្រោះបទពិសោធន៍បានប្រាប់ថាអ៊ីចឹង ធ្វើអីក៏ធ្វើចុះ តែផ្លូវគឺបែបណឹង… ហើយគួរគិតដែរ គ្រួសារយើងមិនទាន់ដល់ថ្នាក់ ត្រូវធ្វើការឲ្យគេដើម្បីតែដោះទាល់នោះទេ គឺដើម្បីបទពិសោធន៍… តែនិយាយនេះ គឺសម្រាប់ទុក ពេលអវត្តមានលោកប៉ា ពីជីវិតកូនប៉ុណ្ណោះ…»

 

តែទោះជាយ៉ាងណា ខ្ញុំបានរៀបជាស្រេចថា នៅពេលដែល ខ្ញុំមានការងារ ខ្ញុំនឹងបញ្ចប់ភាសាអង់គ្លេសខ្ញុំនៅACEសិន រួច ខ្ញុំនឹងបន្តយកអនុបណ្ឌិត។ ពេលការងារជោគជ័យបានច្រើនគួរសមហើយ ខ្ញុំនឹងបន្តយកបណ្ឌិតមួយទៀត។ សង្ឃឹមថា ការគិតរបស់ខ្ញុំមិនខុសទៅចុះ!! 😦
យប់ឡើង គ្រប់រឿងទាំងអស់ ហាក់កើតមានស្រស់ៗ ថ្មីៗ ពិសេស ពាក្យប៉ារបស់ខ្ញុំ ដែលតែងតែសារចុះសារឡើង មិនស្រាកស្រាន្ត។ ថ្ងៃនេះជាថ្ងៃសម្រាក ខ្ញុំងើបយឺត ហើយលោកប៉ាបានចូលមកគោះទ្វាមើលកាម៉េរ៉ា ឮសំឡេងគាត់ខ្ញុំមិនទាន់ភ្ញាក់ស្រួលបួលទេ ខ្ញុំនិយាយទាំងស្អកៗទៅកាន់គាត់។ ពេលគាត់ចេញបាត់ ខ្ញុំក៏ចាប់ផ្ដើមបន្តភាពពិបាកចិត្តបន្ថែមទៀត។ ខ្ញុំងើបបើកអ៊ីនធឺណេត ខ្ញុំវាយពាក្យទាំងទឹកភ្នែកមួយតំណក់ស្រក់ចុះ ដំណាលគ្នានឹងប្អូនស្រីជីដូនមួយអាយុ១០ឆ្នាំកំពុងមើលរឿង។ ខ្ញុំទ្រាំមិនបាន ខ្ញុំបានទៅអង្គុយយំនៅក្នុងបន្ទប់ទឹក។ ថាខ្ញុំទន់ជ្រាយក៏បាន តែពាក្យម្ដាយឪពុកសម្រាប់ខ្ញុំ គឺធ្ងន់ណាស់ មិនសម្លាប់ខ្ញុំ តែឲ្យខ្ញុំចងចាំ គឺចងចាំទុកទូន្មានកូនចៅជំនាន់ក្រោយ ខ្ញុំយំឡើងភ្នែកក្រហម។ ខ្ញុំខានយំយូរហើយ។ គ្រប់ពេលដែលទឹកភ្នែកស្រក់ រឿងអស់សង្ឃឹមតែងតែផុសឡើងក្នុងចិត្តខ្ញុំជានិច្ច។ លោកប៉ា កូនសូមទោស កូនធ្វើឲ្យលោកប៉ា អស់សង្ឃឹម។ កូនមិនល្អ។ កូនមិនបានធ្វើឲ្យប៉ារីករាយ។ ទោះជាកូនយំ ក៏កូននៅតែញញឹមដែរ។ កូននឹងធ្វើតាមពាក្យលោកប៉ា ឲ្យទាល់តែបាន ទោះជាត្រូវចំណាយពេលយូរប៉ុណ្ណាក៏ដោយ។ កូនស្រឡាញ់លោកប៉ា កូនស្រឡាញ់អ្នកម៉ាក់!!!!!!!!!!

នឹកអ្នកណាស់ តែមិនអាចមកជួប

ឱ! ប្លក់សំណព្វចិត្តអើយ ខ្ញុំមិនចង់ឲ្យអ្នកដូចជាប្លក់មុនរបស់ខ្ញុំទៀតទេ។ ខ្ញុំតែងនឹកអ្នកគ្រប់ពេល ហើយក៏មានរឿងជាច្រើនចង់រៀបរាប់ប្រាប់អ្នកដែរ ប៉ុន្តែភាពមមាញឹករបស់ខ្ញុំ តែងតែមកពង្រាំងខ្ញុំនិងអ្នកជាប់ជានិច្ច។ ដ្បិតរឿងជាច្រើនចេះតែដើរក៏ពិតមែន ប៉ុន្តែអំណាចនៃទឹកចិត្ត ដែលប៉ុនប៉ង ជាប់ជានិច្ចនៅមិនដាច់ស្រេចគ្នាទេ ថ្ងៃនេះខ្ញុំបានត្រឡប់មករកអ្នកវិញហើយ គឺត្រឡប់មកសារជាថ្មីក្នុងរដូវទឹកសន្សើម។

មេឃលាបពណ៌ស្រទន់ ពន្លឺពព្រឹម ខ្យល់ធ្លាក់ពីទិសដ៏សែនឆ្ងាយ ជីវិតដែលធ្លាប់សោកា ជួនរីករាយ ជួនទុក្ខសោក មិនទៀងទាត់ ដូចជាជីវិតយុវវ័យ ក្នុងរាត្រីដ៏វែងអន្លាយនៃស្បៃជីវិត បានអណ្ដែតចុះអណ្ដែតឡើង ក្នុងមហាសាគរ ដ៏ធំល្វឹងល្វើយ នៃមេឃា ដែលហៀបនឹងភ្លៀង។ ខ្ញុំមានរឿងច្រើនណាស់ ចង់ប្រាប់អ្នកក្នុងរដូវវស្សានេះ។ 🙂 សង្ឃឹមថា សុបិនដ៏រីករាយនៃរដូវនេះ អាចធ្វើឲ្យកំណត់ហេតុរបស់ខ្ញុំមួយនេះ រីករាយ។ ខ្ញុំនឹងវិលរកអ្នកសារជាថ្មី ជាមួយនឹងរឿងរ៉ាវជីវិត ស្នាដៃ ប្រវត្តិថ្មីៗជាច្រើន។

ពីខ្ញុំ យ៉ូជីណ ម្ចាស់កំណត់ហេតុ។

មុនភ្លៀង

មុនភ្លៀង

ពិធីជប់លៀងមនុស្សគ

ទឹកថ្លា, ថ្ងៃអាទិត្យ ទី១៣ ខែឧសភា ឆ្នាំ២០១២

ថ្ងៃជប់លៀងរបស់ខ្ញុំចូលមកដល់ទៀតហើយ ខ្ញុំឈឺបីថ្ងៃ។ ឲ្យតែថ្ងៃជប់លៀងផ្ទាល់ខ្លួន ខ្ញុំពិតជាខ្លាចណាស់។ លើកណាក៏ដូចលើកណា បើមិនមេឃភ្លៀង ក៏គ្មានភ្ញៀវ ឬអ្នកដែលត្រូវសំដែងមិនបានមកដែរ។ ថ្ងៃនេះ ធ្ងន់ហើយខ្ញុំ… ខ្ញុំនិយាយមិនឮតែម្ដង ព្រោះវាមានតំណាលដូចតទៅ៖

ព្រឹកឡើង ខ្ញុំក្រោកតាំងពីព្រលឹម។ ខ្ញុំគេងមិនលក់តាំងពីយប់ ខ្ញុំពិបាកចិត្តនឹងពិធីជប់លៀងល្ងាចនេះណាស់។ ខ្លាចភ្ញៀវមកមិនគ្រប់គ្នា ណាខ្លាចភ្លៀងពេលល្ងាចរំខាន ណាខ្លាចក្រុមភ្លេងដែលជាម្ចាស់ឈ្មោះកម្មវិធីមិនមក ដូចយល់សប្តិពីម្សិល ទើបបានជាបារម្ភបែបនេះ។ 😦 បារម្ភពេកធ្វើអីលែងកើត ខ្ញុំក៏អង្គុយសរសេរប្រលោមលោកថ្មី បន្ត។ ពេលសរសេរ ស្រាប់តែនឹកឃើញ សិល្ប៍វិធីថ្មីមួយ ដែលខ្ញុំធ្លាប់គិតតាំងពីយូរណាស់មកហើយ គឺប្រលោមសោត ឬប្រលោមលោកសោតរម្មណ៍។

គ្រាន់តែនឹកឃើញភ្លាម ខ្ញុំក៏ប្រញាប់ទៅSmall World ឯទួលគោកភ្លាម ដើម្បីនិយាយពីគម្រោងនេះ ក្រែងមានអ្នកចាប់អារម្មណ៍ យើងធ្វើទាំងអស់គ្នា។ ខ្ញុំបានចំណាយពេលនៅទីនោះមួយព្រឹក ប៉ុន្តែបានតែនិយាយប្រាប់ អ្វីៗទាំងអស់ ខ្ញុំត្រូវចាប់ផ្ដើមជាមុនសិនដដែរ។ ខកជើងទិញខោរអាវហើយ ខកចិត្តមិនទាន់មានអ្នកជួយទៀត ខ្ញុំក៏ត្រឡប់មកផ្ទះវិញ។

រូបភាពពីបង Sithen

ថ្ងៃត្រង់ចូលមកដល់ ខ្ញុំញាំបាយបន្តិចហើយ ព្យាយាមរកកន្លែងសម្រាក។ ដោយម៉ាស៊ីនត្រជាក់បន្ទប់ខ្ញុំខូច ខ្ញុំក៏ព្យាយាមទៅគេងនៅបន្ទប់ម៉ាក់ប៉ា។ គេងមិនលក់សោះ រសាប់រសល់បារម្ភរហូត។ ខ្ញុំចាប់ផ្ដើមផ្ដាសាយ ព្រោះតែម៉ាស៊ីនត្រជាក់នៅនោះ ត្រជាក់ជាងបន្ទប់ខ្ញុំខ្លាំងពេក។ ខ្ញុំគេងបានតិចបំផុត។ ភ្ញាក់ឡើង នៅក្នុងទូរទស្សន៍កាម៉េរ៉ា ស្រាប់តែឃើញមានខ្យល់ខ្លាំងបក់បោក ផ្ទៃមេឃក៏ចាប់ងងឹត។ ខ្យល់បកមិនស្មើ ម្ដងត្បូង ម្ដងលិច។ ដើមឈើ កំពុងឈរត្រង់ ខណៈនោះទ្រេត សឹងស្មើនឹងដី។ ខ្ញុំបារម្ភខ្លាំងណាស់ រិតតែគេងលែងលក់ ណាចាំមើល អ្នកយកស្គរមកដាក់ផង។

នាទីចេះតែដើរទៅមុខ ខ្ញុំក៏ងើបចេញពីបន្ទប់ ហើយទៅរៀបចំខ្លួននៅបន្ទប់ខ្ញុំវិញ។ មួយសន្ទុះក្រោយ អ្នកយកស្គរ ក៏យកស្គរមកដាក់។ ខ្ញុំរៀបចំខ្លួនរហូតទាល់តែរួចរាល់។ ចំហើយ ពេលនោះ មេឃក៏ចាប់ផ្ដើមភ្លៀង ភ្លៀងខ្លាំងណាស់ គឺភ្លៀងចាប់ពីម៉ោង៣ជាង រហូតស្ងប់ត្រឹម៤ជិត៥ល្ងាច។ ខ្ញុំបន់ស្រន់អស់ហើយ។ ភ្លៀងឈប់មែន តែទឹកនៅជន់។ ឈប់តែតំបន់ខ្ញុំ តែតំបន់គេកំពុងបន្ត។ ទូរស័ព្ទ បានរោទិ៍ឡើងជាបន្តបន្ទាប់ដោយប្រាប់ថា ស្ទះផ្លូវ… ទឹកលិច… រវល់…

ការរំពឹងទុកថាមានភ្ញៀវច្រើន ត្រូវរលាយ។ ព្រោះតែភ្លៀង ជាបញ្ហាធំ អ្នកខ្លះមិនបានមក ក៏មិនបានប្រាប់។ អ្នកខ្លះគេឆ្លៀតបាន គេក៏ទូរស័ព្ទប្រាប់ ឬផ្ញើសារមក។ ក្រុមភ្លេងខ្ញុំ បានមកដល់ទីកន្លែងកម្មវិធី យ៉ាងយឺតយ៉ាវបំផុត។ ម៉ោងជិត៦ហើយ ភ្ញៀវមានតែ៧ ទៅ៨នាក់ប៉ុណ្ណោះ។ ក្នុងចំនោមលោកសាស្ត្រាចារ្យដែលខ្ញុំបានអញ្ជើញជាកិត្តិយសទាំងអស់ ក្នុងនោះមានតែលោកសាស្ត្រាចារ្យ ឯល ប៊ុណ្ណា ទេដែលអញ្ជើញមកដល់ មុនគេ តែជាអកុសល លោកបានត្រឡប់វិញ ដោយមូលហេតុជាប់សោរផ្ទះមក។ 😦

ជាបន្តបន្ទាប់ភ្ញៀវក៏អញ្ជើញមក សមាជិកក្រុមភ្លេងខ្ញុំក៏ដូចគ្នា។ ខ្ញុំក៏ចាប់ផ្ដើមស្អកមែនទែន គឺស្អករហូតនិយាយមិនចេញ តែនៅតែព្យាយាមនិយាយ។ នេះជាលើកទី១ក្នុងជីវិតខ្ញុំហើយ ដែលខ្ញុំជួបនឹងអាក្ការៈបែបនេះ។ មួយសន្ទុះធំក្រោយមក វត្តមានលោកសាស្រ្តចារ្យ លោកអ៊ុំ អៀង ស៊ីធុល (ខ្ញុំហៅគាត់លោកអ៊ុំ ព្រោះគាត់មានទំនាក់ទំនងយ៉ាងជិតស្និទ្ធិនឹងគ្រួសាររបស់ខ្ញុំ ដូចបងប្អូនបង្កើតអ៊ីចឹង) បានអញ្ជើញដល់។ ខ្ញុំរីករាយយ៉ាងខ្លាំងនឹងវត្តមានលោក។ ម៉ោងជិត៧ហើយ ខ្ញុំក៏ប្រាប់បងផាន់ណា ដែលខ្ញុំបានសូមពឹងជាពិធីករនាយប់នោះ ថាឲ្យត្រៀមខ្លួន។ ភ្ញៀវអញ្ជើញដល់ ការរៀបចំមានការរអាក់រអួលច្រើន ដោយសារមូលហេតុភ្លៀងជាកត្តាចម្បង។ ដោយសារគ្មានអ្នកចាត់ចែងច្បាស់លាស់ តុខ្លះមិនទាន់មានភ្ញៀវគ្រប់ បណ្ដាលឲ្យម្ហូបមិនទាន់អាចដាក់បាន ធ្វើឲ្យពួកគេអង្គុយរង់ចាំទម្រាំគ្រប់។ ក្នុងការរៀបចំ នឹងប្រាស្រ័យជាមួយមិត្តភក្តិ ខ្ញុំប្រើភាសាដៃ។

មិនយូរប៉ុន្មាន កម្មវិធីសម្ដែងរបស់ក្រុមខ្ញុំក៏ចូលដល់ ខ្ញុំមិនអាចច្រៀងបានទេ។ ដំណាលគ្នានោះ លោកគ្រូ ស៊ីន ច័ន្ទឆាយា ក៏អញ្ជើញមកដល់។ ខ្ញុំមិនបានរាក់ទាក់គាត់បានយូរ ព្រោះរវល់តែរៀបចំកម្មវិធី គាត់ក៏អង្គុយតុម្នាក់ឯដាច់ដោយឡែក។ កម្មវិធីចាប់ផ្ដើម បទដែលក្រុមភ្លេងច្រៀង គឺភាគច្រើន ជាបទរបស់ខ្ញុំ តែខ្ញុំមិនអាចច្រៀងបាន ក៏ឲ្យគេច្រៀងជំនួស មានតែបទ អនុស្សាច្បារអំពៅ ទេ ខ្ញុំត្រដរច្រៀងទាំងត្រដាបត្រដួស។ ទម្រាំចប់ ខ្ញុំអស់កម្លាំងមែនទែន។

រូបភាពពីបងស្រី សំណាង

រូបភាពពីបងស្រី សំណាង

កម្មវិធីបន្ទាប់ គឺកាត់នំ ឧបកិច្ច ប្រចាំឆ្នាំ។ ឆ្នាំមុន ខ្ញុំមិនបានធ្វើធំទេ ឆ្នាំនេះ គឺថ្ងៃខែឆ្នាំនិងអាយុហាក់ប្លែកជាងរាល់ឆ្នាំ ទើបបានជាសម្រេចចិត្តធ្វើ ទោះជាហួសអស់មួយខែក៏ដោយ ពោលគឺ ២០ ០៤ ២០១២ =២០ឆ្នាំ។ កាត់នំចប់ កម្មវិធីចុងក្រោយគេ គឺពួកយើងទាំងអស់គ្នា បានស្រែកថា «កូនស្រឡាញ់ម៉ាក់»។ នេះជាទិវាបុណ្យម្ដាយ ឧត្ដមជនដែលផ្ដល់កំណើតដល់កូនគ្រប់គ្នា។ ពាក្យនេះ គឺពិបាកនិយាយណាស់ ទោះជាស្រួលនិយាយក៏ដោយ ប៉ុន្តែយើងគួរតែនិយាយ ព្រោះការនិយាយនេះយ៉ាងណា ក៏មិនអាចប្រៀបនឹងគុណរបស់លោកបានដែរ ទោះជាពេលខ្លះ យើងតែធ្វើមិនបានល្អ ក្នុងដំណើរតបស្នងគុណរបស់គាត់។ អ្វីដែលធ្វើបានធ្វើហើយ ទោះជាហត់នឿយ តែនៅតែអរគុណដល់ អ្នកទាំងអស់គ្នា ដែលផ្ដល់កិត្តិយសដល់ខ្ញុំ និងក្រុមខ្ញុំ ក្នុងការអញ្ជើញចូលរួម។ ខ្ញុំពិតជាសូមទោស សម្រាប់ការរៀបចំកម្មវិធីដ៏ក្មេងខ្ចីរបស់ខ្ញុំ។ ខ្ញុំនឹងប្រឹងកែលម្អបន្ថែម។ សូមទោស និងអរគុណ។

ឃ្លាបន្ថែម៖

ខ្ញុំដឹងថាពេលខ្លះ ខ្ញុំពិតជាឆេវឆាវបន្តិចមែន នេះព្រោះតែអារម្មណ៍ សុខភាព មិនល្អប្រសើរ។ ខ្ញុំពិតជាសូមទោសផង អ្នកម៉ាក់ អ្នកមីង បងប្អូន លោកគ្រូ សាស្ត្រាចារ្យ និងមិត្តភក្តិទាំងអស់។

ក្នុងឱកាសបុណ្យអ្នកម្ដាយនេះ ទោះបីជាកូនមិនអាចនិយាយឮបានក៏ដោយ ក៏កូនចង់ប្រាប់ថា កូនស្រឡាញ់ម៉ាក់ កូនស្រឡាញ់ប៉ា។ គ្មានម៉ាក់និងប៉ា គឺនឹងគ្មានកូនសព្វថ្ងៃ។

ថតរូបដោយ បងផាន់ណា

ថតរូបដោយ បងផាន់ណា

រូបភាពពីមូលី

រូបភាពពីមូលី