ចេមនិងផ្លែបេ៉សយក្ស

មានរឿងតុក្កតា និងសៀវភៅកុមារជាច្រើនបានចូលមកកំដរជីវភាព កុមារកម្ពុជាយើងរវាងចន្លោះឆ្នាំ ១៩៩០ ទៅ ២០០០។ ខ្ញុំក៏មានរឿងរ៉ាវជីវិត ដូចជាពួកគេដែរ ប៉ុន្តែសម្រាប់ខ្ញុំ ខ្ញុំចូលចិត្តមើលខ្សែភាពយន្តតុក្កតាណាស់ មិនថា ពេលនេះ ខ្ញុំឈានចូលវ័យជំទង់ហើយក៏ដោយ ព្រោះ ភាពយន្តតុក្កតា ឬសៀវភៅណាដែលនិយាយពីការផ្សងព្រេង ប្លែកៗ តែងតែនាំខ្ញុំ ឲ្យស្រមើលស្រមៃ ក្នុងពិភពមួយខុសប្លែកពីពិភពដែលយើង រស់នៅសព្វថ្ងៃ ហើយប្រហែលមូលហេតុនេះហើយ ដែលធ្វើឲ្យខ្ញុំជាមានគំនិតស្រមើលស្រមៃច្រើន នៅពេលធំឡើង។

Continue reading

គេល្បីអស់ហើយ

ជីវិតជួនកាលជារឿងកំប្លែងដែលរកនឹកថាគួរតែសើចមិនចេញ។ មានអ្នកដែលគេបានធ្វើការងារសិល្បៈដំណាលខ្ញុំ បានខ្ពស់មុខខ្ពស់មាត់អស់ហើយ។ ខ្ញុំនិយាយនេះ មិនមែនច្រណែនគេ នោះទេ តែគ្រាន់តែ គិតថា ខ្ញុំនៅមានចំណុចខ្វះខាតជាច្រើនទៀត ដែលត្រូវការកែលម្អ។ មែនហើយ បើយើងធ្វើការងារនោះ ព្រោះតែចង់ល្បី គឺគ្រាន់តែបានល្បីមួយឆាវ ប៉ុណ្ណោះ ប៉ុន្តែបើយើង ធ្វើការងារនោះអស់ពីចិត្តស្រឡាញ់ ហើយស្រឡាញ់ការងារដែលយើងធ្វើអស់ពីចិត្ត នោះរឿងល្អនឹងកើតមាន ទោះជាមិនមែនជារឿងល្បី តែយ៉ាងហោចណាស់ ក៏ជាលទ្ធផលដែលយើងពេញចិត្តដែរ។

ល្បី! ល្បីបានប្រយោជន៍អ្វីទៅ?! សម្រាប់ខ្ញុំ វាគ្រាន់តែជាការប្រកួតប្រជែងប៉ុណ្ណោះ ប៉ុន្តែក៏ល្អដែរ ព្រោះឃើញអ្នកខ្លះ យកភាពល្បីរបស់គេ ទៅជួយអ្នកដទៃ ដោយប្រើប្រាស់អំណាចនៃប្រជាប្រិយភាពរបស់គេជួយ យ៉ាងមានប្រសិទ្ធិភាពបំផុ ហើយក៏មិនល្អទាំងអស់ទេ អ្នកខ្លះ ព្រោះតែចង់ល្បីពេក ក៏ប្រើប្រាស់ភាពល្បីរបស់អ្នកដទៃ ឬធ្វើអ្វីឲ្យប្លែកៗ ដើម្បីចង់ល្បី។

ហ្ហើយ! រស់មើលគេល្បីទៅចុះ បើវាសនាចារមកបែបនេះ! សំខាន់ ខ្ញុំអាចរីករាយនឹងអ្វីដែលខ្ញុំបានធ្វើ ហើយវាមានប្រយោជន៍សម្រាប់សង្គម។ រឿងខ្លះ បើគិតឲ្យជ្រៅទៅ គ្មានមួយណាត្រូវ មួយណាខុសឲ្យដាច់ស្រឡះទេ វាសុទ្ធតែជាម្ជុលមុខពីរ។

 

០៩ ០៦ ២០១៤

អាណាចក្រចង្រិត

ថ្ងៃនេះជាថ្ងៃខួបកំណើតរបស់ខ្ញុំ។ ដើម្បីជាសុភមង្គលប្រចាំឆ្នាំដោយខ្លួនឯង ក្នុងអាយុ២១ឆ្នាំនេះ ខ្ញុំសូមនាំនូវកម្រងរឿងដ៏ខ្លីមួយ ដែលខ្ញុំបានប្រឌិតឡើងទុកជាចំណងដៃប្រចាំអាយុ២១ឆ្នាំនេះ៖

នាយប់មួយ!

[…] ពេលកំពុងដើរ ខ្ញុំបានឃើញទីកន្លែងមួយ ដែលគេសរសេរថា«តំបន់គ្រោះថ្នាក់»ហើយនៅទីនោះទៀតសោត ក៏មានបិតផ្លាកមួយ ដែរថា«រដូវវស្សា» ដែលនៅក្រោយនោះ មានទឹកសន្សើមធំៗ និងងងឹតចាក់ភ្នែកមិនធ្លុះនោះទេ។

[…] ខ្ញុំក៏ទុករនាតចង្រឹតនោះមួយឡែកសិន រួចងើបឡើងពន្យល់ពួកគេថា៖
«តើអ្នកទាំងអស់គ្នាដឹងទេថា ដើម្បីឲ្យយើងអាចរស់នៅមានន័យ តើយើងត្រូវធ្វើអ្វីខ្លះ?» ខ្ញុំស្រែកខ្លាំងៗ!

«ត្រូវច្រៀងនិងរាំឲ្យបានច្រើន ព្រោះពេលកើតទុក្ខរបស់យើងមានច្រើនណាស់!» ចង្រឹតមួយបានស្រែកឡើង។

«ខ្ញុំថា ត្រូវតែស៊ីស្មៅឲ្យបានច្រើន ទើបជាការប្រសើរ។» ចង្រឹតមួយទៀត ស្រែកឡើង។

[…] ទ្វារត្រឡប់ទៅកាន់ឋានរបស់ខ្ញុំក៏បើកឡើងវិញ។ មេឃភ្លឺហើយ ប៉ុន្តែផ្ទៃមេឃហាក់ដូចជាមិនភ្លឺសោះ ពេលនោះតំណក់ទឹក មួយតំណក់ធំបានធ្លាក់មកចំទ្វាររបស់ខ្ញុំ បណ្ដាលឲ្យទ្វារនោះអណ្ដែតទៅបាត់ ហើយចង្រឹតទាំងឡាយក៏ធ្លាក់ចុះមកវិញ ជាបន្តបន្ទាប់។

សូមចុចលើរូបភាពនេះដើម្បីដោនឡូតទុក៖

The City of Cricket by Pañña

The City of Cricket by Pañña

The City of Cricket by Pañña

កុនថៃ«ហោមរោង»

ហោមរោង

ហោមរោង

សូមវិភាគបន្តិចសិន!

មើលទៅ! ប្រហែលមកពីខ្ញុំមិនដែលរៀនទេដឹង ទើបមិនដឹងថានេះជាមេរៀនប្លង់ ដែលទាក់ទងគ្នា។តែពេលប្រកួតភ្លេងក្នុងរឿង «ហោមរោង» របស់ថៃ ក្នុងគំនិតរបស់ខ្ញុំ ខ្ញុំមានសុទិដ្ឋិនិយមមួយយល់ឃើញថា រឿងនេះ មានប្លង់មួយចំនួនធំ ត្រូវបានច្នៃចេញពីរឿង “Secret”របស់ Jay Chou ឬ រឿង “The legend 1900” ដោយ Giuseppe Tornatore ដែលខ្ញុំធ្លាប់មើល។ តាមរយៈហេតុផលនេះ ខ្ញុំក៏មានជំនឿអាចផលិតកុនតាមវិធីប្រៀបធៀបនេះបានដែរ តែអ្វីដែលពិបាក គឺបច្ចេកទេសដ៏ល្អិតនៃការផលិតខាងក្នុង ដែលខ្ញុំត្រូវរៀន។ នេះហើយសិស្សអត់សាលា។

 

ហេតុផលនៅតែមាន ដំណើរជីវិតនៅតែបន្តក្នុងភាពរអាក់រអួលម្ដងម្កាល។ ទោះជាខ្ញុំមិនអាចមានសាលារៀនយ៉ាងណាក៏ដោយ ក៏ពេលកំពុងមើលរឿងនេះ ខ្ញុំចេះអន់ចិត្តនឹងខ្លួនឯងដែរ ដែលមិនបានរៀនសូត្រអំពីកុន ធំមិនទាន់គេ ឲ្យគេថាខ្ញុំគឺជាគេអស់។ ហោមរោង ជាពាក្យខ្មែរទេ ដែលគ្រប់ជំនាន់មកហើយ ខ្មែរយើងតែងមាន ជំនឿ និងជាដំណើររឿងមួយដ៏ល្អបំផុត អំពីតន្ត្រីខ្មែរ អ្វីដែលជានិស្សិ័យនិងចំណូលចិត្តរបស់ខ្ញុំតាំងពីក្មេងមក។ «ទោះជាអ្នកមានអតីតកាលដ៏រុងរឿងយ៉ាងណាក៏ដោយ បើអ្នកមិនចេះរក្សាវា ថ្ងៃមុខសូម្បីតែខ្លួនឯងក៏គេមិនជឿថាជារបស់ខ្លួនឯងដែរ»។ សង្ឃឹមថា ខ្ញុំ នឹងអាចឃើញភាពច្នៃប្រឌិតរបស់អ្នក មានលាយអត្តសញ្ញាណជាតិចូលរួមផង។

ខ្ញុំស្រណោះខ្លួនណាស់ ពេលមើលរឿង«ហោមរោង»នេះ ព្រោះរឿងនេះបានធ្វើឲ្យខ្ញុំនឹកឃើញនូវពាក្យពេចន៍ដ៏មានន័យ ឬមនុស្សដ៏ជោគជ័យជាច្រើនក្នុងជីវិត។

«Harmonies មានសារៈសំខាន់ណាស់ក្នុងការសរសេរបទភ្លេង។» នេះជាពាក្យមួយឃ្លា ដែលខ្ញុំបានចាំពី បងប្រុស Srornos So នៅពេលលើកទីមួយ និងចុងក្រោយដែលខ្ញុំជួបគាត់ដល់ពេលនេះ។ ខ្ញុំសប្បាយចិត្តណាស់ដែលជួបតន្ត្រីករខ្មែរដ៏ចំណានដូចជារូបលោក។

ធម្មជាតិ បានប្រគល់ដៃជើងមួយគូរ ត្រចៀកមួយគូ កែវភ្នែកមួយគូរ ច្រមុះមួយ មាត់មួយ បំពង់កមួយ និងខួរក្បាលសម្រាប់ហ្វឹកហ្វឺន ប៉ុន្តែស្ថានភាព មិនបានផ្ដល់ឲ្យខ្ញុំនូវការហ្វឹកហាត់ដ៏សមគួរមួយនោះទេ។ ខ្ញុំមិនបន្ទោសស្ថានភាពនោះទេ តែខ្ញុំគ្រាន់តែស្ដាយនូវធម្មជាតិទាំងនេះ ហើយក៏អរគុណញ្ញាណទាំងឡាយ ដែលផ្ដល់ចំណេះដឹងដល់ខួរក្បាលខ្ញុំដែរ។ ទោះជាម្ដងម្កាល ខ្ញុំស្រណោះខ្លួន ចង់បោះបង់អ្វីដែលមាន តែខ្ញុំក៏សប្បាយចិត្តគ្រប់ពេលដែរ ព្រោះខ្ញុំគិតថា អ្នកផ្សេងខ្លះ គេក៏ពុំមានដូចជាខ្ញុំដែរ។ ហេតុខ្ញុំមានប៉ុណ្ណេះ ខ្ញុំបែរជាបោះបង់វាចោរ។

«សុទិដ្ឋិនិយម គឺជាកត្តាសំខាន់សម្រាប់ភាពជោគជ័យ និងអភិវឌ្ឍន៍» សូមអរគុណបងប្រុស Chy Sila សម្រាប់ពាក្យនេះ និងអរគុណក្រុមហ៊ុនសប្បាយ ដែលបង្រៀនខ្ញុំជាច្រើនទៀត។ ពាក្យនេះ ជាកត្តាសំខាន់ណាស់សម្រាប់ខ្ញុំដើរទៅមុខ។
«កុំនិយាយច្រើន តែធ្វើឲ្យបានច្រើន» របស់លោកប៉ា។

ញ្ញាណទាំងឡាយបានផ្ដល់ឲ្យខ្ញុំច្រើនណាស់ បានជាខ្ញុំចង់ចែករំលែកដល់គ្រប់គ្នា ពេលខ្លះក៏ទទួលអារម្មណ៍ថាខ្លួនឯងជាមនុស្សអួតអាង តែក៏នៅតែមានៈធ្វើវា ព្រោះអួត គ្រាន់តែជាពាក្យទុតិដ្ឋិនិយមនៃពាក្យចែករំលែកប៉ុណ្ណោះ។ តាមរយៈការLikeក៏ដឹងថា មានមនុស្សតិចណាស់ដែលស្ដាប់ការចែករំលែកនេះ តែខ្ញុំមិនដែលអាក់អន់ចិត្តទេ ព្រោះគិតថា តាមពិតនេះជាគន្លឹះល្អៗ ដែលគួរតែរៀនទាំងអស់គ្នា បើសិនខ្ញុំជាអ្នកដែលមើលឃើញការសរសេរបែបនេះ ខ្ញុំនឹងចងចាំទុក។ ជប៉ុនក្រោយសង្គ្រាម គេអាចមានវិញ ដោយសារតែម្នាក់បង្រៀន៥ ហើយក្នុង៥ ម្នាក់ៗបង្រៀង៥ យូរទៅៗ ប្រទេសគេអភិវឌ្ឍន៍ ជឿនលឿន ខ្ញុំក៏សង្ឃឹមស្រុកខ្មែរ ក៏អាចដូចគេដែរ។ បើខ្ញុំជាម្នាក់ក្នុង៥របស់គេ នៅស្រុកយើង។

ខ្ញុំសរសើរ គោរព និងស្រឡាញ់ គ្រូបង្រៀនណាស់ តែខ្ញុំមិនហ៊ានធ្វើគ្រូបង្រៀនទេព្រោះខ្ញុំជាសិស្សអន់ណាស់កាលនៅរៀន ប៉ុន្តែជាសិស្សដែលគោរពគ្រូណាស់។ខ្ញុំចង់និយាយប្រាប់គ្រប់គ្នាណាស់ តែតាមឋានៈ អាយុ របស់ខ្ញុំ ប្រហែលជាគ្រប់គ្នាមិនស្ដាប់ទេ តែខ្ញុំគិតថាមានតែវិធីសរសេរទេ ដែលអាចឲ្យខ្ញុំនិយាយពីអារម្មណ៍ខ្ញុំបាន។

ថ្ងៃនេះ ខ្ញុំចង់រំលែកចំណេះដឹង និងសូមអរគុណប៉ុណ្ណេះ សង្ឃឹមថា គ្រប់គ្នាយល់ពីខ្ញុំ ហើយក៏សូមអរគុណសម្រាប់ការអាន។

ភ្នំពេញ, ថ្ងៃច័ន្ទ
២៥/០២/២០១៣

ស្រមោលមួយនៅរោងមហោស្រព

ចេនឡា ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១២

គ្រាន់តែបើកFacebook បន្ទាប់ពីមកពីរៀនភ្លាម ខ្ញុំស្រាប់តែឃើញសារ៤ ក្នុងនោះ គឺសាររបស់បងភា ដែលខ្ញុំអាន។ គ្រាន់តែអានសារ ខ្ញុំភ្ញាក់ព្រឺត វិញ្ញាណខ្ញុំក៏រលឹកខ្ញុំថា មែនហើយពីម្សិលមិញខ្ញុំបិទសំឡេងទូរស័ព្ទពេលម៉ោងរៀន ដល់ពេលនេះហើយមិនទាន់…. គិតដល់ត្រឹមណេះ ខ្ញុំក៏ប្រញាប់ប្រញាល់ទាញទូរស័ព្ទពីហោរប៉ៅខោរភ្លាម រំពេចនោះ ខ្ញុំក៏ប្រទះឃើញ ៣១ Missed call និង SMS ១។ ខ្ញុំក៏ចាប់ទូរស័ព្ទទៅតាមលំដាប់។ ក្នុងនោះ ខ្ញុំក៏ទទួលដំណឹងពីរ ទាក់ពីការងារជាបន្ទាន់នាល្ងាចនេះ។ ទី១គឺត្រូវទៅសម្ដែងជាមួយក្រុមក្នុងកម្មវិធី មហោស្រពយុវវ័យឆ្នាំ២០១២ ចំណែកឯទី២ គឺត្រូវសម្ដែងជាបន្ទាន់មួយជាមួយភោជនីដ្ឋានអន្តរជាតិឈ្មោះថា Doors។

ឮដំណឹងទី១ភ្លាម ខ្ញុំក៏ត្រូវប្រញាប់ប្រញាល់រៀបចំខ្លួនទៅធាហេងដើម្បីសមភ្លេង ៤បទ។ ខ្ញុំច្រៀងទាំងអត់បាយថ្ងៃត្រង់។ បន្ទាប់មកទើបទទួលដំណឹងថា កម្មវិធីមហោស្រពយុវវ័យប្រចាំឆ្នាំ ត្រូវការឲ្យពួកខ្ញុំសម្ដែងម៉ោង៨យប់ទៅ។ ដូច្នេះ ក៏ធ្វើឲ្យខ្ញុំសម្រេចចិត្តលុបចោល កម្មវិធីនៅDoors។ មែនហើយ តាមពិតខ្ញុំគ្មានរំពឹងថានឹងចូលរួមទេ ព្រោះតាមរយៈការជជែកវែកញែកគ្នាពីបញ្ហាពានលើកមុន ធ្វើឲ្យខ្ញុំពិបាកនឹងចូលរួមជាមួយក្រុម ដ្បិតខ្ញុំមានចិត្តមួយ មិនសប្បាយចិត្តនឹងពាក្យដែលគេចាត់ទុកខ្ញុំថា «…ជាអ្នកមានតែក្នុងផ្ទះកុំអាងយ៉ាងខាងក្រៅ»។ ពាក្យនេះ ខ្ញុំចាំមួយជីវិត ព្រោះខ្ញុំមិនដែលមានគំនិត បែបនេះសោះ បើមិនចាំបាច់ប្រើអំណាចទាំងនោះ។ ខ្ញុំឈឺចិត្តណាស់ នឹងពាក្យទាំងនោះ ប៉ុន្តែទោះជាយ៉ាងណា ការដែលគេចវេះ ពីបញ្ហា ស្មើនឹងការដែលធ្វើឲ្យបញ្ហាកាន់តែរីកធំ។ ខ្ញុំសុខចិត្តចូលរួម ហើយធ្វើជាមនុស្សមិនដឹងអីទាំងអស់ ជៀសវាងគេត្មិះដៀលទៀត។

ពេលល្ងាចបានចូលមកដល់ ក្ដីរំពឹងរបស់ខ្ញុំ បានហោះហើរ ស្មើនឹងឆាកតន្ត្រីមួយដែលមានអ្នកទស្សនាជាច្រើននាក់។ ខ្ញុំនិងក្រុមតន្ត្រីស្នាមញញឹម ប្រហែលជាត្រូវគេសាទរជាថ្មីលើឆាកតន្ត្រីបែបមហោស្រព ដែលនិយាយពីយុវវ័យ។ ខ្ញុំរីករាយណាស់ ជាមួយការឡើងឆាកជាថ្មី និងយកបទចម្រៀង ដែលខ្ញុំតែងជាមួយក្រុម កាលពីឆ្នាំមុនមកច្រៀងជាថ្មី។ ខ្ញុំសួរខ្លួនឯង តើខ្ញុំគួរតែពាក់ខោរអាវអ្វីសម្រាប់យប់នេះ? តិចក្រែងលោ មិនសមនឹងក្រុម ឬមិនសមនឹងឆាកសិល្បៈរបស់ខ្មែរ ទេឬ? ប៉ុន្តែ ខ្ញុំក៏គិតច្បាស់ថា ធ្វើយ៉ាងណា គឺខ្លួនឯងពេញចិត្ត ព្រោះខ្ញុំទុកចិត្តភ្នែករបស់ខ្ញុំ។ មុននឹងដល់នាទីណាត់ ខ្ញុំក៏ចាប់ផ្ដើមកំដៅសំឡេង និងលោតចុះលោតឡើងបន្តិច រួចបង្ហោះFacebookប្រាប់អ្នកធ្លាប់គាំទ្រ ឲ្យនឹកឃើញចម្រៀងខ្ញុំឡើងវិញ។ មែនហើយ គឺវាបាត់យូរហើយពីត្រចៀកអ្នកស្ដាប់ សូម្បីតែអ្នកចម្រៀងអភ័ព្ទនេះក៏បាត់ពីមាត់ដែរ។ ខ្ញុំប្រឹងទន្ទេញទំនុកច្រៀងឡើងវិញដដែរៗ ពេលតាមផ្លូវទៅមហោស្រព។

ទៅដល់! មនុស្សជាច្រើនកុះករបានត្រៀបត្រា ធ្វើដំណើរឆ្ពោះតាមជណ្ដើរឡើងចូលរោងមហោស្រព។ ខ្ញុំញញឹមជានិច្ច ប៉ុន្តែស្រាប់តែឃើញឆាកតូចមួយនៅខាងក្រៅ។ ស្រមោលមនុស្សលឹមៗ កំពុងរៀបចំឧបករណ៍តន្ត្រី។ ទុកយានជំនិះរួច ខ្ញុំក៏ចាប់ផ្ដើមដើរទាំង ភ្នែកស្រវាំងទៅឆាកនោះ រំពេចនោះក៏ឃើញគ្នីគ្នា។ ខ្ញុំក៏នឹកក្នុងចិត្តថា ឱ!នេះ ខ្ញុំដូចជាកំពុងគិតខុសហើយ។ ខ្ញុំក៏ដោះអាវធំមួយជាន់ចេញ។ ខ្ញុំសើចលេងនឹងស្វាគមន៍ដល់ក្រុម បន្ទាប់មកខ្ញុំក៏ទទួលសំបុត្រដោយឥតគិតថ្លៃមួយ ដើម្បីឲ្យបានចូលមើលទស្សនិយភាពសិល្បៈខាងក្នុង។

ឯណេះទេ គឺការសម្ដែង ខាងក្រៅ គឺជាការសម្ដែងកំដររាត្រីប៉ុណ្ណោះ។ ទោះជាយ៉ាងណា ខ្ញុំនៅតែញញឹម ព្រោះមនុស្សច្រើនកុះករណាស់ នៅខាងក្នុងរោង។ ខ្ញុំអង្គុយមើលស្រមោលព្រាលៗនៃល្ខោនស្បែកធំច្នៃរបស់យុវសិល្បករខ្មែរយ៉ាងជក់ចិត្តជាមួយគ្នីគ្នាពីរបីនាក់ទៀត។ ម្ដងម្កាល ខ្ញុំតែងលួចពន្យល់ទៅគ្នីគ្នាខ្ញុំ ដែលជាគ្រឹស្តបរិសទ ពីការធ្វើហោមរោង បញ្ជាន់អ្នកថែរក្សាឆាក ព្រោះគ្រឹស្តបរិសទទំនងជាមិនដែលដឹងពិធី ប្រពៃណីបូរាណនេះទេ។ ខ្ញុំគិតថា ខ្ញុំក៏ដូចជានិយាយច្រើនដែរ ព្រោះពួកគេប្រហែលជាមិនចូលចិត្តក៏ថាបាន។ ទស្សនិយភាពកាន់តែប្លែក ស្រមោលជាច្រើនបានលេចឡើង លេចបាត់ជាបន្តបន្ទាប់ ដូចជាសាច់រឿងក្នុងកុន។ មែនហើយ តាមពិតទៅ គ្រឹះនៃខ្សែភាពយន្ត គឺកើតចេញពី ល្ខោនស្រមោលស្បែកធំខ្មែរនេះហើយ ព្រោះការប្រើពន្លឺក្នុងប្រភេទល្ខោននេះមានទំនោរទៅរក ការប្រើបច្ចេកទេសកាម៉េរ៉ា នៅក្នុងខ្សែភាពយន្ត។

ខួរក្បាលខ្ញុំមិនដែលទំនេរទេ គេគិតនេះគិតនោះមិនចេះចប់ ម្ដងម្កាល គេស្រម៉ៃនឹកចង់បង្កើតកុនមួយនិយាយពីសិល្បៈទំរង់ប្រភេទនេះ ម្ដងទៅ គេនឹកឃើញចង់បង្កើតភ្លេងប្រភេទនេះ។ សេរីភាពពេក ខ្ញុំក៏ប្រមូលវាចូលគ្នាវិញ រួចក៏បបួលគ្នាចាកចេញពីរោងល្ខោន បន្ទាប់ពីចូលឈុត ចាប៉ីដងវែងដែលប្រគុំតន្ត្រីដោយ លោកតាព្រឹទ្ធាចារ្យគង់ណៃ។ ខ្ញុំចូលចិត្តចាប៉ីដងវែងណាស់ ហើយក៏លួចស្ងើចសរសើរអ្នកច្រៀងចាប៉ីដែរ កោតគេចេះរកពាក្យដ៏ពិរោះៗនិងជួនគ្នាណែនណងទៅរួច ក្នុងពេលដែលខ្លីៗបែបនេះ។

មកដល់ខាងក្រៅ ម៉ោង៨ហើយ ប៉ុន្តែទីដែលខ្ញុំត្រូវសម្ដែងនៅតែស្ងាត់ ស្រមោលមួយក៏គ្មានដែរ។ ខ្ញុំអង្គុយរង់ចាំជាមួយអ្នកតន្ត្រីករ ដោយអមជាមួយការសមតិចៗនៅបទរបស់យើងបណ្ដើរៗ។ ស្រមោលមនុស្សម្នាក់បានដើរមកដល់ក្បែរឆាករួចស្រែកប្រាប់ខ្ញុំថា ម៉ោង៨កន្លះទើបចាប់ផ្ដើម ប៉ុន្តែមិនមែនដូចមាត់គាត់ទេ គឺម៉ោង៩ឯណោះទេ ដែលខ្ញុំចាប់ផ្ដើមឃើញមនុស្សមក។

Rock’n roll រដូវលំហើយ/រូបថតពី YoKi.Coco

យើងរៀបចំបទរួច តែមិនបានធ្វើតាមនោះទេ ដ្បិតយើងសង្កេតឃើញទស្សនិកជន ចូលចិត្តបទញាក់ជាងបទស្លូដែលយើងត្រៀម។ បើកុំតែបាន សុភា ជាអ្នកធ្វើពិធីករ ម្ល៉េះសមមិនញាំងបរិយាកាសល្អម្លឹងទេ បើតាមខ្ញុំគឺចប់ហើយ មិនពូកែវោហារសាស្ត្រសោះ គឺចេះតែនិយាយតទល់ជាមួយមនុស្សម្នាក់ និងធ្វើសកម្មភាពឲ្យគេមើលតែម្ដង។

ជិត១០ហើយ មានទស្សនិកជនតែប្រហែលជាង២០នាក់ប៉ុណ្ណោះ ប៉ុន្តែសប្បាយដែរ ព្រោះពួកគេពូកែរាំណាស់។ យើងច្រៀងយ៉ាងរីករាយ ទោះជាតិច តែក៏រីករាយ ធ្វើម៉េច យើងមានគេដឹងតែប៉ុណ្ណឹង។ ខ្ញុំនៅតែញញឹម ញញឹមរហូតចប់កម្មវិធី គេបិទភ្លើងដេញទៀត… 😀 ខំស្លៀកពាក់ស្អាតបាត តែគិតខុសទាំងអស់។ មកដល់ផ្ទះ ម៉ាក់ប៉ាបិទទ្វាចោល ខ្ញុំក៏ខលហៅប្អូនជួយបើកទ្វា ព្រោះមិនចង់រំខានលោកទាំងពីរដ្បិត លោកទាំងពីរកំពុងទៅយកខោរអាវនៅខាងក្រៅ។ តុំយ៉ាំ រសជាតិបង្កង! នេះជាសំលដែលម៉ាក់ប៉ាទុកឲ្យ… មែនហើយ គឺរសជាតិបង្កង ប៉ុន្តែបង្កងស្ទើរតែគ្មាន។ ខ្ញុំហុតម៉ាល្មមលែងឃ្លាន ហើយក៏ចូលមកគេង។ អស់កម្លាំងណាស់ ដល់ថ្នាក់បើកកុំព្យូទ័រចោលរហូតដល់ភ្លៀងមួយមេធំ ទើបភ្ញាក់ព្រឺត បានដឹងម៉ោង២ភ្លឺហើយ។ ហ្ហឹម!!! ជីវិតតែប៉ុណ្ណឺង! 😀

ក្រមតន្ត្រីស្នាមញញឹម,ចំរើន សុភាព និងខ្ញុំ/រូបថតពី YoKi.Coco

ក្រមតន្ត្រីស្នាមញញឹម,ចំរើន សុភាព និងខ្ញុំ/រូបថតពី YoKi.Coco

11172012

២០ឆ្នាំនៃការចងចាំ របស់មនុស្សអតីតកាលមួយគូ៖ SECRET

អ្នកធ្លាប់គិតថា អ្នកបានជួបនឹងមនុស្សដែលមកពីអតីតកាលឬទេ? អ្នកដែលស្រម៉ៃថា នារីម្នាក់ដែលអ្នកបានស្គាល់ គឺជានារីម្នាក់កាលពី២០ឆ្នាំមុនទេ?

«មុនព្រឹត្តិការណ៍ដ៏អស្ចារ្យនេះបានកើតឡើង Ye Xiang Lun បានផ្លាស់ប្ដូរសាលា មកសិក្សានៅសាលាតូរ្យតន្រ្តីមួយ ដែលជាសាលតូរ្យតន្ត្រីដ៏ល្បីល្បាញ និងសំបូរទៅដោយសិស្សដ៏មានទេពកោសល្យ។ ថ្ងៃមួយ Ye Xiang Lun បានឮសំឡេងព្យាណូដ៏អាថ៌កំបាំងមួយ បន្លឺចេញពីក្នុងបន្ទប់ចំណាស់នៃអាគារ។ ដោយសារតែសំឡេងនោះហើយ បានធ្វើឲ្យលោកជួបនឹង Lu Xiaoyu ឬ Rain។ ពេលដែលLun សួរនាងអំពីតន្ត្រីដ៏អាថ៌កំបាំងនោះ នាងបានប្រាប់គាត់ថា នេះបទភ្លេង «អាថ៌កំបាំង» មិនអាចប្រាប់បានទេ។ មិត្តភាពរបស់អ្នកទាំងពីរ បានវិវត្តន៍ទៅយ៉ាងលឿនក្នុងភាពអាថ៌កំបាំង។ ក្រោយមក Xianglun បានប្រាប់ Lun ពីការវាយកម្ទេចចោល នូវអាគារព្យាណូចំណាស់នោះ ក្នុងថ្ងៃបញ្ចប់ការសិក្សា ដោយនាងថែមទាំងបានបង្រៀនពីបទចម្រៀង អាថ៌កំបាំង មួយ ទៀតផង។

ជាយថាហេតុ Lun បានថើប Qing Yi មិត្តរួមថ្នាក់របស់គេម្នាក់ទៀត ដោយយល់ច្រឡំថាជា Rain។ ពីពេលនោះ Rain ក៏បាត់ខ្លួនឈឹងដល់ទៅ ៥ខែ គឺរហូតដល់ថ្ងៃបញ្ចប់ការសិក្សារបស់Lun ទើបRain បានបង្ហាញខ្លួនសារជាថ្មីម្ដងទៀត យ៉ាងអាថ៌កំបាំង។ Lun ព្យាយាមរត់ទៅរកនាង តែក៏បាត់នាងម្ដងទៀត។ ពេលនោះ Lun ក៏ចាប់ផ្ដើមសួរអ្នកដែលនៅជុំវិញខ្លួន និងព្យាយាមសាកសួរពី ម្ដាយរបស់Rain និងឱពុករបស់គាត់អំពីRain ថា Rain តាមពិតគឺជាសិស្សដែលត្រូវបានបញ្ចប់ថ្នាក់ក្នុងឆ្នាំ១៩៧៩ គឺកាលពី២០ឆ្នាំមុន។ កាលណោះ ឱពុករបស់Lun គឺជាគ្រូបង្រៀនព្យាណូម្នាក់របស់ Rain។ Rain បានប្រាប់ ឱពុក Lun អំពីការ ឆ្លងសម័យទៅ កាន់ពេលបច្ចុប្បន្នកាលនេះ តាមរយៈស្នាដៃចម្រៀងមួយ ដែលមានឈ្មោះថា «Secret»។ នាងបានរកឃើញសៀវភៅនោះ ពីក្នុងព្យាណូចំណាស់មួយ ក្នុងបន្ទប់ព្យាណូរបស់នាង។ នាងបានធ្លាក់ក្នុងអន្លង់ស្នេហ៍របស់ Lun ដែលជាមនុស្សបច្ចុប្បន្នកាល។ គេគ្រប់គ្នាគឺមិនអាចមើលឃើញនាងនោះទេ លើកលែងតែមនុស្សដំបូងដែលឃើញនាងក្នុងដំណើរមួយនោះប៉ុណ្ណោះ ដែលអាចមើលឃើញនាង។

ក្រោយមក ពេលដែលRainបានឃើញ Qing Yi ថើប Lun នាងក៏ត្រឡប់ទៅពេលវេលាធម្មតាវិញ។ ពេលដែលនាងបានបាត់ពីផ្ទះកំឡុងពេលនោះ គេគ្រប់គ្នាជឿថានាងមានជម្ងឺធ្ងន់ធ្ងរ។ ការចងចាំនៃបន្ទប់ព្យាណូ ត្រូវបានវាយកម្ទេចចោលក្នុងថ្ងៃបញ្ចប់ការសិក្សានាឆ្នាំ១៩៩៩ នាងក៏ព្យាយាមធ្វើដំណើរ ទៅអនាគតកាល ដើម្បីមើលLunចុងក្រោយម្ដងទៀត ប៉ុន្តែអ្វីដែលរិតតែសោកសៅនោះ Lunបែរជាដពាក់ខ្សែដៃរបស់ Qing Yi ដែលធ្វើឲ្យRain រិតតែជឿថា Lun មិនបានស្រឡាញ់ខ្លួននោះទេ។ ដូច្នេះ Rainក៏ត្រឡប់មកពេលវេលាធម្មតារបស់នាងវិញ ទាំងទម្ងន់បេះដូងដ៏ធំធេងចំពោះLun។ ក្រោយមក ពេលកំណត់នៃជម្ងឺហឺតដ៏ធ្ងន់ធ្ងររបស់Rainបានមកដល់ ចំពេលដែលនាងកំពុងព្យាយាមសរសេរសារទៅកាន់បុរសដែលនាងស្រឡាញ់ស្មើជីវិត រហូតដល់ដង្ហើមចុងក្រោយរបស់នាង។ Lunបានឃើញសារនោះនៅលើតុ ហើយក៏ព្យាយាមសរសេរសារត្រឡប់វិញដែរ តែមិនបានទទួលចម្លើយតបសោះ។ Lunក៏ប្រញាប់ប្រញាលរត់ទៅផ្ទះរបស់Rain តែទើបតែដឹងថាគ្មានRainនៅក្នុងបន្ទប់នោះទៀតទេ។ ម្ដាយរបស់Rain ចុងក្រោយ បានដឹងថា Lun គឺជាបុរសម្នាក់ នៅក្នុងរូបគំនូរ ដែលកូនស្រីគាត់បានគូរកាលពី២០ឆ្នាំ ក្នុងដំណើរទៅអនាគតកាលរបស់នាងមែន។

ក្រោយពីបានដឹងរឿងពីនាងអស់ហើយ Lunក៏ព្យាយាមរំលឹកបទភ្លេង «Secret» ដែលនាងបង្រៀនគេ ហើយដែលមានឥទ្ធិពលអាច នាំរូបគេទៅកាន់អតីតកាលបាន។ គាត់ក៏ព្យាយាមរត់ទៅកាន់បន្ទប់ព្យាណូ ចំពេលដែលគេកំពុងតែព្យាយាមកម្ទេចកន្លែងនោះចោល។ ស្របពេលនោះដែរ ឱពុករបស់Lun បានបើកមើលសៀវភៅដែលRain ទុកឲ្យគេកាលពី២០ឆ្នាំមុន រួចក៏ប្រទះឃើញ សំបុត្រចុងក្រោយរបស់Rain ដែលមានបាំងនៅពាក្យថា «ជូនចំពោះ Lun»។ ចំណែកLunវិញ បានព្យាយាមលេងព្យាណូនោះ រហូតដល់គេ វាយកម្ទេចអាគារនោះចុងក្រោយ។ Lunក៏បានត្រឡប់ទៅ២០ឆ្នាំមុន។ គាត់បានឃើញស្នាមញញឹមរបស់Rainសារជាថ្មី។ នៅក្នុងរូបថតនៃព្រឹត្តិការណ៍បញ្ចប់ការសិក្សាឆ្នាំ១៩៧៩ រូបថត Lun និង Rain បានឈរនៅទន្ទឹមគ្នា។ Lun និង Rain បានរស់នៅជាមួយគ្នាក្នុងអតីតកាលជារៀងរហូត៕»

ដឹកនាំដោយ Jay Chou / ផលិតករ William Kong / និពន្ធដោយ Jay Chou និង To Chi-long / សម្ដែងដោយ Jay Chou , Kwai Lun-Mei, Anthony Wong, Alice Tzeng / និពន្ធបទភ្លេងដោយ Terdsak Janpan និង Jay Chou / ភាពយន្តដោយ Lee Ping-pin

ពានរង្វាន់៖

Year Award Category Nomination Result Ref
2007 44th Golden Horse Awards Best Supporting Actress Alice Tzeng Nominated [17]
Best Visual Effects Victor Wong , Eddy Wong, Yiu Ming Cheung, Donnie Lai Won
Best Original Score Terdsak Janpan and Jay Chou Nominated
Best Original Song “不能說的‧祕密” (Secret) by Jay Chou
released in Secret
Won
Outstanding Taiwanese Film of the Year Secret Won
Outstanding Taiwanese Filmmaker of the Year Jay Chou Nominated
2008 27th Hong Kong Film Awards Best Asian Film Secret Nominated [18]

(រៀបចំនឹងប្រែសម្រួលចេញពី http://en.wikipedia.org/wiki/Secret_%282007_film%29 ដោយយ៉ូជីណ ម៉ា)

 

នេះជាសាច់រឿងដ៏វែងអន្លាយមួយរបស់ ខ្សែភាពយន្តមួយមានចំណងជើងថា៖ « Secret» កាលពីឆ្នាំ២០០៧។  ៦ឆ្នាំមែន តែវាពិតជាមានឥទ្ធិពលខ្លាំងណាស់ក្នុងជីវិតរបស់ខ្ញុំ ក្នុងពេលនេះ។ ខ្ញុំពិតជាស្ងើចសរសើរនូវទេពកោសល្យរបស់អ្នកដឹកនាំរឿងនេះសម្បើមណាស់ ហើយក៏សង្ឃឹមថា ថ្ងៃណាមួយ ខ្ញុំអាចនិពន្ធ ដឹកនាំរឿង សរសេរបទភ្លេង និងសម្ដែងបានដូចនេះ។ 🙂

Secret (JAY CHOU)

Secret (JAY CHOU)

លោកអ្នកក៏អាចទស្សនា និងរំភើបជាមួយខ្ញុំ ក្នុងរឿងមួយនេះបានផងដែរ តាមរយៈតំណភ្ជាប់ខាងក្រោមនេះ៖

កុលាបតូក្យូ (Bolero Twist)

សម្រាប់ថ្ងៃសៅរិ៍ចុងសប្ដាហ៍ដ៏ស្រស់ត្រកាលនេះ កំណត់ហេតុ របស់ខ្ញុំ សូមនាំអារម្មណ៍ប្រិយមិត្តអ្នកចូលចិត្តស្ដាប់ចម្រៀងទាំងអស់ ឲ្យហោះហើរ អន្ទោងអារម្មណ៍ បណ្ដុំវិញ្ញាណ ឆ្ពោះទៅឋានសុបិនដ៏មនោរម្យមួយនៃអតីតកាល ក្នុងមនោសញ្ចេតនា ដ៏លន្លង់លន្លោច របស់ អធិរាជសំឡេងមាស លោក ស៊ីន ស៊ីសាមុត កាលពីអតីតកាល ជាមួយនឹងបទចម្រៀងមួយបទក្រោមចំណងជើងថា«កុលាបតូក្យូ»។

ពិតជាប្លែកណាស់ហើយ បើសម្រាប់ប្រិយមិត្តដែលមិនសូវស្ដាប់បទពីដើមស៊ីជម្រៅ ប៉ុន្តែនេះជាចំណីអារម្មណ៍មួយប្លែក នៅតែប្លែក របស់កវីរៀមច្បងយើងជំនាន់មុន។

ថាតើ លោកស៊ីន ស៊ីសាមុតផ្ទាល់ ដែលជាអ្នកនិពន្ធទាំងទំនុកភ្លេង និងទំនុកច្រៀងនោះ បាន ពិពណ៌នារៀបរាប់ អនុស្សាវរីយ៍របស់លោក បែបណាខ្លះ ពីក្រុងតូគីយ៉ូ ប្រទេសជប៉ុន? ហើយថាតើ ប្រទេសជប៉ុនជំនាន់នោះ មានទិដ្ឋភាពក្នុងមនោសញ្ចេតនាភ្លេងរបស់ខ្មែរយើងបែបណា ខ្លះសូមអញ្ចើញស្ដាប់ និងក្រេបរសពាក្យកាព្យដ៏សែនណែនណង ពិរោះ រងំក្នុងចិត្ត ដែលយើងបានចងក្រងឡើង ទុកជូន ទាំងអស់គ្នា! សូមអញ្ចើញស្ដាប់ដោយមេត្រី!

កុលាបតូក្យូ [Rose De Tokyo] (Bolero Twist)

បទភ្លេងនិងទំនុកច្រៀងដោយ ស៊ីន ស៊ីសាមុត | ច្រៀងដោយ ស៊ីន ស៊ីសាមុត | ឆ្នាំ១៩៦៤-១៩៦៦ (ថាសវត្តភ្នំ45-5048)

១. ក្រុងតូគីយ៉ូ ល្អដូចឋានសួគ៌នៅក្នុងលោកា ព្រមទាំងកញ្ញា ដូចទេពធីតានាឋានសួគ៌ាល័យ។ ២. ស្រស់អើយសែនស្រស់ នាំអោយចិត្តប្រុសជួបជាប់ស្រម៉ៃ គួចចិត្តបេតី ប្រាថ្នារូបស្រីមកជាគូវាសនា។ បន្ទរ. កុលាបភ្នំពេញក៏មាន ច្រើនល្អប្រៀបបានទេព្ដា តែចិត្តបងគ្មានបំណងប្រាថ្នា ដូចប្រាថ្នាចំពោះរូបស្រី។ ៣. ក្រអូបអ្វីម្ល៉េះ រៀមបានប្រទះក្នុងគ្រាថ្មីៗ រៀមសូមថ្នមបី រួមភិសម័យលុះថ្ងៃអវសាន្ត។

(ភ្លេង>បន្ទរ និង ៣)

(បញ្ជាក់៖ រាល់ព័ត៌មានដែលទាក់ទងនឹងបទចម្រៀងនេះ ទាំងអស់នឹងមានបញ្ចូលនៅពេលណា អ្នកស្រាវជ្រាវរកឃើញបន្ថែម!)