អាណាចក្រចង្រិត

ថ្ងៃនេះជាថ្ងៃខួបកំណើតរបស់ខ្ញុំ។ ដើម្បីជាសុភមង្គលប្រចាំឆ្នាំដោយខ្លួនឯង ក្នុងអាយុ២១ឆ្នាំនេះ ខ្ញុំសូមនាំនូវកម្រងរឿងដ៏ខ្លីមួយ ដែលខ្ញុំបានប្រឌិតឡើងទុកជាចំណងដៃប្រចាំអាយុ២១ឆ្នាំនេះ៖

នាយប់មួយ!

[…] ពេលកំពុងដើរ ខ្ញុំបានឃើញទីកន្លែងមួយ ដែលគេសរសេរថា«តំបន់គ្រោះថ្នាក់»ហើយនៅទីនោះទៀតសោត ក៏មានបិតផ្លាកមួយ ដែរថា«រដូវវស្សា» ដែលនៅក្រោយនោះ មានទឹកសន្សើមធំៗ និងងងឹតចាក់ភ្នែកមិនធ្លុះនោះទេ។

[…] ខ្ញុំក៏ទុករនាតចង្រឹតនោះមួយឡែកសិន រួចងើបឡើងពន្យល់ពួកគេថា៖
«តើអ្នកទាំងអស់គ្នាដឹងទេថា ដើម្បីឲ្យយើងអាចរស់នៅមានន័យ តើយើងត្រូវធ្វើអ្វីខ្លះ?» ខ្ញុំស្រែកខ្លាំងៗ!

«ត្រូវច្រៀងនិងរាំឲ្យបានច្រើន ព្រោះពេលកើតទុក្ខរបស់យើងមានច្រើនណាស់!» ចង្រឹតមួយបានស្រែកឡើង។

«ខ្ញុំថា ត្រូវតែស៊ីស្មៅឲ្យបានច្រើន ទើបជាការប្រសើរ។» ចង្រឹតមួយទៀត ស្រែកឡើង។

[…] ទ្វារត្រឡប់ទៅកាន់ឋានរបស់ខ្ញុំក៏បើកឡើងវិញ។ មេឃភ្លឺហើយ ប៉ុន្តែផ្ទៃមេឃហាក់ដូចជាមិនភ្លឺសោះ ពេលនោះតំណក់ទឹក មួយតំណក់ធំបានធ្លាក់មកចំទ្វាររបស់ខ្ញុំ បណ្ដាលឲ្យទ្វារនោះអណ្ដែតទៅបាត់ ហើយចង្រឹតទាំងឡាយក៏ធ្លាក់ចុះមកវិញ ជាបន្តបន្ទាប់។

សូមចុចលើរូបភាពនេះដើម្បីដោនឡូតទុក៖

The City of Cricket by Pañña

The City of Cricket by Pañña

The City of Cricket by Pañña

បរាជ័យនៅតែជាមេរៀនល្អសម្រាប់ជីវិត

ក្រុមការងារស្ម័គ្រចិត្ត

ក្រុមការងារស្ម័គ្រចិត្ត

មួយរយៈនេះ ខ្ញុំទទួលរឿងបរាជ័យជាច្រើន ហើយក៏បានកត់វាជាមេរៀនជីវិតថ្មីៗជាច្រើនទៀតដែរ។ ដោយសារតែ ឆន្ទៈភ្លើងចំបើង បានធ្វើឲ្យភាពបាក់ទឹកចិត្តកាន់តែរីកដុះដាលធំធេងក្នុងក្ដីស្រម៉ៃរបស់ខ្ញុំច្រើនឡើងៗ។ នេះគ្រាន់តែជាបញ្ហាមួយក្នុង បញ្ហាទាំងអស់ប៉ុណ្ណោះ។

ព្រោះតែក្ដីស្រម៉ៃដែលកំពុងតែឋិតនៅលើផ្លូវ ខ្ញុំបែរជាធ្លាក់ខ្លួនជាមនុស្សដែលដេកចាំព្រេងសំណាង។ អ្នកណាទៅដឹង ព្រេងសំណាងទាំងនោះ គ្រាន់តែជាខ្យល់បក់ប៉ះធូលីមួយប្រាវប៉ុណ្ណោះ។ ចុងឆ្នាំ២០១២ បានចូលមកដល់ បេសកកម្មកន្លែងធ្វើការចាស់របស់ខ្ញុំ ក៏ត្រូវបានបញ្ចប់ ដូចដែលបានជជែកគ្នាជាមួយនឹងប្រធានរបស់ខ្ញុំ។ ខ្ញុំក៏ក្លាយជាមនុស្សដើលហេលហាល រំពឹងទិសដៅ ចាំមើលតែព្រេងសំណាង ប៉ុន្តែ ខ្ញុំមិនបានទុកពេលវេលានេះឲ្យដូចអ្វីដែលកំពុងជួបទេ​ ខ្ញុំក៏ចាប់សរសេររឿងខ្លីមួយដើម្បីថត។ ស្របពេលដែលខ្ញុំបានឃើញ Video Clipជាច្រើន ដែលក្មេងៗ និងអ្នកកុននិយមជាច្រើនបានបង្ហោះពីកុនប្រយុទ្ធ ដូច្នេះ ខ្ញុំក៏ចាប់ផ្ដើមសរសេរភ្ជាប់នឹងសាច់រឿងរបស់ខ្ញុំ។

ដើមឆ្នាំខែមករាបានចូលមកដល់ ខ្ញុំសម្រេចចិត្តមិនសុំទៅវៀតណាមជាមួយនឹងក្រុមគ្រួសារខ្ញុំទេ ព្រោះខ្ញុំចង់ធ្វើកុនខ្នាតខ្លីមួយនោះ ដោយពេលនោះខ្ញុំចាប់ផ្ដើមចំណាយពេលច្រើនឡើងៗ លើរឿងមួយនោះ។ វាដូចជាដង្ហើមអ៊ីចឹង ដកចេញដកចូលមួយភ្លែតសោះ ពេលវេលាថតថ្ងៃទី០៧ ដែលខ្ញុំកំណត់សម្របតាមក្រុមការងារ បានចូលមកដល់។ អ្នកណាទៅដឹង អ្នកឧបត្ថម្ភទាំងឡាយ មិនអាចធ្វើតាមពេលវេលា ដែលយើងកំណត់នោះទេ ព្រោះវាជាគោលដៅភ្លើងចំបើង ខ្ញុំក៏ដឹងដែរ។ សម្រាប់អ្នកឧបត្ថម្ភធំមួយរបស់ខ្ញុំ គេចង់ឲ្យខ្ញុំកែសាច់រឿងខ្លះ ដើម្បីសម្របតាមក្រុមហ៊ុនគេ និងដើម្បីឲ្យសាច់រឿងកាន់តែល្អ ប៉ុន្តែខ្ញុំមានះដើម្បីសម្រេចវា ដ្បិតទី១ ខ្ញុំមិនបានធ្វើកុននោះដើម្បីក្រុមហ៊ុននោះទេ ទី២ក្រុមការងារខ្ញុំមានពេលវេលាតិចតួចណាស់សម្រាប់ការងារនេះ ទី៣ខ្ញុំចង់ប្រាប់ថាទោះជាយ៉ាងណា នេះជាឆន្ទៈរបស់ខ្ញុំ។ ផ្ទុយលើការរំពឹងទុកទាំងស្រុង អ្នកឧបត្ថម្ភទាំង៤ មិនបានជួយអ្វីតាមការគិតរបស់ខ្ញុំនោះទេ មានតែអ្នកឧបត្ថម្ភម្នាក់ប៉ុណ្ណោះ ដែលគាត់បានផ្ដល់នូវសម្ភារៈ សម្រាប់ការថតនេះ។ ខ្ញុំសូមមិនបញ្ចេញឈ្មោះ ព្រោះនេះជាការឲ្យតម្លៃខ្ញុំទៅកាន់អ្នកឧបត្ថម្ភដ្បិតខ្ញុំមិនបានសម្រេចវា។ ដូច្នេះ ការថតនេះ ត្រូវដំណើរការទាំងរដាប់រដួល ដោយមុនថតនោះ ខ្ញុំក៏យកខ្លួនខ្ញុំនិងពេលវេលាទៅដូរជាមួយនឹងក្រុមហ៊ុនកុនបរទេសមួយ ដើម្បីដោះដូរយកសម្ភាៈខ្លះ ទីកន្លែង បាយថ្ងៃត្រង់ និងឡានសម្រាប់ជូនទៅជូនមក។ គេមិនមានថវិការតាមអ្វីដែលខ្ញុំគិតទេ តែអ្វីដែលគេជួយក៏ជាចំណែកធំដែរ។ រហូតដល់ថ្ងៃថតថ្ងៃទី១ ការរំពឹងទុកត្រូវបានប្រែប្រួល ដោយក្នុងនោះ ខ្ញុំសូមអរគុណបងប្រុសម្នាក់នៅ Smallworldដែលបានជួយលើកទឹកចិត្តភ្លាមៗនូវថវិការដែលខ្ញុំត្រូវការ។ ខ្ញុំរីករាយយ៉ាងខ្លាំង តែវាដូចជាហួសពេលទៅហើយ ព្រោះដោយសារតែភ្លាមៗនោះ ក្រុមខ្ញុំត្រូវទិញភ្លើង ហើយបានធ្វើឲ្យកាលវិភាគដើរទៅកន្លងអស់។ តួកិត្តិយសទាំងឡាយក៏រវល់។ ការថតក៏កាន់តែមិនយល់គ្នា។ អ្នកធ្វើការក៏ចាប់ផ្ដើមអស់កម្លាំងនិងបាក់ទឹកចិត្ត។ ខ្ញុំក៏សម្រេចចិត្តផ្អាកការថតតែម្ដងដោយក្នុងចិត្តគ្មានរំពឹងថានឹងបាន ធ្វើវាទៀតទេ តែការនិយាយលើកទឹកចិត្តខ្ញុំ គឺនៅតែមានសម្រាប់ពួកគេ។

 

ខ្ញុំពិតជាសូមអរគុណណាស់ចំពោះរត្ន័ទាំងពីរ បុត្រ សេងហ៊ន និងមិត្តភក្តិ Rick បងវិរៈ បងឌីយ៉ា សម្ភស្ស បងថាវរី បងរិទ្ធី Lida និងមនុស្សមួយចំនួនទៀត សម្រាប់ការដែលចំណាយពេលធ្វើអ្វីដែលខ្ញុំបានគ្រោង ពិសេសគឺបំពេញញក្ដីសុបិនជុំគ្នា ហើយពិសេសជាងនេះ ក៏សូមអរគុណអ្នកឧបត្ថម្ពដែលជួយខ្ញុំក្នុងពេលដែលខ្វះខាត ខ្ញុំនឹងចងចាំទឹកចិត្តនេះជារៀងរហូត។

ភាពបាក់ទឹកចិត្តបានកើតមានយ៉ាងដំណំក្នុងជីវិតខ្ញុំ។ ខ្ញុំចាប់ផ្ដើមគេងយប់ជ្រៅ និងងើបយឺតម្ដងទៀត ហើយពេលនោះហើយដែលធ្វើឲ្យក្ដីស្រម៉ៃខ្ញុំ ត្រូវស្រពេចស្រពិលដោយសារតែហេតុផលបរាជ័យ និងការសុំជំនួយផ្លូវចិត្តពីលោកប៉ាខ្ញុំ ដូចរាល់ដង។ ម្ដងនេះ លោកប៉ាក៏លើកយករឿងនេះមក និយាយហើយ ពន្យល់ខ្ញុំឲ្យបោះបង់សុបិននោះចោល គឺសុបិនជាអ្នកផលិតខ្សែភាពយន្ត ហើយគាត់ចង់ឲ្យខ្ញុំបន្តជំនាញរបស់ខ្ញុំ។ ខ្ញុំរិតតែរារែកទៅរារែកទៅ ព្រោះតែរឿងទាំងនេះ។ ម្ដងបន្តិចៗ ពេលវេលានិងសុខភាពខ្ញុំបានវិលមកដូចដើមវិញ ខ្ញុំបានមើលឃើញនូវការផលិត ប៉ុន្មានដែលខ្ញុំបានធ្វើ ហើយវាបានធ្វើឲ្យខ្ញុំនៅតែចង់ធ្វើការងារនោះយ៉ាងខ្លាំង។

ប៉ុន្មានថ្ងៃក្រោយមក ខ្ញុំក៏សម្រេចចិត្តទៅជួបក្រុមហ៊ុនដែលបាននិយាយលើកមុនវិញ ហើយគេក៏ផ្ដល់ការងារមួយឲ្យខ្ញុំ ដែលចំពេលដែលខ្ញុំ គួរតែគិតគូរឿងបញ្ចប់បរិញ្ញាបត្រខ្ញុំភ្លាម។ ដូច្នេះ ខ្ញុំក៏សម្រេចចិត្តចូលធ្វើការ ដោយត្រៀមជាស្រេចសម្រាប់ការងារថ្មី ជាមួយនឹងក្នុងចិត្តរារែក ក្នុងការសម្រេចចិត្តថាតើ គួរតែបោះបង់ក្ដីសុបិន ឬបន្តវា។ ម្យ៉ាងទៀត ខ្ញុំបារម្ភណាស់សម្រាប់ការងារថ្មី ខ្លាចក្រែង ខ្ញុំធ្វើមិនបានល្អដូចការងារចាស់ទៀត។ ព្រឹកថ្ងៃទី១០ ខែមករា ខ្ញុំក៏បានសម្រេចក្នុងការបើកសៀវភៅInternshipរបស់ខ្ញុំ ជាមួយនឹងការខុសជំនាញ តែត្រូវសុបិន។ ខ្ញុំបានសូមយោបល់ពីបងរិទ្ធីជាច្រើន ដែលយោបល់ទាំងនេះហើយ បានធ្វើឲ្យខ្ញុំឃើញពន្លឺឡើងវិញ ក្នុងភាពងងឹតនៃក្ដីសុបិនរបស់ខ្ញុំ។ ខ្ញុំនឹងឈប់និយាយ ហើយខ្ញុំនឹងចាប់ផ្ដើមធ្វើ ដោយសំដៅទៅមុខជានិច្ច។ អរគុណបងរិទ្ធី អរគុណគ្រប់គ្នាសម្រាប់ឱកាស និងក្ដីស្រឡាញ់សម្រាប់ខ្ញុំ។

ទឹកថ្លា, ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៣

10012013

សៀវភៅInternship

សៀវភៅInternship

ស្រមោលមួយនៅរោងមហោស្រព

ចេនឡា ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១២

គ្រាន់តែបើកFacebook បន្ទាប់ពីមកពីរៀនភ្លាម ខ្ញុំស្រាប់តែឃើញសារ៤ ក្នុងនោះ គឺសាររបស់បងភា ដែលខ្ញុំអាន។ គ្រាន់តែអានសារ ខ្ញុំភ្ញាក់ព្រឺត វិញ្ញាណខ្ញុំក៏រលឹកខ្ញុំថា មែនហើយពីម្សិលមិញខ្ញុំបិទសំឡេងទូរស័ព្ទពេលម៉ោងរៀន ដល់ពេលនេះហើយមិនទាន់…. គិតដល់ត្រឹមណេះ ខ្ញុំក៏ប្រញាប់ប្រញាល់ទាញទូរស័ព្ទពីហោរប៉ៅខោរភ្លាម រំពេចនោះ ខ្ញុំក៏ប្រទះឃើញ ៣១ Missed call និង SMS ១។ ខ្ញុំក៏ចាប់ទូរស័ព្ទទៅតាមលំដាប់។ ក្នុងនោះ ខ្ញុំក៏ទទួលដំណឹងពីរ ទាក់ពីការងារជាបន្ទាន់នាល្ងាចនេះ។ ទី១គឺត្រូវទៅសម្ដែងជាមួយក្រុមក្នុងកម្មវិធី មហោស្រពយុវវ័យឆ្នាំ២០១២ ចំណែកឯទី២ គឺត្រូវសម្ដែងជាបន្ទាន់មួយជាមួយភោជនីដ្ឋានអន្តរជាតិឈ្មោះថា Doors។

ឮដំណឹងទី១ភ្លាម ខ្ញុំក៏ត្រូវប្រញាប់ប្រញាល់រៀបចំខ្លួនទៅធាហេងដើម្បីសមភ្លេង ៤បទ។ ខ្ញុំច្រៀងទាំងអត់បាយថ្ងៃត្រង់។ បន្ទាប់មកទើបទទួលដំណឹងថា កម្មវិធីមហោស្រពយុវវ័យប្រចាំឆ្នាំ ត្រូវការឲ្យពួកខ្ញុំសម្ដែងម៉ោង៨យប់ទៅ។ ដូច្នេះ ក៏ធ្វើឲ្យខ្ញុំសម្រេចចិត្តលុបចោល កម្មវិធីនៅDoors។ មែនហើយ តាមពិតខ្ញុំគ្មានរំពឹងថានឹងចូលរួមទេ ព្រោះតាមរយៈការជជែកវែកញែកគ្នាពីបញ្ហាពានលើកមុន ធ្វើឲ្យខ្ញុំពិបាកនឹងចូលរួមជាមួយក្រុម ដ្បិតខ្ញុំមានចិត្តមួយ មិនសប្បាយចិត្តនឹងពាក្យដែលគេចាត់ទុកខ្ញុំថា «…ជាអ្នកមានតែក្នុងផ្ទះកុំអាងយ៉ាងខាងក្រៅ»។ ពាក្យនេះ ខ្ញុំចាំមួយជីវិត ព្រោះខ្ញុំមិនដែលមានគំនិត បែបនេះសោះ បើមិនចាំបាច់ប្រើអំណាចទាំងនោះ។ ខ្ញុំឈឺចិត្តណាស់ នឹងពាក្យទាំងនោះ ប៉ុន្តែទោះជាយ៉ាងណា ការដែលគេចវេះ ពីបញ្ហា ស្មើនឹងការដែលធ្វើឲ្យបញ្ហាកាន់តែរីកធំ។ ខ្ញុំសុខចិត្តចូលរួម ហើយធ្វើជាមនុស្សមិនដឹងអីទាំងអស់ ជៀសវាងគេត្មិះដៀលទៀត។

ពេលល្ងាចបានចូលមកដល់ ក្ដីរំពឹងរបស់ខ្ញុំ បានហោះហើរ ស្មើនឹងឆាកតន្ត្រីមួយដែលមានអ្នកទស្សនាជាច្រើននាក់។ ខ្ញុំនិងក្រុមតន្ត្រីស្នាមញញឹម ប្រហែលជាត្រូវគេសាទរជាថ្មីលើឆាកតន្ត្រីបែបមហោស្រព ដែលនិយាយពីយុវវ័យ។ ខ្ញុំរីករាយណាស់ ជាមួយការឡើងឆាកជាថ្មី និងយកបទចម្រៀង ដែលខ្ញុំតែងជាមួយក្រុម កាលពីឆ្នាំមុនមកច្រៀងជាថ្មី។ ខ្ញុំសួរខ្លួនឯង តើខ្ញុំគួរតែពាក់ខោរអាវអ្វីសម្រាប់យប់នេះ? តិចក្រែងលោ មិនសមនឹងក្រុម ឬមិនសមនឹងឆាកសិល្បៈរបស់ខ្មែរ ទេឬ? ប៉ុន្តែ ខ្ញុំក៏គិតច្បាស់ថា ធ្វើយ៉ាងណា គឺខ្លួនឯងពេញចិត្ត ព្រោះខ្ញុំទុកចិត្តភ្នែករបស់ខ្ញុំ។ មុននឹងដល់នាទីណាត់ ខ្ញុំក៏ចាប់ផ្ដើមកំដៅសំឡេង និងលោតចុះលោតឡើងបន្តិច រួចបង្ហោះFacebookប្រាប់អ្នកធ្លាប់គាំទ្រ ឲ្យនឹកឃើញចម្រៀងខ្ញុំឡើងវិញ។ មែនហើយ គឺវាបាត់យូរហើយពីត្រចៀកអ្នកស្ដាប់ សូម្បីតែអ្នកចម្រៀងអភ័ព្ទនេះក៏បាត់ពីមាត់ដែរ។ ខ្ញុំប្រឹងទន្ទេញទំនុកច្រៀងឡើងវិញដដែរៗ ពេលតាមផ្លូវទៅមហោស្រព។

ទៅដល់! មនុស្សជាច្រើនកុះករបានត្រៀបត្រា ធ្វើដំណើរឆ្ពោះតាមជណ្ដើរឡើងចូលរោងមហោស្រព។ ខ្ញុំញញឹមជានិច្ច ប៉ុន្តែស្រាប់តែឃើញឆាកតូចមួយនៅខាងក្រៅ។ ស្រមោលមនុស្សលឹមៗ កំពុងរៀបចំឧបករណ៍តន្ត្រី។ ទុកយានជំនិះរួច ខ្ញុំក៏ចាប់ផ្ដើមដើរទាំង ភ្នែកស្រវាំងទៅឆាកនោះ រំពេចនោះក៏ឃើញគ្នីគ្នា។ ខ្ញុំក៏នឹកក្នុងចិត្តថា ឱ!នេះ ខ្ញុំដូចជាកំពុងគិតខុសហើយ។ ខ្ញុំក៏ដោះអាវធំមួយជាន់ចេញ។ ខ្ញុំសើចលេងនឹងស្វាគមន៍ដល់ក្រុម បន្ទាប់មកខ្ញុំក៏ទទួលសំបុត្រដោយឥតគិតថ្លៃមួយ ដើម្បីឲ្យបានចូលមើលទស្សនិយភាពសិល្បៈខាងក្នុង។

ឯណេះទេ គឺការសម្ដែង ខាងក្រៅ គឺជាការសម្ដែងកំដររាត្រីប៉ុណ្ណោះ។ ទោះជាយ៉ាងណា ខ្ញុំនៅតែញញឹម ព្រោះមនុស្សច្រើនកុះករណាស់ នៅខាងក្នុងរោង។ ខ្ញុំអង្គុយមើលស្រមោលព្រាលៗនៃល្ខោនស្បែកធំច្នៃរបស់យុវសិល្បករខ្មែរយ៉ាងជក់ចិត្តជាមួយគ្នីគ្នាពីរបីនាក់ទៀត។ ម្ដងម្កាល ខ្ញុំតែងលួចពន្យល់ទៅគ្នីគ្នាខ្ញុំ ដែលជាគ្រឹស្តបរិសទ ពីការធ្វើហោមរោង បញ្ជាន់អ្នកថែរក្សាឆាក ព្រោះគ្រឹស្តបរិសទទំនងជាមិនដែលដឹងពិធី ប្រពៃណីបូរាណនេះទេ។ ខ្ញុំគិតថា ខ្ញុំក៏ដូចជានិយាយច្រើនដែរ ព្រោះពួកគេប្រហែលជាមិនចូលចិត្តក៏ថាបាន។ ទស្សនិយភាពកាន់តែប្លែក ស្រមោលជាច្រើនបានលេចឡើង លេចបាត់ជាបន្តបន្ទាប់ ដូចជាសាច់រឿងក្នុងកុន។ មែនហើយ តាមពិតទៅ គ្រឹះនៃខ្សែភាពយន្ត គឺកើតចេញពី ល្ខោនស្រមោលស្បែកធំខ្មែរនេះហើយ ព្រោះការប្រើពន្លឺក្នុងប្រភេទល្ខោននេះមានទំនោរទៅរក ការប្រើបច្ចេកទេសកាម៉េរ៉ា នៅក្នុងខ្សែភាពយន្ត។

ខួរក្បាលខ្ញុំមិនដែលទំនេរទេ គេគិតនេះគិតនោះមិនចេះចប់ ម្ដងម្កាល គេស្រម៉ៃនឹកចង់បង្កើតកុនមួយនិយាយពីសិល្បៈទំរង់ប្រភេទនេះ ម្ដងទៅ គេនឹកឃើញចង់បង្កើតភ្លេងប្រភេទនេះ។ សេរីភាពពេក ខ្ញុំក៏ប្រមូលវាចូលគ្នាវិញ រួចក៏បបួលគ្នាចាកចេញពីរោងល្ខោន បន្ទាប់ពីចូលឈុត ចាប៉ីដងវែងដែលប្រគុំតន្ត្រីដោយ លោកតាព្រឹទ្ធាចារ្យគង់ណៃ។ ខ្ញុំចូលចិត្តចាប៉ីដងវែងណាស់ ហើយក៏លួចស្ងើចសរសើរអ្នកច្រៀងចាប៉ីដែរ កោតគេចេះរកពាក្យដ៏ពិរោះៗនិងជួនគ្នាណែនណងទៅរួច ក្នុងពេលដែលខ្លីៗបែបនេះ។

មកដល់ខាងក្រៅ ម៉ោង៨ហើយ ប៉ុន្តែទីដែលខ្ញុំត្រូវសម្ដែងនៅតែស្ងាត់ ស្រមោលមួយក៏គ្មានដែរ។ ខ្ញុំអង្គុយរង់ចាំជាមួយអ្នកតន្ត្រីករ ដោយអមជាមួយការសមតិចៗនៅបទរបស់យើងបណ្ដើរៗ។ ស្រមោលមនុស្សម្នាក់បានដើរមកដល់ក្បែរឆាករួចស្រែកប្រាប់ខ្ញុំថា ម៉ោង៨កន្លះទើបចាប់ផ្ដើម ប៉ុន្តែមិនមែនដូចមាត់គាត់ទេ គឺម៉ោង៩ឯណោះទេ ដែលខ្ញុំចាប់ផ្ដើមឃើញមនុស្សមក។

Rock’n roll រដូវលំហើយ/រូបថតពី YoKi.Coco

យើងរៀបចំបទរួច តែមិនបានធ្វើតាមនោះទេ ដ្បិតយើងសង្កេតឃើញទស្សនិកជន ចូលចិត្តបទញាក់ជាងបទស្លូដែលយើងត្រៀម។ បើកុំតែបាន សុភា ជាអ្នកធ្វើពិធីករ ម្ល៉េះសមមិនញាំងបរិយាកាសល្អម្លឹងទេ បើតាមខ្ញុំគឺចប់ហើយ មិនពូកែវោហារសាស្ត្រសោះ គឺចេះតែនិយាយតទល់ជាមួយមនុស្សម្នាក់ និងធ្វើសកម្មភាពឲ្យគេមើលតែម្ដង។

ជិត១០ហើយ មានទស្សនិកជនតែប្រហែលជាង២០នាក់ប៉ុណ្ណោះ ប៉ុន្តែសប្បាយដែរ ព្រោះពួកគេពូកែរាំណាស់។ យើងច្រៀងយ៉ាងរីករាយ ទោះជាតិច តែក៏រីករាយ ធ្វើម៉េច យើងមានគេដឹងតែប៉ុណ្ណឹង។ ខ្ញុំនៅតែញញឹម ញញឹមរហូតចប់កម្មវិធី គេបិទភ្លើងដេញទៀត… 😀 ខំស្លៀកពាក់ស្អាតបាត តែគិតខុសទាំងអស់។ មកដល់ផ្ទះ ម៉ាក់ប៉ាបិទទ្វាចោល ខ្ញុំក៏ខលហៅប្អូនជួយបើកទ្វា ព្រោះមិនចង់រំខានលោកទាំងពីរដ្បិត លោកទាំងពីរកំពុងទៅយកខោរអាវនៅខាងក្រៅ។ តុំយ៉ាំ រសជាតិបង្កង! នេះជាសំលដែលម៉ាក់ប៉ាទុកឲ្យ… មែនហើយ គឺរសជាតិបង្កង ប៉ុន្តែបង្កងស្ទើរតែគ្មាន។ ខ្ញុំហុតម៉ាល្មមលែងឃ្លាន ហើយក៏ចូលមកគេង។ អស់កម្លាំងណាស់ ដល់ថ្នាក់បើកកុំព្យូទ័រចោលរហូតដល់ភ្លៀងមួយមេធំ ទើបភ្ញាក់ព្រឺត បានដឹងម៉ោង២ភ្លឺហើយ។ ហ្ហឹម!!! ជីវិតតែប៉ុណ្ណឺង! 😀

ក្រមតន្ត្រីស្នាមញញឹម,ចំរើន សុភាព និងខ្ញុំ/រូបថតពី YoKi.Coco

ក្រមតន្ត្រីស្នាមញញឹម,ចំរើន សុភាព និងខ្ញុំ/រូបថតពី YoKi.Coco

11172012

តំណក់ភ្លៀងសាយណ្ហ

មែនហើយ បើនិយាយពីចម្រៀងវិញ ខ្ញុំទម្លាប់ចិត្តខូចអស់ ឲ្យតែពេលធ្វើបទថ្មីម្ដងៗ ក្នុងប៉ុន្មានពេលមកនេះ។ ខ្ញុំអាងតែធ្វើទៅ មានគេសម្រួល អាងតែធ្វើទៅគេជួយធ្វើឲ្យពិរោះ ឥឡូវនេះ ធ្វើលែងចង់កើតអស់ ប៉ុន្តែសំណាងណាស់ អារម្មណ៍ខ្ញុំបានបញ្ជារចិត្ត ឲ្យសរសេរចម្រៀងមួយ ចេញ ដោយបានការគាំទ្រសាច់ភ្លេង ពី លោក ឡុង ស៊ីអៀប មិត្តភក្ដិតន្ត្រីកររបស់ខ្ញុំ។ គាត់នេះហើយ ជាអ្នកជួយធ្វើភ្លេងពង្រាងឲ្យខ្ញុំកន្លងមក។ ខ្ញុំតូចចិត្តចំពោះខ្លួនឯងណាស់ ដែលមិនដែលមានអីជូនគាត់ ប៉ុន្តែជារឿយខ្ញុំក៏លួចប្រាប់ពីតិចនិចសម្រាប់ធ្វើនេះធ្វើនោះ ខ្លះៗទៅគាត់ ដោយមិនឲ្យគាត់ដឹង។ ខ្ញុំតែងមានបំណងប្រាថ្នាមួយ ធ្វើStudioតូចមួយ ដើម្បីឲ្យគាត់កាន់ និងផលិតបទសម្រាប់ អ្នករាល់គ្នា។

«តំណក់ភ្លៀងសាយណ្ហ» ជាបទមួយ ក្នុងចំនោមបទជាច្រើន ដែលខ្ញុំបានសរសេរ ប៉ុន្តែដោយឡែកបទនេះ វាបានផុសឡើង នៅពេលដែលខ្ញុំកើតទុក្ខ។ គ្រាន់តែសរសេរចប់ភ្លាម ល្ងាចឡើង ខ្ញុំក៏រកលោក ស៊ីអៀបឲ្យជួយសម្រួលតន្ត្រី និងប្រគុំជាPiano Classic ទុកគ្រាន់បង្ហោះតាមInternet។ ខ្ញុំចាំថា បទនេះចេញមុនរដូវភ្លៀងធ្លាក់នៅស្រុកយើងទៅទៀត (កាលបរិច្ឆេទជាក់លាក់នៅជាប់នឹងYoutube)។ កាលណោះ ខ្ញុំបានមើលរឿង Love Rain ដែលសព្វថ្ងៃ កំពុងចាក់ផ្សាយនៅទូរទស្សន៍ហង្សមាស ដោយបកប្រែជាភាសាខ្មែរថា «ផ្ដើមស្នេហ៍ក្រោមតំណក់ទឹកភ្លៀង» បានធ្វើឲ្យខ្ញុំនឹកឃើញ តែងចម្រៀងមួយបទ រំលឹកអនុស្សាវរីយ៍កាលពីនៅរៀន។

ចម្រៀងនេះ ប្រហែលមិនពិរោះដល់បទ First Kiss របស់រឿង Love Rain នោះទេ ប៉ុន្តែវាស្ដែងចេញពីការពិតមួយ ដែលខ្ញុំបានជួបកាលពីនៅរៀន។ មនុស្សម្នាក់ដែលខ្ញុំធ្លាប់លួចមើលពីចម្ងាយ ទាំងល្ងាច ទាំងព្រឹក ទាំងស្រឡះ ទាំងភ្លៀង បានរសាត់ទៅតាមពេលវេលាអស់ហើយ នៅសល់តែការចងចាំប៉ុណ្ណោះ។ ចម្រៀងមួយបទនេះ ខ្ញុំបានតែងឧទ្ទិសជូន អនុស្សាវរីយ៍ទាំងនោះ ឲ្យនៅតែរស់ក្នុងដួងចិត្តយុវវ័យ ដែលតែងតែ​ស្រឡាញ់គ្នា ហើយក៏បែកគ្នា ព្រោះតែដួងចិត្តភ្លើងចំបើង។

ចំពោះសាច់ការនៃការរៀបចំ និងភាពល្បីល្បាញសម្រាប់មួយបទនេះវិញ គឺធ្វើឡើង ទៅតាមដំណាក់កាលដ្បិត ខ្ញុំបាទ និងមិត្តភក្តិ មិនមានឧបករណ៍គ្រប់គ្រាន់សម្រាប់ធ្វើឲ្យចេញជាចម្រៀងមួយផ្លូវការពេញលេញដូចចម្រៀង ដែលដាក់លក់លើទីផ្សារដទៃ ប៉ុន្តែភាពល្បីល្បាញ ដែលខ្ញុំសង្កតឃើញ គឺនៅពេលភ្លៀងនេះហើយ។ ខ្ញុំតែងបង្ហោះចម្រៀងនេះ មិនដែលណាយទេ ពេលភ្លៀងម្ដងៗ។ មិនត្រឹមតែប៉ុណ្ណោះ ខ្ញុំធ្លាប់យកចម្រៀងនេះច្រៀង ពេលឡើងសម្ដែងនៅកម្មវិធីតន្ត្រីលើទឹក ថែមទៀតផង។ ទោះជាមិនសូវល្អ តែក៏ជាមោទនភាពខ្ញុំដែរ ដែលឡើងបានសម្ដែងនូវបទចម្រៀងផ្ទាល់ខ្លួន នៅឆាកហង្សមាសផងដែរ។ ក្រោយមក ចម្រៀងនេះ ត្រូវបានកែខៃឲ្យមានស្គរ បាស ។ល។ របស់ម៉ាស៊ីនទាំងអស់ នេះជាការវិវត្តថ្មីទៀតនៃបទភ្លេងរបស់ខ្ញុំបាទ។

 

ស្ដាប់បទនេះ សូមចុច៖ [mp3=http://soundcloud.com/eugene-ma/original-score-eugene-ma]

ទឹកភ្នែកពេលអរុណរះ

មិនដឹងជាត្រូវចាប់សរសេរសាច់រឿងដែលកើតមានក្នុងអាទិត្យនេះយ៉ាងណានោះទេ ព្រោះពេលដែលក្រឡេកថយក្រោយទៅវិញ រឿងរ៉ាវដែលក្លាយត្រឹមតែជាយល់សប្តិទាំងនេះ គឺពេលដែលសង្កេតទៅ គឺជាភាពចៃដន្យហាក់ប្រទាក់ក្រឡាគ្នាជានិច្ច។

1-2-3-4/08/2012

«ដោយការងារនេះជាការងារសម្ងាត់ដែរ ខ្ញុំសូមលាក់ការណ៍សម្ងាត់សិនក្នុងអត្ថបទ។»

ប៉ុន្មានថ្ងៃនេះ ខ្ញុំបានអវត្តមានក្នុងសាលា៣ថ្ងៃ បន្ទាប់ពីទទួលការងារជាជំនួយការដឹកនាំចម្រៀង និងជាអ្នកសម្ដែង(តួរង) ក្នុងកន្លែងធ្វើការមួយ ហើយក៏ទទួលអារម្មណ៍ប្លែកៗមិនចេះចប់ បើទោះជាខ្ញុំធ្លាប់ធ្វើការបែបនេះពីមុនមកក៏ដោយ ប៉ុន្តែមុននឹងដល់ថ្ងៃទី១ ក្នុងថ្ងៃទាំង៣នេះ មានកន្លែងការងារមួយទៀត បានទាក់ទងខ្ញុំឲ្យធ្វើកុងត្រា បន្ទាប់ពីខ្ញុំបានធ្វើតេស្តជាប់តាំងពីប៉ុន្មានថ្ងៃមុន។ ខ្ញុំមិនបានស្ទាក់ស្ទើរទេ ហើយបានដូរថ្ងៃណាត់ ទៅថ្ងៃសុក្រ ដែលជាថ្ងៃចុងក្រោយ នៃកិច្ចការបីថ្ង។

ថ្ងៃទី១បានចូលមកដល់ ខ្ញុំស្រាប់តែទៅយឺតបន្តិច ព្រោះអាល័យតែស្ទះផ្លូវ។ ខ្ញុំមានអារម្មណ៍ថាអៀននឹងខ្លួនឯងមែនទែន ដែលមកយឺត។ អ្នកដទៃ ខ្ញុំមិនខ្វល់ទេ ទោះជាគេថាឲ្យខ្ញុំ ឬស្អប់ខ្ញុំក្រោយខ្នងយ៉ាងណា តែសំខាន់ខ្ញុំមិនបានគិតគូដល់ខ្លួនឯង។ ថាខ្ញុំអត្មានិយមក៏បាន តែខ្ញុំត្រូវតែស្រឡាញ់ខ្លួនឯងមុនសិន មុននឹងស្រឡាញ់អ្នកដទៃ។ ទោះជាយ៉ាងណា គិតនៅតែគិត ខាងក្រៅ ខ្ញុំនៅតែគិតពីអ្នកដទៃ។

យើងជាមនុស្សថ្មី ការងារគេមិនចាំយើងទេ ខ្ញុំទៅដល់ គេក៏បរឡានទៅកន្លែងការងារចោលខ្ញុំ។ ខ្ញុំក៏ជិះម៉ូតូឌុបទៅ។ ការងារដំណើរការទៅជាបន្តបន្ទាប់ រហូតដល់យប់ ខ្ញុំត្រូវជិះម៉ូតូមកម្នាក់ឯង ដោយបិទសំឡេងទូរស័ព្ទខ្លាចរំខានការងារ ម៉ាក់បានទូរស័ព្ទមកខ្ញុំជាង១០ដង ធ្វើឲ្យគាត់ខឹង។ ដោយហត់ពេក ខ្ញុំបានតមាត់នឹងគាត់ ឯប៉ា មិនបាននិយាយអ្វីទេ តែម៉ាក់តែងប្រាប់ថា គាត់ខឹងនឹងខ្ញុំខ្លាំងណាស់។ ខ្ញុំមកដល់ផ្ទះ គេបាយហើយអស់រលីង តែម៉ាក់ទុក ស្ពៃខៀវឲ្យមួយចាន ខ្ញុំក៏ឈុងមីបន្ថែមទៀត។ នេះហើយជាអាហារថ្ងៃទី១របស់ខ្ញុំ។

ថ្ងៃទី២បានចូលវេនមកផ្លាស់ប្ដូរ ខ្ញុំមិនងើបយឺតទៀតទេ ព្រោះក្នុងការងារដែលខ្ញុំដៅ គឺមានច្រើនណាស់។ ខ្ញុំទៅដល់ទាន់ពេល ហើយវាដំណើរការទៅជាបន្តបន្ទាប់ លើកនេះមានប្លង់មួយត្រូវថតពីខ្ញុំ។ ខ្ញុំរៀបចំខ្លួនស្រេច តែប្រហែលជាខុសទំនងហើយ ព្រោះអនិកជន ប្រហែលជាមិនស្លៀកពាក់ដូចខ្ញុំពេកទេ។ ពេលថត គ្រប់គ្នា ចំអន់ខ្ញុំលេង ព្រោះឃើញភ្នែករបស់ខ្ញុំ។

ប៉ុន្មានអាទិត្យមុន ខ្ញុំងើបទទួលប៉ាបើកទ្វារចូលបន្ទប់ ចៃដន្យអី គាត់ចង់អង្អែលក្បាលខ្ញុំ គាត់ក៏លើកដៃមកចំភ្នែក បណ្ដាលឲ្យឈឺស្រឿងៗ ខ្ញុំមិនចាប់អារម្មណ៍ទេ តែបីថ្ងៃក្រោយ ស្រាប់តែវាឡើងធំ គ្រប់គ្នាថាភ្នែកខ្ញុំ គឺពពែឆ្កែ។ ខ្ញុំខ្មាស់គេដែរ តែនៅតែប្រឈមមុខ ដោយ :)។

ថតចប់ យើងក៏បន្តដំណើរទៅផ្ទះវីឡាមួយ នៅត្រើយម្ខាង។ នៅទីនោះ យើងថតច្រើនប្លង់ណាស់។ ខ្ញុំសង្កេតឃើញរូបនារីកណ្ដៀតក្អមមួយ សម្បុរសស្អាត យ៉ាងចម្លែក ហើយមានដើមឈើជាច្រើន។ គាត់រចនាបានស្អាតណាស់។ ពេលនោះ មានប្លង់មួយត្រូវយកសំឡេងនិយាយ ពេលនោះ ខ្ញុំក៏ឡើងទៅថតសំឡេងនៅខាងលើផ្ទះតែពីរនាក់តួ។ ពេលនោះស្រាប់តែ ឮសំឡេងបើកសោរ។ ខ្ញុំក៏ឈប់ ហើយថាថតបន្ត ក៏ឮបើកទៀត ខ្ញុំក៏ឈប់ទៀត ចាំមើល ក្រែងមានអ្នកណាចេញ បាំងផ្លូវ។ ពេលនោះ ស្រាប់តែទ្វារបើកឯង។ ខ្ញុំដឹងរឿង ក៏ធ្វើនិយាយថា​ បើចេញហើយ សូមជួយបិទផង។ ពេលនោះទ្វា ក៏ហាក់ជារកបិទវិញ ហើយខ្ញុំក៏បញ្ចប់ការថតទៅ រួចរុញទ្វាឲ្យបន្ទប់វិញ។ ពេលចប់ការងារក្នុងផ្ទះ ទើបលោកអ៊ុំម្ចាស់ផ្ទះ មានប្រសាសន៍ប្រាប់ពី ការពន្យល់សប្តិរបស់នារីម្នាក់ ឲ្យទិញលេខឆ្នោត ហើយឆ្នោតនោះគឺត្រូវថែមទៀត តែគាត់មិនបានចាក់។ គាត់ក៏ធ្វើរូបសំណាក់នេះឡើង ដោយយកពីវិចិត្រសិល្ប៍មក។ ខ្ញុំបានអុជធូបនៅទីនោះ រហូតដល់ យឺតឡាន ទាំងខ្ញុំមិនបានទាន់រឺតវ៉ាលីផង។ ខ្ញុំក៏ដាក់ចូលគូទឡាន តែម្ដង ហើយទុកស្បែកជើង២គូ ម្ខាងទៀត​។ ខណៈនោះ ក្រុមការងារបន្តដំណើរ ទៅផ្ទះថតរូបមួយក្នុងបូរីនេះដែរ។ ថតចប់ខ្ញុំក៏ចូលមកដល់ក្រុមហ៊ុនវិញ អាល័យតែភ្លឹកនឹកដល់ម៉ាក់ប៉ា ដែលថាឲ្យពីម្សិលខ្ញុំបិះតែភ្លេចវ៉ាលី។ ខ្ញុំបានទៅដល់ផ្ទះ ហើយគឺភ្លេចទាល់តែបាន ខ្ញុំបានភ្លេចស្បែកជើងពីរគូ ក្នុងនោះ មានស្បែកជើងតម្លៃ៥០មួយគូ ខ្ញុំក៏ប្រញាប់ប្រញាល់ទូរស័ព្ទទៅ ហើយក៏ប្រាប់ឲ្យគេទុក។

ស្អែកឡើង ជាថ្ងៃចុងបញ្ចប់នៃការងារ។ ខ្ញុំបានទៅដល់កន្លែងដូចសព្វដង ហើយសួររកស្បែកជើង តែស្បែកជើងបានបាត់មួយគូហើយ។ សំណាងដែរ នៅអាតម្លៃ៥០ កុំអីម៉ាក់ខ្ញុំខឹងខ្ញុំទៀតហើយ។ យើងបានបន្តដំណើរទៅថតរហូតដល់ល្ងាច។ ថ្ងៃណាត់បានចូលដល់ ខ្ញុំក៏សូមផ្អាកការងារមួយនេះ មួយអន្លើសិន ហើយក៏ចូលទៅរៀបចំខ្លួន ដើម្បីចូលនិយាយការងារជាមួយកន្លែងថ្មី។ ការងារគឺដូចអ្វីដែលខ្ញុំប៉ងនិងគិតបេះបិទ។ ខ្ញុំរីករាយជាខ្លាំង តែខ្ញុំត្រូវដោះស្រាយការងារដែលកំពុងតែបន្ត និងពីមុនៗសិន ជាពិសេសគឺការងារបរិញ្ញាប័ត្រខ្ញុំ។ ខ្ញុំត្រូវបញ្ចប់សិន។

ម៉ោងជិត៧​ ខ្ញុំក៏ទៅយកឡាន នឹកគិតថា ចង់ជិះទៅញាំអីនឹងមិត្តភក្តិពេលចេញពីធ្វើការវិញ រួចក៏ជិះទៅកន្លែងធ្វើការសិន។ ប្លង់មួយ ត្រូវគេកាត់ចេញ ព្រោះពេលវេលាមិនអំណោយផល ខ្ញុំក៏ថតតែមួយប្លង់ប៉ុណ្ណោះល្ងាចនោះ។ ថតចប់រួចរាល់ ខ្ញុំមិនបាននៅញាំអីជាមួយក្រុមការងារនោះទេ ខ្ញុំបានត្រឡប់ទៅផ្ទះវិញ ហើយក៏ឆ្លៀតចង់ទៅញាំអីជាមួយបងៗ មិត្តភក្តិខ្ញុំ ដែលគាត់បានហៅដែលមុនធ្វើការ ស្រាប់តែទៅដល់គាត់ហូបអស់រលីង ហើយខ្ញុំក៏នៅជជែកលេងជាមួយពួកគាត់សិន។

ខ្ញុំទៅដល់ផ្ទះ ខ្ញុំក៏បានយករឿងនោះទៅពិភាក្សានឹងគាត់។ គាត់បានទូន្មានខ្ញុំជាច្រើន មើលទៅលោកប៉ាមិនសូវសប្បាយចិត្តប៉ុន្មានទេ គាត់ហាក់ដូចជាអស់សង្ឃឹមណាស់ នឹងការងារសិល្បៈរបស់ខ្ញុំ ព្រោះការងារនោះ មិនមែនជាការងារ របស់មុខជំនាញខ្ញុំនោះទេ។ ខ្ញុំត្រូវសម្រេចចិត្តយ៉ាងទុក្ខព្រួយបំផុត រវាង ការងារដែលខ្ញុំស្រឡាញ់ និងការងារដែលជាយោបល់ដ៏ល្អពីម៉ាក់ប៉ា។ ខ្ញុំមិនខ្លាចធ្វើទេ ប៉ុន្តែ ខ្ញុំពិបាកធ្វើ នៅពេលដែល ការផ្គត់ផ្គង់ពីម៉ាក់ប៉ាឲ្យក្លាយជាមនុស្សដែលមានការងារធ្វើល្អ ឬមុខជំនាញល្អ ត្រូវប្រែក្លាយជាការងារដែលមិនបាន តម្រូវចិត្ត លោកទាំងពីរ។ លោកប៉ាមិនថាអីខ្ញុំទេ តែឲ្យខ្ញុំចេះគិត។ ខ្ញុំនៅតែចាំពាក្យគាត់៖

«…អ្នកខ្លះស្ទាបជើងដំរីថាសរសរ ហើយអ្នកខ្លះស្ទាបស្លឹកត្រចៀកដំរីថាថាស ហើយអ្នកខ្លះស្ទាបប្រមោយថាវល្លិ៍…មិនបានដឹងថាដំរីរាងពិតបែបណានោះទេ ដូច្នេះបើសម្រេចចិត្តថាធ្វើអីមួយ ត្រូវមើលឲ្យគ្រប់ជ្រុងជ្រោយ។» ហើយ«…ធ្វើអ្វីក៏ដោយបើមានពាក្យថា ចាំមើលសិន គឺមានន័យថារៀងរហូតហើយ…», «…មិត្តភក្តិរៀនចប់ដំណាលគ្នា គេសុទ្ធតែរដ្ឋលេខាធិការ ឬម្ចាស់ក្រុមហ៊ុន ហើយយើង…និយាយរួមមក គឺយើងមានអ្វី?…» […] «មានការងារតែអត់បរិញ្ញា យើងមុខជាហេលហាលណាស់។…(ជិតចប់បរិញ្ញា) … វ័យនេះជាវ័យរៀន ពេលមានការងារ ប្រហែលជាសូម្បីតែក្រដាស់ក៏លែងចង់កាន់ដែរ បើមានប្រពន្ធទៀត រិតតែចប់ហើយ… ប៉ាមិនឃាត់ទេ ធ្វើការ តែបើការងារParttime ធ្វើចុះ ហើយយកពេលរៀនតយកបណ្ឌិត ឬអនុបណ្ឌិតទៅ… និយាយរួមគឺរៀនរហូតសង្គមទទួលស្គាល់ថា ធ្វើការបាន… និយាយបែបនេះ ព្រោះបទពិសោធន៍បានប្រាប់ថាអ៊ីចឹង ធ្វើអីក៏ធ្វើចុះ តែផ្លូវគឺបែបណឹង… ហើយគួរគិតដែរ គ្រួសារយើងមិនទាន់ដល់ថ្នាក់ ត្រូវធ្វើការឲ្យគេដើម្បីតែដោះទាល់នោះទេ គឺដើម្បីបទពិសោធន៍… តែនិយាយនេះ គឺសម្រាប់ទុក ពេលអវត្តមានលោកប៉ា ពីជីវិតកូនប៉ុណ្ណោះ…»

 

តែទោះជាយ៉ាងណា ខ្ញុំបានរៀបជាស្រេចថា នៅពេលដែល ខ្ញុំមានការងារ ខ្ញុំនឹងបញ្ចប់ភាសាអង់គ្លេសខ្ញុំនៅACEសិន រួច ខ្ញុំនឹងបន្តយកអនុបណ្ឌិត។ ពេលការងារជោគជ័យបានច្រើនគួរសមហើយ ខ្ញុំនឹងបន្តយកបណ្ឌិតមួយទៀត។ សង្ឃឹមថា ការគិតរបស់ខ្ញុំមិនខុសទៅចុះ!! 😦
យប់ឡើង គ្រប់រឿងទាំងអស់ ហាក់កើតមានស្រស់ៗ ថ្មីៗ ពិសេស ពាក្យប៉ារបស់ខ្ញុំ ដែលតែងតែសារចុះសារឡើង មិនស្រាកស្រាន្ត។ ថ្ងៃនេះជាថ្ងៃសម្រាក ខ្ញុំងើបយឺត ហើយលោកប៉ាបានចូលមកគោះទ្វាមើលកាម៉េរ៉ា ឮសំឡេងគាត់ខ្ញុំមិនទាន់ភ្ញាក់ស្រួលបួលទេ ខ្ញុំនិយាយទាំងស្អកៗទៅកាន់គាត់។ ពេលគាត់ចេញបាត់ ខ្ញុំក៏ចាប់ផ្ដើមបន្តភាពពិបាកចិត្តបន្ថែមទៀត។ ខ្ញុំងើបបើកអ៊ីនធឺណេត ខ្ញុំវាយពាក្យទាំងទឹកភ្នែកមួយតំណក់ស្រក់ចុះ ដំណាលគ្នានឹងប្អូនស្រីជីដូនមួយអាយុ១០ឆ្នាំកំពុងមើលរឿង។ ខ្ញុំទ្រាំមិនបាន ខ្ញុំបានទៅអង្គុយយំនៅក្នុងបន្ទប់ទឹក។ ថាខ្ញុំទន់ជ្រាយក៏បាន តែពាក្យម្ដាយឪពុកសម្រាប់ខ្ញុំ គឺធ្ងន់ណាស់ មិនសម្លាប់ខ្ញុំ តែឲ្យខ្ញុំចងចាំ គឺចងចាំទុកទូន្មានកូនចៅជំនាន់ក្រោយ ខ្ញុំយំឡើងភ្នែកក្រហម។ ខ្ញុំខានយំយូរហើយ។ គ្រប់ពេលដែលទឹកភ្នែកស្រក់ រឿងអស់សង្ឃឹមតែងតែផុសឡើងក្នុងចិត្តខ្ញុំជានិច្ច។ លោកប៉ា កូនសូមទោស កូនធ្វើឲ្យលោកប៉ា អស់សង្ឃឹម។ កូនមិនល្អ។ កូនមិនបានធ្វើឲ្យប៉ារីករាយ។ ទោះជាកូនយំ ក៏កូននៅតែញញឹមដែរ។ កូននឹងធ្វើតាមពាក្យលោកប៉ា ឲ្យទាល់តែបាន ទោះជាត្រូវចំណាយពេលយូរប៉ុណ្ណាក៏ដោយ។ កូនស្រឡាញ់លោកប៉ា កូនស្រឡាញ់អ្នកម៉ាក់!!!!!!!!!!

រឿងខ្លី៖ បុរសក្នុងកំណត់ហេតុ

យូរឆ្នាំហើយ ដែលខ្ញុំខានបើកកំណត់ហេតុរបស់ខ្ញុំ។ យូរឆ្នាំហើយ ពេលវេលា ដែលធ្លាប់ស្រស់ស្អាតប៉ុន្មាន ក៏ត្រូវធូលី និងសម្បុកពីងពាង ប្រជែងគ្នាហ៊ុមព័ទ្ធ ប្រឡាក់ពេញទាំងគម្រប់សៀវភៅរបស់ខ្ញុំ។ ខ្ញុំបានរលាស់សៀវភៅឡើង បណ្ដាលឲ្យធូលីហុយត្រលោម ពេញទាំងបន្ទប់ដាក់សៀវភៅរបស់ខ្ញុំ។ នៅទំព័រទី១ក្នុងសៀវភៅរបស់ខ្ញុំ បានសរសេរឡើងថា «សៀវភៅកំណត់ហេតុប្រចាំថ្ងៃ ឆ្នាំ២០១០»។ […]

[…] សុបិននៃរដូវប្រាំង បានបញ្ចប់ទៅដោយ រីករាយ តែបង្កប់ទៅដោយ ភាពទុក្ខសោក។[…]

[…] មេឃរាំងភ្លៀងហើយ ហើយក៏រាំងពីអតីតកាលរបស់ខ្ញុំដែរ! ឥឡូវនេះ មេឃក៏បើកថ្ងៃ ក្នុងបច្ចុប្បន្នកាលរបស់មនុស្សម្ដង។ ជាច្រើនវស្សាហើយ គេបានបាត់ដំណឹងសូន្យឈឹង។  […]

ដើម្បីអានសាច់រឿងទាំងមូល លោកអ្នកអាចចុចលើគម្របសៀវភៅខាងក្រោមនេះ៖

A MAN IN DIARY

A MAN IN DIARY

សូមមេត្តាចុចលើគម្របសៀវភៅនេះ ដើម្បីអាន។

ទោះជាយ៉ាងណា លោកអ្នកក៏អាចផ្ដល់ជាមតិយោបល់រិះគន់ ក្នុងន័យស្ថាបនា នៅទីនេះផងដែរ។ សូមអរគុណសម្រាប់ការអាន និងការយកចិត្តដ៏មានតម្លៃរបស់លោកអ្នក!! 🙂