បរាជ័យនៅតែជាមេរៀនល្អសម្រាប់ជីវិត

ក្រុមការងារស្ម័គ្រចិត្ត

ក្រុមការងារស្ម័គ្រចិត្ត

មួយរយៈនេះ ខ្ញុំទទួលរឿងបរាជ័យជាច្រើន ហើយក៏បានកត់វាជាមេរៀនជីវិតថ្មីៗជាច្រើនទៀតដែរ។ ដោយសារតែ ឆន្ទៈភ្លើងចំបើង បានធ្វើឲ្យភាពបាក់ទឹកចិត្តកាន់តែរីកដុះដាលធំធេងក្នុងក្ដីស្រម៉ៃរបស់ខ្ញុំច្រើនឡើងៗ។ នេះគ្រាន់តែជាបញ្ហាមួយក្នុង បញ្ហាទាំងអស់ប៉ុណ្ណោះ។

ព្រោះតែក្ដីស្រម៉ៃដែលកំពុងតែឋិតនៅលើផ្លូវ ខ្ញុំបែរជាធ្លាក់ខ្លួនជាមនុស្សដែលដេកចាំព្រេងសំណាង។ អ្នកណាទៅដឹង ព្រេងសំណាងទាំងនោះ គ្រាន់តែជាខ្យល់បក់ប៉ះធូលីមួយប្រាវប៉ុណ្ណោះ។ ចុងឆ្នាំ២០១២ បានចូលមកដល់ បេសកកម្មកន្លែងធ្វើការចាស់របស់ខ្ញុំ ក៏ត្រូវបានបញ្ចប់ ដូចដែលបានជជែកគ្នាជាមួយនឹងប្រធានរបស់ខ្ញុំ។ ខ្ញុំក៏ក្លាយជាមនុស្សដើលហេលហាល រំពឹងទិសដៅ ចាំមើលតែព្រេងសំណាង ប៉ុន្តែ ខ្ញុំមិនបានទុកពេលវេលានេះឲ្យដូចអ្វីដែលកំពុងជួបទេ​ ខ្ញុំក៏ចាប់សរសេររឿងខ្លីមួយដើម្បីថត។ ស្របពេលដែលខ្ញុំបានឃើញ Video Clipជាច្រើន ដែលក្មេងៗ និងអ្នកកុននិយមជាច្រើនបានបង្ហោះពីកុនប្រយុទ្ធ ដូច្នេះ ខ្ញុំក៏ចាប់ផ្ដើមសរសេរភ្ជាប់នឹងសាច់រឿងរបស់ខ្ញុំ។

ដើមឆ្នាំខែមករាបានចូលមកដល់ ខ្ញុំសម្រេចចិត្តមិនសុំទៅវៀតណាមជាមួយនឹងក្រុមគ្រួសារខ្ញុំទេ ព្រោះខ្ញុំចង់ធ្វើកុនខ្នាតខ្លីមួយនោះ ដោយពេលនោះខ្ញុំចាប់ផ្ដើមចំណាយពេលច្រើនឡើងៗ លើរឿងមួយនោះ។ វាដូចជាដង្ហើមអ៊ីចឹង ដកចេញដកចូលមួយភ្លែតសោះ ពេលវេលាថតថ្ងៃទី០៧ ដែលខ្ញុំកំណត់សម្របតាមក្រុមការងារ បានចូលមកដល់។ អ្នកណាទៅដឹង អ្នកឧបត្ថម្ភទាំងឡាយ មិនអាចធ្វើតាមពេលវេលា ដែលយើងកំណត់នោះទេ ព្រោះវាជាគោលដៅភ្លើងចំបើង ខ្ញុំក៏ដឹងដែរ។ សម្រាប់អ្នកឧបត្ថម្ភធំមួយរបស់ខ្ញុំ គេចង់ឲ្យខ្ញុំកែសាច់រឿងខ្លះ ដើម្បីសម្របតាមក្រុមហ៊ុនគេ និងដើម្បីឲ្យសាច់រឿងកាន់តែល្អ ប៉ុន្តែខ្ញុំមានះដើម្បីសម្រេចវា ដ្បិតទី១ ខ្ញុំមិនបានធ្វើកុននោះដើម្បីក្រុមហ៊ុននោះទេ ទី២ក្រុមការងារខ្ញុំមានពេលវេលាតិចតួចណាស់សម្រាប់ការងារនេះ ទី៣ខ្ញុំចង់ប្រាប់ថាទោះជាយ៉ាងណា នេះជាឆន្ទៈរបស់ខ្ញុំ។ ផ្ទុយលើការរំពឹងទុកទាំងស្រុង អ្នកឧបត្ថម្ភទាំង៤ មិនបានជួយអ្វីតាមការគិតរបស់ខ្ញុំនោះទេ មានតែអ្នកឧបត្ថម្ភម្នាក់ប៉ុណ្ណោះ ដែលគាត់បានផ្ដល់នូវសម្ភារៈ សម្រាប់ការថតនេះ។ ខ្ញុំសូមមិនបញ្ចេញឈ្មោះ ព្រោះនេះជាការឲ្យតម្លៃខ្ញុំទៅកាន់អ្នកឧបត្ថម្ភដ្បិតខ្ញុំមិនបានសម្រេចវា។ ដូច្នេះ ការថតនេះ ត្រូវដំណើរការទាំងរដាប់រដួល ដោយមុនថតនោះ ខ្ញុំក៏យកខ្លួនខ្ញុំនិងពេលវេលាទៅដូរជាមួយនឹងក្រុមហ៊ុនកុនបរទេសមួយ ដើម្បីដោះដូរយកសម្ភាៈខ្លះ ទីកន្លែង បាយថ្ងៃត្រង់ និងឡានសម្រាប់ជូនទៅជូនមក។ គេមិនមានថវិការតាមអ្វីដែលខ្ញុំគិតទេ តែអ្វីដែលគេជួយក៏ជាចំណែកធំដែរ។ រហូតដល់ថ្ងៃថតថ្ងៃទី១ ការរំពឹងទុកត្រូវបានប្រែប្រួល ដោយក្នុងនោះ ខ្ញុំសូមអរគុណបងប្រុសម្នាក់នៅ Smallworldដែលបានជួយលើកទឹកចិត្តភ្លាមៗនូវថវិការដែលខ្ញុំត្រូវការ។ ខ្ញុំរីករាយយ៉ាងខ្លាំង តែវាដូចជាហួសពេលទៅហើយ ព្រោះដោយសារតែភ្លាមៗនោះ ក្រុមខ្ញុំត្រូវទិញភ្លើង ហើយបានធ្វើឲ្យកាលវិភាគដើរទៅកន្លងអស់។ តួកិត្តិយសទាំងឡាយក៏រវល់។ ការថតក៏កាន់តែមិនយល់គ្នា។ អ្នកធ្វើការក៏ចាប់ផ្ដើមអស់កម្លាំងនិងបាក់ទឹកចិត្ត។ ខ្ញុំក៏សម្រេចចិត្តផ្អាកការថតតែម្ដងដោយក្នុងចិត្តគ្មានរំពឹងថានឹងបាន ធ្វើវាទៀតទេ តែការនិយាយលើកទឹកចិត្តខ្ញុំ គឺនៅតែមានសម្រាប់ពួកគេ។

 

ខ្ញុំពិតជាសូមអរគុណណាស់ចំពោះរត្ន័ទាំងពីរ បុត្រ សេងហ៊ន និងមិត្តភក្តិ Rick បងវិរៈ បងឌីយ៉ា សម្ភស្ស បងថាវរី បងរិទ្ធី Lida និងមនុស្សមួយចំនួនទៀត សម្រាប់ការដែលចំណាយពេលធ្វើអ្វីដែលខ្ញុំបានគ្រោង ពិសេសគឺបំពេញញក្ដីសុបិនជុំគ្នា ហើយពិសេសជាងនេះ ក៏សូមអរគុណអ្នកឧបត្ថម្ពដែលជួយខ្ញុំក្នុងពេលដែលខ្វះខាត ខ្ញុំនឹងចងចាំទឹកចិត្តនេះជារៀងរហូត។

ភាពបាក់ទឹកចិត្តបានកើតមានយ៉ាងដំណំក្នុងជីវិតខ្ញុំ។ ខ្ញុំចាប់ផ្ដើមគេងយប់ជ្រៅ និងងើបយឺតម្ដងទៀត ហើយពេលនោះហើយដែលធ្វើឲ្យក្ដីស្រម៉ៃខ្ញុំ ត្រូវស្រពេចស្រពិលដោយសារតែហេតុផលបរាជ័យ និងការសុំជំនួយផ្លូវចិត្តពីលោកប៉ាខ្ញុំ ដូចរាល់ដង។ ម្ដងនេះ លោកប៉ាក៏លើកយករឿងនេះមក និយាយហើយ ពន្យល់ខ្ញុំឲ្យបោះបង់សុបិននោះចោល គឺសុបិនជាអ្នកផលិតខ្សែភាពយន្ត ហើយគាត់ចង់ឲ្យខ្ញុំបន្តជំនាញរបស់ខ្ញុំ។ ខ្ញុំរិតតែរារែកទៅរារែកទៅ ព្រោះតែរឿងទាំងនេះ។ ម្ដងបន្តិចៗ ពេលវេលានិងសុខភាពខ្ញុំបានវិលមកដូចដើមវិញ ខ្ញុំបានមើលឃើញនូវការផលិត ប៉ុន្មានដែលខ្ញុំបានធ្វើ ហើយវាបានធ្វើឲ្យខ្ញុំនៅតែចង់ធ្វើការងារនោះយ៉ាងខ្លាំង។

ប៉ុន្មានថ្ងៃក្រោយមក ខ្ញុំក៏សម្រេចចិត្តទៅជួបក្រុមហ៊ុនដែលបាននិយាយលើកមុនវិញ ហើយគេក៏ផ្ដល់ការងារមួយឲ្យខ្ញុំ ដែលចំពេលដែលខ្ញុំ គួរតែគិតគូរឿងបញ្ចប់បរិញ្ញាបត្រខ្ញុំភ្លាម។ ដូច្នេះ ខ្ញុំក៏សម្រេចចិត្តចូលធ្វើការ ដោយត្រៀមជាស្រេចសម្រាប់ការងារថ្មី ជាមួយនឹងក្នុងចិត្តរារែក ក្នុងការសម្រេចចិត្តថាតើ គួរតែបោះបង់ក្ដីសុបិន ឬបន្តវា។ ម្យ៉ាងទៀត ខ្ញុំបារម្ភណាស់សម្រាប់ការងារថ្មី ខ្លាចក្រែង ខ្ញុំធ្វើមិនបានល្អដូចការងារចាស់ទៀត។ ព្រឹកថ្ងៃទី១០ ខែមករា ខ្ញុំក៏បានសម្រេចក្នុងការបើកសៀវភៅInternshipរបស់ខ្ញុំ ជាមួយនឹងការខុសជំនាញ តែត្រូវសុបិន។ ខ្ញុំបានសូមយោបល់ពីបងរិទ្ធីជាច្រើន ដែលយោបល់ទាំងនេះហើយ បានធ្វើឲ្យខ្ញុំឃើញពន្លឺឡើងវិញ ក្នុងភាពងងឹតនៃក្ដីសុបិនរបស់ខ្ញុំ។ ខ្ញុំនឹងឈប់និយាយ ហើយខ្ញុំនឹងចាប់ផ្ដើមធ្វើ ដោយសំដៅទៅមុខជានិច្ច។ អរគុណបងរិទ្ធី អរគុណគ្រប់គ្នាសម្រាប់ឱកាស និងក្ដីស្រឡាញ់សម្រាប់ខ្ញុំ។

ទឹកថ្លា, ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៣

10012013

សៀវភៅInternship

សៀវភៅInternship

ទឹកភ្នែកពេលអរុណរះ

មិនដឹងជាត្រូវចាប់សរសេរសាច់រឿងដែលកើតមានក្នុងអាទិត្យនេះយ៉ាងណានោះទេ ព្រោះពេលដែលក្រឡេកថយក្រោយទៅវិញ រឿងរ៉ាវដែលក្លាយត្រឹមតែជាយល់សប្តិទាំងនេះ គឺពេលដែលសង្កេតទៅ គឺជាភាពចៃដន្យហាក់ប្រទាក់ក្រឡាគ្នាជានិច្ច។

1-2-3-4/08/2012

«ដោយការងារនេះជាការងារសម្ងាត់ដែរ ខ្ញុំសូមលាក់ការណ៍សម្ងាត់សិនក្នុងអត្ថបទ។»

ប៉ុន្មានថ្ងៃនេះ ខ្ញុំបានអវត្តមានក្នុងសាលា៣ថ្ងៃ បន្ទាប់ពីទទួលការងារជាជំនួយការដឹកនាំចម្រៀង និងជាអ្នកសម្ដែង(តួរង) ក្នុងកន្លែងធ្វើការមួយ ហើយក៏ទទួលអារម្មណ៍ប្លែកៗមិនចេះចប់ បើទោះជាខ្ញុំធ្លាប់ធ្វើការបែបនេះពីមុនមកក៏ដោយ ប៉ុន្តែមុននឹងដល់ថ្ងៃទី១ ក្នុងថ្ងៃទាំង៣នេះ មានកន្លែងការងារមួយទៀត បានទាក់ទងខ្ញុំឲ្យធ្វើកុងត្រា បន្ទាប់ពីខ្ញុំបានធ្វើតេស្តជាប់តាំងពីប៉ុន្មានថ្ងៃមុន។ ខ្ញុំមិនបានស្ទាក់ស្ទើរទេ ហើយបានដូរថ្ងៃណាត់ ទៅថ្ងៃសុក្រ ដែលជាថ្ងៃចុងក្រោយ នៃកិច្ចការបីថ្ង។

ថ្ងៃទី១បានចូលមកដល់ ខ្ញុំស្រាប់តែទៅយឺតបន្តិច ព្រោះអាល័យតែស្ទះផ្លូវ។ ខ្ញុំមានអារម្មណ៍ថាអៀននឹងខ្លួនឯងមែនទែន ដែលមកយឺត។ អ្នកដទៃ ខ្ញុំមិនខ្វល់ទេ ទោះជាគេថាឲ្យខ្ញុំ ឬស្អប់ខ្ញុំក្រោយខ្នងយ៉ាងណា តែសំខាន់ខ្ញុំមិនបានគិតគូដល់ខ្លួនឯង។ ថាខ្ញុំអត្មានិយមក៏បាន តែខ្ញុំត្រូវតែស្រឡាញ់ខ្លួនឯងមុនសិន មុននឹងស្រឡាញ់អ្នកដទៃ។ ទោះជាយ៉ាងណា គិតនៅតែគិត ខាងក្រៅ ខ្ញុំនៅតែគិតពីអ្នកដទៃ។

យើងជាមនុស្សថ្មី ការងារគេមិនចាំយើងទេ ខ្ញុំទៅដល់ គេក៏បរឡានទៅកន្លែងការងារចោលខ្ញុំ។ ខ្ញុំក៏ជិះម៉ូតូឌុបទៅ។ ការងារដំណើរការទៅជាបន្តបន្ទាប់ រហូតដល់យប់ ខ្ញុំត្រូវជិះម៉ូតូមកម្នាក់ឯង ដោយបិទសំឡេងទូរស័ព្ទខ្លាចរំខានការងារ ម៉ាក់បានទូរស័ព្ទមកខ្ញុំជាង១០ដង ធ្វើឲ្យគាត់ខឹង។ ដោយហត់ពេក ខ្ញុំបានតមាត់នឹងគាត់ ឯប៉ា មិនបាននិយាយអ្វីទេ តែម៉ាក់តែងប្រាប់ថា គាត់ខឹងនឹងខ្ញុំខ្លាំងណាស់។ ខ្ញុំមកដល់ផ្ទះ គេបាយហើយអស់រលីង តែម៉ាក់ទុក ស្ពៃខៀវឲ្យមួយចាន ខ្ញុំក៏ឈុងមីបន្ថែមទៀត។ នេះហើយជាអាហារថ្ងៃទី១របស់ខ្ញុំ។

ថ្ងៃទី២បានចូលវេនមកផ្លាស់ប្ដូរ ខ្ញុំមិនងើបយឺតទៀតទេ ព្រោះក្នុងការងារដែលខ្ញុំដៅ គឺមានច្រើនណាស់។ ខ្ញុំទៅដល់ទាន់ពេល ហើយវាដំណើរការទៅជាបន្តបន្ទាប់ លើកនេះមានប្លង់មួយត្រូវថតពីខ្ញុំ។ ខ្ញុំរៀបចំខ្លួនស្រេច តែប្រហែលជាខុសទំនងហើយ ព្រោះអនិកជន ប្រហែលជាមិនស្លៀកពាក់ដូចខ្ញុំពេកទេ។ ពេលថត គ្រប់គ្នា ចំអន់ខ្ញុំលេង ព្រោះឃើញភ្នែករបស់ខ្ញុំ។

ប៉ុន្មានអាទិត្យមុន ខ្ញុំងើបទទួលប៉ាបើកទ្វារចូលបន្ទប់ ចៃដន្យអី គាត់ចង់អង្អែលក្បាលខ្ញុំ គាត់ក៏លើកដៃមកចំភ្នែក បណ្ដាលឲ្យឈឺស្រឿងៗ ខ្ញុំមិនចាប់អារម្មណ៍ទេ តែបីថ្ងៃក្រោយ ស្រាប់តែវាឡើងធំ គ្រប់គ្នាថាភ្នែកខ្ញុំ គឺពពែឆ្កែ។ ខ្ញុំខ្មាស់គេដែរ តែនៅតែប្រឈមមុខ ដោយ :)។

ថតចប់ យើងក៏បន្តដំណើរទៅផ្ទះវីឡាមួយ នៅត្រើយម្ខាង។ នៅទីនោះ យើងថតច្រើនប្លង់ណាស់។ ខ្ញុំសង្កេតឃើញរូបនារីកណ្ដៀតក្អមមួយ សម្បុរសស្អាត យ៉ាងចម្លែក ហើយមានដើមឈើជាច្រើន។ គាត់រចនាបានស្អាតណាស់។ ពេលនោះ មានប្លង់មួយត្រូវយកសំឡេងនិយាយ ពេលនោះ ខ្ញុំក៏ឡើងទៅថតសំឡេងនៅខាងលើផ្ទះតែពីរនាក់តួ។ ពេលនោះស្រាប់តែ ឮសំឡេងបើកសោរ។ ខ្ញុំក៏ឈប់ ហើយថាថតបន្ត ក៏ឮបើកទៀត ខ្ញុំក៏ឈប់ទៀត ចាំមើល ក្រែងមានអ្នកណាចេញ បាំងផ្លូវ។ ពេលនោះ ស្រាប់តែទ្វារបើកឯង។ ខ្ញុំដឹងរឿង ក៏ធ្វើនិយាយថា​ បើចេញហើយ សូមជួយបិទផង។ ពេលនោះទ្វា ក៏ហាក់ជារកបិទវិញ ហើយខ្ញុំក៏បញ្ចប់ការថតទៅ រួចរុញទ្វាឲ្យបន្ទប់វិញ។ ពេលចប់ការងារក្នុងផ្ទះ ទើបលោកអ៊ុំម្ចាស់ផ្ទះ មានប្រសាសន៍ប្រាប់ពី ការពន្យល់សប្តិរបស់នារីម្នាក់ ឲ្យទិញលេខឆ្នោត ហើយឆ្នោតនោះគឺត្រូវថែមទៀត តែគាត់មិនបានចាក់។ គាត់ក៏ធ្វើរូបសំណាក់នេះឡើង ដោយយកពីវិចិត្រសិល្ប៍មក។ ខ្ញុំបានអុជធូបនៅទីនោះ រហូតដល់ យឺតឡាន ទាំងខ្ញុំមិនបានទាន់រឺតវ៉ាលីផង។ ខ្ញុំក៏ដាក់ចូលគូទឡាន តែម្ដង ហើយទុកស្បែកជើង២គូ ម្ខាងទៀត​។ ខណៈនោះ ក្រុមការងារបន្តដំណើរ ទៅផ្ទះថតរូបមួយក្នុងបូរីនេះដែរ។ ថតចប់ខ្ញុំក៏ចូលមកដល់ក្រុមហ៊ុនវិញ អាល័យតែភ្លឹកនឹកដល់ម៉ាក់ប៉ា ដែលថាឲ្យពីម្សិលខ្ញុំបិះតែភ្លេចវ៉ាលី។ ខ្ញុំបានទៅដល់ផ្ទះ ហើយគឺភ្លេចទាល់តែបាន ខ្ញុំបានភ្លេចស្បែកជើងពីរគូ ក្នុងនោះ មានស្បែកជើងតម្លៃ៥០មួយគូ ខ្ញុំក៏ប្រញាប់ប្រញាល់ទូរស័ព្ទទៅ ហើយក៏ប្រាប់ឲ្យគេទុក។

ស្អែកឡើង ជាថ្ងៃចុងបញ្ចប់នៃការងារ។ ខ្ញុំបានទៅដល់កន្លែងដូចសព្វដង ហើយសួររកស្បែកជើង តែស្បែកជើងបានបាត់មួយគូហើយ។ សំណាងដែរ នៅអាតម្លៃ៥០ កុំអីម៉ាក់ខ្ញុំខឹងខ្ញុំទៀតហើយ។ យើងបានបន្តដំណើរទៅថតរហូតដល់ល្ងាច។ ថ្ងៃណាត់បានចូលដល់ ខ្ញុំក៏សូមផ្អាកការងារមួយនេះ មួយអន្លើសិន ហើយក៏ចូលទៅរៀបចំខ្លួន ដើម្បីចូលនិយាយការងារជាមួយកន្លែងថ្មី។ ការងារគឺដូចអ្វីដែលខ្ញុំប៉ងនិងគិតបេះបិទ។ ខ្ញុំរីករាយជាខ្លាំង តែខ្ញុំត្រូវដោះស្រាយការងារដែលកំពុងតែបន្ត និងពីមុនៗសិន ជាពិសេសគឺការងារបរិញ្ញាប័ត្រខ្ញុំ។ ខ្ញុំត្រូវបញ្ចប់សិន។

ម៉ោងជិត៧​ ខ្ញុំក៏ទៅយកឡាន នឹកគិតថា ចង់ជិះទៅញាំអីនឹងមិត្តភក្តិពេលចេញពីធ្វើការវិញ រួចក៏ជិះទៅកន្លែងធ្វើការសិន។ ប្លង់មួយ ត្រូវគេកាត់ចេញ ព្រោះពេលវេលាមិនអំណោយផល ខ្ញុំក៏ថតតែមួយប្លង់ប៉ុណ្ណោះល្ងាចនោះ។ ថតចប់រួចរាល់ ខ្ញុំមិនបាននៅញាំអីជាមួយក្រុមការងារនោះទេ ខ្ញុំបានត្រឡប់ទៅផ្ទះវិញ ហើយក៏ឆ្លៀតចង់ទៅញាំអីជាមួយបងៗ មិត្តភក្តិខ្ញុំ ដែលគាត់បានហៅដែលមុនធ្វើការ ស្រាប់តែទៅដល់គាត់ហូបអស់រលីង ហើយខ្ញុំក៏នៅជជែកលេងជាមួយពួកគាត់សិន។

ខ្ញុំទៅដល់ផ្ទះ ខ្ញុំក៏បានយករឿងនោះទៅពិភាក្សានឹងគាត់។ គាត់បានទូន្មានខ្ញុំជាច្រើន មើលទៅលោកប៉ាមិនសូវសប្បាយចិត្តប៉ុន្មានទេ គាត់ហាក់ដូចជាអស់សង្ឃឹមណាស់ នឹងការងារសិល្បៈរបស់ខ្ញុំ ព្រោះការងារនោះ មិនមែនជាការងារ របស់មុខជំនាញខ្ញុំនោះទេ។ ខ្ញុំត្រូវសម្រេចចិត្តយ៉ាងទុក្ខព្រួយបំផុត រវាង ការងារដែលខ្ញុំស្រឡាញ់ និងការងារដែលជាយោបល់ដ៏ល្អពីម៉ាក់ប៉ា។ ខ្ញុំមិនខ្លាចធ្វើទេ ប៉ុន្តែ ខ្ញុំពិបាកធ្វើ នៅពេលដែល ការផ្គត់ផ្គង់ពីម៉ាក់ប៉ាឲ្យក្លាយជាមនុស្សដែលមានការងារធ្វើល្អ ឬមុខជំនាញល្អ ត្រូវប្រែក្លាយជាការងារដែលមិនបាន តម្រូវចិត្ត លោកទាំងពីរ។ លោកប៉ាមិនថាអីខ្ញុំទេ តែឲ្យខ្ញុំចេះគិត។ ខ្ញុំនៅតែចាំពាក្យគាត់៖

«…អ្នកខ្លះស្ទាបជើងដំរីថាសរសរ ហើយអ្នកខ្លះស្ទាបស្លឹកត្រចៀកដំរីថាថាស ហើយអ្នកខ្លះស្ទាបប្រមោយថាវល្លិ៍…មិនបានដឹងថាដំរីរាងពិតបែបណានោះទេ ដូច្នេះបើសម្រេចចិត្តថាធ្វើអីមួយ ត្រូវមើលឲ្យគ្រប់ជ្រុងជ្រោយ។» ហើយ«…ធ្វើអ្វីក៏ដោយបើមានពាក្យថា ចាំមើលសិន គឺមានន័យថារៀងរហូតហើយ…», «…មិត្តភក្តិរៀនចប់ដំណាលគ្នា គេសុទ្ធតែរដ្ឋលេខាធិការ ឬម្ចាស់ក្រុមហ៊ុន ហើយយើង…និយាយរួមមក គឺយើងមានអ្វី?…» […] «មានការងារតែអត់បរិញ្ញា យើងមុខជាហេលហាលណាស់។…(ជិតចប់បរិញ្ញា) … វ័យនេះជាវ័យរៀន ពេលមានការងារ ប្រហែលជាសូម្បីតែក្រដាស់ក៏លែងចង់កាន់ដែរ បើមានប្រពន្ធទៀត រិតតែចប់ហើយ… ប៉ាមិនឃាត់ទេ ធ្វើការ តែបើការងារParttime ធ្វើចុះ ហើយយកពេលរៀនតយកបណ្ឌិត ឬអនុបណ្ឌិតទៅ… និយាយរួមគឺរៀនរហូតសង្គមទទួលស្គាល់ថា ធ្វើការបាន… និយាយបែបនេះ ព្រោះបទពិសោធន៍បានប្រាប់ថាអ៊ីចឹង ធ្វើអីក៏ធ្វើចុះ តែផ្លូវគឺបែបណឹង… ហើយគួរគិតដែរ គ្រួសារយើងមិនទាន់ដល់ថ្នាក់ ត្រូវធ្វើការឲ្យគេដើម្បីតែដោះទាល់នោះទេ គឺដើម្បីបទពិសោធន៍… តែនិយាយនេះ គឺសម្រាប់ទុក ពេលអវត្តមានលោកប៉ា ពីជីវិតកូនប៉ុណ្ណោះ…»

 

តែទោះជាយ៉ាងណា ខ្ញុំបានរៀបជាស្រេចថា នៅពេលដែល ខ្ញុំមានការងារ ខ្ញុំនឹងបញ្ចប់ភាសាអង់គ្លេសខ្ញុំនៅACEសិន រួច ខ្ញុំនឹងបន្តយកអនុបណ្ឌិត។ ពេលការងារជោគជ័យបានច្រើនគួរសមហើយ ខ្ញុំនឹងបន្តយកបណ្ឌិតមួយទៀត។ សង្ឃឹមថា ការគិតរបស់ខ្ញុំមិនខុសទៅចុះ!! 😦
យប់ឡើង គ្រប់រឿងទាំងអស់ ហាក់កើតមានស្រស់ៗ ថ្មីៗ ពិសេស ពាក្យប៉ារបស់ខ្ញុំ ដែលតែងតែសារចុះសារឡើង មិនស្រាកស្រាន្ត។ ថ្ងៃនេះជាថ្ងៃសម្រាក ខ្ញុំងើបយឺត ហើយលោកប៉ាបានចូលមកគោះទ្វាមើលកាម៉េរ៉ា ឮសំឡេងគាត់ខ្ញុំមិនទាន់ភ្ញាក់ស្រួលបួលទេ ខ្ញុំនិយាយទាំងស្អកៗទៅកាន់គាត់។ ពេលគាត់ចេញបាត់ ខ្ញុំក៏ចាប់ផ្ដើមបន្តភាពពិបាកចិត្តបន្ថែមទៀត។ ខ្ញុំងើបបើកអ៊ីនធឺណេត ខ្ញុំវាយពាក្យទាំងទឹកភ្នែកមួយតំណក់ស្រក់ចុះ ដំណាលគ្នានឹងប្អូនស្រីជីដូនមួយអាយុ១០ឆ្នាំកំពុងមើលរឿង។ ខ្ញុំទ្រាំមិនបាន ខ្ញុំបានទៅអង្គុយយំនៅក្នុងបន្ទប់ទឹក។ ថាខ្ញុំទន់ជ្រាយក៏បាន តែពាក្យម្ដាយឪពុកសម្រាប់ខ្ញុំ គឺធ្ងន់ណាស់ មិនសម្លាប់ខ្ញុំ តែឲ្យខ្ញុំចងចាំ គឺចងចាំទុកទូន្មានកូនចៅជំនាន់ក្រោយ ខ្ញុំយំឡើងភ្នែកក្រហម។ ខ្ញុំខានយំយូរហើយ។ គ្រប់ពេលដែលទឹកភ្នែកស្រក់ រឿងអស់សង្ឃឹមតែងតែផុសឡើងក្នុងចិត្តខ្ញុំជានិច្ច។ លោកប៉ា កូនសូមទោស កូនធ្វើឲ្យលោកប៉ា អស់សង្ឃឹម។ កូនមិនល្អ។ កូនមិនបានធ្វើឲ្យប៉ារីករាយ។ ទោះជាកូនយំ ក៏កូននៅតែញញឹមដែរ។ កូននឹងធ្វើតាមពាក្យលោកប៉ា ឲ្យទាល់តែបាន ទោះជាត្រូវចំណាយពេលយូរប៉ុណ្ណាក៏ដោយ។ កូនស្រឡាញ់លោកប៉ា កូនស្រឡាញ់អ្នកម៉ាក់!!!!!!!!!!