ស្រមោលមួយនៅរោងមហោស្រព

ចេនឡា ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១២

គ្រាន់តែបើកFacebook បន្ទាប់ពីមកពីរៀនភ្លាម ខ្ញុំស្រាប់តែឃើញសារ៤ ក្នុងនោះ គឺសាររបស់បងភា ដែលខ្ញុំអាន។ គ្រាន់តែអានសារ ខ្ញុំភ្ញាក់ព្រឺត វិញ្ញាណខ្ញុំក៏រលឹកខ្ញុំថា មែនហើយពីម្សិលមិញខ្ញុំបិទសំឡេងទូរស័ព្ទពេលម៉ោងរៀន ដល់ពេលនេះហើយមិនទាន់…. គិតដល់ត្រឹមណេះ ខ្ញុំក៏ប្រញាប់ប្រញាល់ទាញទូរស័ព្ទពីហោរប៉ៅខោរភ្លាម រំពេចនោះ ខ្ញុំក៏ប្រទះឃើញ ៣១ Missed call និង SMS ១។ ខ្ញុំក៏ចាប់ទូរស័ព្ទទៅតាមលំដាប់។ ក្នុងនោះ ខ្ញុំក៏ទទួលដំណឹងពីរ ទាក់ពីការងារជាបន្ទាន់នាល្ងាចនេះ។ ទី១គឺត្រូវទៅសម្ដែងជាមួយក្រុមក្នុងកម្មវិធី មហោស្រពយុវវ័យឆ្នាំ២០១២ ចំណែកឯទី២ គឺត្រូវសម្ដែងជាបន្ទាន់មួយជាមួយភោជនីដ្ឋានអន្តរជាតិឈ្មោះថា Doors។

ឮដំណឹងទី១ភ្លាម ខ្ញុំក៏ត្រូវប្រញាប់ប្រញាល់រៀបចំខ្លួនទៅធាហេងដើម្បីសមភ្លេង ៤បទ។ ខ្ញុំច្រៀងទាំងអត់បាយថ្ងៃត្រង់។ បន្ទាប់មកទើបទទួលដំណឹងថា កម្មវិធីមហោស្រពយុវវ័យប្រចាំឆ្នាំ ត្រូវការឲ្យពួកខ្ញុំសម្ដែងម៉ោង៨យប់ទៅ។ ដូច្នេះ ក៏ធ្វើឲ្យខ្ញុំសម្រេចចិត្តលុបចោល កម្មវិធីនៅDoors។ មែនហើយ តាមពិតខ្ញុំគ្មានរំពឹងថានឹងចូលរួមទេ ព្រោះតាមរយៈការជជែកវែកញែកគ្នាពីបញ្ហាពានលើកមុន ធ្វើឲ្យខ្ញុំពិបាកនឹងចូលរួមជាមួយក្រុម ដ្បិតខ្ញុំមានចិត្តមួយ មិនសប្បាយចិត្តនឹងពាក្យដែលគេចាត់ទុកខ្ញុំថា «…ជាអ្នកមានតែក្នុងផ្ទះកុំអាងយ៉ាងខាងក្រៅ»។ ពាក្យនេះ ខ្ញុំចាំមួយជីវិត ព្រោះខ្ញុំមិនដែលមានគំនិត បែបនេះសោះ បើមិនចាំបាច់ប្រើអំណាចទាំងនោះ។ ខ្ញុំឈឺចិត្តណាស់ នឹងពាក្យទាំងនោះ ប៉ុន្តែទោះជាយ៉ាងណា ការដែលគេចវេះ ពីបញ្ហា ស្មើនឹងការដែលធ្វើឲ្យបញ្ហាកាន់តែរីកធំ។ ខ្ញុំសុខចិត្តចូលរួម ហើយធ្វើជាមនុស្សមិនដឹងអីទាំងអស់ ជៀសវាងគេត្មិះដៀលទៀត។

ពេលល្ងាចបានចូលមកដល់ ក្ដីរំពឹងរបស់ខ្ញុំ បានហោះហើរ ស្មើនឹងឆាកតន្ត្រីមួយដែលមានអ្នកទស្សនាជាច្រើននាក់។ ខ្ញុំនិងក្រុមតន្ត្រីស្នាមញញឹម ប្រហែលជាត្រូវគេសាទរជាថ្មីលើឆាកតន្ត្រីបែបមហោស្រព ដែលនិយាយពីយុវវ័យ។ ខ្ញុំរីករាយណាស់ ជាមួយការឡើងឆាកជាថ្មី និងយកបទចម្រៀង ដែលខ្ញុំតែងជាមួយក្រុម កាលពីឆ្នាំមុនមកច្រៀងជាថ្មី។ ខ្ញុំសួរខ្លួនឯង តើខ្ញុំគួរតែពាក់ខោរអាវអ្វីសម្រាប់យប់នេះ? តិចក្រែងលោ មិនសមនឹងក្រុម ឬមិនសមនឹងឆាកសិល្បៈរបស់ខ្មែរ ទេឬ? ប៉ុន្តែ ខ្ញុំក៏គិតច្បាស់ថា ធ្វើយ៉ាងណា គឺខ្លួនឯងពេញចិត្ត ព្រោះខ្ញុំទុកចិត្តភ្នែករបស់ខ្ញុំ។ មុននឹងដល់នាទីណាត់ ខ្ញុំក៏ចាប់ផ្ដើមកំដៅសំឡេង និងលោតចុះលោតឡើងបន្តិច រួចបង្ហោះFacebookប្រាប់អ្នកធ្លាប់គាំទ្រ ឲ្យនឹកឃើញចម្រៀងខ្ញុំឡើងវិញ។ មែនហើយ គឺវាបាត់យូរហើយពីត្រចៀកអ្នកស្ដាប់ សូម្បីតែអ្នកចម្រៀងអភ័ព្ទនេះក៏បាត់ពីមាត់ដែរ។ ខ្ញុំប្រឹងទន្ទេញទំនុកច្រៀងឡើងវិញដដែរៗ ពេលតាមផ្លូវទៅមហោស្រព។

ទៅដល់! មនុស្សជាច្រើនកុះករបានត្រៀបត្រា ធ្វើដំណើរឆ្ពោះតាមជណ្ដើរឡើងចូលរោងមហោស្រព។ ខ្ញុំញញឹមជានិច្ច ប៉ុន្តែស្រាប់តែឃើញឆាកតូចមួយនៅខាងក្រៅ។ ស្រមោលមនុស្សលឹមៗ កំពុងរៀបចំឧបករណ៍តន្ត្រី។ ទុកយានជំនិះរួច ខ្ញុំក៏ចាប់ផ្ដើមដើរទាំង ភ្នែកស្រវាំងទៅឆាកនោះ រំពេចនោះក៏ឃើញគ្នីគ្នា។ ខ្ញុំក៏នឹកក្នុងចិត្តថា ឱ!នេះ ខ្ញុំដូចជាកំពុងគិតខុសហើយ។ ខ្ញុំក៏ដោះអាវធំមួយជាន់ចេញ។ ខ្ញុំសើចលេងនឹងស្វាគមន៍ដល់ក្រុម បន្ទាប់មកខ្ញុំក៏ទទួលសំបុត្រដោយឥតគិតថ្លៃមួយ ដើម្បីឲ្យបានចូលមើលទស្សនិយភាពសិល្បៈខាងក្នុង។

ឯណេះទេ គឺការសម្ដែង ខាងក្រៅ គឺជាការសម្ដែងកំដររាត្រីប៉ុណ្ណោះ។ ទោះជាយ៉ាងណា ខ្ញុំនៅតែញញឹម ព្រោះមនុស្សច្រើនកុះករណាស់ នៅខាងក្នុងរោង។ ខ្ញុំអង្គុយមើលស្រមោលព្រាលៗនៃល្ខោនស្បែកធំច្នៃរបស់យុវសិល្បករខ្មែរយ៉ាងជក់ចិត្តជាមួយគ្នីគ្នាពីរបីនាក់ទៀត។ ម្ដងម្កាល ខ្ញុំតែងលួចពន្យល់ទៅគ្នីគ្នាខ្ញុំ ដែលជាគ្រឹស្តបរិសទ ពីការធ្វើហោមរោង បញ្ជាន់អ្នកថែរក្សាឆាក ព្រោះគ្រឹស្តបរិសទទំនងជាមិនដែលដឹងពិធី ប្រពៃណីបូរាណនេះទេ។ ខ្ញុំគិតថា ខ្ញុំក៏ដូចជានិយាយច្រើនដែរ ព្រោះពួកគេប្រហែលជាមិនចូលចិត្តក៏ថាបាន។ ទស្សនិយភាពកាន់តែប្លែក ស្រមោលជាច្រើនបានលេចឡើង លេចបាត់ជាបន្តបន្ទាប់ ដូចជាសាច់រឿងក្នុងកុន។ មែនហើយ តាមពិតទៅ គ្រឹះនៃខ្សែភាពយន្ត គឺកើតចេញពី ល្ខោនស្រមោលស្បែកធំខ្មែរនេះហើយ ព្រោះការប្រើពន្លឺក្នុងប្រភេទល្ខោននេះមានទំនោរទៅរក ការប្រើបច្ចេកទេសកាម៉េរ៉ា នៅក្នុងខ្សែភាពយន្ត។

ខួរក្បាលខ្ញុំមិនដែលទំនេរទេ គេគិតនេះគិតនោះមិនចេះចប់ ម្ដងម្កាល គេស្រម៉ៃនឹកចង់បង្កើតកុនមួយនិយាយពីសិល្បៈទំរង់ប្រភេទនេះ ម្ដងទៅ គេនឹកឃើញចង់បង្កើតភ្លេងប្រភេទនេះ។ សេរីភាពពេក ខ្ញុំក៏ប្រមូលវាចូលគ្នាវិញ រួចក៏បបួលគ្នាចាកចេញពីរោងល្ខោន បន្ទាប់ពីចូលឈុត ចាប៉ីដងវែងដែលប្រគុំតន្ត្រីដោយ លោកតាព្រឹទ្ធាចារ្យគង់ណៃ។ ខ្ញុំចូលចិត្តចាប៉ីដងវែងណាស់ ហើយក៏លួចស្ងើចសរសើរអ្នកច្រៀងចាប៉ីដែរ កោតគេចេះរកពាក្យដ៏ពិរោះៗនិងជួនគ្នាណែនណងទៅរួច ក្នុងពេលដែលខ្លីៗបែបនេះ។

មកដល់ខាងក្រៅ ម៉ោង៨ហើយ ប៉ុន្តែទីដែលខ្ញុំត្រូវសម្ដែងនៅតែស្ងាត់ ស្រមោលមួយក៏គ្មានដែរ។ ខ្ញុំអង្គុយរង់ចាំជាមួយអ្នកតន្ត្រីករ ដោយអមជាមួយការសមតិចៗនៅបទរបស់យើងបណ្ដើរៗ។ ស្រមោលមនុស្សម្នាក់បានដើរមកដល់ក្បែរឆាករួចស្រែកប្រាប់ខ្ញុំថា ម៉ោង៨កន្លះទើបចាប់ផ្ដើម ប៉ុន្តែមិនមែនដូចមាត់គាត់ទេ គឺម៉ោង៩ឯណោះទេ ដែលខ្ញុំចាប់ផ្ដើមឃើញមនុស្សមក។

Rock’n roll រដូវលំហើយ/រូបថតពី YoKi.Coco

យើងរៀបចំបទរួច តែមិនបានធ្វើតាមនោះទេ ដ្បិតយើងសង្កេតឃើញទស្សនិកជន ចូលចិត្តបទញាក់ជាងបទស្លូដែលយើងត្រៀម។ បើកុំតែបាន សុភា ជាអ្នកធ្វើពិធីករ ម្ល៉េះសមមិនញាំងបរិយាកាសល្អម្លឹងទេ បើតាមខ្ញុំគឺចប់ហើយ មិនពូកែវោហារសាស្ត្រសោះ គឺចេះតែនិយាយតទល់ជាមួយមនុស្សម្នាក់ និងធ្វើសកម្មភាពឲ្យគេមើលតែម្ដង។

ជិត១០ហើយ មានទស្សនិកជនតែប្រហែលជាង២០នាក់ប៉ុណ្ណោះ ប៉ុន្តែសប្បាយដែរ ព្រោះពួកគេពូកែរាំណាស់។ យើងច្រៀងយ៉ាងរីករាយ ទោះជាតិច តែក៏រីករាយ ធ្វើម៉េច យើងមានគេដឹងតែប៉ុណ្ណឹង។ ខ្ញុំនៅតែញញឹម ញញឹមរហូតចប់កម្មវិធី គេបិទភ្លើងដេញទៀត… 😀 ខំស្លៀកពាក់ស្អាតបាត តែគិតខុសទាំងអស់។ មកដល់ផ្ទះ ម៉ាក់ប៉ាបិទទ្វាចោល ខ្ញុំក៏ខលហៅប្អូនជួយបើកទ្វា ព្រោះមិនចង់រំខានលោកទាំងពីរដ្បិត លោកទាំងពីរកំពុងទៅយកខោរអាវនៅខាងក្រៅ។ តុំយ៉ាំ រសជាតិបង្កង! នេះជាសំលដែលម៉ាក់ប៉ាទុកឲ្យ… មែនហើយ គឺរសជាតិបង្កង ប៉ុន្តែបង្កងស្ទើរតែគ្មាន។ ខ្ញុំហុតម៉ាល្មមលែងឃ្លាន ហើយក៏ចូលមកគេង។ អស់កម្លាំងណាស់ ដល់ថ្នាក់បើកកុំព្យូទ័រចោលរហូតដល់ភ្លៀងមួយមេធំ ទើបភ្ញាក់ព្រឺត បានដឹងម៉ោង២ភ្លឺហើយ។ ហ្ហឹម!!! ជីវិតតែប៉ុណ្ណឺង! 😀

ក្រមតន្ត្រីស្នាមញញឹម,ចំរើន សុភាព និងខ្ញុំ/រូបថតពី YoKi.Coco

ក្រមតន្ត្រីស្នាមញញឹម,ចំរើន សុភាព និងខ្ញុំ/រូបថតពី YoKi.Coco

11172012

តំណក់ភ្លៀងសាយណ្ហ

មែនហើយ បើនិយាយពីចម្រៀងវិញ ខ្ញុំទម្លាប់ចិត្តខូចអស់ ឲ្យតែពេលធ្វើបទថ្មីម្ដងៗ ក្នុងប៉ុន្មានពេលមកនេះ។ ខ្ញុំអាងតែធ្វើទៅ មានគេសម្រួល អាងតែធ្វើទៅគេជួយធ្វើឲ្យពិរោះ ឥឡូវនេះ ធ្វើលែងចង់កើតអស់ ប៉ុន្តែសំណាងណាស់ អារម្មណ៍ខ្ញុំបានបញ្ជារចិត្ត ឲ្យសរសេរចម្រៀងមួយ ចេញ ដោយបានការគាំទ្រសាច់ភ្លេង ពី លោក ឡុង ស៊ីអៀប មិត្តភក្ដិតន្ត្រីកររបស់ខ្ញុំ។ គាត់នេះហើយ ជាអ្នកជួយធ្វើភ្លេងពង្រាងឲ្យខ្ញុំកន្លងមក។ ខ្ញុំតូចចិត្តចំពោះខ្លួនឯងណាស់ ដែលមិនដែលមានអីជូនគាត់ ប៉ុន្តែជារឿយខ្ញុំក៏លួចប្រាប់ពីតិចនិចសម្រាប់ធ្វើនេះធ្វើនោះ ខ្លះៗទៅគាត់ ដោយមិនឲ្យគាត់ដឹង។ ខ្ញុំតែងមានបំណងប្រាថ្នាមួយ ធ្វើStudioតូចមួយ ដើម្បីឲ្យគាត់កាន់ និងផលិតបទសម្រាប់ អ្នករាល់គ្នា។

«តំណក់ភ្លៀងសាយណ្ហ» ជាបទមួយ ក្នុងចំនោមបទជាច្រើន ដែលខ្ញុំបានសរសេរ ប៉ុន្តែដោយឡែកបទនេះ វាបានផុសឡើង នៅពេលដែលខ្ញុំកើតទុក្ខ។ គ្រាន់តែសរសេរចប់ភ្លាម ល្ងាចឡើង ខ្ញុំក៏រកលោក ស៊ីអៀបឲ្យជួយសម្រួលតន្ត្រី និងប្រគុំជាPiano Classic ទុកគ្រាន់បង្ហោះតាមInternet។ ខ្ញុំចាំថា បទនេះចេញមុនរដូវភ្លៀងធ្លាក់នៅស្រុកយើងទៅទៀត (កាលបរិច្ឆេទជាក់លាក់នៅជាប់នឹងYoutube)។ កាលណោះ ខ្ញុំបានមើលរឿង Love Rain ដែលសព្វថ្ងៃ កំពុងចាក់ផ្សាយនៅទូរទស្សន៍ហង្សមាស ដោយបកប្រែជាភាសាខ្មែរថា «ផ្ដើមស្នេហ៍ក្រោមតំណក់ទឹកភ្លៀង» បានធ្វើឲ្យខ្ញុំនឹកឃើញ តែងចម្រៀងមួយបទ រំលឹកអនុស្សាវរីយ៍កាលពីនៅរៀន។

ចម្រៀងនេះ ប្រហែលមិនពិរោះដល់បទ First Kiss របស់រឿង Love Rain នោះទេ ប៉ុន្តែវាស្ដែងចេញពីការពិតមួយ ដែលខ្ញុំបានជួបកាលពីនៅរៀន។ មនុស្សម្នាក់ដែលខ្ញុំធ្លាប់លួចមើលពីចម្ងាយ ទាំងល្ងាច ទាំងព្រឹក ទាំងស្រឡះ ទាំងភ្លៀង បានរសាត់ទៅតាមពេលវេលាអស់ហើយ នៅសល់តែការចងចាំប៉ុណ្ណោះ។ ចម្រៀងមួយបទនេះ ខ្ញុំបានតែងឧទ្ទិសជូន អនុស្សាវរីយ៍ទាំងនោះ ឲ្យនៅតែរស់ក្នុងដួងចិត្តយុវវ័យ ដែលតែងតែ​ស្រឡាញ់គ្នា ហើយក៏បែកគ្នា ព្រោះតែដួងចិត្តភ្លើងចំបើង។

ចំពោះសាច់ការនៃការរៀបចំ និងភាពល្បីល្បាញសម្រាប់មួយបទនេះវិញ គឺធ្វើឡើង ទៅតាមដំណាក់កាលដ្បិត ខ្ញុំបាទ និងមិត្តភក្តិ មិនមានឧបករណ៍គ្រប់គ្រាន់សម្រាប់ធ្វើឲ្យចេញជាចម្រៀងមួយផ្លូវការពេញលេញដូចចម្រៀង ដែលដាក់លក់លើទីផ្សារដទៃ ប៉ុន្តែភាពល្បីល្បាញ ដែលខ្ញុំសង្កតឃើញ គឺនៅពេលភ្លៀងនេះហើយ។ ខ្ញុំតែងបង្ហោះចម្រៀងនេះ មិនដែលណាយទេ ពេលភ្លៀងម្ដងៗ។ មិនត្រឹមតែប៉ុណ្ណោះ ខ្ញុំធ្លាប់យកចម្រៀងនេះច្រៀង ពេលឡើងសម្ដែងនៅកម្មវិធីតន្ត្រីលើទឹក ថែមទៀតផង។ ទោះជាមិនសូវល្អ តែក៏ជាមោទនភាពខ្ញុំដែរ ដែលឡើងបានសម្ដែងនូវបទចម្រៀងផ្ទាល់ខ្លួន នៅឆាកហង្សមាសផងដែរ។ ក្រោយមក ចម្រៀងនេះ ត្រូវបានកែខៃឲ្យមានស្គរ បាស ។ល។ របស់ម៉ាស៊ីនទាំងអស់ នេះជាការវិវត្តថ្មីទៀតនៃបទភ្លេងរបស់ខ្ញុំបាទ។

 

ស្ដាប់បទនេះ សូមចុច៖ [mp3=http://soundcloud.com/eugene-ma/original-score-eugene-ma]

ការវិនិយោគដ៏តូចមួយក្នុងជីវិត

អាចថា ខ្ញុំគិតខុសក៏ថាបាន សម្រាប់កិច្ចការជីវិតមួយក្បែរចុងឆ្នាំនេះ ប៉ុន្តែខ្ញុំគិតថានេះជា «ការវិនិយោគដ៏តូចមួយក្នុងជីវិត» ដែលខ្ញុំបានរៀនសូត្រ ក្នុងឆ្នាំ២០១២មួយនេះ។

ជាសំណាងល្អ បន្ទាប់ពីបញ្ចប់ការងារមហាវិទ្យាល័យអស់ នាចុងឆ្នាំទី៤ ឆមាសទី២ ខ្ញុំត្រូវបានគេជ្រើសជាសិល្បករFreelanceមួយរូប នៅក្រុមហ៊ុនKYH ថាតើការសម្រេចចិត្តនេះជាការសម្រេចចិត្តខុសឬទេ បើមុននឹងចូលទីនេះក៏មានផលិតកម្មមួយបានទាក់ទងខ្ញុំជាសម្ងាត់ដែរ។ សម្រាប់ខ្ញុំ ខ្ញុំយល់ឃើញថា ទម្រាំតែខ្ញុំហ៊ានសម្រេចចិត្ត មិនចាំផលិតកម្មសម្ងាត់នោះ ខ្ញុំបានរង់ចាំគេ និងធ្វើការងារជាច្រើនដើម្បីគេហើយ ប៉ុន្តែធ្វើម្ដេច បើនេះជាភាពចាំបាច់ របស់មហាវិទ្យាល័យខ្ញុំ ដែលតម្រូវឲ្យខ្ញុំចាំបាច់ត្រូវមានការងារ បន្ទាប់ពីចប់ឆ្នាំ នៅឆមាសចុងក្រោយនេះ។ ទាំងស្ទាក់ស្ទើរ ខ្ញុំក៏សម្រេចចិត្តចូល KYH។

ទីនោះមានកូនខ្មែរកាត់បរទេសជាច្រើននាក់ជាសមាជិក។ ខ្ញុំរីករាយគួរសមក្នុងការទទួលយកការងារថ្មីនេះ។ ដោយភាពចាំបាច់ ខ្ញុំក៏សម្រេចចិត្ត សុំការងារមួយទៀតក្រៅពីសិល្បករ សម្រាប់Internship ប៉ុន្តែវាមិនមែនជាការស្រួលនោះទេ ព្រោះខ្ញុំត្រូវធ្វើការជាសិល្បករនៅពេលយប់ មួយរយៈ តាមអ្វីដែលក្រុមហ៊ុនបង្គាប់ឲ្យធ្វើ។ ខ្ញុំអាចត្រឹមធ្វើការតែកន្លះថ្ងៃប៉ុណ្ណោះ ដ្បិតខ្ញុំបានដាក់កាលវិភាគរៀន 3Dmax នៅពេលព្រឹក។

ដោយខ្ញុំត្រូវបង់មហាវិទ្យាល័យជាចាំបាច់ ណាខ្ញុំគិតថាមិនចង់ខ្ចីម៉ាក់ប៉ាទេ ខ្ញុំក៏សម្រេចចិត្តខ្ចីក្រុមហ៊ុន ប៉ុន្តែទោះជាយ៉ាងណា ម៉ាក់ប៉ាខ្ញុំ បានជួយចេញ ម៉ោង3Dmaxវិញ។ មូលហេតុដែលខ្ញុំបំប៉ន3Dmaxនេះ ព្រោះខ្ញុំបានមើលឃើញនូវតម្រូវការទីផ្សារការងារជាច្រើនក្នុងផ្នែកដែលខ្ញុំបានសិក្សា និងកំពុងចង់រៀននេះ។ ដូច្នេះ ខ្ញុំគិតថា ខ្ញុំមិនអាចInternshipនៅKYHរហូតដល់ចប់នោះទេ ព្រោះទីនោះ មិនត្រូវជំនាញដែលខ្ញុំបានរៀនសោះ ទោះបីជាត្រូវជំនាញដែលខ្ញុំស្រឡាញ់ក៏ដោយ ប៉ុន្តែនៅទីនេះ ការងារគឺតម្រូវឲ្យចេះសព្វគ្រប់ ទើបធ្វើឲ្យខ្ញុំពេលខ្លះមិនដឹងត្រូវជយគេយ៉ាងម៉េច។ ដូច្នេះ ការរៀន3Dmaxរបស់ខ្ញុំ មិនមែនមើលឃើញតែជំហានខ្លីទេ ប៉ុន្តែខ្ញុំនឹងមានជំនាញមួយទៀតលើផ្នែក3D digital ដែលខ្ញុំនឹងមានជំនាញមួយ លើសពីបុគ្គលិកធម្មតា។ ក្រុមហ៊ុនមួយត្រូវការអ្នកចេះដឹង ទើបដើរទៅមុខ ដូច្នេះ ការរៀននេះ គឺជាគន្លឹះដ៏សំខាន់ដែរ ដែលក្រុមហ៊ុននឹងអាចរំពឹង លើយើងម្នាក់ ក្នុងចំនោមបុគ្គលិកគេ។ ការសង្ឃឹមយ៉ាងមុតមាំ ក្នុងការរៀន3Dmaxគឺ ខ្ញុំអាចរកការងារមួយល្អដើម្បីទ្រទ្រង់ជីវភាព មិនរំពឹងម៉ាក់ប៉ា ហើយយកការងារជាសិល្បករ ចាត់ទុកជាការកម្សាន្តវិញ។ ធ្វើបែបនេះ ទើបចំគោលដៅរបស់ខ្ញុំ។

ខ្ញុំបានគិតរួចហើយ ខ្ញុំត្រូវចំណាយពេលរៀនជំនាញនេះ ឲ្យចប់មុនខែមករាឆ្នាំក្រោយ ដើម្បីខ្ញុំងាយចាប់ចូលធ្វើការកន្លែងគេ បានស្រួលខ្លួន ប៉ុន្តែទម្រាំដល់ខែនោះ ខ្ញុំនឹងបំប៉នរៀនហ្គីតា និងប្រឡូកតិចតួចបន្ថែមក្នុងវិស័យសិល្បៈ ដើម្បីយកបទពិសោធន៍ មានន័យ ការងារដែលខ្ញុំធ្វើពេលនេះ គឺដើម្បីសន្សំបទពិសោធន៍សម្រាប់ប្រយុទ្ធនឹងជីវភាពផ្ទាល់ខ្លួន នាថ្ងៃខាងមុខ។ ប៉ុន្តែទោះជាយ៉ាងណា ការប្រែប្រួលនៅតែមាន គ្រាន់យើងនៅតែឈរលើគោលដៅធំប៉ុណ្ណោះ។ ទោះជាយ៉ាង ខ្ញុំនៅតែសង្ឃឹមថាអ្វីៗ នឹងដំណើរការបានយ៉ាងរលូន។

 

ទឹកថ្លា, ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០១២

11152012

ទឹកភ្នែកពេលអរុណរះ

មិនដឹងជាត្រូវចាប់សរសេរសាច់រឿងដែលកើតមានក្នុងអាទិត្យនេះយ៉ាងណានោះទេ ព្រោះពេលដែលក្រឡេកថយក្រោយទៅវិញ រឿងរ៉ាវដែលក្លាយត្រឹមតែជាយល់សប្តិទាំងនេះ គឺពេលដែលសង្កេតទៅ គឺជាភាពចៃដន្យហាក់ប្រទាក់ក្រឡាគ្នាជានិច្ច។

1-2-3-4/08/2012

«ដោយការងារនេះជាការងារសម្ងាត់ដែរ ខ្ញុំសូមលាក់ការណ៍សម្ងាត់សិនក្នុងអត្ថបទ។»

ប៉ុន្មានថ្ងៃនេះ ខ្ញុំបានអវត្តមានក្នុងសាលា៣ថ្ងៃ បន្ទាប់ពីទទួលការងារជាជំនួយការដឹកនាំចម្រៀង និងជាអ្នកសម្ដែង(តួរង) ក្នុងកន្លែងធ្វើការមួយ ហើយក៏ទទួលអារម្មណ៍ប្លែកៗមិនចេះចប់ បើទោះជាខ្ញុំធ្លាប់ធ្វើការបែបនេះពីមុនមកក៏ដោយ ប៉ុន្តែមុននឹងដល់ថ្ងៃទី១ ក្នុងថ្ងៃទាំង៣នេះ មានកន្លែងការងារមួយទៀត បានទាក់ទងខ្ញុំឲ្យធ្វើកុងត្រា បន្ទាប់ពីខ្ញុំបានធ្វើតេស្តជាប់តាំងពីប៉ុន្មានថ្ងៃមុន។ ខ្ញុំមិនបានស្ទាក់ស្ទើរទេ ហើយបានដូរថ្ងៃណាត់ ទៅថ្ងៃសុក្រ ដែលជាថ្ងៃចុងក្រោយ នៃកិច្ចការបីថ្ង។

ថ្ងៃទី១បានចូលមកដល់ ខ្ញុំស្រាប់តែទៅយឺតបន្តិច ព្រោះអាល័យតែស្ទះផ្លូវ។ ខ្ញុំមានអារម្មណ៍ថាអៀននឹងខ្លួនឯងមែនទែន ដែលមកយឺត។ អ្នកដទៃ ខ្ញុំមិនខ្វល់ទេ ទោះជាគេថាឲ្យខ្ញុំ ឬស្អប់ខ្ញុំក្រោយខ្នងយ៉ាងណា តែសំខាន់ខ្ញុំមិនបានគិតគូដល់ខ្លួនឯង។ ថាខ្ញុំអត្មានិយមក៏បាន តែខ្ញុំត្រូវតែស្រឡាញ់ខ្លួនឯងមុនសិន មុននឹងស្រឡាញ់អ្នកដទៃ។ ទោះជាយ៉ាងណា គិតនៅតែគិត ខាងក្រៅ ខ្ញុំនៅតែគិតពីអ្នកដទៃ។

យើងជាមនុស្សថ្មី ការងារគេមិនចាំយើងទេ ខ្ញុំទៅដល់ គេក៏បរឡានទៅកន្លែងការងារចោលខ្ញុំ។ ខ្ញុំក៏ជិះម៉ូតូឌុបទៅ។ ការងារដំណើរការទៅជាបន្តបន្ទាប់ រហូតដល់យប់ ខ្ញុំត្រូវជិះម៉ូតូមកម្នាក់ឯង ដោយបិទសំឡេងទូរស័ព្ទខ្លាចរំខានការងារ ម៉ាក់បានទូរស័ព្ទមកខ្ញុំជាង១០ដង ធ្វើឲ្យគាត់ខឹង។ ដោយហត់ពេក ខ្ញុំបានតមាត់នឹងគាត់ ឯប៉ា មិនបាននិយាយអ្វីទេ តែម៉ាក់តែងប្រាប់ថា គាត់ខឹងនឹងខ្ញុំខ្លាំងណាស់។ ខ្ញុំមកដល់ផ្ទះ គេបាយហើយអស់រលីង តែម៉ាក់ទុក ស្ពៃខៀវឲ្យមួយចាន ខ្ញុំក៏ឈុងមីបន្ថែមទៀត។ នេះហើយជាអាហារថ្ងៃទី១របស់ខ្ញុំ។

ថ្ងៃទី២បានចូលវេនមកផ្លាស់ប្ដូរ ខ្ញុំមិនងើបយឺតទៀតទេ ព្រោះក្នុងការងារដែលខ្ញុំដៅ គឺមានច្រើនណាស់។ ខ្ញុំទៅដល់ទាន់ពេល ហើយវាដំណើរការទៅជាបន្តបន្ទាប់ លើកនេះមានប្លង់មួយត្រូវថតពីខ្ញុំ។ ខ្ញុំរៀបចំខ្លួនស្រេច តែប្រហែលជាខុសទំនងហើយ ព្រោះអនិកជន ប្រហែលជាមិនស្លៀកពាក់ដូចខ្ញុំពេកទេ។ ពេលថត គ្រប់គ្នា ចំអន់ខ្ញុំលេង ព្រោះឃើញភ្នែករបស់ខ្ញុំ។

ប៉ុន្មានអាទិត្យមុន ខ្ញុំងើបទទួលប៉ាបើកទ្វារចូលបន្ទប់ ចៃដន្យអី គាត់ចង់អង្អែលក្បាលខ្ញុំ គាត់ក៏លើកដៃមកចំភ្នែក បណ្ដាលឲ្យឈឺស្រឿងៗ ខ្ញុំមិនចាប់អារម្មណ៍ទេ តែបីថ្ងៃក្រោយ ស្រាប់តែវាឡើងធំ គ្រប់គ្នាថាភ្នែកខ្ញុំ គឺពពែឆ្កែ។ ខ្ញុំខ្មាស់គេដែរ តែនៅតែប្រឈមមុខ ដោយ :)។

ថតចប់ យើងក៏បន្តដំណើរទៅផ្ទះវីឡាមួយ នៅត្រើយម្ខាង។ នៅទីនោះ យើងថតច្រើនប្លង់ណាស់។ ខ្ញុំសង្កេតឃើញរូបនារីកណ្ដៀតក្អមមួយ សម្បុរសស្អាត យ៉ាងចម្លែក ហើយមានដើមឈើជាច្រើន។ គាត់រចនាបានស្អាតណាស់។ ពេលនោះ មានប្លង់មួយត្រូវយកសំឡេងនិយាយ ពេលនោះ ខ្ញុំក៏ឡើងទៅថតសំឡេងនៅខាងលើផ្ទះតែពីរនាក់តួ។ ពេលនោះស្រាប់តែ ឮសំឡេងបើកសោរ។ ខ្ញុំក៏ឈប់ ហើយថាថតបន្ត ក៏ឮបើកទៀត ខ្ញុំក៏ឈប់ទៀត ចាំមើល ក្រែងមានអ្នកណាចេញ បាំងផ្លូវ។ ពេលនោះ ស្រាប់តែទ្វារបើកឯង។ ខ្ញុំដឹងរឿង ក៏ធ្វើនិយាយថា​ បើចេញហើយ សូមជួយបិទផង។ ពេលនោះទ្វា ក៏ហាក់ជារកបិទវិញ ហើយខ្ញុំក៏បញ្ចប់ការថតទៅ រួចរុញទ្វាឲ្យបន្ទប់វិញ។ ពេលចប់ការងារក្នុងផ្ទះ ទើបលោកអ៊ុំម្ចាស់ផ្ទះ មានប្រសាសន៍ប្រាប់ពី ការពន្យល់សប្តិរបស់នារីម្នាក់ ឲ្យទិញលេខឆ្នោត ហើយឆ្នោតនោះគឺត្រូវថែមទៀត តែគាត់មិនបានចាក់។ គាត់ក៏ធ្វើរូបសំណាក់នេះឡើង ដោយយកពីវិចិត្រសិល្ប៍មក។ ខ្ញុំបានអុជធូបនៅទីនោះ រហូតដល់ យឺតឡាន ទាំងខ្ញុំមិនបានទាន់រឺតវ៉ាលីផង។ ខ្ញុំក៏ដាក់ចូលគូទឡាន តែម្ដង ហើយទុកស្បែកជើង២គូ ម្ខាងទៀត​។ ខណៈនោះ ក្រុមការងារបន្តដំណើរ ទៅផ្ទះថតរូបមួយក្នុងបូរីនេះដែរ។ ថតចប់ខ្ញុំក៏ចូលមកដល់ក្រុមហ៊ុនវិញ អាល័យតែភ្លឹកនឹកដល់ម៉ាក់ប៉ា ដែលថាឲ្យពីម្សិលខ្ញុំបិះតែភ្លេចវ៉ាលី។ ខ្ញុំបានទៅដល់ផ្ទះ ហើយគឺភ្លេចទាល់តែបាន ខ្ញុំបានភ្លេចស្បែកជើងពីរគូ ក្នុងនោះ មានស្បែកជើងតម្លៃ៥០មួយគូ ខ្ញុំក៏ប្រញាប់ប្រញាល់ទូរស័ព្ទទៅ ហើយក៏ប្រាប់ឲ្យគេទុក។

ស្អែកឡើង ជាថ្ងៃចុងបញ្ចប់នៃការងារ។ ខ្ញុំបានទៅដល់កន្លែងដូចសព្វដង ហើយសួររកស្បែកជើង តែស្បែកជើងបានបាត់មួយគូហើយ។ សំណាងដែរ នៅអាតម្លៃ៥០ កុំអីម៉ាក់ខ្ញុំខឹងខ្ញុំទៀតហើយ។ យើងបានបន្តដំណើរទៅថតរហូតដល់ល្ងាច។ ថ្ងៃណាត់បានចូលដល់ ខ្ញុំក៏សូមផ្អាកការងារមួយនេះ មួយអន្លើសិន ហើយក៏ចូលទៅរៀបចំខ្លួន ដើម្បីចូលនិយាយការងារជាមួយកន្លែងថ្មី។ ការងារគឺដូចអ្វីដែលខ្ញុំប៉ងនិងគិតបេះបិទ។ ខ្ញុំរីករាយជាខ្លាំង តែខ្ញុំត្រូវដោះស្រាយការងារដែលកំពុងតែបន្ត និងពីមុនៗសិន ជាពិសេសគឺការងារបរិញ្ញាប័ត្រខ្ញុំ។ ខ្ញុំត្រូវបញ្ចប់សិន។

ម៉ោងជិត៧​ ខ្ញុំក៏ទៅយកឡាន នឹកគិតថា ចង់ជិះទៅញាំអីនឹងមិត្តភក្តិពេលចេញពីធ្វើការវិញ រួចក៏ជិះទៅកន្លែងធ្វើការសិន។ ប្លង់មួយ ត្រូវគេកាត់ចេញ ព្រោះពេលវេលាមិនអំណោយផល ខ្ញុំក៏ថតតែមួយប្លង់ប៉ុណ្ណោះល្ងាចនោះ។ ថតចប់រួចរាល់ ខ្ញុំមិនបាននៅញាំអីជាមួយក្រុមការងារនោះទេ ខ្ញុំបានត្រឡប់ទៅផ្ទះវិញ ហើយក៏ឆ្លៀតចង់ទៅញាំអីជាមួយបងៗ មិត្តភក្តិខ្ញុំ ដែលគាត់បានហៅដែលមុនធ្វើការ ស្រាប់តែទៅដល់គាត់ហូបអស់រលីង ហើយខ្ញុំក៏នៅជជែកលេងជាមួយពួកគាត់សិន។

ខ្ញុំទៅដល់ផ្ទះ ខ្ញុំក៏បានយករឿងនោះទៅពិភាក្សានឹងគាត់។ គាត់បានទូន្មានខ្ញុំជាច្រើន មើលទៅលោកប៉ាមិនសូវសប្បាយចិត្តប៉ុន្មានទេ គាត់ហាក់ដូចជាអស់សង្ឃឹមណាស់ នឹងការងារសិល្បៈរបស់ខ្ញុំ ព្រោះការងារនោះ មិនមែនជាការងារ របស់មុខជំនាញខ្ញុំនោះទេ។ ខ្ញុំត្រូវសម្រេចចិត្តយ៉ាងទុក្ខព្រួយបំផុត រវាង ការងារដែលខ្ញុំស្រឡាញ់ និងការងារដែលជាយោបល់ដ៏ល្អពីម៉ាក់ប៉ា។ ខ្ញុំមិនខ្លាចធ្វើទេ ប៉ុន្តែ ខ្ញុំពិបាកធ្វើ នៅពេលដែល ការផ្គត់ផ្គង់ពីម៉ាក់ប៉ាឲ្យក្លាយជាមនុស្សដែលមានការងារធ្វើល្អ ឬមុខជំនាញល្អ ត្រូវប្រែក្លាយជាការងារដែលមិនបាន តម្រូវចិត្ត លោកទាំងពីរ។ លោកប៉ាមិនថាអីខ្ញុំទេ តែឲ្យខ្ញុំចេះគិត។ ខ្ញុំនៅតែចាំពាក្យគាត់៖

«…អ្នកខ្លះស្ទាបជើងដំរីថាសរសរ ហើយអ្នកខ្លះស្ទាបស្លឹកត្រចៀកដំរីថាថាស ហើយអ្នកខ្លះស្ទាបប្រមោយថាវល្លិ៍…មិនបានដឹងថាដំរីរាងពិតបែបណានោះទេ ដូច្នេះបើសម្រេចចិត្តថាធ្វើអីមួយ ត្រូវមើលឲ្យគ្រប់ជ្រុងជ្រោយ។» ហើយ«…ធ្វើអ្វីក៏ដោយបើមានពាក្យថា ចាំមើលសិន គឺមានន័យថារៀងរហូតហើយ…», «…មិត្តភក្តិរៀនចប់ដំណាលគ្នា គេសុទ្ធតែរដ្ឋលេខាធិការ ឬម្ចាស់ក្រុមហ៊ុន ហើយយើង…និយាយរួមមក គឺយើងមានអ្វី?…» […] «មានការងារតែអត់បរិញ្ញា យើងមុខជាហេលហាលណាស់។…(ជិតចប់បរិញ្ញា) … វ័យនេះជាវ័យរៀន ពេលមានការងារ ប្រហែលជាសូម្បីតែក្រដាស់ក៏លែងចង់កាន់ដែរ បើមានប្រពន្ធទៀត រិតតែចប់ហើយ… ប៉ាមិនឃាត់ទេ ធ្វើការ តែបើការងារParttime ធ្វើចុះ ហើយយកពេលរៀនតយកបណ្ឌិត ឬអនុបណ្ឌិតទៅ… និយាយរួមគឺរៀនរហូតសង្គមទទួលស្គាល់ថា ធ្វើការបាន… និយាយបែបនេះ ព្រោះបទពិសោធន៍បានប្រាប់ថាអ៊ីចឹង ធ្វើអីក៏ធ្វើចុះ តែផ្លូវគឺបែបណឹង… ហើយគួរគិតដែរ គ្រួសារយើងមិនទាន់ដល់ថ្នាក់ ត្រូវធ្វើការឲ្យគេដើម្បីតែដោះទាល់នោះទេ គឺដើម្បីបទពិសោធន៍… តែនិយាយនេះ គឺសម្រាប់ទុក ពេលអវត្តមានលោកប៉ា ពីជីវិតកូនប៉ុណ្ណោះ…»

 

តែទោះជាយ៉ាងណា ខ្ញុំបានរៀបជាស្រេចថា នៅពេលដែល ខ្ញុំមានការងារ ខ្ញុំនឹងបញ្ចប់ភាសាអង់គ្លេសខ្ញុំនៅACEសិន រួច ខ្ញុំនឹងបន្តយកអនុបណ្ឌិត។ ពេលការងារជោគជ័យបានច្រើនគួរសមហើយ ខ្ញុំនឹងបន្តយកបណ្ឌិតមួយទៀត។ សង្ឃឹមថា ការគិតរបស់ខ្ញុំមិនខុសទៅចុះ!! 😦
យប់ឡើង គ្រប់រឿងទាំងអស់ ហាក់កើតមានស្រស់ៗ ថ្មីៗ ពិសេស ពាក្យប៉ារបស់ខ្ញុំ ដែលតែងតែសារចុះសារឡើង មិនស្រាកស្រាន្ត។ ថ្ងៃនេះជាថ្ងៃសម្រាក ខ្ញុំងើបយឺត ហើយលោកប៉ាបានចូលមកគោះទ្វាមើលកាម៉េរ៉ា ឮសំឡេងគាត់ខ្ញុំមិនទាន់ភ្ញាក់ស្រួលបួលទេ ខ្ញុំនិយាយទាំងស្អកៗទៅកាន់គាត់។ ពេលគាត់ចេញបាត់ ខ្ញុំក៏ចាប់ផ្ដើមបន្តភាពពិបាកចិត្តបន្ថែមទៀត។ ខ្ញុំងើបបើកអ៊ីនធឺណេត ខ្ញុំវាយពាក្យទាំងទឹកភ្នែកមួយតំណក់ស្រក់ចុះ ដំណាលគ្នានឹងប្អូនស្រីជីដូនមួយអាយុ១០ឆ្នាំកំពុងមើលរឿង។ ខ្ញុំទ្រាំមិនបាន ខ្ញុំបានទៅអង្គុយយំនៅក្នុងបន្ទប់ទឹក។ ថាខ្ញុំទន់ជ្រាយក៏បាន តែពាក្យម្ដាយឪពុកសម្រាប់ខ្ញុំ គឺធ្ងន់ណាស់ មិនសម្លាប់ខ្ញុំ តែឲ្យខ្ញុំចងចាំ គឺចងចាំទុកទូន្មានកូនចៅជំនាន់ក្រោយ ខ្ញុំយំឡើងភ្នែកក្រហម។ ខ្ញុំខានយំយូរហើយ។ គ្រប់ពេលដែលទឹកភ្នែកស្រក់ រឿងអស់សង្ឃឹមតែងតែផុសឡើងក្នុងចិត្តខ្ញុំជានិច្ច។ លោកប៉ា កូនសូមទោស កូនធ្វើឲ្យលោកប៉ា អស់សង្ឃឹម។ កូនមិនល្អ។ កូនមិនបានធ្វើឲ្យប៉ារីករាយ។ ទោះជាកូនយំ ក៏កូននៅតែញញឹមដែរ។ កូននឹងធ្វើតាមពាក្យលោកប៉ា ឲ្យទាល់តែបាន ទោះជាត្រូវចំណាយពេលយូរប៉ុណ្ណាក៏ដោយ។ កូនស្រឡាញ់លោកប៉ា កូនស្រឡាញ់អ្នកម៉ាក់!!!!!!!!!!

នឹកអ្នកណាស់ តែមិនអាចមកជួប

ឱ! ប្លក់សំណព្វចិត្តអើយ ខ្ញុំមិនចង់ឲ្យអ្នកដូចជាប្លក់មុនរបស់ខ្ញុំទៀតទេ។ ខ្ញុំតែងនឹកអ្នកគ្រប់ពេល ហើយក៏មានរឿងជាច្រើនចង់រៀបរាប់ប្រាប់អ្នកដែរ ប៉ុន្តែភាពមមាញឹករបស់ខ្ញុំ តែងតែមកពង្រាំងខ្ញុំនិងអ្នកជាប់ជានិច្ច។ ដ្បិតរឿងជាច្រើនចេះតែដើរក៏ពិតមែន ប៉ុន្តែអំណាចនៃទឹកចិត្ត ដែលប៉ុនប៉ង ជាប់ជានិច្ចនៅមិនដាច់ស្រេចគ្នាទេ ថ្ងៃនេះខ្ញុំបានត្រឡប់មករកអ្នកវិញហើយ គឺត្រឡប់មកសារជាថ្មីក្នុងរដូវទឹកសន្សើម។

មេឃលាបពណ៌ស្រទន់ ពន្លឺពព្រឹម ខ្យល់ធ្លាក់ពីទិសដ៏សែនឆ្ងាយ ជីវិតដែលធ្លាប់សោកា ជួនរីករាយ ជួនទុក្ខសោក មិនទៀងទាត់ ដូចជាជីវិតយុវវ័យ ក្នុងរាត្រីដ៏វែងអន្លាយនៃស្បៃជីវិត បានអណ្ដែតចុះអណ្ដែតឡើង ក្នុងមហាសាគរ ដ៏ធំល្វឹងល្វើយ នៃមេឃា ដែលហៀបនឹងភ្លៀង។ ខ្ញុំមានរឿងច្រើនណាស់ ចង់ប្រាប់អ្នកក្នុងរដូវវស្សានេះ។ 🙂 សង្ឃឹមថា សុបិនដ៏រីករាយនៃរដូវនេះ អាចធ្វើឲ្យកំណត់ហេតុរបស់ខ្ញុំមួយនេះ រីករាយ។ ខ្ញុំនឹងវិលរកអ្នកសារជាថ្មី ជាមួយនឹងរឿងរ៉ាវជីវិត ស្នាដៃ ប្រវត្តិថ្មីៗជាច្រើន។

ពីខ្ញុំ យ៉ូជីណ ម្ចាស់កំណត់ហេតុ។

មុនភ្លៀង

មុនភ្លៀង

Love Rain រឿងភាគដែលខ្ញុំចូលចិត្ត

«ទឹកភ្លៀងស្រក់ តក់ៗ តក់ៗ តក់ៗ សំឡេងទឹកភ្លៀងធ្លាក់… ដុកដាក់ ដុកដាក់ ដុកដាក់ ចង្វាក់នៃបេះដូងកំពុងលោត… តក់ៗ តក់ៗ ដុកដាក់ៗ ដុកដាក់ៗ ភ្លៀងធ្លាក់ក្នុងបេះដូង…»

នេះជាការបកប្រែមួយ ចេញពីចម្រៀងខែ្សភាពយន្តមួយ មានចំណងជើងថា «Love Rain»។ សាកគិតទៅមើល មនុស្សប្រុសនិងមនុស្សស្រី ដែលទើបតែស្គាល់គ្នាសោះ ដើរលើវិថីដែលជក់ជាំទៅដោយទឹកភ្លៀង នៅក្រោមឆ័ត្រតែមួយ តើមានមនោសញ្ចេតនាដ៏ស្រស់ត្រកាលបែបណា។ «Love Rain» ឬ«ទឹកភ្លៀងនៃក្ដីស្រឡាញ់» គឺជាប្រភេទ ល្ខោនទូរទស្សន៍ថ្មីមួយរបស់កូរ៉េ ដែលបាន មកផ្លាស់ប្ដូរក្នុងភាពអផ្សុករបស់ខ្ញុំ។

Google Resources

Google Resources

ដើម្បីឧទ្ទិសដ៏ល្ខោនភាគកួរ៉េមួយខ្សែនេះ ខ្ញុំសូមលើកយកការសង្ខេបពិពណ៌នា និងពត៌មានរឿងទាំងស្រុង ដោយពណ៌នាតាមយល់ ពីWikipediaយកមក បកប្រែ សម្រួល និងរៀបរាប់ សូមអញ្ចើញអាន៖

សង្ខេបរឿង៖

«ទឹកភ្លៀងនៃក្ដីស្រឡាញ់ បានពីពណ៌នាពីសេក្ដីសេ្នហា ដ៏ភក្តីមួយ ក្នុងទស្សវត្សទី៧០ និងស្នេហាដំណាលគ្នាមួយទៀតក្នុងពេលបច្ចុប្បន្ននេះ។ រឿងនេះ បានឆ្លុះបញ្ចាំងពីសេចក្ដីស្នេហាតកូនតចៅដ៏អភ័ព្ទមួយ ដែលបានជួបគ្នា តាំងពីទស្សវត្សទី៧០ ជាការជួបនិងលង់ស្នេហ៍រវាងគ្នានិងគ្នា។

សាច់រឿងទស្សវត្សទី៧០ បានតំណាលអំពី អ្នកតន្ត្រីករដែលមាននិស្ស័យសិល្បៈម្នាក់ ឈ្មោះ អ៊ីន ហា (ចាង គឺនសុគ)។ ត្រឹមតែបីវិនាទីប៉ុណ្ណោះ អ៊ីនហា បានលង់ស្នេហ៍នឹងនិស្សិតនារី យន់ ហេ (អ៊ឹម យុណា) ដ៏ស្រស់ប្រិមប្រិយ និងមានសំដីទន់ភ្លន់ម្នាក់ ក្នុងសកលវិទ្យាល័យរបស់ខ្លួន។ ជានិស្ស័យ យន់ហេ បានធ្វើឲ្យជ្រុសនូវសៀវភៅកំណត់ហេតុផ្ទាល់ខ្លួនរបស់នាង។ អ៊ីន ហា ក៏ប្រទះភ្នែក រួចរើសយកមកទុក។ តាមរយៈសៀវភៅកំណត់ហេតុ អ៊ីន ហា បានរៀនពីជីវិតយន់ហេ និងកាន់តែលង់ស្នេហ៍នាងកាន់ជ្រៅឡើងថែមទៀត។ ទៅវិញទៅមក យន់ ហេ ក៏ក្លាយជាមិត្តរួមក្រុមជាមួយ អ៊ីន ហា ដែលមាន ដុង វុក , ឆាង មូ , ហ្យូន ហេ និងអ៊ីន  សុក ជាមិត្តរួមក្រុម។ ក្រោយមក អ៊ីន ហា បានដឹងថា មិត្តល្អរបស់គេ ដុង វុក ក៏ស្រឡាញ់យន់ ហេដែរ ហើយថែមទាំង បានពឹងឲ្យអ៊ីន ហាជួយគេ ឲ្យយកឈ្នះចិត្តរបស់យន់ ហេថែមទៀត។ ភាពស្មុគស្មាញក៏កើតមាន បញ្ហារបស់អ៊ីនហាក៏ចាប់កើតឡើងរបស់គេ និងយន់ហេ។ គាត់ព្យាយាមធ្វើអ្វីគ្រប់យ៉ាងដើម្បីរក្សាភាពស្មោះត្រង់ រវាងមិត្តល្អរបស់គាត់ ដុង វុក និងស្នេហាក្នុងចិត្តរបស់គាត់ យន់ ហេយន់ ហេ ក៏ចាប់ទទួលរងសម្ពាធចំពោះមិត្តភាពនេះ ហើយនាងស្រាប់តែខកចិត្តយ៉ាងខ្លាំងចំពោះ អារម្មណ៍របស់អ៊ីន ហា ដែលមិនបានបង្ហាញឲ្យនាង ដឹងពេលដែល ដុង វុក មនុស្សដែលមិត្តភក្តិផ្សំផ្គុំ ចាប់ផ្ដើមណាត់គ្នាដំបូងជាមួយនាង។ ការពិពណ៌នាពីអារម្មណ៍កាន់តែច្បាស់របស់យន់ ហេ និង អ៊ីន ហា បានធ្វើឲ្យបញ្ហានៅក្នុងក្រុមកើតឡើង។ ទោះជាយ៉ាងណា គេទាំងពីរនាក់ ក៏បានព្យាយាមកសាងនូវសេចក្ដីស្នេហាមួយដ៏ល្អបានសម្រេច ប៉ុន្តែជាអកុសលស្នេហានោះមិនឋិតឋេរទេ សំណាងអាក្រក់ បញ្ហានានា ក៏ចេះតែកើតមានរហូតឲ្យអ្នកទាំងពីរត្រូវចាកចេញពីគ្នារហូតទៅ។

ច្រើនឆ្នាំក្រោយមក កូនស្រីរបស់ យន់ ហេ ក៏ស្រាប់តែជួបជាមួយនឹង ជង់ ហានា កូនប្រុសរបស់ អ៊ីន ហា។ ជង់ហានា ជាអ្នកថតរូបម្នាក់។ គេទាំងពីរបានជួបគ្នានៅ ហុកាយដូ ប្រទេសជប៉ុន។ ទំនាកទំនងរបស់ពួកគេរិតតែជិតស្និទ្ធិ នៅពេលដែលពួកគេត្រាំទឹកក្ដៅធម្មជាតិ តែពីរនាក់។ ស្នេហាក៏ចាប់ផ្ដើមឲ្យពួកគេស្គាល់គ្នាជាគូស្នេហ៍។ នៅចុងក្រោយនេះ គេក៏ឃើញមានកូនរបស់ដុង វុក  គឺ លី ស៊ុនហា ដែលមានអាយុ ដំណាល និង កូនប្រុសរបស់ អ៊ីន ហា ព្រមទាំងកូនស្រីរបស់ យន់ ហេ ផងដែរ។ (គេទាំងនោះ ត្រូវសម្ដែងជាតួដដែរ តែក្នុងរូបភាពថ្មីប៉ុណ្ណោះ)។

ពត៌មានខ្លះ៖

– រឿងនេះដឹកនាំដោយ លោក Yoon Suk ho (យុន សុកហូ) និង រៀបរៀងកុនដោយ Oh Soo Yun (អូ សូយុន) ដែលជាអ្នករៀបរៀងកុនល្ខោនដ៏ល្បីនៃរឿង Autumn in My Heart និង រឿង Winter Sonata ជាលើកដំបូង ក្នុងរយៈពេល១០ឆ្នាំរបស់គាត់។

Love Rain ចាប់ផ្ដើមថតក្នុងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១១ ដោយថតលើកដំបូងក្នុងទិដ្ឋភាពឆ្នាំ៧០ នៅ សកលវិទ្យាល័យ Keimyung នៃក្រុង Daegu ប្រទេសកូរ៉េខាងត្បូង។

Jeong Jin-yeong និង Jang Keun-suk ក៏ធ្លាប់ធ្វើការរួមគ្នាក្នុងខ្សែភាពយន្តរឿង The Happy Life (២០០៧) និង The Case of Itaewon Homicide (២០០៩)។

Love Rain ត្រូវបានបញ្ចូនទៅដាក់ក្នុង មហោស្រពអន្តរជាតិ នៅឯ Cannes ប្រទេសបារាំងផងដែរ។ ចាប់ពីថ្ងៃ១ ដល់ថ្ងៃ៤ ខែមេសា ឆ្នាំ២០១២មក MIPTV គឺជាព្រឹត្តិការណ៍ទីផ្សារ និងមាតិការមហោស្រពទិញលក់ ជាលក្ខណៈអន្តជាតិមួយ។

Love Rain ក៏បានចាប់ផ្ដើមលក់ និងផ្សាយលើកញ្ចក់ទូរទស្សន៍ជប៉ុនដំបូងគេ។ បច្ចុប្បន្ន រឿងល្ខោនទូរទស្សន៍មួយនេះ បានបង្កើនប្រជាប្រិយភាពរបស់ខ្លួន ក្នុងបណ្ដាល១២ប្រទេសប្រទេសថែមទៀត ដែលក្នុងនោះក៏មានប្រទេសកម្ពុជាយើងដែរ។ ប្រទេស ដទៃទៀតរួមមាន៖ ចិន ហុងកុង តៃវ៉ាន់ ថៃ ម៉ាឡេស៊ី វៀតណាម ហ្វីលីពីន សាំងហ្កាពួរ អាម៉េរិច និងអ៊ីរ៉ុបផងដែរ។

តើពេលណា ទើបខ្មែរយើងមានល្ខោនភាគ ដែលល្បីល្បាញដូចគេហ្ន៎?

ពិធីជប់លៀងមនុស្សគ

ទឹកថ្លា, ថ្ងៃអាទិត្យ ទី១៣ ខែឧសភា ឆ្នាំ២០១២

ថ្ងៃជប់លៀងរបស់ខ្ញុំចូលមកដល់ទៀតហើយ ខ្ញុំឈឺបីថ្ងៃ។ ឲ្យតែថ្ងៃជប់លៀងផ្ទាល់ខ្លួន ខ្ញុំពិតជាខ្លាចណាស់។ លើកណាក៏ដូចលើកណា បើមិនមេឃភ្លៀង ក៏គ្មានភ្ញៀវ ឬអ្នកដែលត្រូវសំដែងមិនបានមកដែរ។ ថ្ងៃនេះ ធ្ងន់ហើយខ្ញុំ… ខ្ញុំនិយាយមិនឮតែម្ដង ព្រោះវាមានតំណាលដូចតទៅ៖

ព្រឹកឡើង ខ្ញុំក្រោកតាំងពីព្រលឹម។ ខ្ញុំគេងមិនលក់តាំងពីយប់ ខ្ញុំពិបាកចិត្តនឹងពិធីជប់លៀងល្ងាចនេះណាស់។ ខ្លាចភ្ញៀវមកមិនគ្រប់គ្នា ណាខ្លាចភ្លៀងពេលល្ងាចរំខាន ណាខ្លាចក្រុមភ្លេងដែលជាម្ចាស់ឈ្មោះកម្មវិធីមិនមក ដូចយល់សប្តិពីម្សិល ទើបបានជាបារម្ភបែបនេះ។ 😦 បារម្ភពេកធ្វើអីលែងកើត ខ្ញុំក៏អង្គុយសរសេរប្រលោមលោកថ្មី បន្ត។ ពេលសរសេរ ស្រាប់តែនឹកឃើញ សិល្ប៍វិធីថ្មីមួយ ដែលខ្ញុំធ្លាប់គិតតាំងពីយូរណាស់មកហើយ គឺប្រលោមសោត ឬប្រលោមលោកសោតរម្មណ៍។

គ្រាន់តែនឹកឃើញភ្លាម ខ្ញុំក៏ប្រញាប់ទៅSmall World ឯទួលគោកភ្លាម ដើម្បីនិយាយពីគម្រោងនេះ ក្រែងមានអ្នកចាប់អារម្មណ៍ យើងធ្វើទាំងអស់គ្នា។ ខ្ញុំបានចំណាយពេលនៅទីនោះមួយព្រឹក ប៉ុន្តែបានតែនិយាយប្រាប់ អ្វីៗទាំងអស់ ខ្ញុំត្រូវចាប់ផ្ដើមជាមុនសិនដដែរ។ ខកជើងទិញខោរអាវហើយ ខកចិត្តមិនទាន់មានអ្នកជួយទៀត ខ្ញុំក៏ត្រឡប់មកផ្ទះវិញ។

រូបភាពពីបង Sithen

ថ្ងៃត្រង់ចូលមកដល់ ខ្ញុំញាំបាយបន្តិចហើយ ព្យាយាមរកកន្លែងសម្រាក។ ដោយម៉ាស៊ីនត្រជាក់បន្ទប់ខ្ញុំខូច ខ្ញុំក៏ព្យាយាមទៅគេងនៅបន្ទប់ម៉ាក់ប៉ា។ គេងមិនលក់សោះ រសាប់រសល់បារម្ភរហូត។ ខ្ញុំចាប់ផ្ដើមផ្ដាសាយ ព្រោះតែម៉ាស៊ីនត្រជាក់នៅនោះ ត្រជាក់ជាងបន្ទប់ខ្ញុំខ្លាំងពេក។ ខ្ញុំគេងបានតិចបំផុត។ ភ្ញាក់ឡើង នៅក្នុងទូរទស្សន៍កាម៉េរ៉ា ស្រាប់តែឃើញមានខ្យល់ខ្លាំងបក់បោក ផ្ទៃមេឃក៏ចាប់ងងឹត។ ខ្យល់បកមិនស្មើ ម្ដងត្បូង ម្ដងលិច។ ដើមឈើ កំពុងឈរត្រង់ ខណៈនោះទ្រេត សឹងស្មើនឹងដី។ ខ្ញុំបារម្ភខ្លាំងណាស់ រិតតែគេងលែងលក់ ណាចាំមើល អ្នកយកស្គរមកដាក់ផង។

នាទីចេះតែដើរទៅមុខ ខ្ញុំក៏ងើបចេញពីបន្ទប់ ហើយទៅរៀបចំខ្លួននៅបន្ទប់ខ្ញុំវិញ។ មួយសន្ទុះក្រោយ អ្នកយកស្គរ ក៏យកស្គរមកដាក់។ ខ្ញុំរៀបចំខ្លួនរហូតទាល់តែរួចរាល់។ ចំហើយ ពេលនោះ មេឃក៏ចាប់ផ្ដើមភ្លៀង ភ្លៀងខ្លាំងណាស់ គឺភ្លៀងចាប់ពីម៉ោង៣ជាង រហូតស្ងប់ត្រឹម៤ជិត៥ល្ងាច។ ខ្ញុំបន់ស្រន់អស់ហើយ។ ភ្លៀងឈប់មែន តែទឹកនៅជន់។ ឈប់តែតំបន់ខ្ញុំ តែតំបន់គេកំពុងបន្ត។ ទូរស័ព្ទ បានរោទិ៍ឡើងជាបន្តបន្ទាប់ដោយប្រាប់ថា ស្ទះផ្លូវ… ទឹកលិច… រវល់…

ការរំពឹងទុកថាមានភ្ញៀវច្រើន ត្រូវរលាយ។ ព្រោះតែភ្លៀង ជាបញ្ហាធំ អ្នកខ្លះមិនបានមក ក៏មិនបានប្រាប់។ អ្នកខ្លះគេឆ្លៀតបាន គេក៏ទូរស័ព្ទប្រាប់ ឬផ្ញើសារមក។ ក្រុមភ្លេងខ្ញុំ បានមកដល់ទីកន្លែងកម្មវិធី យ៉ាងយឺតយ៉ាវបំផុត។ ម៉ោងជិត៦ហើយ ភ្ញៀវមានតែ៧ ទៅ៨នាក់ប៉ុណ្ណោះ។ ក្នុងចំនោមលោកសាស្ត្រាចារ្យដែលខ្ញុំបានអញ្ជើញជាកិត្តិយសទាំងអស់ ក្នុងនោះមានតែលោកសាស្ត្រាចារ្យ ឯល ប៊ុណ្ណា ទេដែលអញ្ជើញមកដល់ មុនគេ តែជាអកុសល លោកបានត្រឡប់វិញ ដោយមូលហេតុជាប់សោរផ្ទះមក។ 😦

ជាបន្តបន្ទាប់ភ្ញៀវក៏អញ្ជើញមក សមាជិកក្រុមភ្លេងខ្ញុំក៏ដូចគ្នា។ ខ្ញុំក៏ចាប់ផ្ដើមស្អកមែនទែន គឺស្អករហូតនិយាយមិនចេញ តែនៅតែព្យាយាមនិយាយ។ នេះជាលើកទី១ក្នុងជីវិតខ្ញុំហើយ ដែលខ្ញុំជួបនឹងអាក្ការៈបែបនេះ។ មួយសន្ទុះធំក្រោយមក វត្តមានលោកសាស្រ្តចារ្យ លោកអ៊ុំ អៀង ស៊ីធុល (ខ្ញុំហៅគាត់លោកអ៊ុំ ព្រោះគាត់មានទំនាក់ទំនងយ៉ាងជិតស្និទ្ធិនឹងគ្រួសាររបស់ខ្ញុំ ដូចបងប្អូនបង្កើតអ៊ីចឹង) បានអញ្ជើញដល់។ ខ្ញុំរីករាយយ៉ាងខ្លាំងនឹងវត្តមានលោក។ ម៉ោងជិត៧ហើយ ខ្ញុំក៏ប្រាប់បងផាន់ណា ដែលខ្ញុំបានសូមពឹងជាពិធីករនាយប់នោះ ថាឲ្យត្រៀមខ្លួន។ ភ្ញៀវអញ្ជើញដល់ ការរៀបចំមានការរអាក់រអួលច្រើន ដោយសារមូលហេតុភ្លៀងជាកត្តាចម្បង។ ដោយសារគ្មានអ្នកចាត់ចែងច្បាស់លាស់ តុខ្លះមិនទាន់មានភ្ញៀវគ្រប់ បណ្ដាលឲ្យម្ហូបមិនទាន់អាចដាក់បាន ធ្វើឲ្យពួកគេអង្គុយរង់ចាំទម្រាំគ្រប់។ ក្នុងការរៀបចំ នឹងប្រាស្រ័យជាមួយមិត្តភក្តិ ខ្ញុំប្រើភាសាដៃ។

មិនយូរប៉ុន្មាន កម្មវិធីសម្ដែងរបស់ក្រុមខ្ញុំក៏ចូលដល់ ខ្ញុំមិនអាចច្រៀងបានទេ។ ដំណាលគ្នានោះ លោកគ្រូ ស៊ីន ច័ន្ទឆាយា ក៏អញ្ជើញមកដល់។ ខ្ញុំមិនបានរាក់ទាក់គាត់បានយូរ ព្រោះរវល់តែរៀបចំកម្មវិធី គាត់ក៏អង្គុយតុម្នាក់ឯដាច់ដោយឡែក។ កម្មវិធីចាប់ផ្ដើម បទដែលក្រុមភ្លេងច្រៀង គឺភាគច្រើន ជាបទរបស់ខ្ញុំ តែខ្ញុំមិនអាចច្រៀងបាន ក៏ឲ្យគេច្រៀងជំនួស មានតែបទ អនុស្សាច្បារអំពៅ ទេ ខ្ញុំត្រដរច្រៀងទាំងត្រដាបត្រដួស។ ទម្រាំចប់ ខ្ញុំអស់កម្លាំងមែនទែន។

រូបភាពពីបងស្រី សំណាង

រូបភាពពីបងស្រី សំណាង

កម្មវិធីបន្ទាប់ គឺកាត់នំ ឧបកិច្ច ប្រចាំឆ្នាំ។ ឆ្នាំមុន ខ្ញុំមិនបានធ្វើធំទេ ឆ្នាំនេះ គឺថ្ងៃខែឆ្នាំនិងអាយុហាក់ប្លែកជាងរាល់ឆ្នាំ ទើបបានជាសម្រេចចិត្តធ្វើ ទោះជាហួសអស់មួយខែក៏ដោយ ពោលគឺ ២០ ០៤ ២០១២ =២០ឆ្នាំ។ កាត់នំចប់ កម្មវិធីចុងក្រោយគេ គឺពួកយើងទាំងអស់គ្នា បានស្រែកថា «កូនស្រឡាញ់ម៉ាក់»។ នេះជាទិវាបុណ្យម្ដាយ ឧត្ដមជនដែលផ្ដល់កំណើតដល់កូនគ្រប់គ្នា។ ពាក្យនេះ គឺពិបាកនិយាយណាស់ ទោះជាស្រួលនិយាយក៏ដោយ ប៉ុន្តែយើងគួរតែនិយាយ ព្រោះការនិយាយនេះយ៉ាងណា ក៏មិនអាចប្រៀបនឹងគុណរបស់លោកបានដែរ ទោះជាពេលខ្លះ យើងតែធ្វើមិនបានល្អ ក្នុងដំណើរតបស្នងគុណរបស់គាត់។ អ្វីដែលធ្វើបានធ្វើហើយ ទោះជាហត់នឿយ តែនៅតែអរគុណដល់ អ្នកទាំងអស់គ្នា ដែលផ្ដល់កិត្តិយសដល់ខ្ញុំ និងក្រុមខ្ញុំ ក្នុងការអញ្ជើញចូលរួម។ ខ្ញុំពិតជាសូមទោស សម្រាប់ការរៀបចំកម្មវិធីដ៏ក្មេងខ្ចីរបស់ខ្ញុំ។ ខ្ញុំនឹងប្រឹងកែលម្អបន្ថែម។ សូមទោស និងអរគុណ។

ឃ្លាបន្ថែម៖

ខ្ញុំដឹងថាពេលខ្លះ ខ្ញុំពិតជាឆេវឆាវបន្តិចមែន នេះព្រោះតែអារម្មណ៍ សុខភាព មិនល្អប្រសើរ។ ខ្ញុំពិតជាសូមទោសផង អ្នកម៉ាក់ អ្នកមីង បងប្អូន លោកគ្រូ សាស្ត្រាចារ្យ និងមិត្តភក្តិទាំងអស់។

ក្នុងឱកាសបុណ្យអ្នកម្ដាយនេះ ទោះបីជាកូនមិនអាចនិយាយឮបានក៏ដោយ ក៏កូនចង់ប្រាប់ថា កូនស្រឡាញ់ម៉ាក់ កូនស្រឡាញ់ប៉ា។ គ្មានម៉ាក់និងប៉ា គឺនឹងគ្មានកូនសព្វថ្ងៃ។

ថតរូបដោយ បងផាន់ណា

ថតរូបដោយ បងផាន់ណា

រូបភាពពីមូលី

រូបភាពពីមូលី

លើកទី១ជាភ្ញៀវកិត្តិយសកម្មវិធីទូរទស្សន៍ហង្សមាស

ភ្នំពេញ ទឹកថ្លា, ថ្ងៃសៅរិ៍ ទី០៥ ខែឧសភា ឆ្នាំ២០១២

«កើតមកជាតិនេះរូបអាក្រក់ ក្រខ្វក់គ្មាននរណាផ្ទឹមបាន...» នេះជាឃ្លាចម្រៀងដែលខ្ញុំកំពុងទន្ទេញត្រៀម ធ្វើជាភ្ញៀវកិត្តិយស នៃកម្មវិធី «វិមានសុបិន» របស់ទូរទស្សន៍ហង្សមាស HD។ ទន្ទេញតែបទនេះទេ ព្រោះទើបតែហាត់ ហើយនឹងពិបាកទម្លាក់ជាងគេ។ ម៉ោងណាត់ឈានចូលមកដល់។ ខ្ញុំក៏រៀបចំរួចរាល់ស្រេច នឹងកម្មវិធីថ្ងៃនេះ។

២:០៥នាទីរសៀល ខ្ញុំបានឈានជើងដល់ស្ទូឌីយ៉ូស្ថានីយ៍ទូរទស្សន៍ហង្សមាស ព្រែកឯងរួចជាស្រេច។ នៅស្ងាត់ស្ងៀមនៅឡើយ យូរៗម្ដង ខ្ញុំទើបឃើញអ្នករៀបចំកម្មវិធី បានមកដល់ទីនេះ។ ខ្ញុំត្រូវបានគេពន្យល់ណែនាំ ពីរបៀបរបបនៃកម្មវិធីមួយនេះ។ ណែនាំរួច ខ្ញុំក៏ត្រូវរៀបចំខ្លួន សមចម្រៀងជាមួយលោកគ្រូភ្លេងទាំងឡាយ។ សមរួចរាល់ ខ្ញុំត្រូវត្រៀមខ្លួនជាមួយនឹងសិល្បករដទៃទៀត ដែលក្នុងនោះ គេគ្រប់គ្នា សុទ្ធសឹងជាអ្នកដែលមានបទពិសោធន៍រួចជាស្រេចនៅមុខកញ្ចក់ទូរទស្សន៍ លើកលែងតែខ្ញុំ។

ខ្ញុំមានបទពិសោធន៍តិចណាស់ បើធៀបនឹងពួកគាត់ទាំងនោះ។ ខ្ញុំព្យាយាមនៅស្ងៀមស្ងាត់ ព្រោះមិនសូវហ៊ាននិយាយច្រើននឹងពួកគាត់។ ខ្ញុំបានត្រឹមតែញញឹម និងនិយាយបន្តិចៗប៉ុណ្ណោះ។ ក្នុងនោះ មានភ្ញៀវកិត្តិយសជាអ្នកចូលរួម រួមមាន៖ បងប្រុស ជា សំណាង ជាតារាភាពយន្ត, បងស្រី ឌុច សោភា ជាតារាសម្ដែងដែរ, បងប្រុស ពេជ្រ ពន្លឺ ជាតារាចម្រៀងជើងចាស់របស់ផលិតកម្មហង្សមាស, បងស្រី ពុមពុយ ជាតារាកំប្លែង និងកញ្ញា ស្រីម៉ៅ

កម្មវិធីចូលមកដល់! កែវភ្នែករាប់រយនាក់ ជាមួយនឹងកាម៉េរ៉ាស្ទើរតែគ្រប់ទិស រំលិចជាមួយនឹងភ្លឺពណ៌បំភ្លឺឆាក ចម្រុះពណ៌ បានកំពុងបាញ់ផ្ដោត មកកាន់ឆាកដែលខ្ញុំនឹងឡើងទៅបន្ទាប់ ពីភ្ញៀវកិត្តិយសនានា។ ម្ដងម្នាក់ៗ នាទីរបស់ខ្ញុំ ក៏ឈានចូល។ ខណៈនោះ ក្នុងចិត្តរបស់ខ្ញុំ ចាប់ប្រែប្រួល បេះដូងលោតញាប់ខុសធម្មតា។ ភ្លេងចូលដល់។ ខ្ញុំបានចេញទៅដោយព្យាយាមបន្ថែមជំនឿចិត្តឲ្យខ្លួនឯង។ វិថីជាតារាក៏ចាប់ផ្ដើមរះជាថ្មី នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស ដែលម្ដងនេះ ខ្ញុំលែងជាបេក្ខជនប្រឡងដូចមុនទៀតហើយ គឺខ្ញុំជាភ្ញៀវកិត្តិយសម្ដង។ ការរៀបចំឬកពារ គឺសំខាន់បំផុត។ ខ្ញុំព្យាយាម ប្រើបេះដូងរបស់ខ្ញុំមកច្រៀងជានិច្ច។ ខ្ញុំដឹងថា នឹងមានកំហុសតិចតួច តែខ្ញុំនៅតែព្យាយាមក្លាហាន។ ក្នុងចិត្តរបស់ខ្ញុំ ហាក់ដូចជាហោះហើរទៅតាមចម្រៀងអស់ហើយ។ មិនបានប៉ុន្មាន ស្ពានយោល បទទី១របស់ខ្ញុំ ក៏បានបញ្ចប់។

ខ្ញុំពិតជាមិនពូកែនិយាយសោះ ចប់បទមួយនេះទៅ ខ្ញុំគ្រាន់តែប្រកាសបន្តិច ថាចូលបទថ្មី ខុសពីតារាចម្រៀងផ្សេងៗ ដែលគេ ពិតជា ពូកែណាស់ ខាងវោហាស័ព្ទ សូមសរសើរដោយស្មោះ។ ប៉ុន្តែ គិតទៅ នេះក៏ប្រហែលមកពីខ្ញុំ តែងតែ និយមភាពស្ងប់ស្ងាត់ ច្រើនជាង អ៊ូអរក្នុងការងារហើយ ឬក៏មកពីខ្ញុំ និយមប្រើមនោសញ្ចេតនា ជាអ្នកលាក់បាំងច្រើនពេក។ និយាយតាមត្រង់ចុះ ខ្ញុំធ្លាប់តែត្រួតពិនិត្យគេ ពេលនេះ មានគេត្រួតពិនិត្យខ្ញុំម្ដងហើយ។ ជីវិតគឺម្នាក់ម្ដង។ 🙂 តែ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំត្រូវរៀនសួត្រពីរឿងនេះបន្ថែមទៀត។ យូរមិនឆាប់ ចម្រៀងមួយបទទៀតក៏ចប់។ ខ្ញុំក៏ក្លាយជាភ្ញៀវចូលមកដល់ សេតវិមាន នៃសុបិន ក្នុងមនោសញ្ចេតនាដ៏មនោរម្យមួយ។

បទពិសោធន៍ថ្មី នៃការចូលរួមនេះ គឺការនិយាយស្ដីជាអ្នកសិល្បករ និងការសម្ដែង។ ខ្ញុំនឹកហួសចិត្តមិនភ្លេចទេ ពីពេលដែល ដៃគូដែលអង្គុយជិតខ្ញុំ គេបង្អាប់ខ្ញុំពីរឿងរាំស្លូ។ មែនហើយ ខ្ញុំពិតជាមិនពូកែរាំមែន។ នេះបើកុំតែចុងក្រោយ មានបទមួយសម្រាប់ ឲ្យខ្ញុំនិយាយពីអារម្មណ៍ខ្មាស់អៀននេះ ម្ល៉េះសម ខ្ញុំមិនដឹងជាយកអារម្មណ៍នេះ ឲ្យទស្សនិកជន យល់ច្រឡំយ៉ាងណាទេ។ «កើតមកជាតិនេះល្ងង់ពេកក្រៃ មិនឆ្លាតវៃ ដូចគេដទៃឡើយ មិនចេះស្ដី មិនចេះឆ្លងឆ្លើយ ខ្លួនអើយសែនអភ័ព្ទ…»។

ចប់កម្មវិធី ខ្ញុំបានទទួលការណែនាំល្អៗជាច្រើន ពីសំណាក់រៀមច្បង។ ខ្ញុំពិតជារីករាយនឹងបទពិសោធន៍ថ្មី ទោះជាដឹងថាខុស។ ខ្ញុំនឹងព្យាយាមកែវា។ គ្មានជោគជ័យឯណា ដែលគ្មានការបរាជ័យនោះទេ។ ខ្ញុំត្រូវតែបរាជ័យឲ្យបានច្រើនដើម្បីទទួលបាន ភាពជោគជ័យដែលស្ថិតស្ថេរ និងមានតម្លៃមួយ។ អរគុណជំនឿចិត្ត អរគុណអ្នកថែរក្សាខ្ញុំ អរគុណគ្រូៗនិងបងៗ អរគុណទស្សនិកជន អរគុណមិត្តភក្តិទាំងអស់គ្នា។ 🙂

ចុងក្រោយនេះ ខ្ញុំពិតជាសូមអភ័យទោសណាស់ ចំពោះការខុសឆ្គងទាំងឡាយក្នុងការសម្ដែងរបស់ខ្ញុំ ខ្ញុំនឹងព្យាយាមកែតម្រូវវាបន្តិចម្ដងៗ។

អូហ៍! មែនហើយ ចប់កម្មវិធី ទោះជាហត់យ៉ាងណា ខ្ញុំនៅតែត្រូវជូនអ្នកម៉ាក់ខ្ញុំទៅផ្សាររហូតដល់ម៉ោង១១កន្លះយប់ទៀត ដើម្បីទិញបន្លែ សម្រាប់ជំនួញផ្ទាល់ខ្លួនរបស់គាត់។  ពេលជិះតាមផ្លូវ ខ្ញុំសង្កេតឃើញថា យប់នេះ! គឺពិតជាមិនខុសពីយប់រាល់ដងមែន នៅពេលដែលខ្ញុំឡើងឆាក។ ខ្ញុំតែងចំណាំមើលរាល់ដង គ្រប់ពេល ដែលខ្ញុំឡើងឆាក យប់ឡើង គឺ តែងតែមានព្រះចន្ទ្ររះមូលក្រឡង់ហើយ។ នេះពិតជារឿងល្អមួយ ក្នុងអារម្មណ៍ខ្ញុំ។ ព្រះចន្ទ្រ គឺជា ភពមួយដែលមនុស្សគ្រប់គ្នា ចូលចិត្តមើល គយគន់ និងបង្កើតមនោសញ្ចេតនាជាមួយ។ បែបនេះហើយ ទើបឈ្មោះខ្ញុំ ក៏មានពាក្យថា ច័ន្ទដែរ។ សង្ឃឹមថា ខ្ញុំគឺជាព្រះចន្ទមួយដួង ដែលមនុស្សផងទាំងពួងចូលចិត្តទៅចុះ។ ^^’

កម្ពុជាបំបែកឯតទគ្គកម្មពិភពលោកឆ្នាំ២០១២

ភ្នំពេញ, ទឹកថ្លា ថ្ងៃអាទិត្យ ទី២៩ ខែមេសា ឆ្នាំ២០១២

ភ្នំពេញ, ទឹកថ្លា ថ្ងៃសៅរិ៍ ទី២៨ ខែមេសា ឆ្នាំ២០១២

ថ្ងៃនេះ ជាថ្ងៃឈប់សម្រាករបស់ខ្ញុំហើយពីការសិក្សានៅមហាវិទ្យាល័យ ប៉ុន្តែគឺបែរជាថ្ងៃរវល់របស់ខ្ញុំទៅវិញ។ ព្រឹកនេះ ខ្ញុំងើបយឺតទេ។ ខានងើបយឺតបែបនេះយូរហើយ។ ម៉ោងជិត១១ព្រឹកហើយ ខ្ញុំក៏រៀបចំខ្លួនចេញទៅតាមកម្មវិធីដែលសល់ពីម្សិលមិញ គឺខ្ញុំត្រូវទៅផ្សារទួលទំពូង រកទិញខោរអាវខ្លះៗទុកពាក់ ក្នុងកម្មវិធី និងសម្រាប់លម្ហែកាយនានា។

ចេញពីទួលទំពូងវិញ ខ្ញុំបានត្រឡប់មកផ្ទះ រួចរៀបចំខ្លួនត្រៀម ចូលរួមកម្មវិធីដ៏អស្ចារ្យមួយរបស់ភ្នំពេញ គឺ «រាំMadisonបំបែកឯតទគ្គកម្មពិភពលោក»។ ក្នុងកម្មវិធីនោះ ខ្ញុំក៏ត្រូវឡើងសម្ដែងចម្រៀងមួយបទ ជាមួយក្រុមតន្ត្រីស្នាមញញឹមរបស់ខ្ញុំផងដែរ។

ម៉ោងណាត់ក៏ឈានចូលដល់ ទ្រនិចនាឡិកាចង្អុលម៉ោង ១និង១៥នាទី ប៉ុន្តែមេឃវិញមិនចង្អុលតាមការកំណត់ក្នុងចិត្តថាប្រសើរនោះទេ។ ខ្យល់ប៉ើងស្លឹកឈើគួចពេញផ្លូវ។ ម៉ូតូរបស់ខ្ញុំមានបញ្ហាទៀត។ គិតថាអស់សាំង ក៏រុញទៅចាក់សាំង តែពេលបើកមើលគឺសាំងនៅមានសោះ។ ខ្ញុំមិនមាត់ទេ រួចខ្ញុំក៏ធ្វើដំណើរចេញទៅសួនច្បារវត្តបុទុម ទីណាត់របស់កម្មវិធី។ មេឃដេដាស រកកល់ចង់តែភ្លៀងទេ។ ដើមឈើទ្រេត១២០ដឺក្រេ។ ភ្នែក និងរង្វង់ចង្ការរបស់ខ្ញុំចូលដៃជាញយៗ! ទម្រាំតែជិះដល់គោលដៅ ខ្ញុំត្រូវប្រយ័ត្នប្រយែងជាខ្លាំង។

ទោះយ៉ាងណាក៏នៅតែទៅដល់គោលដៅ ប៉ុន្តែមិនទាន់ទៅដល់ស្រួលបួលផង ខ្ញុំក្រឡេកឃើញឆាកតន្ត្រីត្រូវវាយលុកដោយខ្យល់បក់យ៉ាងខ្លាំង។ កម្មវិធីមិនរំសាយទេ។ ការងារនៅតែបន្ត តែគ្រាន់តែមានការផ្លាស់ប្ដូរមួយចំនួន នោះគឺកម្មវិធីតម្រូវផ្លាស់ប្ដូរ ឲ្យការរាំប្រព្រឹត្តទៅមុនវិញ ដោយដំបូង គេមានរៀបតាមលំដាប់ ការរាំគឺចុងក្រោយគេ។ ខ្ញុំទៅដល់ ខ្ញុំបានរៀបចំខ្លួនជាស្រេច ហើយចាំគ្នីគ្នាម្ដងម្នាក់ៗ។

ទម្រាំតែអាចចាប់ផ្ដើម គឺប្រហែលម៉ោង៣កន្លះរសៀល ក្នុងស្ថានភាព មេឃរលឹមស្រេចៗ។ មនុស្សម្នាបានមកឈរត្រៀបត្រាគ្នា ជាក្រុមៗ។ ការចូលដល់របស់ពួកគេ សុទ្ធតែមានការចាត់ចែងពីក្រុមកម្មវិធីគ្រប់ៗរូប។ ម្ដងបន្តិចៗ មនុស្សក៏បានឈរចំទីដៅ ដែលកម្មវិធីរៀបរួចរាល់។

ខ្ញុំនៅជួរមុខគេជាមួយក្រុមផ្សេងៗ ឯក្រុមខ្ញុំ ត្រូវគេបំបែកឲ្យនៅកៀន តែជួរទី១ដូចគ្នា។ ការរាំក៏ចាប់ផ្ដើម។ អស់រយៈពេលប្រមាណ៥ ទៅ១០នាទី ទើបចម្រៀងនេះបានបញ្ចប់ដោយបរិយាកាសរីករាយ និងអ៊ូអរបំផុត។ នេះជារឿងជោគជ័យថ្មីលើឆាកអន្តរជាតិរបស់មាតុភូមកំណើតដ៏ស្រស់ ត្រកាលរបស់ខ្ញុំហើយ។ ខ្ញុំរំភើបណាស់ ខ្ញុំរីករាយណាស់ ខ្ញុំមិនអាចថ្លែងពីទឹកចិត្តដ៏មហិមានេះបានឡើយ។ ម្យ៉ាងខ្ញុំក៏ជាមនុស្សម្នាក់ ក្នុងកម្មវិធី ដ៏សំបើមនេះទៀត។ នេះជារឿងមួយក្នុងជីវិតថ្មី។ 🙂

រូបភាព៖ កម្មវិធីឡូយ៩

រូបភាព៖ កម្មវិធីឡូយ៩

កម្មវិធីរាំនេះបានបញ្ចប់ ការសម្ដែងក៏បានចូលមកដល់។ ខ្ញុំសង្កេតឃើញថា ក្រុមគេ មានមនុស្សម្នា គាំទ្រជាច្រើននាក់ណាស់។ ពេលប្រកាសឈ្មោះម្ដងៗ គេហូរបាក់ទឹកបាក់ដី ប៉ុន្តែគ្រាន់តែពេលប្រកាសក្រុមតន្ត្រីស្នាមញញឹមភ្លាម ស្ងាត់ជ្រាប។ ខ្ញុំលួចអស់សំណើចក្នុងចិត្ត ថាហេតុតែក្រុមយើងមិនល្បី គេមិនសូវចាប់អារម្មណ៍។ ខ្ញុំមិនហ៊ានមាត់អីទេ។ ខ្ញុំតែងសរសើរក្រុមគេជានិច្ច។ 🙂

ពេលក្រុមខ្ញុំ ចាប់ផ្ដើម ខ្ញុំក៏ព្យាយាមធ្វើអ្វីដែលចេញពីបេះដូង មិនខ្វល់ឡើយពីការពេបជ្រាយ ពីអ្នកណាមិនពេញចិត្ត។ ខ្ញុំញញឹមដើម្បីជោគជ័យ។ ចូលចិត្តមិនចូលចិត្ត នោះយើងមិនអាចបង្ខំគេបានឡើយ ការដែលសំខាន់ គឺយើងខ្លួនយើង ត្រូវធ្វើឲ្យល្អអស់ពីដួងចិត្ត។ 🙂 ខ្ញុំមិនហ៊ានមើលមុខអ្នកណា ឬនិយាយច្រើន ប្រកាសចុះ ប្រកាសឡើង អីនោះទេ លុះត្រាដល់បទត្រូវបានបញ្ចប់  ទើបខ្ញុំអាចដឹងច្បាស់ពីការរីករាយដែលខ្ញុំនិងក្រុមខ្ញុំបានផ្ដល់ឲ្យទស្សនិកជន។ ខ្ញុំរំភើបណាស់ ខ្ញុំរីករាយណាស់ ហើយខ្ញុំក៏ប្រហែលជាមិនចេះនិយាយ ឲ្យសមចិត្តអ្វី ដែលពួកគេរីករាយនោះដែរ។ ខ្ញុំអរគុណខ្លាំងណាស់ សម្រាប់ការគាំទ្រ ហើយក៏ជារឿងរីករាយផងដែរ ដែលនៅពេលដែលខ្ញុំShowនូវបទភ្លេងថ្មីរបៀបខ្មែរ មិនមានអ្នកដើរចេញអស់នោះ។ ខ្ញុំអរគុណខ្លាំងណាស់។ អ្នកទាំងអស់គ្នាជាទឹកចិត្តរបស់ខ្ញុំ និងក្រុមខ្ញុំ។ 🙂

ពេលរសៀល និងពេលល្ងាចដ៏អស្ចារ្យ ក៏ត្រូវបានបញ្ចប់ក្នុងបរិយាកាសនៃមេឃស្រទុំ មិនមានភ្លៀង។ ក្រុមពួកខ្ញុំមិនអាចប្រជុំគ្នា ពិសារអាហារពេលល្ងាចបាននោះទេ ព្រោះពួកគាត់ម្នាក់ៗ ត្រូវត្រឡប់ទៅធ្វើការរៀងៗខ្លួនវិញ ដើម្បីក្រពះរៀងៗខ្លួន (សូមទោសនិយាយត្រង់ពេកហើយ តែជាការពិតមួយក្នុងសង្គមបច្ចុប្បន្ននិងជីវិតដែលខ្ញុំរស់នៅ)។ ទោះយ៉ាងណា ខ្ញុំព្យាយាមបបួលពួកគាត់ ដែលនៅសល់ មិនទាន់ទៅឆ្ងាយ ប៉ុន្មាននាក់ ឲ្យចូលរួមពិសារអាហារជាមួយ មិត្តភក្តិខ្ញុំ ក្រុម ABC Radioជុំគ្នាដែរ ប៉ុន្តែបែរជាមិនអាច ព្រោះពួកគាត់ត្រូវទៅសមភ្លេងត្រៀមថ្ងៃស្អែកបន្តទៀត។

រូបថតពី៖ បងប្រុស Aplus Coco

រូបថតពី៖ បងប្រុស Aplus Coco

ជារឿងសោកស្ដាយ តែក៏នៅតែអរគុណចំពោះសាមគ្គីភាព និងដួងចិត្តស្រឡាញ់ការងារ។ ធ្វើម៉េច ខ្ញុំមិនទាន់មានសមត្ថភាពគ្រប់គ្រងក្រុមឲ្យធំដុំលើសពីនេះនៅឡើយ ដ្បិតខ្ញុំត្រូវកសាងសមត្ថភាព ថវិកា និងចំណេះដឹង លើផ្នែកនេះបន្ថែម។ ខ្ញុំនៅតែសង្ឃឹមថា គោលបំណងចង់លេងភ្លេងថ្មីៗ ជុំវិញពិភពលោករបស់យើង នៅតែមានក្នុងនាអនាគត ទោះជាត្រូវចំណាយពេលយូរយ៉ាងណា។ 🙂 អរគុណសម្រាប់រឿងគ្រប់យ៉ាង ហើយក៏សូមទោសសម្រាប់រឿងគ្រប់យ៉ាងដែរ។

រូបថតពី៖ បងប្រុស ម៉ៅ សុខលាភ (ខ្ញុំនិងសមាជិកក្រុមតន្ត្រីស្នាមញញឹម)

រូបថតពី៖ បងប្រុស ម៉ៅ សុខលាភ (ខ្ញុំនិងសមាជិកក្រុមតន្ត្រីស្នាមញញឹម)

រូបថតពី៖ បងប្រុស Aplus Coco (ខ្ញុំនិងបងសុភា ពេលសម្ដែង)

រូបថតពី៖ បងប្រុស Aplus Coco (ខ្ញុំនិងបងសុភា ពេលសម្ដែង)

រូបថតពី៖ បងប្រុស ម៉ៅ សុខលាភ (ខ្ញុំនិងក្រុមតន្ត្រីស្នាមញញឹម ពេលសម្ដែង)

រូបថតពី៖ បងប្រុស ម៉ៅ សុខលាភ (ខ្ញុំនិងក្រុមតន្ត្រីស្នាមញញឹម ពេលសម្ដែង)

រូបថតពី៖ បងប្រុស ម៉ៅ សុខលាភ (ខ្ញុំនិង VJ. Catherine)

រូបថតពី៖ បងប្រុស ម៉ៅ សុខលាភ (ខ្ញុំនិង VJ. Catherine)

រូបថតពី ទស្សនិកជន

រូបថតពី ទស្សនិកជន

រូបថតពី ទស្សនិកជន

រូបថតពី ទស្សនិកជន

ខាងលើនេះជាអនុស្សាវរីយ៍ថ្មីក្នុងជីវិតរបស់ខ្ញុំ ដែលខ្ញុំមិនអាចបំភ្លេចបាន! 🙂 សូមឲ្យវាឋិតឋេរដូចស្នាមញញឹម! 🙂

២០ឆ្នាំនៃការចងចាំ របស់មនុស្សអតីតកាលមួយគូ៖ SECRET

អ្នកធ្លាប់គិតថា អ្នកបានជួបនឹងមនុស្សដែលមកពីអតីតកាលឬទេ? អ្នកដែលស្រម៉ៃថា នារីម្នាក់ដែលអ្នកបានស្គាល់ គឺជានារីម្នាក់កាលពី២០ឆ្នាំមុនទេ?

«មុនព្រឹត្តិការណ៍ដ៏អស្ចារ្យនេះបានកើតឡើង Ye Xiang Lun បានផ្លាស់ប្ដូរសាលា មកសិក្សានៅសាលាតូរ្យតន្រ្តីមួយ ដែលជាសាលតូរ្យតន្ត្រីដ៏ល្បីល្បាញ និងសំបូរទៅដោយសិស្សដ៏មានទេពកោសល្យ។ ថ្ងៃមួយ Ye Xiang Lun បានឮសំឡេងព្យាណូដ៏អាថ៌កំបាំងមួយ បន្លឺចេញពីក្នុងបន្ទប់ចំណាស់នៃអាគារ។ ដោយសារតែសំឡេងនោះហើយ បានធ្វើឲ្យលោកជួបនឹង Lu Xiaoyu ឬ Rain។ ពេលដែលLun សួរនាងអំពីតន្ត្រីដ៏អាថ៌កំបាំងនោះ នាងបានប្រាប់គាត់ថា នេះបទភ្លេង «អាថ៌កំបាំង» មិនអាចប្រាប់បានទេ។ មិត្តភាពរបស់អ្នកទាំងពីរ បានវិវត្តន៍ទៅយ៉ាងលឿនក្នុងភាពអាថ៌កំបាំង។ ក្រោយមក Xianglun បានប្រាប់ Lun ពីការវាយកម្ទេចចោល នូវអាគារព្យាណូចំណាស់នោះ ក្នុងថ្ងៃបញ្ចប់ការសិក្សា ដោយនាងថែមទាំងបានបង្រៀនពីបទចម្រៀង អាថ៌កំបាំង មួយ ទៀតផង។

ជាយថាហេតុ Lun បានថើប Qing Yi មិត្តរួមថ្នាក់របស់គេម្នាក់ទៀត ដោយយល់ច្រឡំថាជា Rain។ ពីពេលនោះ Rain ក៏បាត់ខ្លួនឈឹងដល់ទៅ ៥ខែ គឺរហូតដល់ថ្ងៃបញ្ចប់ការសិក្សារបស់Lun ទើបRain បានបង្ហាញខ្លួនសារជាថ្មីម្ដងទៀត យ៉ាងអាថ៌កំបាំង។ Lun ព្យាយាមរត់ទៅរកនាង តែក៏បាត់នាងម្ដងទៀត។ ពេលនោះ Lun ក៏ចាប់ផ្ដើមសួរអ្នកដែលនៅជុំវិញខ្លួន និងព្យាយាមសាកសួរពី ម្ដាយរបស់Rain និងឱពុករបស់គាត់អំពីRain ថា Rain តាមពិតគឺជាសិស្សដែលត្រូវបានបញ្ចប់ថ្នាក់ក្នុងឆ្នាំ១៩៧៩ គឺកាលពី២០ឆ្នាំមុន។ កាលណោះ ឱពុករបស់Lun គឺជាគ្រូបង្រៀនព្យាណូម្នាក់របស់ Rain។ Rain បានប្រាប់ ឱពុក Lun អំពីការ ឆ្លងសម័យទៅ កាន់ពេលបច្ចុប្បន្នកាលនេះ តាមរយៈស្នាដៃចម្រៀងមួយ ដែលមានឈ្មោះថា «Secret»។ នាងបានរកឃើញសៀវភៅនោះ ពីក្នុងព្យាណូចំណាស់មួយ ក្នុងបន្ទប់ព្យាណូរបស់នាង។ នាងបានធ្លាក់ក្នុងអន្លង់ស្នេហ៍របស់ Lun ដែលជាមនុស្សបច្ចុប្បន្នកាល។ គេគ្រប់គ្នាគឺមិនអាចមើលឃើញនាងនោះទេ លើកលែងតែមនុស្សដំបូងដែលឃើញនាងក្នុងដំណើរមួយនោះប៉ុណ្ណោះ ដែលអាចមើលឃើញនាង។

ក្រោយមក ពេលដែលRainបានឃើញ Qing Yi ថើប Lun នាងក៏ត្រឡប់ទៅពេលវេលាធម្មតាវិញ។ ពេលដែលនាងបានបាត់ពីផ្ទះកំឡុងពេលនោះ គេគ្រប់គ្នាជឿថានាងមានជម្ងឺធ្ងន់ធ្ងរ។ ការចងចាំនៃបន្ទប់ព្យាណូ ត្រូវបានវាយកម្ទេចចោលក្នុងថ្ងៃបញ្ចប់ការសិក្សានាឆ្នាំ១៩៩៩ នាងក៏ព្យាយាមធ្វើដំណើរ ទៅអនាគតកាល ដើម្បីមើលLunចុងក្រោយម្ដងទៀត ប៉ុន្តែអ្វីដែលរិតតែសោកសៅនោះ Lunបែរជាដពាក់ខ្សែដៃរបស់ Qing Yi ដែលធ្វើឲ្យRain រិតតែជឿថា Lun មិនបានស្រឡាញ់ខ្លួននោះទេ។ ដូច្នេះ Rainក៏ត្រឡប់មកពេលវេលាធម្មតារបស់នាងវិញ ទាំងទម្ងន់បេះដូងដ៏ធំធេងចំពោះLun។ ក្រោយមក ពេលកំណត់នៃជម្ងឺហឺតដ៏ធ្ងន់ធ្ងររបស់Rainបានមកដល់ ចំពេលដែលនាងកំពុងព្យាយាមសរសេរសារទៅកាន់បុរសដែលនាងស្រឡាញ់ស្មើជីវិត រហូតដល់ដង្ហើមចុងក្រោយរបស់នាង។ Lunបានឃើញសារនោះនៅលើតុ ហើយក៏ព្យាយាមសរសេរសារត្រឡប់វិញដែរ តែមិនបានទទួលចម្លើយតបសោះ។ Lunក៏ប្រញាប់ប្រញាលរត់ទៅផ្ទះរបស់Rain តែទើបតែដឹងថាគ្មានRainនៅក្នុងបន្ទប់នោះទៀតទេ។ ម្ដាយរបស់Rain ចុងក្រោយ បានដឹងថា Lun គឺជាបុរសម្នាក់ នៅក្នុងរូបគំនូរ ដែលកូនស្រីគាត់បានគូរកាលពី២០ឆ្នាំ ក្នុងដំណើរទៅអនាគតកាលរបស់នាងមែន។

ក្រោយពីបានដឹងរឿងពីនាងអស់ហើយ Lunក៏ព្យាយាមរំលឹកបទភ្លេង «Secret» ដែលនាងបង្រៀនគេ ហើយដែលមានឥទ្ធិពលអាច នាំរូបគេទៅកាន់អតីតកាលបាន។ គាត់ក៏ព្យាយាមរត់ទៅកាន់បន្ទប់ព្យាណូ ចំពេលដែលគេកំពុងតែព្យាយាមកម្ទេចកន្លែងនោះចោល។ ស្របពេលនោះដែរ ឱពុករបស់Lun បានបើកមើលសៀវភៅដែលRain ទុកឲ្យគេកាលពី២០ឆ្នាំមុន រួចក៏ប្រទះឃើញ សំបុត្រចុងក្រោយរបស់Rain ដែលមានបាំងនៅពាក្យថា «ជូនចំពោះ Lun»។ ចំណែកLunវិញ បានព្យាយាមលេងព្យាណូនោះ រហូតដល់គេ វាយកម្ទេចអាគារនោះចុងក្រោយ។ Lunក៏បានត្រឡប់ទៅ២០ឆ្នាំមុន។ គាត់បានឃើញស្នាមញញឹមរបស់Rainសារជាថ្មី។ នៅក្នុងរូបថតនៃព្រឹត្តិការណ៍បញ្ចប់ការសិក្សាឆ្នាំ១៩៧៩ រូបថត Lun និង Rain បានឈរនៅទន្ទឹមគ្នា។ Lun និង Rain បានរស់នៅជាមួយគ្នាក្នុងអតីតកាលជារៀងរហូត៕»

ដឹកនាំដោយ Jay Chou / ផលិតករ William Kong / និពន្ធដោយ Jay Chou និង To Chi-long / សម្ដែងដោយ Jay Chou , Kwai Lun-Mei, Anthony Wong, Alice Tzeng / និពន្ធបទភ្លេងដោយ Terdsak Janpan និង Jay Chou / ភាពយន្តដោយ Lee Ping-pin

ពានរង្វាន់៖

Year Award Category Nomination Result Ref
2007 44th Golden Horse Awards Best Supporting Actress Alice Tzeng Nominated [17]
Best Visual Effects Victor Wong , Eddy Wong, Yiu Ming Cheung, Donnie Lai Won
Best Original Score Terdsak Janpan and Jay Chou Nominated
Best Original Song “不能說的‧祕密” (Secret) by Jay Chou
released in Secret
Won
Outstanding Taiwanese Film of the Year Secret Won
Outstanding Taiwanese Filmmaker of the Year Jay Chou Nominated
2008 27th Hong Kong Film Awards Best Asian Film Secret Nominated [18]

(រៀបចំនឹងប្រែសម្រួលចេញពី http://en.wikipedia.org/wiki/Secret_%282007_film%29 ដោយយ៉ូជីណ ម៉ា)

 

នេះជាសាច់រឿងដ៏វែងអន្លាយមួយរបស់ ខ្សែភាពយន្តមួយមានចំណងជើងថា៖ « Secret» កាលពីឆ្នាំ២០០៧។  ៦ឆ្នាំមែន តែវាពិតជាមានឥទ្ធិពលខ្លាំងណាស់ក្នុងជីវិតរបស់ខ្ញុំ ក្នុងពេលនេះ។ ខ្ញុំពិតជាស្ងើចសរសើរនូវទេពកោសល្យរបស់អ្នកដឹកនាំរឿងនេះសម្បើមណាស់ ហើយក៏សង្ឃឹមថា ថ្ងៃណាមួយ ខ្ញុំអាចនិពន្ធ ដឹកនាំរឿង សរសេរបទភ្លេង និងសម្ដែងបានដូចនេះ។ 🙂

Secret (JAY CHOU)

Secret (JAY CHOU)

លោកអ្នកក៏អាចទស្សនា និងរំភើបជាមួយខ្ញុំ ក្នុងរឿងមួយនេះបានផងដែរ តាមរយៈតំណភ្ជាប់ខាងក្រោមនេះ៖