បរាជ័យនៅតែជាមេរៀនល្អសម្រាប់ជីវិត

ក្រុមការងារស្ម័គ្រចិត្ត

ក្រុមការងារស្ម័គ្រចិត្ត

មួយរយៈនេះ ខ្ញុំទទួលរឿងបរាជ័យជាច្រើន ហើយក៏បានកត់វាជាមេរៀនជីវិតថ្មីៗជាច្រើនទៀតដែរ។ ដោយសារតែ ឆន្ទៈភ្លើងចំបើង បានធ្វើឲ្យភាពបាក់ទឹកចិត្តកាន់តែរីកដុះដាលធំធេងក្នុងក្ដីស្រម៉ៃរបស់ខ្ញុំច្រើនឡើងៗ។ នេះគ្រាន់តែជាបញ្ហាមួយក្នុង បញ្ហាទាំងអស់ប៉ុណ្ណោះ។

ព្រោះតែក្ដីស្រម៉ៃដែលកំពុងតែឋិតនៅលើផ្លូវ ខ្ញុំបែរជាធ្លាក់ខ្លួនជាមនុស្សដែលដេកចាំព្រេងសំណាង។ អ្នកណាទៅដឹង ព្រេងសំណាងទាំងនោះ គ្រាន់តែជាខ្យល់បក់ប៉ះធូលីមួយប្រាវប៉ុណ្ណោះ។ ចុងឆ្នាំ២០១២ បានចូលមកដល់ បេសកកម្មកន្លែងធ្វើការចាស់របស់ខ្ញុំ ក៏ត្រូវបានបញ្ចប់ ដូចដែលបានជជែកគ្នាជាមួយនឹងប្រធានរបស់ខ្ញុំ។ ខ្ញុំក៏ក្លាយជាមនុស្សដើលហេលហាល រំពឹងទិសដៅ ចាំមើលតែព្រេងសំណាង ប៉ុន្តែ ខ្ញុំមិនបានទុកពេលវេលានេះឲ្យដូចអ្វីដែលកំពុងជួបទេ​ ខ្ញុំក៏ចាប់សរសេររឿងខ្លីមួយដើម្បីថត។ ស្របពេលដែលខ្ញុំបានឃើញ Video Clipជាច្រើន ដែលក្មេងៗ និងអ្នកកុននិយមជាច្រើនបានបង្ហោះពីកុនប្រយុទ្ធ ដូច្នេះ ខ្ញុំក៏ចាប់ផ្ដើមសរសេរភ្ជាប់នឹងសាច់រឿងរបស់ខ្ញុំ។

ដើមឆ្នាំខែមករាបានចូលមកដល់ ខ្ញុំសម្រេចចិត្តមិនសុំទៅវៀតណាមជាមួយនឹងក្រុមគ្រួសារខ្ញុំទេ ព្រោះខ្ញុំចង់ធ្វើកុនខ្នាតខ្លីមួយនោះ ដោយពេលនោះខ្ញុំចាប់ផ្ដើមចំណាយពេលច្រើនឡើងៗ លើរឿងមួយនោះ។ វាដូចជាដង្ហើមអ៊ីចឹង ដកចេញដកចូលមួយភ្លែតសោះ ពេលវេលាថតថ្ងៃទី០៧ ដែលខ្ញុំកំណត់សម្របតាមក្រុមការងារ បានចូលមកដល់។ អ្នកណាទៅដឹង អ្នកឧបត្ថម្ភទាំងឡាយ មិនអាចធ្វើតាមពេលវេលា ដែលយើងកំណត់នោះទេ ព្រោះវាជាគោលដៅភ្លើងចំបើង ខ្ញុំក៏ដឹងដែរ។ សម្រាប់អ្នកឧបត្ថម្ភធំមួយរបស់ខ្ញុំ គេចង់ឲ្យខ្ញុំកែសាច់រឿងខ្លះ ដើម្បីសម្របតាមក្រុមហ៊ុនគេ និងដើម្បីឲ្យសាច់រឿងកាន់តែល្អ ប៉ុន្តែខ្ញុំមានះដើម្បីសម្រេចវា ដ្បិតទី១ ខ្ញុំមិនបានធ្វើកុននោះដើម្បីក្រុមហ៊ុននោះទេ ទី២ក្រុមការងារខ្ញុំមានពេលវេលាតិចតួចណាស់សម្រាប់ការងារនេះ ទី៣ខ្ញុំចង់ប្រាប់ថាទោះជាយ៉ាងណា នេះជាឆន្ទៈរបស់ខ្ញុំ។ ផ្ទុយលើការរំពឹងទុកទាំងស្រុង អ្នកឧបត្ថម្ភទាំង៤ មិនបានជួយអ្វីតាមការគិតរបស់ខ្ញុំនោះទេ មានតែអ្នកឧបត្ថម្ភម្នាក់ប៉ុណ្ណោះ ដែលគាត់បានផ្ដល់នូវសម្ភារៈ សម្រាប់ការថតនេះ។ ខ្ញុំសូមមិនបញ្ចេញឈ្មោះ ព្រោះនេះជាការឲ្យតម្លៃខ្ញុំទៅកាន់អ្នកឧបត្ថម្ភដ្បិតខ្ញុំមិនបានសម្រេចវា។ ដូច្នេះ ការថតនេះ ត្រូវដំណើរការទាំងរដាប់រដួល ដោយមុនថតនោះ ខ្ញុំក៏យកខ្លួនខ្ញុំនិងពេលវេលាទៅដូរជាមួយនឹងក្រុមហ៊ុនកុនបរទេសមួយ ដើម្បីដោះដូរយកសម្ភាៈខ្លះ ទីកន្លែង បាយថ្ងៃត្រង់ និងឡានសម្រាប់ជូនទៅជូនមក។ គេមិនមានថវិការតាមអ្វីដែលខ្ញុំគិតទេ តែអ្វីដែលគេជួយក៏ជាចំណែកធំដែរ។ រហូតដល់ថ្ងៃថតថ្ងៃទី១ ការរំពឹងទុកត្រូវបានប្រែប្រួល ដោយក្នុងនោះ ខ្ញុំសូមអរគុណបងប្រុសម្នាក់នៅ Smallworldដែលបានជួយលើកទឹកចិត្តភ្លាមៗនូវថវិការដែលខ្ញុំត្រូវការ។ ខ្ញុំរីករាយយ៉ាងខ្លាំង តែវាដូចជាហួសពេលទៅហើយ ព្រោះដោយសារតែភ្លាមៗនោះ ក្រុមខ្ញុំត្រូវទិញភ្លើង ហើយបានធ្វើឲ្យកាលវិភាគដើរទៅកន្លងអស់។ តួកិត្តិយសទាំងឡាយក៏រវល់។ ការថតក៏កាន់តែមិនយល់គ្នា។ អ្នកធ្វើការក៏ចាប់ផ្ដើមអស់កម្លាំងនិងបាក់ទឹកចិត្ត។ ខ្ញុំក៏សម្រេចចិត្តផ្អាកការថតតែម្ដងដោយក្នុងចិត្តគ្មានរំពឹងថានឹងបាន ធ្វើវាទៀតទេ តែការនិយាយលើកទឹកចិត្តខ្ញុំ គឺនៅតែមានសម្រាប់ពួកគេ។

 

ខ្ញុំពិតជាសូមអរគុណណាស់ចំពោះរត្ន័ទាំងពីរ បុត្រ សេងហ៊ន និងមិត្តភក្តិ Rick បងវិរៈ បងឌីយ៉ា សម្ភស្ស បងថាវរី បងរិទ្ធី Lida និងមនុស្សមួយចំនួនទៀត សម្រាប់ការដែលចំណាយពេលធ្វើអ្វីដែលខ្ញុំបានគ្រោង ពិសេសគឺបំពេញញក្ដីសុបិនជុំគ្នា ហើយពិសេសជាងនេះ ក៏សូមអរគុណអ្នកឧបត្ថម្ពដែលជួយខ្ញុំក្នុងពេលដែលខ្វះខាត ខ្ញុំនឹងចងចាំទឹកចិត្តនេះជារៀងរហូត។

ភាពបាក់ទឹកចិត្តបានកើតមានយ៉ាងដំណំក្នុងជីវិតខ្ញុំ។ ខ្ញុំចាប់ផ្ដើមគេងយប់ជ្រៅ និងងើបយឺតម្ដងទៀត ហើយពេលនោះហើយដែលធ្វើឲ្យក្ដីស្រម៉ៃខ្ញុំ ត្រូវស្រពេចស្រពិលដោយសារតែហេតុផលបរាជ័យ និងការសុំជំនួយផ្លូវចិត្តពីលោកប៉ាខ្ញុំ ដូចរាល់ដង។ ម្ដងនេះ លោកប៉ាក៏លើកយករឿងនេះមក និយាយហើយ ពន្យល់ខ្ញុំឲ្យបោះបង់សុបិននោះចោល គឺសុបិនជាអ្នកផលិតខ្សែភាពយន្ត ហើយគាត់ចង់ឲ្យខ្ញុំបន្តជំនាញរបស់ខ្ញុំ។ ខ្ញុំរិតតែរារែកទៅរារែកទៅ ព្រោះតែរឿងទាំងនេះ។ ម្ដងបន្តិចៗ ពេលវេលានិងសុខភាពខ្ញុំបានវិលមកដូចដើមវិញ ខ្ញុំបានមើលឃើញនូវការផលិត ប៉ុន្មានដែលខ្ញុំបានធ្វើ ហើយវាបានធ្វើឲ្យខ្ញុំនៅតែចង់ធ្វើការងារនោះយ៉ាងខ្លាំង។

ប៉ុន្មានថ្ងៃក្រោយមក ខ្ញុំក៏សម្រេចចិត្តទៅជួបក្រុមហ៊ុនដែលបាននិយាយលើកមុនវិញ ហើយគេក៏ផ្ដល់ការងារមួយឲ្យខ្ញុំ ដែលចំពេលដែលខ្ញុំ គួរតែគិតគូរឿងបញ្ចប់បរិញ្ញាបត្រខ្ញុំភ្លាម។ ដូច្នេះ ខ្ញុំក៏សម្រេចចិត្តចូលធ្វើការ ដោយត្រៀមជាស្រេចសម្រាប់ការងារថ្មី ជាមួយនឹងក្នុងចិត្តរារែក ក្នុងការសម្រេចចិត្តថាតើ គួរតែបោះបង់ក្ដីសុបិន ឬបន្តវា។ ម្យ៉ាងទៀត ខ្ញុំបារម្ភណាស់សម្រាប់ការងារថ្មី ខ្លាចក្រែង ខ្ញុំធ្វើមិនបានល្អដូចការងារចាស់ទៀត។ ព្រឹកថ្ងៃទី១០ ខែមករា ខ្ញុំក៏បានសម្រេចក្នុងការបើកសៀវភៅInternshipរបស់ខ្ញុំ ជាមួយនឹងការខុសជំនាញ តែត្រូវសុបិន។ ខ្ញុំបានសូមយោបល់ពីបងរិទ្ធីជាច្រើន ដែលយោបល់ទាំងនេះហើយ បានធ្វើឲ្យខ្ញុំឃើញពន្លឺឡើងវិញ ក្នុងភាពងងឹតនៃក្ដីសុបិនរបស់ខ្ញុំ។ ខ្ញុំនឹងឈប់និយាយ ហើយខ្ញុំនឹងចាប់ផ្ដើមធ្វើ ដោយសំដៅទៅមុខជានិច្ច។ អរគុណបងរិទ្ធី អរគុណគ្រប់គ្នាសម្រាប់ឱកាស និងក្ដីស្រឡាញ់សម្រាប់ខ្ញុំ។

ទឹកថ្លា, ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៣

10012013

សៀវភៅInternship

សៀវភៅInternship