ខ្ញុំមិនអាចកែប្រែពិភពលោកបាន តែខ្ញុំអាចជួយក្មេងៗបាន!

ថ្ងៃអាទិត្យ ទី០៨ ខែមិថុនា ឆ្នាំ២០១៤

ខានចូលទីនេះយូរហើយ! ខានរហូតភ្លេច របៀបចូលទៅទៀត ព្រោះ នៅតែគិតថា ចង់សរសេរព្រឹត្តិការណ៍តាមលំដាប់លំដោយ ដែលមិនបានសរសេរប៉ុន្មានរយៈមកនេះ ប៉ុន្តែថ្ងៃនេះសម្រេចចិត្តសរសេរឡើងវិញហើយ ព្រោះមានរឿងល្អៗនិងប្លែកៗច្រើនណាស់ ក្នុងជីវិតខ្ញុំ។ ណាមួយ ខ្ញុំចង់ចាប់ផ្ដើមសរសេររឿងខ្លី និងកុនថ្មី ដូច្នេះត្រូវពង្រឹងស្នាដៃសរសេរឲ្យបានច្រើន ដើម្បីឈានទៅដល់ការសរសេរអត្ថបទវែងៗ។

អូភ្លេច! ថ្ងៃនេះ ខ្ញុំបានធ្វើរឿងសប្បាយចិត្តបីរឿង គឺទីមួយ ជូនលោកប៉ា ជាទីគោរព ឡើងយន្តហោះទៅប្រទេសម៉ាឡេ បន្ទាប់ពីគាត់ទើបតែត្រឡប់ ពីNew Zeland បានពីរសប្ដាហ៍ ហើយទីពីរនោះ គឺជូនបងប្រុសម្នាក់ ទៅមើលសាលារៀនមួយនៅឯអរិយក្សត្រ និងទីបី នាំមិត្តភក្តិដើរលេងកន្លែងដែល ទទួលអារម្មណ៍ភ័យខ្លាច នៅDreamland។

លើលោកនេះ បើគិតឲ្យសមញ្ញទៅ គឺមានវេលាត្រូវរីករាយច្រើនណាស់ បើយើងចេះស្វែងរក តែក៏វាមានរយៈពេលខ្លីណាស់ដែរ គឺខ្លីរហូតតម្រូវឲ្យយើង ចេះគ្រប់គ្រងការសប្បាយនោះឲ្យបានល្អ។ លោកប៉ា ដែលគាត់ទើបតែយកសាច់គោដ៏ល្បីពេញពិភពលោកពីNew Zelandមក ពេលនេះគាត់ត្រូវឡើងយន្តហោះ ទៅស្វែងរករឿងថ្មីៗទៀត នៅឯម៉ាឡេម្ដង។

ថ្ងៃបន្តិច ខ្ញុំបានបំពេញសន្យាជាមួយបងប្រុសPhillipនិងអ្នកគ្រូម្នាក់ថានឹង ព្យាយាមស្វែងរកជំនួយជួយដល់ក្មេងៗ នៅសាលាពេជ្រម្កុដ តំបន់អរិយក្សត្រ។ តាមពិត នេះជាសន្យាចោលមួយប៉ុណ្ណោះ ព្រោះខ្ញុំមិនគិតថា ខ្ញុំនឹងមានលទ្ធភាពត្រឡប់មកទីនេះម្ដងទៀតឆាប់បែបនេះ​ នោះទេ តែអាចមកពីសំណាងដែរ ដែលខ្ញុំបានឃើញការជួយកុមាររបស់បងប្រុសPhillipចៃដន្យក្នុងបណ្ដាញសង្គមFacebook។ ខ្ញុំបានផ្ញើរូបថតមួយចំនួន ពីថ្ងៃមុន និងទាក់ទងទៅអ្នកគ្រូ រួចបងPhillipក៏ចាប់អារម្មណ៍ចង់ទៅជួបផ្ទាល់។ យើងទាំងពីរ ពុំបានជិះឡាននោះទេ ហើយយើងបានឆ្លងដមួយ និងឆ្លងកាត់ផ្លូវលំ ប្រមាណជិត១គីឡូ ពីសាឡាងចម្លងមក។

នៅទីនោះ ខ្ញុំ បងPhillip លោកគ្រូ និងសិស្សប៉ុន្មាននាក់ បានចំណាយពេល ពិនិត្យមើល នូវអ្វីដែលអាចជួយបាន។ ចុងក្រោយ បងPhillipអាចជួយ ការតភ្ជាប់ប្រព័ន្ធទឹកស្អាត និងព្យាយាមទាក់ទាញអ្នកស្ម័គ្រចិត្តជនជាតិសាំងហ្កាពួរ ដែលចង់លាបថ្នាំសាលានៅកម្ពុជា ដើម្បីជួយសាលានេះ។ តាមពិតសាលានេះ បើស្ដាប់ស្រាលទៅ គឺនៅក្នុងដីក្រុងនោះទេ ប៉ុន្តែទីនេះ ហាក់ដូចជាតំបន់ដាច់ស្រយាលអ៊ីចឹង ដោយគ្មានជំនួយ ជាក់លាក់ណាមួយនៅឡើយត្រូវបានស្ដើរសុំបានសម្រេចពីក្រសួងនោះទេ។ ខ្ញុំនិងបងPhillip បានស្ដាប់ការរៀបរាប់ ជួនកាលចង់យំបន្តិច ពីលោកគ្រូ ដ៏មានឆន្ទៈម្នាក់។ លោកគ្រូ និងអ្នកគ្រូពីរនាក់ទៀតបានស្ម័គ្រចិត្តបង្រៀនក្មេងៗប្រមាណ១៥០នាក់ ដោយចែកជា២វេន និងពីថ្នាក់ទី ១ដល់ទី៦។

លោកគ្រូបានប្រាប់ខ្ញុំនិងបងPhillipថា គាត់ធ្លាប់ធ្វើខុសម្ដង ដោយព្រលែងដៃឲ្យសិស្សឡើងថ្នាក់បន្តបន្ទាប់មិនគិត ពីការចាប់បានរបស់សិស្ស ហើយធ្វើឲ្យសិស្សនោះចុងក្រោយ បែរជាត្រូវបោះបង់ចោលសិក្សាព្រោះ តាមគេមិនទាន់ ហើយក្លាយជាកម្មករសំណង់សព្វថ្ងៃ។ គាត់ថា គាត់នឹងមិនទៅណាចោលសិស្សទាំងនោះទេ ហើយក៏ព្យាយាមអំពាវនាវអ្នកជួយ កុំរត់ចោលគាត់ ព្រោះក្មេងៗត្រូវការអ្នកផ្ដល់ជំនួយទាំងនេះ។

នៅតំបន់នេះ គឺមានសាលាតែមួយខ្នងនេះទេ ហើយមានតែ៣បន្ទប់ទៀត រីឯទឹកវិញ មានគេជួយដែរ តែគេបានតែធ្វើហើយក៏លែងរវីរវល់អស់ទៅ ដោយទុកឲ្យទីនោះ មានបង្គន់និងអាងស្តុកទឹកភ្លៀង រស់ពឹងមេឃ គ្មានអ្នកមើលថែឈ្នះ ព្រោះអ្នកភូមិឬអ្នកដំណើរតែងប្រើវា ទប់មិនឈ្នះ។ ក្បែរសាលាក៏មានអណ្ដូងទឹកដែរ តែអណ្ដូងទឹកនោះ មានជាអាសេនិច ដែលអាចបង្កជាជម្ងឹដល់ក្មេងៗ។

ដូច្នេះអ្វីដែលយើងអាចជួយបាន ក្នុងជំហានដំបូង គឺធ្វើប្រព័ន្ធទឹកស្អាត ធ្វើរបងការពារ និងលាបថ្នាំអាគារសារឡើងវិញ។ រឿងនេះ បងPhillipបានរ៉ាប់រងជាច្រើន ចំណែកខ្ញុំ ខ្ញុំក៏កំពុងតែរកនឹកវិធីអ្វីអាចជួយបាន។

សាលាពេជ្រម្កុដ រូបភាពពីបង Phillip

សាលាពេជ្រម្កុដ រូបភាពពីបង Phillip

ខ្ញុំ ក្មេង និងបងPhillip រូបភាពពីបងPhillip

ខ្ញុំ ក្មេង និងបងPhillip រូបភាពពីបងPhillip

ខ្ញុំនិងបងPhillip បានចាកចេញពីទីនោះ និងពាំនាំរូបថតជាភស្តុតាងមួយចំនួន ដើម្បីបង្ហោះស្វែងរកជំនួយបន្ថែម ដោយឆ្លងកាត់ដីហុយ ទម្រាំដល់ចំណតសាឡាង ក្រោយមួយម៉ោងនោះ គឺនៅម៉ោង៤កន្លះល្ងាច ហើយក៏ជូនបងPhillipដាក់ កន្លែងហាត់ប្រាណ រួចរកមិត្តភក្តិកម្សាន្តបន្តិចបន្តួចចុងសប្ដាហ៍។

ខ្ញុំក៏ទៅជួបអាត្តម និងពន្លឺ អ្នកធ្វើការជាមួយវា។ ពេលនោះ យើងក៏ទៅញុំាអីបន្តិចបន្តួច ហើយពន្លឺក៏បបួលខ្ញុំនិងអាត្តម ទៅលេងDreamland ព្រោះគ្នាធ្វើការយូរហើយ មិនសូវបានដើរ។ យើងដើរលេងស្ទើរពេញDreamlandតែពុំឃើញមានកន្លែងគួរឲ្យចាប់អារម្មណ៍សោះ ប៉ុន្តែ ស្រាប់តែទៅចាប់អារម្មណ៍ផ្ទះខ្មោច ក្បែរច្រកចូលទៅវិញ។

មានអី ម្យ៉ាងដែរ ខ្ញុំបានផ្លាស់ប្ដូរអារម្មណ៍នឹងភាពភ័យខ្លាច និងរន្ធត់ជាមួយគំនិតរំភើបថ្មីៗ តែពន្លឺ គឺខ្លាចជាងគេ ព្រោះពន្លឺឧស្សាហ៍ជួបរឿងមិនល្អ ពីរឿងខ្មោចនេះ ហាហ ហាហ។ ខ្ញុំចេញពីទីនោះភ្លាម ក៏មានគំនិតជាច្រើន ចង់ធ្វើគម្រោងតំបន់ខ្មោចលង ប្លែកៗក្នុងក្ដីស្រមៃ និងចង់សរសេររឿងខ្មោចមួយ អំពីការចូលសួនកម្សាន្តទៀតផង។ យូរៗ ដោះដូរអារម្មណ៍ថ្មីម្ដង ក៏មានគំនិតប្លែកៗច្រើន គួរជាទីកត់សម្គាល់។ គិតថា គួរតែដើរលេង ប្រឡូកឲ្យបានច្រើន ខ្ញុំនឹងមានគំនិតប្លែកៗច្រើនថែមទៀត។

ហើយ ចេញពីនោះទៅ ថា ទៅជិះទងវិលយឺតៗ មើលទេសភាព តែចៃដន្យក៏ឃើញផ្ទះវង្វេងមួយទៀត។ ម្ដងនេះ គ្មានខ្មោចទេ តែត្រូវដើររកផ្លូវចេញ ដូចមនុស្សខ្វះអ៊ីចឹង។ ងងឹតស្លុប កាន់តែស្មារគ្នាបីនាក់ ដើររាវពេញទាំងអាគារ។ យើងដើរបណ្ដើរ និយាយគ្នាបន្លប់បណ្ដើរ។ ភ្នែកយើងមើលមិនឃើញអ្វីទាំងអស់ តែអាចរាវបាន។ ហ្ហើយ! ដល់អ៊ីចឹងទៅ ក៏នឹកគិតថា ចុះបើយើងងងឹតភ្នែកទៅ គឺបែបនេះ ហ្ន៎! តើជីវិតអ្នកងងឹតពិបាកប៉ុណ្ណាទៅ?! ឮសំឡេង ប៉ះបាន តែមិនដឹងជាទៅណាខ្លះ! 😦

ទម្រាំតែរកផ្លូវបាន ខ្ញុំចាំថា ប្រហែលជិតកន្លះម៉ោង! វាជាបទពិសោធន៍ថ្មីមួយទៀតដែលខ្ញុំជួប។ យើងចេញមកវិញ ក៏ទៅជិះទងវិលយឺតៗ មើលទេសភាចំនិតក្រុងភ្នំពេញ ដែលហ៊ុំព័ទ្ធទៅដោយ ផ្លូវថ្នល់ ពន្លឺភ្លើងឡានម៉ូតូ ខ្វាត់ខ្វែង និងអគារនៃការអភិវឌ្ឍ ដ៏រញ៉េរញ៉ៃនៃទីក្រុង ដ៏ចំណាស់នេះ។ ខ្យល់ត្រជាក់មែន ហើយយើងក៏អាចសម្លឹង និងជជែកគ្នាពីនេះពីនោះ និងពីគម្រោងចង់ដើរ ទេសចរណ៍ផ្សងព្រេងលេង តាមខែត្រដែរ ប៉ុន្តែ វាមិនបានយូរនោះទេ អ្វីៗសុទ្ធតែមានកំណត់ មិនបានកន្លះម៉ោងផង ទងក៏វិលធ្លាក់មកកន្លែងដើម ហើយខ្យល់ក៏ហប់ៗ វិញ។

យើងចេញពីទីនោះ រួចក៏បែកផ្លូវពីពន្លឺទៅ។ ខ្ញុំនិងអាត្ដម មិនទាន់ទៅផ្ទះភ្លាមទេ នៅជជែកគ្នាលេងបន្តិច ព្រោះមិនសូវបានជួបគ្នា។ ខ្ញុំនៅតែនឹកដល់គំនិតនោះ គឺថា៖

តាមពិតនៅលើលោកនេះ មានរឿងរ៉ាវគួរឲ្យខ្លាចជាច្រើន។ បើសិនជាថ្ងៃមួយ គេឲ្យអ្នកធ្វើជាវិស្វករសាងសង់តំបន់ខ្មោចមួយ ដែលមានទំហំដី ប្រហែល៤ទៅ៥ហិចតា តើមានប្រភេទអ្វីខ្លះដែលធ្វើឲ្យអ្នកទស្សនាខ្លាច តែខ្លាចប្រកបដោយចំណេះដឹង?

ខ្ញុំចង់ប្រឌិតកន្លែងផ្សងព្រេងមួយ ដែលទាមទារឲ្យមនុស្សប្រើខួរក្បាល គិត ហើយទីនោះមានរឿងគួរឲ្យខ្លាចជាច្រើន ដែលណែនាំដោយអ្នកនាំផ្លូវម្នាក់ ដោយនៅពាក់កណ្ដាលផ្លូវ អ្នកនាំផ្លូវនោះត្រូវធ្លាក់រណ្ដៅស្លាប់ ដោយទីធ្លាមួយ ដែលមានបន្ទប់៨ឲ្យជ្រើសរើស ហើយនឹងមានបន្ទប់មួយ អ្នកដំណើរនឹងត្រូវជួបនឹងខ្មោចអ្នកនាំផ្លូវ និងមានមួយបន្ទប់ទៀត អាចធ្លាក់ចូលតំបន់ខ្មោចតៃហោងមួយ នៅកណ្ដាលក្រុងចំណាស់មួយ ក្នុងឆ្នាំ១៩៧៦ ហើយមានតែបន្ទប់មួយប៉ុណ្ណោះដែលអ្នកដំណើរអាចរកកន្លែង ចាកចេញបាន។

រាល់ដំណាក់កាលទាំងអស់ អ្នកដំណើរត្រូវដោះស្រាយ ប្រស្នាជាច្រើន ដែលអ្នកសម្ដែងក្នុងតំបន់នោះ សម្ដែងជាឆាកល្ខោនពិសេសៗ ក្នុងឈុតឆាកខ្មោចដ៏ល្បីៗ ក្នុងខ្សែភាពយន្ត។

បើអាច តើគ្រប់គ្នាចង់ចូលលេងទេ?! lolz

ដើរលេង ជួនកាល ក៏ផ្ដល់ជាគំនិតល្អៗ ដល់យើងដែលជាអ្នកចូលចិត្តបង្កើតដែរ ហើយក៏បង្កើតរឿងនិទានល្អៗ ពីជីវិត ដើម្បីកត់ចូល ទៅក្នុងកំណត់ហេតុប្រចាំថ្ងៃរបស់យើងដែរ! 🙂

កម្ពុជាបំបែកឯតទគ្គកម្មពិភពលោកឆ្នាំ២០១២

ភ្នំពេញ, ទឹកថ្លា ថ្ងៃអាទិត្យ ទី២៩ ខែមេសា ឆ្នាំ២០១២

ភ្នំពេញ, ទឹកថ្លា ថ្ងៃសៅរិ៍ ទី២៨ ខែមេសា ឆ្នាំ២០១២

ថ្ងៃនេះ ជាថ្ងៃឈប់សម្រាករបស់ខ្ញុំហើយពីការសិក្សានៅមហាវិទ្យាល័យ ប៉ុន្តែគឺបែរជាថ្ងៃរវល់របស់ខ្ញុំទៅវិញ។ ព្រឹកនេះ ខ្ញុំងើបយឺតទេ។ ខានងើបយឺតបែបនេះយូរហើយ។ ម៉ោងជិត១១ព្រឹកហើយ ខ្ញុំក៏រៀបចំខ្លួនចេញទៅតាមកម្មវិធីដែលសល់ពីម្សិលមិញ គឺខ្ញុំត្រូវទៅផ្សារទួលទំពូង រកទិញខោរអាវខ្លះៗទុកពាក់ ក្នុងកម្មវិធី និងសម្រាប់លម្ហែកាយនានា។

ចេញពីទួលទំពូងវិញ ខ្ញុំបានត្រឡប់មកផ្ទះ រួចរៀបចំខ្លួនត្រៀម ចូលរួមកម្មវិធីដ៏អស្ចារ្យមួយរបស់ភ្នំពេញ គឺ «រាំMadisonបំបែកឯតទគ្គកម្មពិភពលោក»។ ក្នុងកម្មវិធីនោះ ខ្ញុំក៏ត្រូវឡើងសម្ដែងចម្រៀងមួយបទ ជាមួយក្រុមតន្ត្រីស្នាមញញឹមរបស់ខ្ញុំផងដែរ។

ម៉ោងណាត់ក៏ឈានចូលដល់ ទ្រនិចនាឡិកាចង្អុលម៉ោង ១និង១៥នាទី ប៉ុន្តែមេឃវិញមិនចង្អុលតាមការកំណត់ក្នុងចិត្តថាប្រសើរនោះទេ។ ខ្យល់ប៉ើងស្លឹកឈើគួចពេញផ្លូវ។ ម៉ូតូរបស់ខ្ញុំមានបញ្ហាទៀត។ គិតថាអស់សាំង ក៏រុញទៅចាក់សាំង តែពេលបើកមើលគឺសាំងនៅមានសោះ។ ខ្ញុំមិនមាត់ទេ រួចខ្ញុំក៏ធ្វើដំណើរចេញទៅសួនច្បារវត្តបុទុម ទីណាត់របស់កម្មវិធី។ មេឃដេដាស រកកល់ចង់តែភ្លៀងទេ។ ដើមឈើទ្រេត១២០ដឺក្រេ។ ភ្នែក និងរង្វង់ចង្ការរបស់ខ្ញុំចូលដៃជាញយៗ! ទម្រាំតែជិះដល់គោលដៅ ខ្ញុំត្រូវប្រយ័ត្នប្រយែងជាខ្លាំង។

ទោះយ៉ាងណាក៏នៅតែទៅដល់គោលដៅ ប៉ុន្តែមិនទាន់ទៅដល់ស្រួលបួលផង ខ្ញុំក្រឡេកឃើញឆាកតន្ត្រីត្រូវវាយលុកដោយខ្យល់បក់យ៉ាងខ្លាំង។ កម្មវិធីមិនរំសាយទេ។ ការងារនៅតែបន្ត តែគ្រាន់តែមានការផ្លាស់ប្ដូរមួយចំនួន នោះគឺកម្មវិធីតម្រូវផ្លាស់ប្ដូរ ឲ្យការរាំប្រព្រឹត្តទៅមុនវិញ ដោយដំបូង គេមានរៀបតាមលំដាប់ ការរាំគឺចុងក្រោយគេ។ ខ្ញុំទៅដល់ ខ្ញុំបានរៀបចំខ្លួនជាស្រេច ហើយចាំគ្នីគ្នាម្ដងម្នាក់ៗ។

ទម្រាំតែអាចចាប់ផ្ដើម គឺប្រហែលម៉ោង៣កន្លះរសៀល ក្នុងស្ថានភាព មេឃរលឹមស្រេចៗ។ មនុស្សម្នាបានមកឈរត្រៀបត្រាគ្នា ជាក្រុមៗ។ ការចូលដល់របស់ពួកគេ សុទ្ធតែមានការចាត់ចែងពីក្រុមកម្មវិធីគ្រប់ៗរូប។ ម្ដងបន្តិចៗ មនុស្សក៏បានឈរចំទីដៅ ដែលកម្មវិធីរៀបរួចរាល់។

ខ្ញុំនៅជួរមុខគេជាមួយក្រុមផ្សេងៗ ឯក្រុមខ្ញុំ ត្រូវគេបំបែកឲ្យនៅកៀន តែជួរទី១ដូចគ្នា។ ការរាំក៏ចាប់ផ្ដើម។ អស់រយៈពេលប្រមាណ៥ ទៅ១០នាទី ទើបចម្រៀងនេះបានបញ្ចប់ដោយបរិយាកាសរីករាយ និងអ៊ូអរបំផុត។ នេះជារឿងជោគជ័យថ្មីលើឆាកអន្តរជាតិរបស់មាតុភូមកំណើតដ៏ស្រស់ ត្រកាលរបស់ខ្ញុំហើយ។ ខ្ញុំរំភើបណាស់ ខ្ញុំរីករាយណាស់ ខ្ញុំមិនអាចថ្លែងពីទឹកចិត្តដ៏មហិមានេះបានឡើយ។ ម្យ៉ាងខ្ញុំក៏ជាមនុស្សម្នាក់ ក្នុងកម្មវិធី ដ៏សំបើមនេះទៀត។ នេះជារឿងមួយក្នុងជីវិតថ្មី។ 🙂

រូបភាព៖ កម្មវិធីឡូយ៩

រូបភាព៖ កម្មវិធីឡូយ៩

កម្មវិធីរាំនេះបានបញ្ចប់ ការសម្ដែងក៏បានចូលមកដល់។ ខ្ញុំសង្កេតឃើញថា ក្រុមគេ មានមនុស្សម្នា គាំទ្រជាច្រើននាក់ណាស់។ ពេលប្រកាសឈ្មោះម្ដងៗ គេហូរបាក់ទឹកបាក់ដី ប៉ុន្តែគ្រាន់តែពេលប្រកាសក្រុមតន្ត្រីស្នាមញញឹមភ្លាម ស្ងាត់ជ្រាប។ ខ្ញុំលួចអស់សំណើចក្នុងចិត្ត ថាហេតុតែក្រុមយើងមិនល្បី គេមិនសូវចាប់អារម្មណ៍។ ខ្ញុំមិនហ៊ានមាត់អីទេ។ ខ្ញុំតែងសរសើរក្រុមគេជានិច្ច។ 🙂

ពេលក្រុមខ្ញុំ ចាប់ផ្ដើម ខ្ញុំក៏ព្យាយាមធ្វើអ្វីដែលចេញពីបេះដូង មិនខ្វល់ឡើយពីការពេបជ្រាយ ពីអ្នកណាមិនពេញចិត្ត។ ខ្ញុំញញឹមដើម្បីជោគជ័យ។ ចូលចិត្តមិនចូលចិត្ត នោះយើងមិនអាចបង្ខំគេបានឡើយ ការដែលសំខាន់ គឺយើងខ្លួនយើង ត្រូវធ្វើឲ្យល្អអស់ពីដួងចិត្ត។ 🙂 ខ្ញុំមិនហ៊ានមើលមុខអ្នកណា ឬនិយាយច្រើន ប្រកាសចុះ ប្រកាសឡើង អីនោះទេ លុះត្រាដល់បទត្រូវបានបញ្ចប់  ទើបខ្ញុំអាចដឹងច្បាស់ពីការរីករាយដែលខ្ញុំនិងក្រុមខ្ញុំបានផ្ដល់ឲ្យទស្សនិកជន។ ខ្ញុំរំភើបណាស់ ខ្ញុំរីករាយណាស់ ហើយខ្ញុំក៏ប្រហែលជាមិនចេះនិយាយ ឲ្យសមចិត្តអ្វី ដែលពួកគេរីករាយនោះដែរ។ ខ្ញុំអរគុណខ្លាំងណាស់ សម្រាប់ការគាំទ្រ ហើយក៏ជារឿងរីករាយផងដែរ ដែលនៅពេលដែលខ្ញុំShowនូវបទភ្លេងថ្មីរបៀបខ្មែរ មិនមានអ្នកដើរចេញអស់នោះ។ ខ្ញុំអរគុណខ្លាំងណាស់។ អ្នកទាំងអស់គ្នាជាទឹកចិត្តរបស់ខ្ញុំ និងក្រុមខ្ញុំ។ 🙂

ពេលរសៀល និងពេលល្ងាចដ៏អស្ចារ្យ ក៏ត្រូវបានបញ្ចប់ក្នុងបរិយាកាសនៃមេឃស្រទុំ មិនមានភ្លៀង។ ក្រុមពួកខ្ញុំមិនអាចប្រជុំគ្នា ពិសារអាហារពេលល្ងាចបាននោះទេ ព្រោះពួកគាត់ម្នាក់ៗ ត្រូវត្រឡប់ទៅធ្វើការរៀងៗខ្លួនវិញ ដើម្បីក្រពះរៀងៗខ្លួន (សូមទោសនិយាយត្រង់ពេកហើយ តែជាការពិតមួយក្នុងសង្គមបច្ចុប្បន្ននិងជីវិតដែលខ្ញុំរស់នៅ)។ ទោះយ៉ាងណា ខ្ញុំព្យាយាមបបួលពួកគាត់ ដែលនៅសល់ មិនទាន់ទៅឆ្ងាយ ប៉ុន្មាននាក់ ឲ្យចូលរួមពិសារអាហារជាមួយ មិត្តភក្តិខ្ញុំ ក្រុម ABC Radioជុំគ្នាដែរ ប៉ុន្តែបែរជាមិនអាច ព្រោះពួកគាត់ត្រូវទៅសមភ្លេងត្រៀមថ្ងៃស្អែកបន្តទៀត។

រូបថតពី៖ បងប្រុស Aplus Coco

រូបថតពី៖ បងប្រុស Aplus Coco

ជារឿងសោកស្ដាយ តែក៏នៅតែអរគុណចំពោះសាមគ្គីភាព និងដួងចិត្តស្រឡាញ់ការងារ។ ធ្វើម៉េច ខ្ញុំមិនទាន់មានសមត្ថភាពគ្រប់គ្រងក្រុមឲ្យធំដុំលើសពីនេះនៅឡើយ ដ្បិតខ្ញុំត្រូវកសាងសមត្ថភាព ថវិកា និងចំណេះដឹង លើផ្នែកនេះបន្ថែម។ ខ្ញុំនៅតែសង្ឃឹមថា គោលបំណងចង់លេងភ្លេងថ្មីៗ ជុំវិញពិភពលោករបស់យើង នៅតែមានក្នុងនាអនាគត ទោះជាត្រូវចំណាយពេលយូរយ៉ាងណា។ 🙂 អរគុណសម្រាប់រឿងគ្រប់យ៉ាង ហើយក៏សូមទោសសម្រាប់រឿងគ្រប់យ៉ាងដែរ។

រូបថតពី៖ បងប្រុស ម៉ៅ សុខលាភ (ខ្ញុំនិងសមាជិកក្រុមតន្ត្រីស្នាមញញឹម)

រូបថតពី៖ បងប្រុស ម៉ៅ សុខលាភ (ខ្ញុំនិងសមាជិកក្រុមតន្ត្រីស្នាមញញឹម)

រូបថតពី៖ បងប្រុស Aplus Coco (ខ្ញុំនិងបងសុភា ពេលសម្ដែង)

រូបថតពី៖ បងប្រុស Aplus Coco (ខ្ញុំនិងបងសុភា ពេលសម្ដែង)

រូបថតពី៖ បងប្រុស ម៉ៅ សុខលាភ (ខ្ញុំនិងក្រុមតន្ត្រីស្នាមញញឹម ពេលសម្ដែង)

រូបថតពី៖ បងប្រុស ម៉ៅ សុខលាភ (ខ្ញុំនិងក្រុមតន្ត្រីស្នាមញញឹម ពេលសម្ដែង)

រូបថតពី៖ បងប្រុស ម៉ៅ សុខលាភ (ខ្ញុំនិង VJ. Catherine)

រូបថតពី៖ បងប្រុស ម៉ៅ សុខលាភ (ខ្ញុំនិង VJ. Catherine)

រូបថតពី ទស្សនិកជន

រូបថតពី ទស្សនិកជន

រូបថតពី ទស្សនិកជន

រូបថតពី ទស្សនិកជន

ខាងលើនេះជាអនុស្សាវរីយ៍ថ្មីក្នុងជីវិតរបស់ខ្ញុំ ដែលខ្ញុំមិនអាចបំភ្លេចបាន! 🙂 សូមឲ្យវាឋិតឋេរដូចស្នាមញញឹម! 🙂

មនុស្សអតីតកាល

អ្នកជឿទេថា មនុស្សដែលអ្នកជួបតែមួយគ្រា ជាមនុស្សដែលចេញមកពីអតីតកាល? បើបាត់មនុស្សក្នុងពេលឥឡូវ យើងអាចស្វែងរកបាន តែបើបាត់មនុស្សដែលមកពីអតីតកាល មិនដឹងថាត្រូវធ្វើយ៉ាងម៉េចទេ? T_T

EUGENE MA

EUGENE MA

ភ្នំពេញ, ទឹកថ្លា ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១២

ព្រឹកនេះ ខ្ញុំក្រោកពីគេងរៀងយឺតបន្តិច។ បាក់ទឹកចិត្តបន្តិចសោះ រឿងខ្ចិលច្រអូសពីមុនក៏ត្រឡប់មកម្ដងទៀត តែយ៉ាងណា ក៏ខ្ញុំព្យាយាម ប្រឆាំងនឹងទម្លាប់ដ៏អពមង្គលនោះដែរ។ ខ្ញុំបានងើបទៅរៀនយឺត តែនៅតែទៅ គឺជៀសជាងអត់បានទៅ។

ប្រហែលជាយប់មិញ ខ្ញុំមើលរឿងស្នេហាច្រើនពេកមុនចូលគេងហើយ បានជាងព្រឹកនេះ ខ្ញុំហាក់ដូចជារស់នៅក្នុងពិភពស៊ីជំពូ។ ខ្ញុំញញឹមជាប់។ មិត្តភក្តិគ្រប់ៗគ្នា នាំគ្នាឆ្ងល់ ហើយបែរជាចំអែរចំអន់ខ្ញុំថាខ្ញុំមានស្នេហាទៅវិញ តែតាមពិត គឺខ្ញុំកំពុងតែត្រេកត្រអាលនឹង រឿងកុនស្នេហាទៅវិញទេ។ មិនដឹងថាយ៉ាងម៉េចទេ អារម្មណ៍ខ្ញុំគឺខុសគេ រាល់ពេលដែលមើលរឿងណា ជក់ម្ដងៗ គឺពិភពដែលខ្ញុំរស់នៅ នឹងទទួលឥទ្ធិពលភ្លាមៗ។ បើនិយាយក្នុងចិត្តសាស្ត្រ ខ្ញុំប្រហែលជាខ្ញុំមានវិបត្តិផ្លូវចិត្ត។ ខ្ញុំដឹងខ្លួនឯង ជួនកាលក៏ខ្លាចខ្លួនឯងម្ដងម្កាលដែរ។

ចេញពីរៀន ខ្ញុំក៏ត្រឡប់មកផ្ទះ។ រួច អង្គុយមើលរឿងស្នេហា ដែលខ្ញុំមើលពីយប់តចប់។ មិនបានចប់ទេ ខ្ញុំក៏ទទួលអារម្មណ៍ងងុយគេង ហើយក៏សណ្ដូកខ្លួនគេងនៅក្បែរទុកLaptopខ្ញុំ។

គេះហ្គីតាបទពិរោះៗ!!! នេះជាយល់សប្តិកណ្ដាលថ្ងៃត្រង់របស់ខ្ញុំហើយ។ ខ្ញុំភ្ញាក់ព្រឺត មើលម៉ោង ម៉ោងជិត១ទៅហើយ។ មិនទាន់បាយទេ ហើយក៏មិនចង់បាយដែរ ព្រោះធាត់ណាស់ឥឡូវ។ មកពីធាត់ណឹងហើយ ទើបបានខ្ចិល ហើយមកពីខ្ចិលណឹងហើយ បានជាធ្វើការមិនបានល្អ និងមិនងាយចប់។ ភ្លើងដាច់ តែឡេបថបខ្ញុំ នៅធុនថ្ម ខ្ញុំក៏ចាក់រឿងមើលបន្ត។ មើលយូរៗទៅ កាន់តែជក់។ មើលយូរៗទៅ កាន់តែស្រម៉ៃពីរឿងទាំងឡាយ។ បិះស្រក់ទឹកភ្នែកហើយ តែអាចទប់បាន។

នេះមិនមែនជារឿងថ្មីរបស់ខ្ញុំទេ តែខ្ញុំគ្រាន់តែមើលវា លម្អិតឡើងវិញសោះ តែរឿងនេះ ហាក់ដូចជារឿងថ្មីមួយអ៊ីចឹង។ មនុស្សម្នាក់រស់នៅក្នុងសម័យខុសគ្នា បែរជាមកជួបគ្នា ក្នុងសម័យតែមួយ។ ពិតជាអស្ចារ្យ និងច្នៃប្រឌិតមែន។ សូមសរសើរលោក Jay Chou!

ថ្ងៃនេះ ខ្ញុំបានណត់ជាមួយណាក់ ហើយយកFlashទៅឲ្យរត្ន័និងចិត្រផង។ យើងកំពុងរៀបចំរឿងខ្នាតតូចមួយ។ មិនដឹងជាអារម្មណ៍ទៅណាទេ ខ្ញុំភ្លេចយកFlashមក ហើយភ្លេចយកStoryboardឲ្យណាក់ទៀត។ ដូច្នេះ ក៏ត្រូវជិះមួយជុំទៀតទៅផ្ទះ។ យកFlashឲ្យរត្ន័ហើយ ខ្ញុំក៏ទៅជួបណាក់ និងបងបូរិន។ យើងជជែកគ្នាពីការងារនោះរហូតដល់ម៉ោង៧កន្លះយប់ទើបយើងបែកគ្នាអស់។

យប់ឡើង! នឹកចុះ នឹកឡើង ខ្ញុំហាក់ដូចជាទទួលអារម្មណ៍មួយថា ហេតុអីបានជាមួយរយៈនេះ ខ្ញុំទាក់ទងទៅឡាដាមិនចូលសោះ ឬមកពីថ្ងៃមុន ខ្ញុំហៅគេធ្វើការចំការងារដែលគេមិនពេញចិត្តទេ? ឬក៏ខ្ញុំមិនចេះនិយាយ បណ្ដាលឲ្យគេអន់ចិត្តរឿងអី? ឬក៏គេជាមនុស្សអតីតកាល ដូចក្នុងរឿង? ហ្ហើយ គិតច្រើនពេកហើយ តាមពិតប្រុសខ្ញុំនេះ រស់នៅ មិនចេះយល់ចិត្ត មនុស្សស្រីសោះ។ ជួនកាលនិយាយត្រង់ពេកទៅ ក៏មិត្តភក្តិស្រីៗខ្លះខឹង ដើរចេញទៅ។ ឯមិត្តភក្តិប្រុសៗវិញ គឺមិនបាច់និយាយទេ គេហៅថាកនយើងហើយ។ 😀 ហ្ហើយ! មិត្តភក្តិនារីៗវិញ គឺគេពូកែខឹង និងអន់ចិត្តណាស់ តែនិយាយទៅ ពួកគេនិយាយគ្នា ឆាប់ត្រូវរ៉ូវជាង មិត្តភក្តិប្រុសៗដែរ។ ហិហិហ!!! ម្យ៉ាងម្នាក់! តែមិត្តភក្តិមួយចំនួន មិនដឹងជាគេគិតដល់ណាទេ ប្រកាន់ខ្ញុំ រហូតទាល់តែខ្ញុំ អៀនមិនហ៊ាន ទាក់ទងទៀត។ ពេលខ្លះ ប៉ះអ្នកខ្លះហាក់ដូចជាយល់ចិត្តគ្នាណាស់ តែចុងក្រោយ គេទៅណាបាត់ទៅ។ អ្នកខ្លះ គេបែរជាទៅមានសង្សារ ភ្លេចមិត្តភក្តិអស់។ ណ្ហើយ! មែនទែនទៅ អភ័ព្ទតែខ្ញុំទេ មិត្តភក្តិម្នាក់ៗ ស្ងាត់ៗទេ តែដល់តែលួចសួរទៅ មាន មួយម្នាក់ៗអស់រលីង។

ប៉ុន្តែ ក្នុងវ័យសិក្សាបែបនេះ ខ្ញុំគិតថា មិនគួរមានសង្សារនោះទេ។ សង្សារមិនត្រូវការលុយកាក់ទេ តែគ្មានលុយកាក ក៏សង្សារមិនសូវសប្បាយចិត្តដែរ ពេលខ្លះ។ និយាយរួម បើគ្មានប្រាក់ខែទេ ខ្ញុំនឹងព្យាយាមមិនមានសង្សារជាដាច់ខាត។ 😀 ហិហិហិហ!!!!  តែបើមានក៏សង្សារនោះ ដែលមិនគិតពីលុយកាក់ដែរ។ ហិហិហ!!!

យី!!!! >_< ថ្ងៃនេះយ៉ាងម៉េច ដូចជានិយាយពីរឿងស្នេហាពេកហើយ។ មិនគួរមើលរឿងស្នេហាសោះ បែកឆ្វេងអស់ហើយ។ 😛

ថ្ងៃខួបកំណើតដ៏សែនស្ងប់ស្ងាត់

ភ្នំពេញ, ទឹកថ្លា, ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១២

ថ្ងៃនេះជាថ្ងៃខួបកំនើត អាយុ២០ឆ្នាំរបស់ខ្ញុំ។ ព្រឹកឡើង ខ្ញុំទៅរៀនធម្មតា។ មានមិត្តខ្លះមិនដឹងទេ ឯមិត្តខ្លះគេដឹង គេក៏ជូនពរផ្ទាល់មាត់ ព្រោះដោយសារតែខ្ញុំបានជ្រុលប្រាប់ពីគម្រោងធ្វើពិធីធំមួយ ក្នុងថ្ងៃនេះទៅគេ។ សូមទោសផងខ្ញុំមិនអាចធ្វើបានទេ ព្រោះពេលវេលា មិនអំណោយផលសោះ។ ខ្ញុំចង់បបួលពួកគេទៅញាំអីជុំគ្នាដែរ តែដូចជាមើលទៅពួកគេមិនចង់ទៅទេ ណាពួកគេមកមិនជុំគ្នាទេ។ ខ្ញុំក៏សម្រេចចិត្តលុបចោលការបបួលនានាដោយត្រឡប់ទៅផ្ទះវិញដោយស្ងៀមស្ងាត់។

មកដល់ផ្ទះ ខ្ញុំបើកFBមើលសារជូនពរនានា ទុកជាក្ដីរីករាយ។ និយាយតាមត្រង់ចុះ ខ្ញុំរីករាយណាស់ មានសុភមង្គលណាស់ ដែលមិត្តភក្តិគ្រប់គ្នាមិនបានភ្លេចខ្ញុំ។ គ្មានអ្វីដែលល្អជាងមិត្តភាពដ៏ល្អរបស់ពួកគេទេ។ ខ្ញុំពិតជាគ្មានអ្វីអរគុណពួកគេ ក្រៅពីបង្ហោះពាក្យអរគុណទៅពួកគេ ម្ដងជាពីរដងនោះទេ។ ញាំបាយហើយបន្តិច ខ្ញុំក៏សម្រេចចិត្ត ទូរស័ព្ទទៅលោកពូ បូរ៉ា ណាត់ពីការពិភាក្សានោះនៅម៉ោង២រសៀល។

ខ្ញុំបិទភ្នែកសម្រាកបន្តិច។ ម៉ោង១កន្លះ ខ្ញុំមិនបានងូតទឹកទេ ព្រោះខ្លាចទៅយឺតម៉ោង។ ខ្ញុំក៏រំលែកម៉ោងទាំងនោះយកទៅចម្លងរឿងជាឯកសារជូនលោកពូ។ ខ្ញុំនៅសង្ឃឹមតែម្យ៉ាងថារឿងនេះ នឹងអាចថតបាន។ ខ្ញុំបានចំណាយពេលប្រមាណ២០នាទី ដើម្បីចម្លងវានៅកន្លែងបោះពុម្ភមួយកន្លែង។ ចម្លងរួចរាល់ ខ្ញុំក៏ចាប់ធ្វើដំណើរទៅ ក្រុមហ៊ុនលោកពូបូរ៉ា។

ម៉ោង២ ខ្ញុំបានចាប់ផ្ដើមការជជែកជាមួយលោកពូ។ ម៉ោង៣ត្រឹម ខ្ញុំក៏ដាច់ចិត្តលាគាត់ត្រឡប់ទៅវិញ ប៉ុន្តែមុនចាកចេញ លោកពូ បានបបួលទៅញាំកាហ្វេក្បែរនោះ ឲ្យយោបល់បន្ថែមពីកុនដែលខ្ញុំ ប្រាថ្នាធ្វើ។ ប្រហែលជាខ្ញុំរវល់លើកទូរស័ព្ទពេក និងប្រហែលជាខ្ញុំនិយាយច្រើនពេក មិនដឹង ទើបបានជាចុងក្រោយ លោកពូ គ្រាន់តែមានប្រសាសន៍ថា គ្មានIdea។ ខ្ញុំឮពាក្យនេះ ខ្ញុំហាក់មានអារម្មណ៍សោកសៅបន្តិចដែរ ព្រោះគិតថា ប្រហែលជាខ្ញុំនិយាយច្រើនពេក។ ទោះជាយ៉ាងណា ខ្ញុំមិនអាចក្បត់ចរិតខ្លួនឯងបាននោះទេ។ ខ្ញុំតែងយល់ថា ពេលវេលាមានតិចណាស់ សម្រាប់ជជែកគ្នា ហើយរាល់មនុស្សដែលខ្ញុំណាត់ជួប សុទ្ធតែជាមនុស្សដែលខ្ញុំចង់ដោះដូរគំនិតជាមួយជានិច្ច។ នេះជាមេរៀនថ្មីទៀតហើយសម្រាប់ជីវិត។ ជិះតាមផ្លូវខ្ញុំតែងស្ដីឲ្យខ្លួនឯង និងទះមាត់ខ្លួនឯង មិនគួរមិនអាច ធ្វើជាអ្នកស្ដាប់ឲ្យបានច្រើនជាងមុនសោះ។

មិនទាន់ដល់ផ្ទះស្រួលបួលផង LYNN បានទូរស័ព្ទមកខ្ញុំ ចង់ពឹងខ្ញុំឲ្យធ្វើPlanឲ្យគេមួយ។ ខ្ញុំបានសម្រេចចិត្តជួយពួកគេ។ ប្រជុំគ្នាប៉ុន្មានម៉ោង បិះនឹងហួសម៉ោងទៅរៀនទៀត។ ខ្ញុំក៏ចាប់ផ្ដើមប្រញ៉េបប្រញ៉ាប់ទៅសាលាក្រោយការបញ្ចប់ ការជួបជុំនេះ។ ដោយហេវហត់ពេក ខ្ញុំក៏ពឹងLYNNឲ្យទិញ Burgerឲ្យ ថានឹងចេញលុយតាមក្រោយ តែLYNN ប្រកែក ហើយថាជូនខ្ញុំវិញ។ ហាហ ហាហ!! អរគុណណាស់! ទោះជាតិចតួច ក៏រីករាយបន្តិចដែរ។ ខ្ញុំបានចាកចេញពីទីនោះ។

ល្ងាចនេះត្រូវរៀនអង់គ្លេស។ មានសារមួយចំនួនបានលោតចូលជាញឹកញាប់ រហូតដល់ខ្ញុំបិទសំឡេងទូរស័ព្ទ។ ចប់ម៉ោង ខ្ញុំបានទូរស័ព្ទបបួលមិត្តភក្តិ៤ ទៅ ៥នាក់ទៅញាំអីជុំគ្នា ជិតៗនេះ ហើយជិះដើរលេងបន្តិចបន្តួច ប៉ុន្តែពួកគេសឹងតែរវល់ទាំងអស់គ្នា បានតែ៣នាក់ប៉ុណ្ណោះ។ ពួកយើងញាំអីនៅ BBQក្បែរផ្ទះ ហើយចេញពីទីនោះ យើងជិះដើរលេងមួយជុំ ទើបទៅផ្ទះរៀងខ្លួន។

យប់នេះ ស្ងាត់ណាស់។ ប្រហែលជាម៉ាក់ប៉ាខ្ញុំដឹង ហើយក៏មិនដឹងដែរ។ គាត់ហាក់ដូចជា ប្រើសម្ដីធំតូចដាក់ខ្ញុំរហូត។ ខ្ញុំមិនថាអីទេ តែគ្រាន់តែចង់នៅស្ងាត់ស្ងៀម បើមិនមានជប់លៀងអ្វី។ ខ្ញុំបានត្រឹមតែក្រវីក្បាលដើរចាកចេញដោយស្ងៀមស្ងាត់ មើលពាក្យជូនពរដ៏រីករាយរបស់មិត្តភក្តិប៉ុណ្ណោះ។ ខ្ញុំព្យាយាមនិយាយលេងជាមួយប្អូនស្រីដែរ តែសូម្បីតែមួយម៉ាត់ក៏គេមិននិយាយរកដែរ។ ហិហិហ! ដូចជាកម្សត់មែន ថ្ងៃកំណើតនេះ។ នេះប្រហែលជា មកពីរឿងទាំងនេះហើយ បានជាជម្ងឺយុវវ័យរើជាថ្មី។

ពីមុន ខ្ញុំចូលចិត្តនិយាយទូរស័ព្ទជាមួយមិត្តភក្តិណាស់ ព្រោះតែងតែអផ្សុកយប់ៗឡើង។ ពួកគេទាំងនោះ មាននារីមានបុរស។ ក្រោយមក ខ្ញុំបានគិតថា នេះជាជម្ងឺអផ្សុករបស់យុវវ័យ។ ខ្ញុំក៏រៀនរស់នៅម្នាក់ឯងបន្តិចម្ដងៗដូចសព្វថ្ងៃ។ ខ្ញុំយកពេលវេលាសម្រាក ថែខ្លួន មើលសៀវភៅ ធ្វើកិច្ចការ ឬយកOnlineមកជជែកភាគច្រើនវិញ។

មែនហើយ នេះជាជម្ងឺយុវវ័យដែលខ្ញុំនិយាយនោះ។ យប់នេះ ខ្ញុំហាក់ដូចជាត្រូវការនរណាម្នាក់ជជែកលេងកម្សាន្ត គ្រាន់រីករាយក្នុងថ្ងៃកំណើតខ្ញុំ ម្ដងទៀតហើយ តែនៅតែគ្មានអ្នកណា ក្រៅពីអ្នកផ្ញើសារ និងCommentក្នុងFB ឲ្យខ្ញុំគួរតែនិយាយជាមួយនោះទេ។ នេះគ្រាន់តែជម្ងឺប៉ុណ្ណោះ វាគង់តែជាទេ។ ខ្ញុំត្រូវតែរឹងប៉ឹង ខ្ញុំត្រូវតែញញឹម។ ខ្ញុំត្រូវតែអត់ធ្មត់។ គ្មានអ្នកណាស្រឡាញ់ខ្ញុំជាងខ្លួនខ្ញុំនោះទេ។

ចុងក្រោយនេះ ខ្ញុំសូមទោសផងដែលមិនអាចឆ្លើយតបត្រឡប់នូវពាក្យអរគុណរាល់សារដ៏មានតម្លៃទាំងអស់របស់អ្នកទាំងអស់គ្នា តែចង់ប្រាប់ថា ទំហំចិត្តដែលអ្នកទាំងអស់គ្នាផ្ដល់ឲ្យខ្ញុំ ពេជ្រមួយគ្រាប់ មិនអាចដូរបាននោះទេ។ ខ្ញុំស្រឡាញ់អ្នកទាំងអស់គ្នា បានត្រឹមតែ Likeទេ ព្រោះខ្លាច ឆ្លើយខ្លះខ្វះខ្លះ មិនស្មើគ្នា។ សង្ឃឹមថាអ្នកទាំងអស់គ្នាយល់ពីជម្រៅចិត្តរបស់ខ្ញុំ។

មែនហើយ ខ្ញុំប្រហែលជានិយាយត្រង់ៗ ពីជីវិតខ្ញុំនៅទីនេះពេកហើយ តែនេះជាកំណត់ហេតុ។ ជំហានដែលខ្ញុំដើរនៅពេលនេះ ខ្ញុំនឹងព្យាយាមមិនឲ្យ កូនចៅក្រោយៗរបស់ខ្ញុំជួបនឹងរឿងបែបនេះទៀតទេ។ ខ្ញុំត្រូវតែកសាងមេរៀនជីវិតជូនពួកគេ។ 🙂 ទោះជាឈឺចាប់ ក៏នៅរស់ គឺរស់ដោយក្ដីសង្ឃឹម។ ទោះជាស្ងៀមស្ងាត់ ក៏មានពន្លឺដែរ។ 🙂

Lonely Cake

Lonely Cake

ជួបមនុស្សដែលប្រាថ្នាជួប

ភ្នំពេញ, ទឹកថ្លា, ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១២

ព្រឹកនេះ ខ្ញុំចូលរៀនឡើងវិញ។ សិស្សមកមិនច្រើនទេ។ ម៉ោង១០ ខ្ញុំក៏ត្រឡប់ទៅផ្ទះវិញ។ រសៀលនេះ ខ្ញុំបានសូមបង Yok Chilvary ផលិតករហ្គេមខ្មែរយើង ជួបគ្នាជជែកគ្នា ផ្ទាល់ និងការងារខ្លះៗ ដែលអាចទាក់ទងគ្នាបាន។ ខ្ញុំបានស្គាល់គាត់យូរហើយ តាមរយៈFB តែពុំដែលបានជួបមុខនោះទេ។ ដូច្នេះ បានជារសៀលនេះ ខ្ញុំបើកការជជែកគ្នាមួយ ជាមួយគាត់ និងក្រុមគាត់។

នៅParkway ជាន់ទី៣ ម៉ោងជិត២រសៀល ខ្ញុំបានទៅដល់ស្ទូឌីយ៉ូមួយ មានឈ្មោះថា «ស្លឹករិតអស្ចារ្យ»។ ស្ទូឌីយ៉ូ នេះមិនធំពេកទេ ហើយក៏មិនតូចពេកដែរ ល្មមនឹងអាចឲ្យសមាជិកប្រហែល១០នាក់ជាងអាច ធ្វើការជាមួយគ្នាបាន។ នេះជាលើកដំបូងហើយ ដែលខ្ញុំស្គាល់ស្ទូឌីយ៉ូនេះ។ ទម្រាំតែអាចរកឃើញ ខ្ញុំត្រូវវង្វេងផ្លូវ មួយជុំអាគារដែរ។ 😀

ការរៀបចំក្នុងបន្ទប់ មានសោភ័ណ គួរឲ្យចាប់អារម្មណ៍ ពោលគឺមើលទៅមិនឃើញចង្អៀតទេ។ រូបថតតាមជញ្ជាំង គឺសុទ្ធតែជារូបថត ដែលនិយាយពីសាច់រឿង ឬរូបភាពសិល្បៈ និងគំនូរជីវចលនានា។ បងវារី បានជជែកគ្នាជាមួយខ្ញុំមួយសន្ទុះធំដែរ។ ម៉ោងប្រហែល២កន្លះជិតបី រត្ន័បានមកដល់ដែរ។ ពួកយើងជជែកគ្នាជាច្រើន អំពីការងារដែលទាក់ទង នឹង ការងារសិល្បៈDigital។ នេះជាជំហានជោគជ័យមួយ ដែលខ្ញុំ មិនអាចអត់សរសើរមិនបាន។ 🙂 ខ្ញុំសង្ឃឹមថា យូរនិងឆាប់ ស្រុកខ្មែរយើង និងរីកចម្រើនថែមទៀត លើផ្នែកសិល្បៈDigitalមួយនេះ។ ជាលទ្ធផល ខ្ញុំបានជួយចែករំលែកការងារបទភ្លេងខ្លះៗ ទៅមិត្តរួមក្រុមរបស់គាត់ ហើយគាត់បានជួយខ្ញុំ យកModelឡានមួយចំនួន សម្រាប់ត្រៀមថតកុន ខ្នាតខ្លីថ្មីរបស់ខ្ញុំ។ នេះជាការចែករំលែកមួយរបស់ពួកយើង។ មានការចែករំលែកប្រកបដោយសីលធម៌ មានការរីកចម្រើន។

មួយសន្ទុះធំ ម៉ោងជិត៥ ការជជែកគ្នានេះ បានបញ្ចប់។ តាមគម្រោង ខ្ញុំបានណាត់គាត់ត្រឹមតែម៉ោង៤ប៉ុណ្ណោះ តែនេះលើសច្រើនមែនទែន។ ពិតជាគួរឲ្យសរសើរណាស់សម្រាប់ការងាររបស់ពួកគាត់ ហើយក៏សូមអរគុណច្រើនចំពោះការចំណាយពេលវេលាមួយនេះជាមួយខ្ញុំ។

យប់ឡើងបានចូលមកដល់ ខ្ញុំបានឆែកFBមើលការងារនានា ពីបុគ្គលម្នាក់ៗ។ ចៃដន្យ ខ្ញុំបានប្រទះរូបថតកូនស្រីរបស់លោកពូ ឆាយ បូរ៉ា ដែលគាត់ជាផលិតកររឿង«ឃ្លាតទៅសែនឆ្ងាយ» ដ៏ល្បីរបស់ខ្មែរ។ ខ្ញុំបានប្រទះរូបថតមួយទៀត គឺនិយាយពីវាលចាក់សម្រាម ស្ទឹងមានជ័យ ដែលធ្វើឲ្យខ្ញុំ នឹកឃើញដល់រឿង របស់លោកគ្រូ «វ៉ា សំអាត» មួយ មានចំណងជើងថា «រាជនីអាណាចក្រសម្រាម»។ សៀវភៅដែលមានតែនៅ ស្ថានទូតថៃ និងខ្មែរ លើពិភពលោកប៉ុណ្ណោះ បានក្លាយជាកាដូរបស់ខ្ញុំ ក្រោយការជួបលោកគ្រូចុងក្រោយបង្អស់ក្នុង ឱកាសប្រឡងតន្ត្រីសម័យថ្នាក់ជាតិឆ្នាំ២០១១។ ខ្ញុំស្រឡាញ់រឿង «រាជនីអាណាចក្រសម្រាម»ណាស់។ រឿងនេះ បានធ្វើឲ្យខ្ញុំយំ ៣ដង បន្ទាប់ពីអានរឿងនេះ។ ជិត៣ឆ្នាំហើយ រឿងនេះ នៅតែឋិតក្នុងគោលបំណង យកទៅថតខ្សែភាពយន្តរហូត។

បន្ទាប់ពីឃើញរូបថតរបស់លោកពូបូរ៉ាមក ខ្ញុំក៏ចាប់អារម្មណ៍ពីទឹកចិត្តលោកពូ ភ្លាមៗ។ ដូច្នេះ ខ្ញុំក៏សម្រេចចិត្ត ជិះម៉ូតូទាំងយប់ដើររកទិញ កាតទូរស័ព្ទ ដើម្បីទូរស័ព្ទទៅលោកពូភ្លាមៗតែម្ដង។ ទិញរួច ខ្ញុំបានទូរស័ព្ទទៅលោកពូភ្លាមៗ។ ក្នុងការជជែកគ្នាយ៉ាងប្រថុចញ៉ុច ព្រោះពេលកំពុងតែជជែក ក្នុងផ្ទះខ្ញុំដាច់ភ្លើង ម៉ាក់ខ្ញុំកំពុងតែមួរហ្មៅផង ណាគាត់ច្រឡំថាខ្ញុំយកទូរស័ព្ទគាត់ប្រើផង ធ្វើឲ្យការជជែកមានភាពច្របូកច្របល់បន្តិច តែទោះជាយ៉ាងណា ក៏ខ្ញុំអាចដឹងបានថា ខ្ញុំអាចនឹងជួបលោកពូ ក្នុងថ្ងៃណាមួយកៀកៗនេះ ដើម្បីយករឿងនោះ យកទៅពិភាក្សាថត។ ខ្ញុំរីករាយណាស់ ពេលដែលដឹងពីទឹកចិត្តរបស់លោកចំពោះរឿងខ្លីមួយនោះ។ យ៉ាងណា ក៏ខ្ញុំមិនភ្លេចពីសម្ផស្សកូនស្រីរបស់គាត់នោះទេ។ នាងស្អាតមែន សូមសរសើរសម្រស់ធម្មជាតិ ដែលអស្ចារ្យមួយនោះ។ អស្ចារ្យតែសម្ភស្សជារឿងធម្មតារបស់នារី តែអ្វីដែលអស្ចារ្យជាងនោះ គឺខ្ញុំបានដឹងថា នាងជាសិស្សពូកែអក្សរសាស្ត្រអង់គ្លេសទៀត។ គួរឲ្យសរសើរមែន។ 🙂

ហើយ!!!! ថ្ងៃស្អែកនេះ ជាថ្ងៃខួបកំណើត គម្រប់២០ឆ្នាំរបស់ខ្ញុំហើយ។ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១២ អាយុ ២០ឆ្នាំ។ ២០ទាំងអស់។ ឆ្នាំល្អរបស់ខ្ញុំ តែស្ដាយ ខ្ញុំមិនអាចរៀបចំខួបកំណើតចំថ្ងៃនោះបានធំ ដូចការគ្រោងមិនចូលឆ្នាំ។ ណាទើបតែចប់ចូលឆ្នាំ គ្មានកន្លែងបោះពុម្ភ។ ណាមិនអាច អញ្ចើញអ្នកដែលចង់អញ្ចើញបាន ត្បិតពួកគាត់មិនទាន់ត្រឡប់មកពីស្រុក ឬពីការឈប់សម្រាកវិញ។ ពេលវេលាមិនអំណោយផលសោះ ដូច្នេះ ខ្ញុំក៏សម្រេច ពន្យារកម្មវិធីនោះ រហូតដើមខែ៥វិញ ដោយយកឈ្មោះថា ជប់លៀងក្រុមតន្ត្រីស្នាមញញឹម វិញ។ 🙂

Eugene Ma

Eugene Ma

ថ្ងៃនេះ ប្រហែលជាគម្រប់ខួបមួយឆ្នាំ នៃបទចម្រៀង ស្នាមញញឹមចុងក្រោយនៃមនុស្សខូចចិត្ត របស់ខ្ញុំហើយ និងជាថ្ងៃគម្រប់ខួបនៃមនុស្សទី២របស់ខ្ញុំដែរ គឺជាថ្ងៃដែលយើងស្គាល់គ្នាដំបូងក្នុងថ្ងៃនេះ។ សូមអញ្ចើញស្ដាប់ទាំងអស់គ្នា៖

កន្លែងណាក៏នៅបិទ

ភ្នំពេញ, ទឹកថ្លា ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១២

ព្រឹកនេះ ដូចជាថ្ងៃចប់ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរយើងហើយ ប៉ុន្តែនៅតាមដងផ្លូវ ឬកន្លែងអាជីវកម្មនានា ហាក់មិនទាន់បើក គ្រប់ទីកន្លែងនៅឡើយ។ មួយព្រឹកហើយ ដែលខ្ញុំដើររកកន្លែងញាំអីមិនបាន។ ចុងក្រោយ បានមីស៊ុបក្បែរ ផ្សារគីឡូលេខ៤ យ៉ាងឆ្ងាញ់ទៅវិញ។ យើងញាំបែបនេះ គឺមិនមែនថ្លៃថោកអីទេ។ ថ្លៃឬថោក គឺអាស្រ័យលើបុគ្គលជាអ្នកផ្ដល់ឲ្យប៉ុណ្ណោះ។ ណាមួយធ្វើបែបនេះ គឺយើងក៏អាចជួយសេដ្ឋកិច្ច ប្រជាជនខ្មែរយើង បានមួយចំណែកដែរ។ ទោះជាតិចតួច តែក៏បានជួយដែរ។ 🙂

ថ្ងៃនេះ ម៉ាក់ប៉ាខ្ញុំ មិននៅផ្ទះទេ ឯអាជីវកម្មម៉ាក់ខ្ញុំ ក៏មិនទាន់បើកដែរ តែម៉ាក់ប៉ាខ្ញុំ ត្រូវចុះទៅមើលចម្ការដំឡូងនៅស្រែអំបិលអស់ហើយ។ នៅតែខ្ញុំនិងប្អូនស្រីខ្ញុំទេ។ ដូច្នេះ ខ្ញុំមិនអាចបាយផ្ទះទេ គឺមានតែទៅញាំបាយក្រៅ។ គិតទៅ ក្នុងមួយខែនេះ ខ្ញុំដូចជាចាយលុយខ្ជះខ្ជាយច្រើនណាស់។

សូមបើករវង់ក្រចកបន្តិចសិន នៅស្រែអំបិល ម៉ាក់បានមានប្រសាសន៍ប្រាប់ខ្ញុំថា ខ្ញុំគួរតែទៅលេងម្ដង ព្រោះគាត់បានទុកដីមួយកន្លែង មានវល្លិ៍ មានទេសភាពស្អាតសម្រាប់ឲ្យខ្ញុំអាចថតកុននៅទីនោះបាន។ និយាយតាមត្រង់ចុះ ដីមួយកន្លែងនោះ គឺសុបិនដ៏មហាសាលរបស់ខ្ញុំជាយូរហើយ ក្នុងការបង្កើតស្ទូឌីយ៉ូមួយខ្លួនឯង។ មានសុបិនប្រាកដនិយម ត្រូវតែមានការពិត ទោះជាយូរឬឆាប់ក៏ដោយ។ សង្ឃឹមថា ខ្ញុំអាចបង្កើតស្ទូឌីយ៉ូមួយផ្ទាល់ខ្លួនក្នុងថ្ងៃណាមួយ។ 🙂

ត្រឡប់មករឿងយើងវិញ ដោយឃើញថា ការគ្រប់គ្រងលុយកាក់របស់ខ្ញុំ គឺមិនសូវជាមានលំនឹង។ ខ្ញុំក៏មិនទាន់អាចសម្រេចទិញទូរស័ព្ទទំនើប ដូចគ្រងទុកបាននោះទេ នេះបើទោះបីជាខ្ញុំមានលុយគ្រប់ហើយក៏ដោយ។ ខ្ញុំគួរតែទុកវាធ្វើអីផ្សេងសិនប្រសើរជាង។ ដូច្នេះ ខ្ញុំក៏យកលុយទាំងនេះ ទៅរក្សាទុកធនាគារ រង់ចាំខ្ញុំមានប្រាក់ចំណូលប្រចាំខែសិន សឹមគិតគូ លើកគោលបំណងធំៗនោះជាថ្មី។ទោះជាយើងក្រក៏ដោយ ក៏យើងគួរតែរៀនចាយលុយជារបៀបអ្នកមានពិតប្រាកដខ្លះទៅ ។ ធ្វើជាមនុស្ស មានកិច្ចការតែប៉ុណ្ណឹង បើយើងមិនធ្វើ កិច្ចការនោះនៅតែមិនដើរទៅមុខអ៊ីចឹង។

ល្ងាចឡើង ខ្ញុំបានទៅហាត់ប្រាណសារជាថ្មី។ បន្ទាប់ពីហាត់ប្រាណ ខ្ញុំបានបបួលមិត្តភក្តិ ទៅញាំអី និងជិះលម្ហែខួរក្បាលខ្លះៗ មុននឹងថ្ងៃចូលរៀន ថ្ងៃស្អែកមកដល់។ ហើយល្ងាចនេះដែរ ខ្ញុំបានទៅសាកសួរព័ត៌មានខ្លះៗ ពីសាលាភាសាអង់គ្លេស ព្រោះខ្ញុំគួរតែដល់ពេលរៀនភាសា នេះឡើងវិញហើយ។ ខ្ញុំបានសម្រេចចិត្តឈប់រៀនអេស្ប៉ាញត្រឹមនេះ ហើយយកពេលសម្រុករៀនភាសា និងជំនាញដែលទាក់ទងជំនាញឲ្យបានច្រើន។ ដូចទ្រឹស្ដីខ្ញុំអ៊ីចឹង « កុំព្យាយាមមោទនភាពចំពោះខ្លួនឯង នៅពេលពាក់កណ្ដាលទី តែត្រូវព្យាយាម និងពង្រឹងចិត្តបន្ថែម ដើម្បីសម្រេចដល់ទី។ ដល់ទី អ្នកត្រូវតែចេះរក្សា និងពង្រីកកិច្ចការ ដែលបានមកពីជ័យជម្នះ កុំឲ្យបាត់បង់។»

ថ្ងៃស្អែកនេះ ខ្ញុំនឹងទៅចុះឈ្មោះចូលរៀនភ្លាមៗ កុំឲ្យពេលវេលាកន្លងហួសទាន់។ 🙂