គម្រោងប្រចាំឆ្នាំ២០១៣

សល់តែប្រមាណជិត៣សប្ដាហ៍ទៀតប៉ុណ្ណោះ ថ្ងៃ២០ ខែមេសា ឆ្នាំ២០១៣ខាងមុខនេះនឹងចូលមកដល់ ហើយខ្ញុំក៏នឹងកើនអាយុមួយឆ្នាំទៀតដែរ ដែលទម្រាំដល់អាយុនេះ ខ្ញុំបានឆ្លងកាត់រឿងជោគជ័យ និងបរាជ័យជាច្រើនសមគួរ បើធៀបនឹងអ្នកដែលមិនបានធ្វើអីសោះ តែខ្ញុំមិនដែលបោះបង់ក្ដីសុបិននេះចោលនោះទេ ទោះបីជាខ្ញុំដើរទៅយ៉ាងយឺតក៏ដោយ។ សុបិននៅតែបន្ត ជាមួយនឹងជំហានដ៏សែនលំបាកទាំងដើររួចមកហើយ និងគម្រោងសម្រាប់ដើរទៅមុខ។ ម្ដងម្កាល គឺមិនមែនច្រណែននោះទេ ពេលដែលឃើញកូនខ្មែរ គេចេះនិពន្ធចម្រៀង ចេះផលិតវីដេអូដោយខ្លួនឯងថ្មី និងមានអ្នកគាំទ្ររាប់ម៉ឺនអ្នក តែខ្ញុំសរសើរអ្នកដែលជោគជ័យទាំងនោះណាស់ ហើយក៏សង្ឃឹមថា ខ្ញុំក៏អាចជាមនុស្សម្នាក់ក្នុងចំណោមនោះ ផងដែរ គឺជួយសង្គមរបស់ខ្ញុំ ឲ្យពិភពលោកមាន រឿងថ្មីទៀត។ 🙂

ត្រូវហើយ ខ្ញុំមិនភ្លេចទេ! គឺនៅក្នុងឆ្នាំចាស់នេះ ខ្ញុំបានជួបរឿងបរាជ័យជាច្រើន ដែលធ្វើឲ្យខ្ញុំម្ដងជាបាក់ទឹកចិត្ត ម្ដងជាអស់កម្លាំងចិត្ត តែខ្ញុំនៅតែបន្តធ្វើវា ដោយមានការជួយស្វះស្វែងលើកទឹកចិត្ត ពីមនុស្សនៅជុំវិញខ្លួនខ្ញុំ ដែលខ្ញុំបានសូមជំនួយពីពួកគាត់។ បរាជ័យក្នុងសុបិន ខ្សែភាពយន្តរបស់ខ្ញុំ មានច្រើនណាស់ គឺខ្ញុំត្រូវបានមើលរំលង និងធ្វើឲ្យអស់ជំនឿចិត្តពីកន្លែងការងារមួយចំនួនធំ ដ្បិតមុនចូលដល់ គេបានផ្ដល់សុបិនដ៏ធំឲ្យខ្ញុំ ហើយគេបែរជាធ្វើព្រងើយចំពោះការខិតខំរបស់ខ្ញុំទៅវិញ តែខ្ញុំមិនខឹងពួកគេទេ ព្រោះវិស័យនេះនៅស្រុកយើងពុំទាន់ផ្ដល់ផលប្រយោជន៍ឲ្យពួកគាត់ដែរ។ បើជាខ្ញុំវិញ ក៏ខ្ញុំប្រហែលជាធ្វើបែបណឹងដែរ ប្រសិនបើឆ្នាំងបាយខ្ញុំ មិនទាន់មានទាំងមានបាយសម្រាប់ហូបខ្លួនឯងស្រួលបួលផង បែរជាទៅរកBurgerដែល មិនមានលក់ក្នុងស្រុកមួយនោះទៀត ធ្វើម៉េចនឹងសាកសមសមត្ថភាពដែលយើងមានទៅ? នេះហើយជាបញ្ហាដែលធ្វើឲ្យខ្ញុំ ចល័តចុះចល័តឡើងអស់បី ឬបួនក្រុមហ៊ុនទៅហើយនោះ។

ចំនែកឯ ជំហាននៃការផលិតភាពយន្តរបស់ខ្ញុំវិញ ក្នុងឆ្នាំចាស់នេះ ខ្ញុំបានបរាជ័យចំពោះរឿង២ និងស្ពតពាណិជ្ជកម្មមួយចំនួន ដែលបានគ្រោងជាមួយខ្ញុំនិងខ្ញុំគ្រោងជាមួយគេហើយ បែរជាមិនបានធ្វើទៅវិញ។  តាមការសង្កេត ភាគច្រើន គឺបណ្ដាលមកពីបញ្ហា ការមិនយកចិត្តទុកដាក់ និងបញ្ហាសេដ្ឋកិច្ចរបស់ខ្ញុំ។ ប៉ុន្តែ! ទោះជាយ៉ាងណា ភាពជោគជ័យ ក៏នៅតែដើរទន្ទឹមគ្នានឹងបរាជ័យជានិច្ចដែរ គឺមានន័យថា ក្នុងពេលដែលខ្ញុំកំពុងតែបរាជ័យក្នុងផ្នែកទាំងនោះ ក៏មានមនុស្សជាច្រើនបានជួយលើកទឹកចិត្ត និងបង្រៀនខ្ញុំបន្ថែមពីកិច្ចការដែលខ្ញុំបរាជ័យទាំងនេះ ហើយខ្ញុំក៏បានជួបមនុស្សជោគជ័យ និងអ្នកជំនាញជាច្រើនក្នុងពេលជាមួយគ្នានោះដែរ។ ចុងក្រោយ យ៉ាងហោចណាស់ ក៏ខ្ញុំអាចមានប្រាក់ខែឡើងវិញ និងបានបំពេញកាតព្វកិច្ចក្នុងកិច្ចការបញ្ចប់មហាវិទ្យាល័យខ្ញុំ នៅក្រុមហ៊ុនមួយដែលខ្ញុំកំពុងចុះកម្មសិក្សានេះផងដែរ ហើយយ៉ាងហោចណាស់ ក៏ខ្ញុំបានរាប់អានមិត្តភក្តិជាច្រើនដែលជាបងៗខ្ញុំនៅក្រុមហ៊ុនថ្មីនេះផងដែរ។ មួយវិញទៀត ខ្ញុំក៏អាចចាប់ផ្ដើមនូវជំហានមួយថ្មី ជាមួយការងារដ៏មមាញឹកល្មម នឹងមានពេលបណ្ដុះបង្ហាត់ជំនាញការងារខ្លួនឯងបន្ថែមផងដែរ។ ទោះជាខ្ញុំនិយាយហើយ មិនបានធ្វើនៅពេលនេះ ក៏មានថ្ងៃណាមួយខ្ញុំនឹងធ្វើវាឲ្យបានដែរ។

ខ្ញុំនៅតែបន្តគម្រោងរបស់ខ្ញុំទៅមុខជានិច្ច ដោយបត់បែនគ្រប់កាលៈទេសៈទាំងអស់ មិនថាស្រួលឬពិបាកនោះទេ ខ្ញុំនៅតែតស៊ូ​ គឺតស៊ូយ៉ាងយឺត ដើរលើជំហានយ៉ាងឆ្ងាយ។ ខ្ញុំមិនអស់សង្ឃឹមទេ ទោះជាខ្ញុំប្រាប់គេថាអស់សង្ឃឹម។ ខ្ញុំបានកែប្រែជីវិត និងទឹកចិត្តរបស់ខ្ញុំ ជាមនុស្សពេញវ័យច្រើន បើតាមការសង្កេតចំពោះខ្លួនឯង ក្នុងដំណើរទៅដើរទៅមុខរបស់ខ្ញុំជាបន្តបន្ទាប់។

ក្នុងឆ្នាំថ្មីនេះដើម្បីជម្រុញជំនាញសិល្បៈរបស់ខ្ញុំឲ្យកាន់តែរីកចម្រើន ខ្ញុំបានមើលឃើញថា ខ្ញុំគួរគប្បីហ្វឹកហាត់ជំនាញដែលខ្ញុំចេះឲ្យកាន់តែស្ទាត់ និងត្រូវតែមានចំណេះដឹងពាក់ព័ន្ធ ព្រមទាំងចំណេះដឹងទូទៅឲ្យបានច្រើនជាងជំនាញដែលបានរៀន ហើយពិសេសជាងនោះទៅទៀត គឺអ្វីដែលពិបាកខ្វះបានមែនទែន គឺត្រូវចេះបង្កើតសេដ្ឋកិច្ចផ្ទាល់ខ្លួន។ នេះជាបញ្ហាចំបងបំផុត សម្រាប់ជីវិតមួយនោះ។ លុយមិនសំខាន់ទេ តែលុយជាកត្តាសំខាន់អាចឲ្យខ្ញុំធ្វើអ្វីដែលខ្ញុំគិត បានជោគជ័យ។ ខ្ញុំបានមើលឃើញនូវមនុស្ស​មានទេព្យកោសល្យជាច្រើន ដែលពុំមានឱកាស តែស្ដាយដែរ ដែលអ្វីដែលខ្ញុំខ្វះនៅពេលនេះ គឺសេដ្ឋកិច្ច ដ៏សំខាន់។ ដូច្នេះ គម្រោងក្នុងឆ្នាំថ្មីនេះតទៅ គឺខ្ញុំនឹងចាប់ផ្ដើមពង្រឹងសេដ្ឋិកិច្ច ជាមួយនឹងកិច្ចសហប្រតិបត្តិការរវាងអ្នកជំនួញ និងអ្នកចេះដឹងបន្ថែមទៀតឲ្យបានច្រើន និងរឹងមុំា។

សង្ឃឹមថាឆ្នាំថ្មីនេះ អ្វីៗនឹងកាន់តែប្រសើរឡើងៗក្នុងជីវិតខ្ញុំ! សូមអរគុណគ្រប់គ្នា សូមអរគូណខ្លួនឯង!

ក្រុមហ៊ុនសប្បាយ, ភ្នំពេញ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៣ ម៉ោង១៣:៥២នាទី។