៥ម៉ោងនៃថ្ងៃឈប់សម្រាក

ពេលដែលមិនរវល់ ដេកខ្ចិល ហើយធាត់ដូចជ្រូកអ៊ីចឹង តែពេលដែលចាប់ផ្ដើមរវល់វិញ ថ្ងៃអាទិត្យមានតែប៉ុន្មានម៉ោងប៉ុណ្ណោះ។ ទោះជាយ៉ាងណា ខ្ញុំចូលចិត្តការរវល់ច្រើនជាង ការដែលទំនេរចោល ព្រោះការរវល់ធ្វើឲ្យខ្ញុំ សប្បាយចិត្ត និងមិនធ្វើឲ្យខ្ញុំខ្ចិល ឬដោះក្បាលពោះ។

សម្រាប់អាទិត្យនេះ ខ្ញុំបានចាប់ផ្ដើមរវល់ជាថ្មី បន្ទាប់ពីធ្វើការនៅកន្លែងទី៤របស់ខ្ញុំ នៃក្រុមហ៊ុនសប្បាយ។ មានតួនាទីជា អ្នកគ្រប់គ្រងប្លង់កាម៉េរ៉ា និងជាអ្នកថតបន្ថែមប្លង់ ក្នុងកម្មវិធីNYCប្រចាំឆ្នាំ២០១៣របស់ក្រុមហ៊ុន ខ្ញុំបានចំណាយពេលវេលារបស់ខ្ញុំតាំងពីថ្ងៃសោរី៍ព្រឹកឡើងរហូតដល់ថ្ងៃអាទិត្យយប់ឡើងដើម្បីការងាររបស់ខ្ញុំ។ ប៉ុន្តែយ៉ាងហោចណាស់ ក៏ខ្ញុំត្រូវតែរកពេលសម្រាកសម្រាប់ខ្លួនឯងឲ្យបានផងដែរ ជៀសវៀងកុំឲ្យការងារ ប្រែជាគ្មានគុណភាពដោយសារតែ Stress ដោយខ្ញុំបានចំណាយពេលវេលាសម្រាកនោះជា ការធ្វើអំពើល្អសម្រាប់ខ្លួនឯងនឹងអ្នកដទៃ។ តើការថ្ងៃសោរិ៍ អាទិត្យ ទី២៧ និង២៨ ខែមេសា ឆ្នាំ២០១៣នេះ ខ្ញុំបានធ្វើអ្វីខ្លះ?

ដូចជារាល់ដង ថ្ងៃសៅរិ៍ព្រឹកឡើង ជាពេលដែលខ្ញុំធ្វើការនៅឡើយ ប៉ុន្តែសប្ដាហ៍នេះ ខ្ញុំត្រូវមានតួនាទីពិនិត្យប្លង់កាម៉េរ៉ានៃព្រឹត្តិការណ៍ដ៏ធំមួយប្រចាំឆ្នាំ២០១៣ របស់ក្រុមហ៊ុនខ្ញុំ។ មិនសូវជារវល់ដូចក្រុមការងារដទៃ ប៉ុន្តែខ្ញុំត្រូវទៅចាំជួយការងារគេ នៅឯរោងមហោស្រពវិមានចរណៃ (ចេនឡា) ដោយត្រូវធ្វើការងារខ្លះៗ និងរៀបចំជាស្រេចសម្រាប់ ព្រឹត្តិការណ៍ថ្ងៃអាទិត្យស្អែក។

NYC 2013

NYC 2013

ក្នុងថ្ងៃសៅរិ៍ព្រឹកឡើងបានបញ្ចប់ ខ្ញុំក៏ឆ្លៀតពេល ជូនអ្នកម៉ាក់ទៅពេទ្យ ប៉ុន្តែមិនបានទៅពេទ្យនោះទេ ព្រោះអាល័យតែនាំគាត់ដើរទៅធ្វើនេះធ្វើនោះ ប៉ុន្តែការងារទាំងនោះជាការងារសប្បុរសធម៌មួយ គឺដំបូងគេ​ខ្ញុំសូមទៅទិញខោរជាមុនសិន ដើម្បីឲ្យត្រូវតាម ផែនការថ្មីរបស់ខ្ញុំប្រចាំឆ្នាំនេះ។ បន្ទាប់មក ខ្ញុំក៏ធ្វើដំណើរទៅលេង លោកយាយ ម៉ាប់ ដែលជាជីដូនធម៌របស់ខ្ញុំ មើលថែខ្ញុំតាំងពីខ្ញុំកើតមក។ ខ្ញុំបានបែកគាត់ជិត១៥ឆ្នាំទៅហើយ ពេលនេះឮដំណឹងថាគាត់ឈឺ រហូតដល់ចូលពេទ្យ ទើបអ្នកម៉ាក់ខ្ញុំ នាំខ្ញុំទៅលេងគាត់ម្ដងទៀត ប៉ុន្តែទម្រាំតែរកឃើញផ្ទះគាត់ អ្នកម៉ាក់ត្រូវទូរស័ព្ទខ្វាត់ខ្វែង ពីបងប្អូនមួយទៅបងប្អូនមួយ រហូតទាល់តែស្ទើរតែល្ងាចទើបបានទៅលេង។

មុននឹងទៅទីនោះ អ្នកម៉ាក់ខ្ញុំបានបបួលខ្ញុំទៅញុំាអីក្បែរនោះសិន។ នៅទីនោះ ខ្ញុំបានប្រទះឃើញក្មេងសុំទានពីរនាក់ ហាក់ដូចជាគួរឲ្យអាណិតមែនទែន។ ខ្ញុំក៏យកសាច់គោ២ចង្កាក់ឲ្យពួកគេញាំ។ ធ្វើបែបនេះ មិនមែនមកពីខ្ញុំជាអ្នកមានលុយនោះទេ ប៉ុន្តែមកពីខ្ញុំធ្លាប់អត់ ធ្លាប់រស់នៅពឹងពាក់លុយកាក់គេ កាលពីនៅរៀន ព្រោះតែឃ្លាន (មិនដែលឲ្យម៉ាក់ប៉ាដឹងទេ)។ ខ្ញុំស្គាល់អារម្មណ៍ពិបាកនេះច្បាស់ណាស់។

ចេញពីទីនោះទៅ ខ្ញុំក៏ទៅលេងផ្ទះលោកយាយធម៌របស់ខ្ញុំ។ អ្នកម៉ាក់និងខ្ញុំបានជូនលុយ និងទឹកដោះគោឆៅគាត់ ហើយបានជជែកគ្នាដោយក្ដីរលឹក នឹកគ្នា យ៉ាងខ្លាំង និងស្ទើរតែយំផងដែរ ពេលដែលអ្នកម៉ាក់ខ្ញុំនឹកឃើញ កន្លែងលក់ដូរ និងរបរលក់ដូរគាត់ពីមុន ដែលចុងបញ្ចប់ត្រូវចោរប្លន់ប្រមូលអស់។ ជីវិតហាក់ដូចជាផ្លាស់ប្ដូរច្រើនណាស់ ពេលរំលឹករឿងចាស់ ហើយបើនិយាយទៅ គឺពិតជាមានមនុស្សច្រើនណាស់ ដែលបានលាចាកលោកនេះ ជាមួយអនុស្សាវរីយ៍តភ្ជាប់ជាមួយជីវិតខ្ញុំ ដូចជា អ្នកមីងជាច្រើនរបស់ខ្ញុំ និង លោកយាយ។ ខ្ញុំរលឹកពួកគាត់ណាស់។ បើមានវេទមន្តមែន សូមឲ្យពួកគាត់ជួយថែរក្សាខ្ញុំនិងមនុស្សជុំវិញខ្លួនខ្ញុំផងចុះ។

លោកយាយធម៌របស់ខ្ញុំ

លោកយាយធម៌របស់ខ្ញុំ

មេឃចាប់ផ្ដើមងងឹត ហើយធ្លាក់ភ្លៀងជាច្រើនមេ ខ្ញុំក៏ចេញពីទីនេះទៅ រួចក៏ឆ្លៀតឈាងយកប្រាក់បន្តិចបន្តួច នៃប្រាក់ខែរបស់ខ្ញុំ ជូនលោកពូបូរ៉ា ដើម្បីជួយលោកអ៊ុំម្នាក់ទាំងភ្លៀងផងដែរ។ នេះជាការលើកទឹកចិត្តមួយ ពីបេះដូងជាអ្នកសិល្បៈខ្មែរដូចគ្នា របស់ខ្ញុំ។ មិនបានគ្រប់គ្នា ឬមិនជាច្រើននោះទេ តែនេះជាទឹកចិត្ត។ បន្ទាប់មក ខ្ញុំនិងអ្នកម៉ាក់ខ្ញុំជិះទាំងភ្លៀងត្រឡប់មកផ្ទះវិញ រួចក៏ចេញទៅជួបមិត្តភក្តិខ្ញុំ ដើម្បីញុំាអាហារពេលល្ងាចជុំគ្នា និងឈាងចូលមើលកន្លែងការងារបន្តិចឲ្យអស់ចិត្ត។

រូបថតពីលោកពូបូរ៉ា

រូបថតពីលោកពូបូរ៉ា

ថ្ងៃអាទិត្យចូលមកដល់ ខ្ញុំក៏ចាប់ផ្ដើមការងារNYC ២០១៣របស់ខ្ញុំ។ ម្ដងនេះ ខ្ញុំលែងខ្មាស់អ្នកណាទៀតហើយ ព្រោះខ្ញុំបានដាក់ចិត្តធ្វើការងារបែបនេះទាំងស្រុងហើយ។ រៀនពីការងារតូចៗ ដើម្បីចាប់យកការងារធំៗ ឲ្យរឹងមាំ។ អស់ពីដៃពីជើង ទម្រាំបានសម្រាកខ្ញុំនិងក្រុមការងារ បានចំណាយពេល ស្ទើរតែ២៤ម៉ោង ចំពោះការងារនេះ។ ហត់តែសប្បាយ សប្បាយហើយជោគជ័យទៀត។ នេះជាការងារល្អថ្មី សម្រាប់ខ្ញុំ ដែលធ្វើឲ្យ ខ្ញុំកាន់តែពង្រឹងភាពខ្លាំង សម្រាប់ខ្លួនឯងបន្ថែម។ ទម្រាំតែចប់សព្វគ្រប់ម៉ោងជិត៨យប់ល្មម។ បើគិតទៅ ស្អែកជាថ្ងៃធ្វើការវិញហើយ ដូច្នេះ ថ្ងៃសម្រាប់របស់ខ្ញុំមានតែ៥ម៉ោងប៉ុណ្ណោះ។ ថា៥ម៉ោងនេះ ចង់ឲ្យុសប្បាយចិត្ត តែបែរជាមានអារម្មណ៍តប់ប្រមល់ មានបញ្ហាជាមួយម៉ាក់និងប្អូនស្រីទៅវិញ យ៉ាងណាក៏ដោយ ក៏ចុងម៉ោងនេះ ខ្ញុំក៏រីករាយឡើងវិញដែរ។ 🙂 ហើយនេះជាការងារមួយដែលសប្បាយម្យ៉ាងសម្រាប់ជីវិតខ្ញុំ។

NYC 2013

NYC 2013

៣០/០៤/២០១៣