កុលាបតូក្យូ (Bolero Twist)

សម្រាប់ថ្ងៃសៅរិ៍ចុងសប្ដាហ៍ដ៏ស្រស់ត្រកាលនេះ កំណត់ហេតុ របស់ខ្ញុំ សូមនាំអារម្មណ៍ប្រិយមិត្តអ្នកចូលចិត្តស្ដាប់ចម្រៀងទាំងអស់ ឲ្យហោះហើរ អន្ទោងអារម្មណ៍ បណ្ដុំវិញ្ញាណ ឆ្ពោះទៅឋានសុបិនដ៏មនោរម្យមួយនៃអតីតកាល ក្នុងមនោសញ្ចេតនា ដ៏លន្លង់លន្លោច របស់ អធិរាជសំឡេងមាស លោក ស៊ីន ស៊ីសាមុត កាលពីអតីតកាល ជាមួយនឹងបទចម្រៀងមួយបទក្រោមចំណងជើងថា«កុលាបតូក្យូ»។

ពិតជាប្លែកណាស់ហើយ បើសម្រាប់ប្រិយមិត្តដែលមិនសូវស្ដាប់បទពីដើមស៊ីជម្រៅ ប៉ុន្តែនេះជាចំណីអារម្មណ៍មួយប្លែក នៅតែប្លែក របស់កវីរៀមច្បងយើងជំនាន់មុន។

ថាតើ លោកស៊ីន ស៊ីសាមុតផ្ទាល់ ដែលជាអ្នកនិពន្ធទាំងទំនុកភ្លេង និងទំនុកច្រៀងនោះ បាន ពិពណ៌នារៀបរាប់ អនុស្សាវរីយ៍របស់លោក បែបណាខ្លះ ពីក្រុងតូគីយ៉ូ ប្រទេសជប៉ុន? ហើយថាតើ ប្រទេសជប៉ុនជំនាន់នោះ មានទិដ្ឋភាពក្នុងមនោសញ្ចេតនាភ្លេងរបស់ខ្មែរយើងបែបណា ខ្លះសូមអញ្ចើញស្ដាប់ និងក្រេបរសពាក្យកាព្យដ៏សែនណែនណង ពិរោះ រងំក្នុងចិត្ត ដែលយើងបានចងក្រងឡើង ទុកជូន ទាំងអស់គ្នា! សូមអញ្ចើញស្ដាប់ដោយមេត្រី!

កុលាបតូក្យូ [Rose De Tokyo] (Bolero Twist)

បទភ្លេងនិងទំនុកច្រៀងដោយ ស៊ីន ស៊ីសាមុត | ច្រៀងដោយ ស៊ីន ស៊ីសាមុត | ឆ្នាំ១៩៦៤-១៩៦៦ (ថាសវត្តភ្នំ45-5048)

១. ក្រុងតូគីយ៉ូ ល្អដូចឋានសួគ៌នៅក្នុងលោកា ព្រមទាំងកញ្ញា ដូចទេពធីតានាឋានសួគ៌ាល័យ។ ២. ស្រស់អើយសែនស្រស់ នាំអោយចិត្តប្រុសជួបជាប់ស្រម៉ៃ គួចចិត្តបេតី ប្រាថ្នារូបស្រីមកជាគូវាសនា។ បន្ទរ. កុលាបភ្នំពេញក៏មាន ច្រើនល្អប្រៀបបានទេព្ដា តែចិត្តបងគ្មានបំណងប្រាថ្នា ដូចប្រាថ្នាចំពោះរូបស្រី។ ៣. ក្រអូបអ្វីម្ល៉េះ រៀមបានប្រទះក្នុងគ្រាថ្មីៗ រៀមសូមថ្នមបី រួមភិសម័យលុះថ្ងៃអវសាន្ត។

(ភ្លេង>បន្ទរ និង ៣)

(បញ្ជាក់៖ រាល់ព័ត៌មានដែលទាក់ទងនឹងបទចម្រៀងនេះ ទាំងអស់នឹងមានបញ្ចូលនៅពេលណា អ្នកស្រាវជ្រាវរកឃើញបន្ថែម!)

កែច្នៃក្ដីសុបិនដែលបាត់បង់

ទឹកថ្លា, ថ្ងៃសុក្រ ទី៣០ ខែមីនា ឆ្នាំ២០១២

ថ្ងៃសុក្រហើយ!!! ពេលវេលាដើរលឿនម្ល៉េះទ្ធោអើយ! ព្រឹកនេះ ខ្ញុំត្រូវរៀបចំខ្លួនចូលរៀន 3Dmax ថ្ងៃដំបូងនៅសកលវិទ្យាល័យ។ 😀 បានមេរៀនថ្មីទៀតហើយខ្ញុំ! ថ្ងៃនេះទៅរៀន ខ្ញុំបានរៀបចំការងារជូនមិត្តភក្តិមួយចំនួននៅកន្លែងដែលមិត្តភក្តិខ្ញុំម្នាក់ទៀត គាត់បានពឹងខ្ញុំឲ្យជួយ រកឲ្យ តាំងពីម្សិល។ រីករាយណាស់ ចង់ឃើញមិត្តភក្តិមានការងារធ្វើគ្រប់ៗគ្នា។ ទោះជាជិតបែកគ្នាក៏ដោយ ក៏គួរតែបែកដោយស្នាមញញឹម រីករាយ និងមិត្តភាពដែរ។ ៤ឆ្នាំនៃអនុស្សាវរីយ៍ ហាក់ដូចជាធ្មេចបើកៗអ៊ីចឹង។ 🙂 មិត្តភាពដែលកើតចេញពីពេលដែលមិនត្រូវគ្នា គឺជាមិត្តភាពដ៏រឹងមាំបំផុត។ 🙂 កំពុងតែរៀបចេញទៅផ្ទះហើយ ស្រាប់តែមានទូរស័ព្ទពីកន្លែងធ្វើការថ្មីបានទូរស័ព្ទ ណាត់ខ្ញុំថ្ងៃ។ ហើយគឺមិនហ៊ានប្រកែកទេ ទោះដឹងថាឆ្ងាយ ដល់ទៅព្រែកឯងក៏ដោយ ព្រោះនោះជាការងារថ្មី។ ចុះមកក្រោម ខ្ញុំបានត្រៀមដាក់ពាក្យ Internship ឲ្យសាលាឲ្យហើយដែរ តែអត់មានរូបថត។ 😦 អត់រូបថតហើយ សាលាគេកំណត់ឈប់ថ្ងៃនេះទៀត។ នោះនោះហើយ!!! >_<

Memories of light

សាកកាម៉េរ៉ា 😀

 

មែនហើយ! ម្សិលមិញ ថាទៅទិញ កាម៉េរ៉ានោះអី! ដឹងទេ! ខ្ញុំទៅទិញមិនបានដូចចិត្តទេ! 😦 អាប្រភេទម្សិលមិញ (Cannon 550D, 18-135mm) នោះ ទៅថ្ងៃនេះ គេថាអស់ពីស្តុកទៅវិញ ទាល់តែចាំដល់អាទិត្យក្រោយ។ បើអាទិត្យក្រោយដដែរ មិនបាច់ទិញវិញ ព្រោះធ្វើការអាទិត្យក្រោយហើយ :P។ 😦 គ្រាន់តែឮភ្លាម ខ្ញុំធ្លាក់ថ្លើមក្ដុក ព្រោះក្ដីបំណង កំពុងក្លាយជាអាចមន៍បំណះ ដែលគេប៉ះហើយបោះចោលទៅវិញហើយ។ 😦 ប៉ុន្តែ ដល់តែគិតចុះ គិតឡើងទៅ ស្រាប់តែគាត់ថា គេនៅ Cannon 500D មួយគ្រឿងចុងក្រោយដែរ។ ដូច្នេះ ខ្ញុំក៏ឲ្យគេរៀបចំហើយ ក៏សាកកុម្ម៉ង់គេដូរLenយក ប្រភេទ 18-135mmវិញ។ ដំបូងគេប្រុងប្រកែកដែរ ព្រោះថា ប្រភេទ 500D មានតែ 18-55mm និង 18-200mm តែម្ដង ហើយតម្លៃនោះ គឺវាលើស ការត្រៀមខ្ញុំទៅទៀត។ ប៉ុន្តែសំណាងដែរ គេថាអាចដូរបាន។ អ៊ីចឹងហើយ ខ្ញុំក៏ត្រូវបានគេ ឲ្យឈុត Promotion ជាមួយ Tripod, ឆ័ត្រ ប្រដាប់លាងLen និងសល់លុយទិញ Memories SD 16Gb ថែមទៀត។ ចំណេញដល់ទៅ១០០$ហើយ ទទួលបានរបស់ថែមទៀត។ ហិហិហ 🙂 សំណាងត្រឡប់មកវិញហើយ!! 😉 ឆ្លៀតពេលកំពុងទិញនោះ ខ្ញុំក៏ទូរស័ព្ទទាក់ទងរឿង Flash ២៥គ្រឿងឲ្យរួចរាល់ថែមទៀតឲ្យហើយ កុំឲ្យទំនេរទាន់ ខ្ចិលឥឡូវហើយ!! 😀

ទិញរួចរាល់ ស្រាប់តែម៉ូតូខ្ញុំអស់អាគុយរលីង។ >_< យី! ខ្មាស់គេបណ្ដោយ!! អ៊ីចឹង! ក៏លើកម៉ូតូ ហើយធាក់ដូច Vespa ឆ្នាំ៦០ចឹង!! 😀 អស់សំណើចក្នុងចិត្តណាស់ តែទ្រាំទៅ កម្មយើងទេ! 😛 ខ្ញុំធ្វើដំណើរពេលថ្ងៃត្រង់ ត្រលប់ទៅផ្ទះវិញ បានមួយភ្លែត ខ្ញុំក៏ងូតទឹក រៀបចំខ្លួនទៅតាមការណាត់ និងឆ្លៀតយកInternship paper ជាមួយរូបថតដែលទៅផ្ដិតភ្លាមៗដាក់ឲ្យហើយ។

និយាយពីទៅកន្លែងធ្វើការនៅព្រែកឯងវិញ ជិះឡើងឆ្ងាយ គឺអង្គុយមើលការងារគេ ស្ងៀមធ្មឹង ជិត៣ម៉ោង ព្រោះយើងអ្នកថ្មី មិនហ៊ានមាត់អីច្រើនទេ។ ប៉ុន្តែក៏បានពិភាក្សាជាមួយ មេធំបន្តិចដែរ ពីការងារត្រូវធ្វើ។ និយាយតាមត្រង់ចុះ ខ្ញុំទៅកន្លែងធ្វើការថ្ងៃរសៀលនេះ គឺគ្រាន់តែទៅមើលគេប៉ុណ្ណោះ មិនដឹងថាត្រូវធ្វើអីកើតនៅឡើយទេ តែខ្ញុំនឹងព្យាយាមសម្របតាមការងារថ្មីនេះឲ្យរីករាយ។ ^_^ ចង់និយាយថា ខ្ញុំពេញចិត្តនឹងកន្លែងការងារថ្មីនេះ គួរសមតិចៗហើយ។ ការងារនេះ សូមលាក់សិន! 😉

ល្ងាចឡើង ខ្ញុំបានទៅយកFlash និងទូទាត់គេ គ្រប់អស់រលីងហើយ។ មកដល់ផ្ទះ ខ្ញុំបានយកFlashទាំងនេះ ជូនលោកប៉ា និងទូទាត់លុយសល់ពីថ្ងៃ។ យប់នេះ ខ្ញុំត្រូវរៀបចំ ធ្វើការងារផ្សេងៗទៀតទាក់ទងនឹង Name Tag ម្ដង ដែលសន្យាថានឹងធ្វើឲ្យលោកប៉ាពីម្សិលឲ្យហើយ។ មួយទៀត ការងារបោះពុម្ព អាវ ក៏ខ្ញុំព្យាយាមចេញមុខជួយគាត់ដែរ គឺជួយឲ្យលោកប៉ាផង ឲ្យមិត្តភក្តិផង។ ហិហិហ!! សង្ឃឹមថាចំណេញសងខាងចុះ! ខ្ញុំសូមត្រឹមតែធ្វើការនេះបានល្អ ប៉ុណ្ណោះ។ ហិហិហ! ^_^

ហ្ហើយ! ការងារថ្ងៃនេះ ស្មានតែឆ្លងមិនផុតហើយ តែសំណាងដែរ អ្វីៗទាំងអស់ ត្រូវបានវាយសម្រុកឈ្នះ!!! ហិហិហ!!! ចប់ម្ង៉ៃ! 😉

 

ជួយការងារអាស៊ានលោកប៉ានៅសៀមរាប

ទឹកថ្លា, ថ្ងៃព្រហស្បត្តិ៍ ទី២៩ ខែមីនា ឆ្នាំ២០១២

ព្រឹកនេះ ពេលចេញពីរៀននៅសកលវិទ្យាល័យវិញ ខ្ញុំបានធ្វើដំណើរទៅហាងលក់គ្រឿងកុំព្យូទ័រនានា តាមបណ្ដោយផ្លូវកម្ពុជាក្រោម ដើម្បីរកទិញ Flash ដែលមានរូបភាពអនុស្សាវរីយ៍ជាអត្តសញ្ញាណខ្មែរ សម្រាប់ការងារអាស៊ាន នៅសៀមរាប ជាមួយកូរ៉េ ក្នុងសប្ដាហ៍ក្រោយខាងមុខនេះ។

ដោយរកមិនបាន ខ្ញុំក៏ចាកចេញពីម្ដុំផ្លូវនោះ ហើយចូលទៅក្រុមហ៊ុនCannon ដើម្បីមើលតម្លៃ រៀបចំទិញមួយគ្រឿងសម្រាប់ការងារខាងមុខនោះ។ មែនហើយ នេះពិតជាលើកទីមួយហើយ ដែលខ្ញុំបានចូលក្រុមហ៊ុនCannon ក្នុងសុបិនរបស់ខ្ញុំ។ បើអ្នកណា ធ្លាប់អានប្លក់ខ្ញុំចាស់ (http://noonmail.wordpress.com) ប្រហែលជា បានអាន ពីគោលបំណងខ្ញុំមួយ ក្នុងការទិញ កាម៉េរ៉ា Cannon 7D។ ទោះជានេះមិនមែនជារបស់ខ្ញុំ តែក៏នេះជាជំហានដំបូងមួយ ក្នុងសុបិនខ្ញុំពីមុនដែរ។ ខ្ញុំជឿថា ថ្ងៃនេះខ្ញុំទិញជូនលោកប៉ា ថ្ងៃក្រោយ ខ្ញុំមុខជាមានប្រាក់ផ្ទាល់ខ្លួន សម្រាប់ទិញខ្លួនឯងក្នុងថ្ងៃណា មួយមិនខាន។ :)’

Cannon 550D (18-135mm IS)

សួរតម្លៃគេរួចរាល់ ខ្ញុំក៏តាំងឲ្យគេរៀបចំ quote ដើម្បីឆ្លងលោកប៉ាសិន។ ក្នុងនោះ គឺ ខ្ញុំដាក់តម្លៃរបស់ Cannon 550D 18-135mm  ដែរ។ ហើយចេញពីទីនោះមក ខ្ញុំក៏ឆ្ពោះទៅទួលទំពូង ដើម្បីរកFlashបន្ត ប៉ុន្តែអ្វីៗទាំងអស់សុទ្ធឥតបានការ បើទោះបីជាខ្ញុំបានទាក់ទង ទៅបងលីឲ្យជួយ ថែមទៀតក៏ដោយ ចុងក្រោយ នៅតែរកមិនបានសោះ មានតែយកFlash ធម្មតា។

ទម្រាំតែអ្វីៗបានសម្រេចខ្លះៗនោះ ថ្ងៃត្រង់ក៏ចូលមកដល់ ដំណឹងនានា ខ្ញុំក៏បានជម្រាបជូនទៅលោកប៉ារួចរាល់អស់ដែរ។ ម៉ោងបាយក៏ចូលមកដល់ ខ្ញុំក៏សម្រាកនៅផ្ទះ ជាមួយនឹងការពិនិត្យកិច្ចការសាលាខ្លះៗក្នុងថ្ងៃនេះ រហូតដល់ពេលល្ងាចទើបទៅហាត់ប្រាណ និង ចេញទៅរៀនអេស្ប៉ាញដូចសព្វដង។

និយាយពីយប់នេះវិញ ចេញពីរៀនអេស្ប៉ាញ ខ្ញុំបាននិយាយពីការងារដែលធ្វើបាន ជម្រាបជូនលោកប៉ា ដើម្បីសម្រេចចុងក្រោយ ព្រោះលោកប៉ា ត្រូវការ ឲ្យការងារនេះ រួចរាល់បន្ទាន់។ ចុងក្រោយ លោកក៏សម្រេច យកFlash 4G ចំនួន២៥គ្រឿង និង Cannon 550D 18-135mm មួយគ្រឿង។ តាមពិតយប់នេះ ខ្ញុំត្រូវធ្វើការងារមួយសម្រាប់លោកប៉ាដែរ តែដោយចង់កត់កំណត់ត្រាសិន ខ្ញុំក៏បើកចូល តែចង្រៃអី ខ្ញុំបែរជាភ្លេច Password បើកុំតែបាន វិចិត្រ ជួយ ម្ល៉េះសម ត្រូវបោះបង់ប្លក់នេះចោលទៀតហើយ។ ទោះជាយ៉ាងណា ក៏សូមទោសលោកប្អូនវឌ្ឍនៈដែរ ដែលខ្ញុំបានរំខានដំណេកគេតិចទៅ។ ហិហិហ! 🙂 ហើយក៏នៅអរគុណលោកប្អូន វិចិត្រ ខ្លាំងមែនទែនដែរ។

ហ្ហើយ! រឿងរ៉ាវថ្ងៃនេះមានតែប៉ុណ្ណឹងទេ។ ការងារលោកប៉ា ក៏ត្រូវពន្យារទៅស្អែកវិញ។

មេរៀន រៀបចំខ្លួនប្រាណមុនចូលធ្វើការ ថ្ងៃទី៣ ឆ្នាំទី៤ :D

ទឹកថ្លា, ថ្ងៃពុធ ទី២៨ ខែមីនា ឆ្នាំ២០១២

ព្រឹកនេះ ជាព្រឹកទី៣ នៃឆ្នាំទី៤ របស់មហាវិទ្យាល័យក្នុងជីវិតខ្ញុំហើយ សប្បាយចិត្តគ្រាន់បើ ព្រោះបានជួបនឹងមេរៀនប្លែកៗ ទាក់ទងនឹង «ការរៀបចំខ្លួនប្រាណមុនចូលធ្វើការ» នេះមានន័យថា ជីវិតការងារពិតប្រាកដមួយ នឹងជិតចូលមកបង្ហាញវត្តមានក្នុងជីវិតខ្ញុំហើយ។ មិនមែនជាលើកទី១ក្នុងជីវិតខ្ញុំទេ តែនេះហាក់ដូចជារំភើប ខ្ញុំជិតបំពេញកាតព្វកិច្ចការសិក្សា ជូនអ្នកម៉ាក់លោកប៉ាខ្ញុំចប់ហើយ។

ហ្ហើយ! គិតទៅ ទើបតែពិបាកចិត្តធ្វើលំហាត់មិនទាន់ថ្ងៃមុនសោះ ឥឡូវខ្ញុំបានឈានជើងចូលទំព័រជីវិតថ្មីហើយ។ ខ្ញុំធំតិចទៀតហើយ។ ខ្ញុំចាស់ទុំតិចទៀតហើយ។ ^_^’ និយាយចឹង ដឹងទេ ថាតើមេរៀនថ្ងៃនេះប្លែកត្រង់ណានោះ 😀  គឺវាប្លែកត្រង់ ខ្ញុំត្រូវ រៀនអំពីការថែរក្សាសក់ ថែខ្លួន ថែស្បែក ឬមាត់ ។ល។ 😀 គិតទៅថាអស់សំណើច តែមែនទែនទៅ គឺវាជារឿងដែលត្រូវគិតគូរដ៏សំខាន់មែនដែរ ក្រៅពីកិច្ចការបច្ចេកទេសសាលា។

ម៉ោងរៀបចំសក់ :D

ដល់ល្ងាចវិញ ចេញពីហាត់ប្រាណវិញ ខ្ញុំក៏ទៅរៀនអេស្ប៉ាញ ប៉ុន្តែមកពីម្សិលមិញខ្ញុំឈឺ ក៏មិនដឹងថាថ្ងៃនេះ គេឈប់ ចៃដន្យអី បងលី ក៏ទូរស័ព្ទមកខ្ញុំ ហើយក៏ណាត់និយាយការងារ និងជជែកលេង ញាំបបរក្បែរវត្តបុទុម កំដរម៉ោងបាត់បង់ទៅ។ 🙂

យប់នេះ ក៏សប្បាយចិត្តគួរសម ព្រោះពីថ្ងៃ លោកប៉ាបានកក់សំបុត្រយន្តហោះទៅសៀមរាបឲ្យខ្ញុំរួចរាល់ហើយ។ ពីពេលនេះ ខ្ញុំកំពុងត្រៀមខ្លួនជួយលោកប៉ាខ្ញុំ ក្នុងការងារអាស៊ានរបស់គាត់នៅសៀមរាប ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ សៅរិ៍ អាទិត្យ សប្ដាហ៍ក្រោយនេះ។ រីករាយត្រង់ថា បានជួយសម្រាលការងារលោកប៉ា និងជួយការងារដល់ប្រទេសជាតិទៀត។ ^_^