មេរៀន រៀបចំខ្លួនប្រាណមុនចូលធ្វើការ ថ្ងៃទី៣ ឆ្នាំទី៤ :D

ទឹកថ្លា, ថ្ងៃពុធ ទី២៨ ខែមីនា ឆ្នាំ២០១២

ព្រឹកនេះ ជាព្រឹកទី៣ នៃឆ្នាំទី៤ របស់មហាវិទ្យាល័យក្នុងជីវិតខ្ញុំហើយ សប្បាយចិត្តគ្រាន់បើ ព្រោះបានជួបនឹងមេរៀនប្លែកៗ ទាក់ទងនឹង «ការរៀបចំខ្លួនប្រាណមុនចូលធ្វើការ» នេះមានន័យថា ជីវិតការងារពិតប្រាកដមួយ នឹងជិតចូលមកបង្ហាញវត្តមានក្នុងជីវិតខ្ញុំហើយ។ មិនមែនជាលើកទី១ក្នុងជីវិតខ្ញុំទេ តែនេះហាក់ដូចជារំភើប ខ្ញុំជិតបំពេញកាតព្វកិច្ចការសិក្សា ជូនអ្នកម៉ាក់លោកប៉ាខ្ញុំចប់ហើយ។

ហ្ហើយ! គិតទៅ ទើបតែពិបាកចិត្តធ្វើលំហាត់មិនទាន់ថ្ងៃមុនសោះ ឥឡូវខ្ញុំបានឈានជើងចូលទំព័រជីវិតថ្មីហើយ។ ខ្ញុំធំតិចទៀតហើយ។ ខ្ញុំចាស់ទុំតិចទៀតហើយ។ ^_^’ និយាយចឹង ដឹងទេ ថាតើមេរៀនថ្ងៃនេះប្លែកត្រង់ណានោះ 😀  គឺវាប្លែកត្រង់ ខ្ញុំត្រូវ រៀនអំពីការថែរក្សាសក់ ថែខ្លួន ថែស្បែក ឬមាត់ ។ល។ 😀 គិតទៅថាអស់សំណើច តែមែនទែនទៅ គឺវាជារឿងដែលត្រូវគិតគូរដ៏សំខាន់មែនដែរ ក្រៅពីកិច្ចការបច្ចេកទេសសាលា។

ម៉ោងរៀបចំសក់ :D

ដល់ល្ងាចវិញ ចេញពីហាត់ប្រាណវិញ ខ្ញុំក៏ទៅរៀនអេស្ប៉ាញ ប៉ុន្តែមកពីម្សិលមិញខ្ញុំឈឺ ក៏មិនដឹងថាថ្ងៃនេះ គេឈប់ ចៃដន្យអី បងលី ក៏ទូរស័ព្ទមកខ្ញុំ ហើយក៏ណាត់និយាយការងារ និងជជែកលេង ញាំបបរក្បែរវត្តបុទុម កំដរម៉ោងបាត់បង់ទៅ។ 🙂

យប់នេះ ក៏សប្បាយចិត្តគួរសម ព្រោះពីថ្ងៃ លោកប៉ាបានកក់សំបុត្រយន្តហោះទៅសៀមរាបឲ្យខ្ញុំរួចរាល់ហើយ។ ពីពេលនេះ ខ្ញុំកំពុងត្រៀមខ្លួនជួយលោកប៉ាខ្ញុំ ក្នុងការងារអាស៊ានរបស់គាត់នៅសៀមរាប ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ សៅរិ៍ អាទិត្យ សប្ដាហ៍ក្រោយនេះ។ រីករាយត្រង់ថា បានជួយសម្រាលការងារលោកប៉ា និងជួយការងារដល់ប្រទេសជាតិទៀត។ ^_^