រាត្រីគាស់ផ្នូរ

ទឹកថ្លា, ថ្ងៃអាទិត្យ ទី០១ ខែមីនា ឆ្នាំ២០១២

ដោយម្សិលមិញ មិនបានទៅឆេងម៉េងនៅ ៥៥ (តាកែវ) ថ្ងៃនេះ ខ្ញុំក៏សម្រេចចិត្តលុបចោលកម្មវិធី ថតការងារសាលាវិញ ហើយធ្វើដំណើរជាមួយក្រុមគ្រួសារទៅ ភ្នំជ្រៃហូភ្នៅ (កំពង់ស្ពឺ)។

ភ្នំជ្រៃហូភ្នៅ! ខ្ញុំមានជីដូនជីតាច្រើនបានចែកឋាននៅទីនោះ ក្នុងនោះអ្នកដែលខ្ញុំចងចាំឈ្មោះ គឺលោកយាយខ្ញុំ សេង គឹមអេង និង អ្នកមីងខ្ញុំ ម៉ា សុវណ្ណី ឯជីដូនជីតា ជីលួតជីលាមួយចំនួនទៀត ខ្ញុំមិនបានសូវចាំឈ្មោះទេ តែដឹងថា ភាគច្រើន ពួកគាត់ស្លាប់តាំងពីមុនប៉ុល ពត និងក្រោយប៉ុល ពតទៅទៀត។

នៅលើភ្នំថ្ងៃនេះ មេឃស្រទុំល្អណាស់ ខ្យលក៏ធ្លាក់មកត្រជាក់ មេឃមិនស្រទុំរហូតទេ គឺជួនជាបើកថ្ងៃ ជួនជាបិទថ្ងៃដែរ។ ទាំងញើសសស្រាក់ ខ្ញុំនិងបងៗ ព្រមទាំងអ៊ុំៗមួយចំនួនទៀត បានព្យាយាមកាយគាស់ សម្អាតស្មៅ និងរុក្ខជាតិនានា ដែលដុះព័ទ្ធផ្នូរពេញពាស។ គ្រួសារទាំងអស់បានសែន និងអុជធូប ឧទ្ទិសនំចំនី ចំពោះដូនតាដែលបានចែកឋាន និងសូមពរតាមប្រាថ្នាត្រឡប់មកវិញផង។ ថ្ងៃត្រង់មកដល់ ពួកយើងទាំងអស់គ្នា គឺញាំអាហារជុំគ្នា យ៉ាងរីករាយ និងជជែកគ្នាទ្រហឹងអឺកង។ ម្យ៉ាងដែរ មួយឆ្នាំលឿនណាស់ ឆ្នាំមុន ពួកគាត់ទើបតែជុំគ្នាសោះ ឆ្នាំនេះមកដល់ ក៏ពួកគាត់មកជួបជុំគ្នា ដូចជាមិនបានព្រៀងទុកអ៊ីចឹងទៀតហើយ។ ឃើញស្នាមញញឹមរបស់ពួកគាត់ ខ្ញុំហាក់ដូចជាមានភាពកក់ក្ដៅណាស់។ ពួកយើងទាំងអស់គ្នា ក៏ញាំអាហាររហូតចប់សព្វគ្រប់។ ថ្ងៃបន្តិច ពួកគាត់ទាំងអស់គ្នា ក៏បំបែកគ្នា ចេញទៅលំនៅឋានរៀងៗខ្លួន។ ឯក្រុមគ្រួសារខ្ញុំ ក៏បែកពីពួកគាត់ទៅផ្ទះដូចគ្នាដែរ។

ទិដ្ឋភាព ភ្នំជ្រៃហូភ្នៅ

ទិដ្ឋភាព ភ្នំជ្រៃហូភ្នៅ

មកដល់ផ្ទះប្រហែលម៉ោង២រសៀល ប្អូនខ្ញុំក៏បបួលខ្ញុំទៅចូលរួមកម្មវិធី «ខ្មែរថក» ប៉ុន្តែដំបូងខ្ញុំក៏ប្រកែកដែរ ព្រោះអស់កម្លាំងពេក ប៉ុន្តែដោយចង់ ទៅមើលថាតើ អ្វីទៅដែលប្លែកផង ខ្ញុំក៏ចូលរួម។ កម្មវិធីនេះ គេធ្វើនៅសាលាហ្សាម៉ាន់ ទួលគោក។

ក្នុងកម្មវិធី មានវាលគ្មិនល្អៗជាច្រើន បានបញ្ចេញនៅបទពិសោធន៍ គំនិតទស្សនៈល្អ ដែលភាគច្រើន គឺការដឹកនាំតែម្ដង។ ខ្ញុំចូលចិត្ត ហើយក៏ខ្ញុំចាំថា ដោយចំណង់ចំណូលខ្ញុំចូលចិត្តអ្វីដែលថ្មី និងប្លែក ខ្ញុំក៏ចូលលេងហ្គេមមួយ មានឈ្មោះថា ស្រីស្អាតខ្លាចខ្មោច ខ្មោចខ្លាចសង្ឃ សង្ឃខ្លាចស្រីស្អាត ដោយបែងចែកមួយក្រុម៥។ ក្នុង៥នាក់នៃក្រុមខ្ញុំ គឺសុទ្ធតែប្រុសៗ ដែលមានខ្ញុំជាប្រធានក្រុម។ ក្រុមយើងនឹងទាយថា តើក្រុមគេចេញអ្វី។ លើកដំបូង ខ្ញុំបានប្រាប់ពួកគេថា យើងនិយាយឲ្យឮៗទាំងអស់គ្នាថា យើងចេញស្រីស្អាត ហើយពេលចេញមែនទែន ត្រូវសង្ឃវិញ ព្រោះ ដើម្បីឲ្យគេបែកអារម្មណ៍ថា យើងចេញស្រីស្អាត ប៉ុន្តែចៃដន្យអី យុទ្ធសាស្ត្រនេះប្រើមិនសមពេល ពួកគេក៏ចេញព្រះសង្ឃដូចគ្នា។ លើកទី២ ដោយពួកយើងបរាជ័យនឹងលើកទី១ សមាជិកក្នុងក្រុមក៏ចាប់ផ្ដើមភ័យ ដូច្នេះ ក៏សម្រេចចិត្តភ្លាមៗថា ចេញខ្មោច ប៉ុន្តែ ពួកគេចេញព្រះសង្ឃដដែរ ក៏បណ្ដាលឲ្យចាញ់។ បន្ទាប់ពីចាញ់ ពួកយើងបានចូលនឹងក្រុមចាញ់ដូចគ្នា ហើយក៏រៀបចំស្រុះស្រួលគ្នាយក ខ្មោចវិញ ព្រោះយល់ថា ក្រុមពួកគេ សុទ្ធតែស្រីៗអ៊ីចឹង មុខជាចេញស្រីស្អាតហើយ។ 😀 លែងអីមែន។ ចុងក្រោយពួកយើងក៏ឈ្នះ។

ឆ្លងតាម ការលេងល្បែងនេះ ខ្ញុំទទួលបានចំណេះដឹងច្រើនថ្មីទៀតហើយ គឺការប្រើយុទ្ធសាស្ត្រមិនត្រូវពេល ការបែកគំនិតព្រោះពេលចាញ់ ការសម្រេចចិត្តភ្លាមៗ និងភាពច្នៃប្រឌិត។ ខ្ញុំគិតថាបរាជ័យជារឿងដែលធ្វើឲ្យពួកគេលែងមានជំនឿលើសម្ដីខ្ញុំ តែបើសម្រាប់ខ្ញុំគឺជារឿងល្អ គឺអាចប្រាប់ថាថ្ងៃក្រោយ ត្រូវគិតឲ្យច្បាស់ជាងនេះ កុំស្ទាក់ស្ទើរ។

ចប់ពីបងប្រុសម្នាក់នេះ ខ្ញុំបានរៀនជាមួយនឹងបងស្រីម្នាក់ទៀត មិនចាំឈ្មោះទេ តែដឹងថានិយាយពី មហាវិទ្យាល័យជីវិត។ បន្ទាប់មក គឺរៀនពីបងប្រុសម្នាក់ទៀត ដែលខ្ញុំមែនទែនទៅបាន ជួបគាត់ដោយ ចៃដន្យតាម ឡូយ៩ ឃ្លីប ម្ដងហើយ។ ម្ដងនេះ ខ្ញុំក៏បានរៀនពីគាត់ថែមទៀត ជាមួយនឹងរឿងជាច្រើនដែលគាត់ធ្លាប់ប្រទះ ពិសេស គឺខ្ញុំបានរកឃើញរឿងកុនកំដរអារម្មណ៍ថ្មីមួយឈ្មោះថា៖ «Accepted»។ «Accepted» ខ្ញុំមិនទាន់បានមើលនៅឡើយទេ តែតាមរយៈការរៀបរាប់តិចៗរបស់បងប្រុស វីលីណា ខ្ញុំដឹងថា រឿងនេះល្អ គួរតែមើល គឺគេនិយាយពី សិស្សមួយក្រុមបង្កើតមហាវិទ្យាល័យខ្លួនឯង ដែលមានបង្រៀនអ្វីៗទាំងអស់ ដូចជាមើល រៀនចែចូវស្រីជាដើម។ គួរឲ្យអស់សំណើចណាស់ ទោះបីជារៀងប្រាស់ចាកពីសីលធម៌បន្តិច ប៉ុន្តែ នេះជាសេរីភាពនៃអារម្មណ៍ពិតរបស់យុវវ័យ ពិតមែន។

ម្នាក់បន្ទាប់ទៀត ក៏ខ្ញុំចាប់អារម្មណ៍ដែរ គឺលោកពូ ឆាយ បូរ៉ា ដែលជា ផលិតករខ្សែភាពយន្តខ្មែរ «ឃ្លាតទៅសែនឆ្ងាយ»។«ឃ្លាតទៅសែនឆ្ងាយ» ខ្ញុំមិនទាន់មានពេលមើលសោះ ប៉ុន្តែសាច់រឿង និងការពីពណ៌នាពីមាត់មួយទៅមាត់មួយ តែងតែបញ្ឆេះឲ្យអារម្មណ៍របស់ខ្ញុំ រុលរាល គុំគួនចង់មើលរឿងនេះណាស់។  ថ្ងៃនេះ ខ្ញុំបានជួប លោកពូជាថ្មី ដោយពីមុនខ្ញុំជួបគាត់ម្ដងដែរ នៅ FILM CAMP កាណាឌីយ៉ា។ លោកពូ បានរៀបរាប់ពី ការតស៊ូក្នុងការផលិតភាពយន្តខ្មែរលោកពូ។ ខ្ញុំកត់សម្គាល់ថា លោកពូមាន ចំណង់ដូចខ្ញុំអ៊ីចឹង ទាក់ទងនឹងវិស័យមួយនេះ។ ពេលបានស្ដាប់រឿងរបស់លោកពូពិពណ៌នារួចមក ខ្ញុំកាន់តែមានសេចក្ដីសង្ឃឹមយ៉ាងខ្លាំចំពោះសុបិនរបស់ខ្ញុំ។ ចប់ការបង្ហាញ ខ្ញុំបានជួបលោកពូ ដោយជជែកគ្នាមួយសន្ទុះធំ ដោយក្នុងនោះ ខ្ញុំព្យាយាមនិយាយពី ក្រុមធ្វើតុក្កតា3D និងក្រុមមូលនិធិខ្សែភាពយន្ត ដែលខ្ញុំ បានព្យាយាមរៀបជាយូរតែមិនចេញនោះដែរ។ ខ្ញុំតែងសង្ឃឹមថា ក្រុមនេះ នឹងអាចដំណើរការបាននៅថ្ងៃណាមួយ ទោះបីជាយូរក៏ដោយ។ លាលោកពូ ខ្ញុំ វិចិត្រ និងបងសុវណ្ណដារ៉ា ព្រមទាំងប្អូនស្រីខ្ញុំ ក៏ទៅញាំអីជជែកគ្នាលេងនៅ Lucky Burger កោះពេជ្រ។

Khmer Talk 01-04-2012

Khmer Talk 01-04-2012

រាត្រីចូលមកដល់! យប់នេះ ខ្ញុំនិងក្រុមគ្រួសារខ្ញុំ បានរៀបចំខ្លួនជាស្រេចដើម្បី គាស់ផ្នូរ លោកយាយទួតខ្ញុំ (លោកយាយ ប៊ូ វួច) ពី វត្តស្ទឹងមានជ័យ ទៅកណ្ដុរដុំកំពងស្ពឺ។

ម៉ោង១០កន្លះ ពួកយើងក៏ធ្វើដំណើរប្រមាណ២ឡាន និងម៉ូតូខ្លះទៅស្ទឹងមានជ័យ។ យប់ស្ងាត់ ខ្យល់ត្រជាក់ធ្លាក់មក ជាមួយនឹងពពក រះព័ទ្ធជុំវិញនឹងព្រះចន្ទ្រភ្លឺថ្លា ឯនាយមេឃា។ យប់នេះ មានព្រះខែបាំងឆ័ត្រទៀត។ ខ្ញុំសង្កេតថា វាហាក់ដូចជាព្រឹត្តិការណ៍មួយប្លែកណាស់ ខ្យល់ធ្លាក់ខ្លាំងមែនទែន ខ្លាំសឹងតែប៉ើង ចង្កៀតមុំាងសុងឲ្យរលត់។

ទៅដល់វត្ត លោកយាយ លោកពូ អ្នកម៉ាក់ អ្នកមីង បានរៀបចំគ្រឿងសំណែនសម្រាប់សែន តាមពាក្យរបស់ចិនសែ។ ចេតីយ លោកយាយទួតខ្ញុំ មានទីតាំងក្បែររបងវត្ត ជាមួយនឹងចេតីយជាច្រើន រៀបអមជាជួរ។ នៅពីមុខ និងជុំវិញចេតីយមានស្មៅដុះអុបទ្រុបពាសពេញ។ ក្លិនផ្កាស្រកាកែវ ដែលរីកផ្កាពណ៌សតិចៗ ពេញទាំងដើម បានចោលក្លិនក្រអូបសាយ រសាត់តាមជំនោរ ក្បែរបច្ឆាដែលនៅជុំវិញនោះ។

គាស់ផ្នូរលោកយាយទួត

គាស់ផ្នូរលោកយាយទួត

ម៉ោងប្រហែល១១ចូលមកដល់ ការរៀបចំសែន និងអុជធូបក៏បានបញ្ចប់ សំឡេងកាប់គាស់បានបន្លឺឡើង ក្បែររបងវត្ត។ ចិនសែ និងក្រុមគាត់មួយក្រុម បានកាប់កាយ ម្ឈូសដែលដាក់តម្កល់សពលោកយាយចេញមក។ ពួកយើងមិនបាននៅមើលនោះទេ ប៉ុន្តែពួកយើងអង្គុយដោយឡែក នៅក្បែរនោះ រង់ចាំការកាប់កាយត្រូវបានបញ្ចប់។

មួយសន្ទុះក្រោយមក ខាងចិនសែ បានឲ្យសញ្ញា ថាការកាប់កាយត្រូវបានបញ្ចប់ ហើយចិនសែបានបង្គាប់ឲ្យពួកយើង សែន និងគោរព ទៅតាមជំនឿ។ យើងនិយាយគ្រប់ៗមាត់ ប្រាប់លោកយាយថា ដូរកន្លែងថ្មីហើយ ឲ្យត្រជាក់ត្រជុំទាំងអស់គ្នា។ គំនាស់ឥដ្ឋធាតុបានរៀបចំឡើង ព្រោះសពរបស់លោកយាយ ត្រូវបានប្រែក្លាយជាធូលី និងឆ្អឹងទៅហើយ។ ខ្ញុំចាំថា លលាដ៍លោកយាយ នៅមានសក់ តែសក់មានពណ៌ត្នោត ហាក់ដូចជាយល់សប្តិខ្ញុំពីប៉ុន្មានឆ្នាំមុន ថាលោកយាយ មកជួបខ្ញុំមានសក់ពណ៌ត្នោតអ៊ីចឹង។ ពេលឃើញបែបនេះ ខ្ញុំភ្ញាក់ព្រឺត វាហាក់ដូចជាស្ដែងពេក។

យប់នោះដែរ និយាយពីពូទី២ខ្ញុំវិញ ពូពៅខ្ញប្រាប់ថា រវល់តែពិសាប៊ីយ៊ែ គេហៅមក មិនមកទេ លែងអី នៅសុខៗបែកកែវមួយ បានដឹងខ្លួន។ 😀 ហិហិហ យាយទៅរករឿង។

ខណៈពេលកំពុងដោះឆ្អឹង ម៉ាក់ខ្ញុំសង្កេតឃើញថា ភួយដែលយើងរុំគាត់ កាលពី១២ឆ្នាំមុន នៅថ្មីដដែរ ឯខោរអាវទាំងឡាយ ក៏នៅដដែរដែរ តែគ្រាន់តែមានប្រឡាក់តិចៗជាមួយ កំណកទឹកភ្លៀង និងសាច់ឈាមដែលបានរលាយជាធូលី។ ខ្ញុំសម្លឹងមើលដំណើរដំណោះឆ្អឹងនោះ សឹងតែទាំងអស់។ ចិនសែ ដោះឆ្អឹងរបស់លោកយាយម្ដងមួយៗ។ ម៉ាក់ខ្ញុំតែងពោលសរសើរមិនដាច់ពីមាត់ចំពោះចិនសែ ដែលពូកែរៀបឆ្អឹងមែនទែន ព្រោះពេលរៀបពីនេះរួច គាត់ត្រូវរៀបម្ដងទៀត នៅឯកន្លែងថ្មី។ ដូច្នេះ ពេលដោះ គាត់ត្រូវកត់ចំណាំ។ ចិនសែ បានប្រាប់យើងថា បើការគាស់នេះ សាកសព រលាយជាធូលី នៅតែឆ្អឹងបែបនេះ ជាប្រផ្នូរល្អណាស់សម្រាប់ គ្រួសារ។ នេះអាចជាដំណឹងរីករាយដែរ សម្រាប់គ្រួសារខ្ញុំ។ ពេលដំណោះឆ្អឺងនេះបញ្ចប់ ខោរអាវ និងសម្ភារៈទាំងឡាយដែលដាក់កាលពី១២ឆ្នាំមុន ត្រូវដុតចោលដោយព្រះអគ្គី។ ពេលដុតខោរអាវ និងសម្ភាៈចោល មានខ្យល់មួយមេធំ ធ្លាក់មក បណ្ដាលឲ្យភ្លើងរិតតែឆេះយ៉ាងសណ្ធៅ ប៉ុន្តែទោះជាយ៉ាងណា ក៏ការដុតមួយនេះ មិនមានបញ្ហាអ្វីដែរ។

គំនាស់ផ្នូរដំណើរការទម្រាំចប់ ខ្ញុំនិងលោកយាយខ្ញុំ បានសង្កេតថា គឺមួយម៉ោងត្រឹម។ ថ្ងៃទី២ក៏ឈានចូលមកដល់ ទ្រនិចនាឡិកាក៏ចង្អុលចំម៉ោង១២។ ក្បួនរថយន្ត បានរៀបចំជាស្រេចក្នុងការនាំយកឥដ្ឋធាតុលោកយាយទួតទៅកន្លែងថ្មី នៅកណ្ដុរដុំ។ ឡានខាងខ្ញុំមិនបានទៅទេ គឺមកគេងផ្ទះ ឯឡានខាងលោកយាយ និងកុង ត្រូវទៅសម្រាន្តនៅឯកំពង់ស្ពឺកំដរ ការផ្លាស់ប្ដូរ។

មកដល់ផ្ទះ គឺខ្ញុំសង្កេតម៉ោងថា១កន្លះល្មម។ 🙂 លោកយាយខ្ញុំបានទៅនៅកន្លែងថ្មីជុំបងប្អូនហើយ!!!

ធ្វើការងារសាលាដោយដើរលេង

ទឹកថ្លា, ថ្ងៃសៅរិ៍ ទី៣១ ខែមីនា ឆ្នាំ២០១២

ព្រឹកនេះ ខ្ញុំមិនបានទៅឆេងម៉េងនៅ ៥៥ (តាកែវ) ជាមួយម៉ាក់ប៉ា និងគ្រួសារ ដូចរៀងរាល់ឆ្នាំនោះទេ។ ស្ដាយដែរ ស្ដាយកន្លែងដែលធ្លាប់កម្សាន្តជុំគ្រួសារ កាលពីឆ្នាំទៅ។ មែនហើយ ការខកខាននោះ ក៏ព្រោះតែខ្ញុំត្រូវធ្វើការងារមួយចំនួនទាក់ទងនឹងការងារសាលា និងការងាររបស់លោកប៉ា ដែលកៀកថ្ងៃដែរ បានជាមិនបានទៅចូលរួមបែបនេះ។

ខ្ញុំបានបើករថយន្តដឹកឥវ៉ាន់ ទៅផ្ទះមូលី ដើម្បីទុកឲ្យគេធ្វើការងារនោះ។ បន្ទាប់មក ទើបខ្ញុំចេញទៅជួបមិត្តភក្តិទាំងអស់គ្នា ដែលណាត់គ្នាពីម្សិល ទៅថតការងារសាលា តាមសួនកម្សាន្តសាធារណៈនានា ប៉ុន្តែដោយថ្ងៃនេះ លោកប្រធានាធិបតី ហួជីងតាវ បានមកទស្សនៈកិច្ចនៅភ្នំពេញ ក៏បណ្ដាលឲ្យវិថីនានាមួយចំនួនត្រូវផ្អាកជាបណ្ដោះអាសន្ន ដោយជំនួសមកវិញ នូវសិស្សានុសិស្សទាំងឡាយឈរអមប្របទទួលស្វាគមន៍ ទុកជាក្ដីគោរព។

នៅមុខវត្តបុទុម ខ្ញុំឈប់ឡានចាំគេ អស់ជិត១៥នាទី នៅតែក្បួនដ៏ធំនោះ មិនទាន់ឆ្លងកាត់ទៅទៀត។ ដោយយល់ថា សួនមុខវត្តបុទុមទៅមិនរួច ខ្ញុំក៏ទូរស័ព្ទប្រាប់គ្នាទៅមិត្តភក្តិ ឲ្យចូលDream land ដើម្បីទៅថតសួនទីនោះផង ដើរលេងផង និងយកCVទៅឲ្យបងលី ដែលធ្វើការក្នុងនោះផង។ ទម្រាំតែបានជុំគ្នា ខ្ញុំត្រូវចាំពួកគេ ជិតកន្លះម៉ោង។

ពេលជុំគ្នា ពួកគេបែរជានាំគ្នា ដើរលេងទៅវិញ ព្រោះគេថា បានថតរូបរួចរាល់អស់ហើយ។ ឯខ្ញុំឯណេះ ក៏នៅស្ងៀមចាំដើរលេងជាមួយគេទៅ។ ពួកយើង លេងយូរគួរសមហើយក៏ចាកចេញពីទីនោះត្រឹមម៉ោងរសៀលជិតមកដល់។

ល្ងាចឡើង ខ្ញុំបានបង្ហោះរូបថតជុំគ្នាមួយចំនួនទុកជាក្ដីរីករាយដល់មិត្តភក្តិទាំងឡាយដែរ៕ 🙂