សៀមរាបអើយ! ខ្មោចលងខ្ញុំឬ?

ភ្នំពេញ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១២

ដោយកាលពីរាត្រីយប់ទីមួយរបស់ខ្ញុំ ខ្ញុំមានជួបនឹងរឿងចម្លែកទើប ខ្ញុំសូមបញ្ច្រៀត សាច់រឿងយប់នោះចូលមកនិយាយខ្លះៗបន្តិច ទុកជាការចងចាំមួយរបស់ខ្ញុំ។

សៀមរាប, សណ្ឋាគារសុខារីសត ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១២

មុននឹងដូរបន្ទប់ តាមពិតខ្ញុំបានពិនិត្យមើលក្នុងបន្ទប់នេះរួចរាល់ហើយ គឺឃើញថា ប្រហែលជាខ្ញុំស្រវាំងភ្នែក និងប្រហែលជាមិនមែននោះទេ។ ខ្ញុំហាក់ឃើញដំណក់ឈាមតូចមួយ ដាននៅជាប់នឹងបង្អួចបន្ទប់ដែលខ្ញុំស្នាក់នៅ។ ខ្ញុំបានចុចសួរត្រង់ៗទៅកាន់ អ្នកលើកឥវ៉ាន់ តែគាត់និយាយស្មោះត្រង់ថា គាត់ទើបមកចុះសាកល្បងការងារនោះទេ ដូច្នេះគឺមិនបានដឹងឡើយ។ ខ្ញុំចាប់អារម្មណ៍ដែរ តែគិតថា ប្រហែលជាថ្នាំប្រឡាក់ ដែលប្រឡាក់ពីឈើគេលាបប៉ុណ្ណោះ។

ប៉ានិងខ្ញុំបានរើបន្ទប់ចូលនៅរួចរាល់។ ខ្ញុំមើលទូរទស្សន៍បន្តិច ហើយពួកយើងក៏ចុះទៅក្រោម ដើម្បីញាំអាហារពេលល្ងាចនៅខាងក្រៅ ព្រោះពួកគាត់ចង់ប្លែកមាត់។ ពេលញាំអាហាររួចរាល់ ដោយឃើញចាស់ៗ គាត់ជជែកគ្នា ខ្ញុំក៏សូមពួកគាត់ទៅបន្ទប់មុន ហើយក៏មកបើក កុំព្យូទ័រ លេងអ៊ីនធឺណែត មើលទូរទស្សន៍តែម្ដងទៅ។ ក្នុងបន្ទប់ស្ងាត់ណាស់ មានតែខ្ញុំទេ។ យប់នេះ មានភ្លៀងធ្លាក់មួយធំ។ ភ្លែកបន្ទរ បានប្រណាំងគ្នា ផ្លាតពន្លឺ ពេញទាំងផ្ទាំងវាំងននខ្ញុំ។ វាពិតជាត្រជាក់គួរសមមែន។ ខ្ញុំមានអារម្មណ៍កក់ក្ដៅណាស់។ ខ្ញុំលេងអ៊ីនធឺណែតបណ្ដើរ ខ្ញុំបើកទូរទស្សន៍ហង្សមាស បណ្ដើរ។ ខ្ញុំមិនទាន់គេងទេ ម៉ោងជិត១១យប់ទៅហើយ។ ខ្ញុំចាំប៉ា ព្រោះប៉ា នៅមើលភ្ញៀវ។ ខ្ញុំក៏ចាប់លើកដៃបែរបន់តាមជំនឿ។ ចាស់កម្រិលបន្តិចមែន តែនេះជាការគោរព ចំពោះអ្នកថែរក្សា។

រាត្រីយប់ជ្រៅបានចូលមកដល់ ប្រហែលជាភ្នែក និងអារម្មណ៍ខ្ញុំហើយ ខ្ញុំហាក់ឃើញស្រមោលរត់តិចៗ តែដូចជាមិនអីទេ។ ពេលខ្ញុំ កំពុងអង្គុយលេងអ៊ីនធឺណែត ស្រាប់តែ សំឡេងគស់ទ្វាមួយបន្លឺសូរ។ ខ្ញុំមើលម៉ោង គឺម៉ោង១២:២០នាទីជាង។ ខ្ញុំក៏ចាប់ផ្ដើមគិតថា ប្រហែលជាមានគេចង់លងហើយ…. O_o’ តែខ្ញុំក៏ព្យាយាម តាំងអារម្មណ៍ឲ្យស្ងប់ មិនទៅបើកនោះទេ ហើយគិតថា បើសិនជាមនុស្សវិញ គេមុខជាគស់ទាល់តែយើងបើកហើយ។ ដូច្នេះ ខ្ញុំក៏អង្គុយនៅមួយកន្លែង មិនទៅណា ហើយធ្វើអារម្មណ៍ធម្មតា។

ក្រោយមក លោកប៉ាបានទូរស័ព្ទមក ថា គាត់នឹងទៅដល់បន្ទប់។ មួយសន្ទុះក្រោយមក ប៉ាក៏ចុចកណ្ដឹង។ ខ្ញុំទៅបើកទ្វា។ ប៉ាចូលមួយភ្លែត ហើយខ្ញុំក៏បបួលគាត់ទៅទិញទឹកញាំ និងអាហារខ្លះៗ នៅម៉ាតក្បែរនោះ។ ត្រឡប់មកវិញ ប៉ា ក៏ធ្វើការ បន្តរហូតដល់យប់ជ្រៅ តែសម្រាប់ខ្ញុំ ខ្ញុំគេមុនហើយ។ ខ្ញុំគេងមិនលក់ទេ។ ខ្ញុំបើកទូរទស្សន៍បណ្ដើរ ខ្ញុំព្យាយាមគេងបណ្ដើរ។ ភ្នែកខ្ញុំមមីមែនទែនហើយ។ មួយសន្ទុះក្រោយមក ខ្ញុំក៏លង់លក់ ប៉ុន្តែ ស្រាប់តែហាក់ដូចជាមានអ្វីមកសង្កត់ខ្ញុំ ដែលភាសាម្យ៉ាងទៀត គេហៅថា ខ្មោចសង្កត់។ ខ្ញុំព្យាយាមដកដង្ហើមឮៗ ឲ្យប៉ាឮ តែប៉ាបែរជាមិនឮ ហើយខ្ញុំព្យាយាមងើបពីដំណេកមួយនោះ ឯត្រចៀកខ្ញុំវិញ ហាក់ឮសម្រែកស្រែកដ៏ខ្លាំងៗមួយ ខ្ញុំមិនអាចធ្វើអ្វីបាន ក្រៅពីប្រឹងងើបនោះទេ។ ខ្លួនរបស់ខ្ញុំ មិនអាចកម្រើកបាននោះទេ ឯភ្នែកវិញ ប្រឹងបើក។ ខ្ញុំថប់ដង្ហើមណាស់។ ពេលនោះ ខ្ញុំក៏ងើបវិញបាន។ ខ្ញុំមើលទៅប៉ា ហើយព្យាយាមប្រាប់ប៉ាពីរឿងនោះ។ ប៉ាដឹងដែរ តែគាត់ពន្យល់ថា គ្មានស្អីទេ។ ក្រោយមក ប៉ាក៏ព្យាយាមបញ្ចប់ការងារ ហើយក៏ចូលសម្រាន្ត ដំណាលខ្ញុំវិញម្ដង។ ខ្ញុំបើកទូរទស្សន៍ចោលទល់ភ្លឺ។ មុននឹងគេងម្ដងទៀត ខ្ញុំលើកដៃសំពះបួងសួង សូមខមាទោសដល់អ្នកទាំងឡាយ ប្រសិនបើមានមែន។ ខ្ញុំបួងសួង អ្នកតាដ៏សក្តិសិទ្ធិនៅតំបន់អង្គរ និងពិសេសព្រះនាងចេកព្រះនាងចម ដោយពោលប្រាប់ ឲ្យជួយថែរក្សា កូនចៅ ពិសេសដំណេកប៉ុន្មានរាត្រីនេះ ត្បិតកូនចៅត្រូវធ្វើការថ្ងៃស្អែក ត្រូវការសម្រាក។ ពេលបួងសួងចប់ ខ្ញុំក៏លើកខ្សែក ព្រះ ដែលជានិមិ្មតរូបដាក់ លើដើមទ្រូង ហើយបិទភ្នែកគេង ពេលនោះ ខ្ញុំក៏គេងបានលង់លក់ ដោយសូម្បីតែសុបិនក៏គ្មានដែរ៕

ខ្ញុំជឿថា មកពីអារម្មណ៍ប៉ុណ្ណោះ តែខ្ញុំក៏ព្យាយាមប្រើប្រាស់អារម្មណ៍ជំនឿ ឬអាចហៅថា អំណាចនៃជំនឿរបស់ខ្ញុំ សម្រាប់ទប់ទល់ ភាពភ័យខ្លាចនេះដែរ។ រាត្រីទីមួយបានរំលងផុតហើយ! 🙂

សៀមរាបអើយ! ខ្មោចលងខ្ញុំឬ?

ឈាមឬមិនមែន?

សៀមរាប, សណ្ឋាគារសុខារីសត ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១២

ថ្ងៃនេះ ជាថ្ងៃទីមួយហើយ ដែលខ្ញុំបានគេនៅបន្ទប់សណ្ឋាគារ ដែលមានលំដាប់ផ្កាយ៥ ក្នុងខែត្រសៀមរាប ទឹកដីអច្ឆរិយៈរបស់ខ្មែរយើង។ ព្រឹកនេះ ក្រោកពីដំណេក ខ្ញុំក៏ព្យាយាមពិភាក្សាជាមួយប៉ាពីរឿងនេះ ឲ្យគេឆាប់ប្ដូរបន្ទប់ភ្លាមៗ ប៉ុន្តែចុងក្រោយមិនបានដូរអីនោះទេ ព្រោះរវល់ពេក ឯឥវ៉ាន់ឯកសារក៏ច្រើនទៀត ពិបាកដូរចុះដូរឡើងណាស់។ ខ្ញុំក៏ព្យាយាមជម្នះគេង រហូតទាល់តែចប់ថ្ងៃ គឺគ្មានអ្វីកើតមានឡើងនោះទៀតឡើយ។

ងើបពីព្រលឹមព្រឹកនេះ ខ្ញុំទទួលបានអាហារពេលព្រឹក ជាលក្ខណៈអាហារជម្រើស (Buffet) នៅខាងក្រោម។ រសៀលនេះ តួនាទីដែលខ្ញុំ ត្រូវធ្វើ គឺត្រូវទៅទទួលភ្ញៀវទាំង៧ប្រទេស នៅឯព្រលានយន្តហោះអន្តរជាតិក្រុងសៀមរាប។

ញាំអាហាររួចរាល់ ខ្ញុំ ក៏ទៅពិនិត្យការងារខ្លះ ជាមួយប៉ានៅឯសាលប្រជុំខាងក្រោម។ ឃើញថា សាលប្រជុំនេះ គេរៀបចំទម្រង់អក្សរV។ ខ្ញុំបានចេញយោបល់ខ្លះៗ ដោយផ្ដល់គំនិតថ្មីៗ ជាការរៀបចំ។ ថ្ងៃបន្តិច ខ្ញុំនិងពូតៃកុងឡានពីរនាក់ទៀត បានរៀបចំម៉ោងទៅយក មុនគេ គឺប្រទេសសេរីលង្កា។ ពួកគេ នឹងចុះមកក្នុងរសៀលថ្ងៃនេះ។ យើងត្រូវលើកស្លាករង់ចាំ ក្រោយមក ស្រាប់តែ ប្រទេសឥណ្ឌូនេស៊ីមកមុនគេទៅវិញ។ ដោយសារ តែក្រដាស់នេះរៀបចំខុស ទើបធ្វើឲ្យមានបញ្ហាមួយកើតឡើង ដូច្នេះ ខ្ញុំក៏ព្យាយាមដោះស្រាយភ្លាមៗ។ ពួកយើងបានយកជាបន្តបន្ទាប់ រហូតដល់រាត្រីយប់ចូលមកដល់ គឺប្រទេសកូរ៉េ ម្ចាស់កម្មវិធីក្រោយគេ។ ខ្ញុំបានរាក់ទាក់ជាមួយពួកគាត់ជានិច្ច ហើយព្យាយាមនិយាយពីអ្វីដែលខ្ញុំដឹង ប៉ុន្តែប្រហែលជាពួកគាត់ធុញ និងមិនចូលចិត្ត ប៉ុន្តែខ្ញុំសង្កេតឃើញថា ពួកគាត់ដូចជាចូលចិត្តច្រើនជាង ព្រោះរាល់ការប្រាប់របស់ខ្ញុំ ពួកគាត់ តែងមានចម្ងល់ត្រឡប់មកវិញជានិច្ច។ ម្ដងនេះ ខ្ញុំបានធ្វើជាអ្នកទទួលភ្ញៀវផង និងធ្វើជាអ្នកនាំផ្លូវផង! 😀 ជីវិតត្រូវតែសម្បូរបែប។ 😉

ល្ងាចនេះ ពេលដែលម៉ោងសម្រាក ខ្ញុំទើបតែសង្កេតឃើញថា នៅលើកញ្ចក់ទ្វានៃបង្អួច មានស្លាកមួយ ដាប់ទៅដោយ ពណ៌ក្រហម។ ខ្ញុំហាក់គិតជាថ្មីទៀតហើយ ថានោះជាឈាមដែល វាដាបពេញទីនោះ។ ប៉ុន្តែទោះជាយ៉ាងណា ក្រោយមក ខ្ញុំហាក់ដូចជាមិនមានអារម្មណ៍ ប្លែកអីផង ព្រោះត្រូវធ្វើការឡើងហត់ទៅហើយ មិនមានពេលខ្លាចនោះទេ។

យប់នេះ ខ្ញុំត្រូវជួយប៉ាខ្ញុំរហូតដល់ម៉ោង២ភ្លឺ។ ឯប៉ាខ្ញុំវិញ គាត់ត្រូវធ្វើការងាររហូតដល់ម៉ោង៤ភ្លឺ ព្រោះតែគាត់ត្រូវចាត់ចែងច្រើន លើសពីការងារ។ ប៉ុន្តែលោកប៉ា នៅតែដោះស្រាយបាន។ ខ្ញុំជឿជាក់គាត់ ទោះជាគាត់ត្រូវបានអ្នកដទៃមើលមកថា គាត់យឺតក៏ដោយ តែតាមពិត គាត់យឺតមានមូលហេតុ មែនទែន គាត់មិនដែលយឺតនោះទេ។

រាត្រីនេះក៏រសាត់ទៅមួយទៀត!